តើ​គោលនយោបាយ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច ​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ដល់​កម្ពុជា?

ដោយ មាន ឫទ្ធិ
2020-07-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង (ភាគ១)
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬទាញ​យក​សំឡេង (ភាគ២)
ស្តាប់សំឡេងថតសំឡេង

ផែនទី​ប្រទេសកម្ពុជា​បង្ហាញ​ពី​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ដែលរដ្ឋាភិបាល​ជួលឲ្យ​ក្រុមហ៊ុនឯកជន គិតត្រឹមខែឧសភា ឆ្នាំ២០២០។

ផែនទី​ប្រទេសកម្ពុជា​បង្ហាញ​ពី​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ដែលរដ្ឋាភិបាល​ជួលឲ្យ​ក្រុមហ៊ុនឯកជន គិតត្រឹមខែឧសភា ឆ្នាំ២០២០។ អង្គការលីកាដូ


ស្ដាប់ ភាគ១

ស្ដាប់ ភាគ២

ការជួល​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន មាន​ទាំង​ក្រុមហ៊ុន​កម្ពុជា និង​ក្រុមហ៊ុន​បរទេស ក្រោម​រូបភាព​នៃ​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច បាន​ក្លាយ​ជាគោល​នយោបាយ​ដ៏​ពេញនិយម​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក៏ប៉ុន្តែ ប្រមាណជា​ពីរ​ទសវត្ស​ចុងក្រោយ​នេះ ការអនុវត្ត​គោលនយោបាយ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ បង្ក​ឲ្យ​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ជាច្រើន​ចាក់ស្រេះ​ក្នុង​សង្គម​កម្ពុជា។ ទំហំ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការអនុវត្ត​គោលនយោបាយ​នេះ ហាក់​មាន​ច្រើនហួស​ពី​ការរំពឹងទុក ស្របពេលដែល​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​បាន​ធ្លាក់ខ្លួន​ក្រីក្រ ដោយសារតែ​អំពើ​ច្បាម​យក​ដីធ្លី និង​ការបណ្តេញចេញ​ដោយបង្ខំ។ រីឯ​កេរដំណែល​ធនធានធម្មជាតិ​របស់​ប្រទេសជាតិ​ទាំងមូល​វិញ ក៏​ចេះតែ​ហិនហោច​ទៅៗ ដោយសារតែ​វិនាសកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មាន​ពីមុនមក។

ចាប់តាំង​ពីដើម​ទសវត្សរ៍​ទី៩០មក រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​ការពុះ​ច្រៀក​ក្រឡាផ្ទៃ​ប្រទេសកម្ពុជា​ជា​ចម្រៀកៗ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​កម្ពុជា និង​បរទេស ក្នុង​តម្លៃ​ថោក​មិនគួរ​ឲ្យ​ជឿ។ ការជួល​ដី​ទាំងនេះធ្វើឡើង​ក្រោម​រូបភាព​ជា​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ក្រោម​ហេតុផល​ថា ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន និង​លើកកម្ពស់​ការវិនិយោគ​វិស័យ​កសិ-​ឧស្សាហកម្ម។

អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បញ្ជាក់ថា រដ្ឋ​អាច​រកចំណូល​បាន​ជាមធ្យម​ប្រមាណ ១០លានដុល្លារក្នុង​មួយឆ្នាំ​ពី​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់​នៅ​ទូទាំង​ប្រទេស៖ «ការជួល​ដី​រដ្ឋ​នេះ គឺ​បាន​ប្រហែលជា ១០លានដុល្លារ​ក្នុង​មួយឆ្នាំ…។ ៥ដុល្លារ​ក្នុង​មួយ​ហិកតារ​ហ្នុង​គឺ​ត្រឹមត្រូវ​ហើយ។ យើង​កំពុង​ ​បន្ត​គិតគូរ​ទៀត​…។ យើង​នឹង​សើរើ​មើល​កិច្ចសន្យា​ឡើងវិញ ហើយ​នៅពេលដែល​សេដ្ឋកិច្ច ចាប់ផ្តើម​មាន​ភាព​នឹងន​រវិ​ញ​ ​ប្រាកដហើយ​ថា កិច្ចសន្យា​មួយ​ចំនួន យើង​នឹង​ត្រូវ​ពិចារណា​ចំពោះ​ការគិតគូរ ថា​តើ​ទីផ្សារ ហើយនឹង​លទ្ធភាព​ដែល​យើង​អាច​បង្កើន​ចំណូល បង្កើន​ថ្លៃ​ជួល​នេះ នឹង​អាច​ធ្វើ​បាន​ប៉ុន្មានទៀត»។

ដោយសារតែ​បញ្ហា​កង្វះ​តម្លាភាព និង​ភាព​មិនប្រាកដប្រជា ទិន្នន័យ​ពិតប្រាកដ​អំពី​ចំនួន​ដីសម្បទាន​សេដ្ឋកិច្ច​នេះ នៅតែ​មាន​ភាព​មិន​ច្បាស់លាស់​នៅឡើយ បើ​ទោះ​ជា​លោក ហ៊ុន សែន បាន​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ក្រោយពី​មាន​ការរិះគន់​ខ្លាំង​ពី​ផលប៉ះពាល់​នៃ​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ​យ៉ាងណាក៏ដោយ។ លោក​បាន​ប្រកាស​ផ្អាក​ផ្តល់​ដី​ ​សម្បទាន​សេដ្ឋកិច្ច​ជា​បណ្ដោះអាសន្ន​ក្នុង​ឆ្នាំ២០១២ហើយ​ក្រោយមក​ទៀត នៅ​ឆ្នាំ២០១៥ បាន​កែ​សម្រួល​រយៈពេល​ជួល​ពី​៩៩ឆ្នាំ ឬ​៧០ឆ្នាំ​ ​មកនៅ​៥០ឆ្នាំវិញ។ ចុងក្រោយ នៅ​ឆ្នាំ២០១៦ លោក​បាន​ប្រកាស​ដកហូត​ដីសម្បទាន​សេដ្ឋកិច្ច​ជិត​មួយលាន​ហិកតារ ពី​ដី​ជាង​ពីរលាន​ហិកតារ ដែល​រដ្ឋ​បាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ឲ្យ​មក​នៅសល់​ប្រមាណ ១លាន៩ម៉ឺន​ហិកតារវិញ។

ក៏ប៉ុន្តែ ផ្អែក​តាម​ទិន្នន័យ​របស់​អង្គការលីកាដូ ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​កាលពី​ខែ​មីនាឆ្នាំ២០២០ កម្ពុជា​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច សរុប​ជិត ៣០០កន្លែង (២៩៧កន្លែង) ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ស្មើនឹង​ទំហំ​ជាង២លាន១សែន​ហិកតារ (២.១៦៦.៦៧២ហិកតារ) ឬ​ជាង ២ម៉ឺន១ពាន់គីឡូម៉ែត្រការ៉េ (២១.៦៦៦គីឡូម៉ែត្រការ៉េ)។ ចំនួននេះ​ស្មើនឹង​ប្រមាណ១២ភាគរយ​នៃ​ក្រឡាផ្ទៃ​ប្រទេស​កម្ពុជា​ទាំងមូល។ ដី​ដែល​រដ្ឋ​ពុះ​ច្រៀក​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​នេះ ស្មើនឹង​ទំហំ​ប្រទេសស៊ីប(Cyprus) ដែល​មន្ត្រី​របប​លោក ហ៊ុន សែន និយម​យកលុយ​ទៅ​លាក់​ទុក ដល់ទៅ​ជាង២ដង​ឯណោះ។

ក្រុមហ៊ុន​របស់​ប្រទេស​ចិន (China)ទទួល​បាន​ចំណែក​គ្រប់គ្រង​ដី​នៅ​កម្ពុជា​ច្រើនជាងគេ ស្មើនឹង​ជិត៤សែន​ហិកតារ (៣៨៣.៧៩៨ហិកតារ) ​ឬ​ស្មើនឹង​ទំហំ​ប្រទេស​សិង្ហបុរី (Singapore) បច្ចុប្បន្ន​ដល់ទៅ​ជាង៥ដង។ រីឯ​វៀតណាម (Vietnam) ដែល​ជាប់​ព្រំដែន​កម្ពុជា ឈរ​នៅ​លំដាប់​ទីពីរ កំពុង​គ្រប់គ្រង​ដី​នៅ​កម្ពុជា​ទំហំ​ជាង ៣សែន៦ម៉ឺន​ហិកតារ (៣៦២.៥១៥ហិកតារ) បន្ត​ដោយ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី (Malaysia) ថៃ (Thailand) និង​កូរ៉េខាងត្បូង (South Korea)។ យ៉ាងហោចណាស់ មាន​ក្រុមហ៊ុនធំៗ​ចំនួន១៥ ក្នុងនោះ មាន​ក្រុមហ៊ុនភាពីម៉ិច (Pheapimex) របស់​អ្នកស្រី ជឹងសុភាព ហៅ «យាយភូ» ក្រុមហ៊ុន​ចិន UDG ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ និង​លោក ម៉ុង រិទ្ធី ដែល​ជា​សមាជិកព្រឹទ្ធសភា​គណបក្សប្រជាជន​កម្ពុជា សុទ្ធតែ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច ទំហំ​លើសពី ១ម៉ឺន​ហិកតារ ដែល​ច្បាប់ភូមិបាល​ឆ្នាំ២០០១ អនុញ្ញាត។ ក្រុមហ៊ុន​ទាំងនេះ អះអាងថា ជួល​ដី​ដើម្បី​វិនិយោគ​លើ​ដំណាំ​កៅស៊ូ ស្ករ ដំឡូងមី ដូងប្រេង និង​ដំណាំ​ចម្រុះ​ផ្សេងទៀត។

ផែនទី​ប្រទេសកម្ពុជា​បង្ហាញ​ពី​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ដែលរដ្ឋាភិបាល​ជួលឲ្យ​ក្រុមហ៊ុនឯកជន (តាមសញ្ជាតិ) គិតត្រឹមខែឧសភា ឆ្នាំ២០២០។

ផែនទី​ប្រទេសកម្ពុជា​បង្ហាញ​ពី​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ដែលរដ្ឋាភិបាល​ជួលឲ្យ​ក្រុមហ៊ុនឯកជន (តាមសញ្ជាតិ) គិតត្រឹមខែឧសភា ឆ្នាំ២០២០។ អង្គការលីកាដូ


នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញ​ថា បញ្ហា​កំណែទម្រង់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ ហាក់​នៅ​នឹងថ្កល់​ក្នុងរយៈពេល​ចុងក្រោយនេះ៖ «បើ​យើង​មើល​ចុងក្រោយនេះ គឺ​ការ​នៅ​ទ្រឹងនេះ គឺ​ទ្រឹង​ទាំង​ការលុប ទាំង​ការផ្តល់បានន័យ​ថា​នៅ​ស្ងប់ស្ងាត់។ យើង​មិន​ដឹង​ថា ដោយសារ​បញ្ហា​រយៈពេល​ចុងក្រោយ​ ​បញ្ហា​កូវីដផង ហើយនឹង​បញ្ហា​កាលមុននោះ គឺ​បញ្ហា​ដីធ្លី​ក៏វា​កើតឡើង​ផង ក៏ជា​មូលហេតុ​មួយ​ផងដែរ​ទាក់ទងនឹង​បញ្ហា​ទាំងអស់​នេះ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក៏យើង​នៅតែមាន​ការបារម្ភ​ដែរ ពីព្រោះ​កន្លងមក អង្គការ​សង្គមស៊ីវិល​យើងថា គួរតែ​បញ្ឈប់​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ​ទៅ ដើម្បី​ធ្វើការ​ដោះស្រាយ​រឿង​ចាស់ៗ​ឲ្យអស់​សិន»។

តួលេខ​ពុះ​ច្រៀក​ដី​ប្រទេសកម្ពុជា​ជួលឲ្យ​ក្រុមហ៊ុន​ឯកជន​ក្រោម​រូបភាពជា​ដីសម្បទាន​សេដ្ឋកិច្ចនេះ គេ​នៅ​មិនទាន់​គិត​ពី​ដី​ដែល​រដ្ឋ​សម្បទាន​ក្រោម​រូបភាព​ដទៃទៀត ដូចជា សម្បទានរ៉ែ កំពង់ផែ ព្រលានយន្តហោះ តំបន់ឧស្សាហកម្ម និង​សម្បទាន​នេសាទ​ជាដើម។ តួលេខនេះ ក៏​មិនទាន់​រាប់បញ្ចូល​នូវ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ប្រមាណ ៣៨កន្លែង គិតត្រឹម​ឆ្នាំ២០១៦។ ច្បាប់ថវិកាជាតិ​ឆ្នាំ២០២០បង្ហាញថា រដ្ឋ​មាន​ផែនការ​បង្កើន​ចំណូល​បាន​មកពី​ផល​សម្បទាន​ទាំងនេះ ឲ្យបាន​ដល់​ប្រមាណ​ជាង ៥០លានដុល្លារ ក្នុងឆ្នាំ២០២០ គឺ​កើនឡើង​ដល់ទៅ ៨៩% ធៀប​នឹង​ឆ្នាំ២០១៩។

អ្នកសម្របសម្រួល​គម្រោងធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR លោក វណ្ណ សូផាត លើកឡើងថា បើទោះជា​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចូលរួម​ចំណែក​ពង្រឹង​ខឿន​សេដ្ឋកិច្ច​របស់​រដ្ឋ និង​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​ដោយ​ផលប៉ះពាល់ អវិជ្ជមាន​ដល់​ពលរដ្ឋ​វិញ​ក៏​មាន​ច្រើន​ហួស​ប្រមាណ៖ «មាន​ការគំរាម​កំហែង​តាម​ផ្លូវ​រាងកាយ​មាន​ខ្លះ​រហូតដល់… ដូចជា​នៅ ខាង​កោះកុង​ជាដើម នៅ​ពេល​ដែល​មាន​បញ្ហា​បណ្តេញ​ពលរដ្ឋ​ចេញ ពេល​ប្រជា​ពលរដ្ឋ​តវ៉ា តាំងពី​ឆ្នាំ២០០៦​មក​ឯណោះ មាន​ការបាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​មាន​រង​របួស ហើយ​ខ្លះ​រហូត​ដល់​ស្លាប់។ និយាយ​ជាទូទៅ​គឺ​ថា វា​អត់​បាន​ផ្តល់​ផលប្រយោជន៍​អី​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ទេ តែ​ភាគ​ច្រើន​វា​ជា​ការណ៍​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ក្លាយ​ទៅ​ជា​អ្នក ដែល​គ្មាន​ដី​គ្មានផ្ទះ ហើយ​ខ្លះ​រហូត​ដល់​ទៅ​ជាប់​ពន្ធនាគារ​ដល់​រាប់​ឆ្នាំ…ជាពិសេស​ស្ត្រី។»

គឺ​ដោយសារ​តែ​ផលប៉ះពាល់​ដ៏​សម្បើម​បែប​នេះ​ហើយ ទើប​បាន​ជា​មេធាវី​អន្តរជាតិ លោក រីឆាត រ៉យជើស៍ (Richard Rogers) កាល​ពី​ខែតុលា ឆ្នាំ២០១៤ ក្នុងនាមជា​អ្នកតំណាង​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយសារ​អំពើ​ច្បាម​យក​ដីធ្លី បាន​ដាក់​ពាក្យ​បណ្តឹង ​ជា​ផ្លូវការ​ប្រឆាំង​នឹង​ពួក​អ្នកមាន​អំណាច​ខ្មែរ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ បណ្តឹង​ចោទ​ថា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ទាហាន និង​ឧកញ៉ា​គ្រាក់ៗ​បាន​ជាប់ពាក់ព័ន្ធ បង្ក​ឲ្យ​មាន​ការរឹបអូស​យក​ដីធ្លី​ពី​ពលរដ្ឋ​ជា​ប្រព័ន្ធ និង​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ។ ភស្តុតាង ដែល​មេធាវី​អន្តរជាតិ​រូប​នេះ ប្រមូល​បាន​ពី​អង្គការ​សង្គម​ស៊ីវិល និង​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថា គិត​ចាប់​ពី​ឆ្នាំ​២០០០មក ក្នុង​រយៈពេល​១៤ឆ្នាំ យ៉ាងហោចណាស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​១លាន​នាក់ (៧៧០.០០០) ស្មើនឹង៦%​នៃ​ប្រជាជន​សរុប​បាន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​តែ​អំពើ​ច្បាម​យក​ដីធ្លី​នៅ​កម្ពុជា។ ក្នុងនោះ​ពលរដ្ឋ​ខ្មែរ​ជាង​១សែន៤ម៉ឺននាក់(១៤៥.០០០) បាន​រងការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ក្រុង​ភ្នំពេញ។ បទល្មើស​ឧក្រិដ្ឋ​ទាំងនោះ​រួមមាន អំពើ​ឃាតកម្ម ការបណ្តេញ​ចេញ​ដោយ​បង្ខំ ការចាប់​ដាក់​គុក និង​សកម្មភាព​អមនុស្សធម៌​រាប់​មិន​អស់​ជាច្រើន​ទៀត ដូចជា​ការដុត​បំផ្លាញ​ផ្ទះ​សម្បែង ការធ្វើ​ទុក្ខបុក​ម្នេញ​បង្ក​ឲ្យ​មាន​ការឈឺចាប់ និង​របួស​ធ្ងន់ធ្ងរ​ដល់​រាងកាយ និង​បញ្ហា​ផ្លូវចិត្ត​ជាដើម។

ទំនងជា​ភ័យខ្លាច​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នៅ​តុលាការ​អន្តរជាតិ​នេះ​ហើយ​ទើប​ក្រសួង​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​របស់​លោក ជា សុផារ៉ា បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ២០១៦មក។ ក្រសួង​អះអាង​ថា បាន​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​បាន​កើត​មាន​ប្រមាណ​២ម៉ឺន​ករណី​ក្នុង​ឆ្នាំ២០១៦ មក​នៅ​សល់​ចំនួន​២ពាន់២រយករណី ដោយ​គ្រោង​នឹង​ឈាន​ទៅ​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី៧ កក្កដា​ថ្លែង​ទទួលស្គាល់ថា​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ បាន​ប្រជែង​គ្នា​ទៅ​ចាប់​ដី​នៅ​តំបន់​មួយ​ចំនួន និង​ថា មាន​ជម្លោះដីធ្លី​ជា​ច្រើន​ទៀត មិន​ទាន់​ដោះស្រាយរួច៖«ឥឡូវ​នាំគ្នា​ទៅ​ចាប់​ដី ​កំពុង​មាន​រឿង​កំពុង​ដោះស្រាយ ហើយ​សុទ្ធ​តែ​ធំៗ ប៉ុណ្ណា​ខ្ញុំ​មិន​ដឹង​ទេ​តែ​មន្ត្រី​ធំៗ​ទៅ​ប្រជែង​គ្នា​ចាប់​ដី។ ខ្ញុំ​ជា​អ្នក​រងកម្ម​មែនទែន​ទៅ​ដោះស្រាយ​រឿង​ដី​ហ្នឹង​ចាំ​ដោះ​ឱ្យ»

ងាក​ទៅ​មើល​ផលប៉ះ​ពាល់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​វិញ​អតីត​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​សាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya Subedi)  កាល​ពី​ឆ្នាំ២០១២ បាន​រិះគន់​ថា ការ​អភិវឌ្ឍន៍​វិស័យ​កសិឧស្សាហកម្ម​តាម​រយៈ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន ជាពិសេស​គឺ​ការកាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយធំ។

ផែនទី​ប្រទេសកម្ពុជា​បង្ហាញ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែលរដ្ឋាភិបាល​ជួលឲ្យ​ក្រុមហ៊ុនឯកជន គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។

ផែនទី​ប្រទេសកម្ពុជា​បង្ហាញ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែលរដ្ឋាភិបាល​ជួលឲ្យ​ក្រុមហ៊ុនឯកជន គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ អង្គការលីកាដូ


៨ឆ្នាំ​ក្រោយ​មក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត ភក្ត្រា ថ្លែង​ការពារ​ថា គ្មាន​ឡើយ​បទល្មើស​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​កើត​មាន​នៅ​កម្ពុជា។ ផ្ទុយ​ទៅ​វិញ​លោក​ចោទ​ថា ពលរដ្ឋ​មូលដ្ឋាន​ទៅ​វិញ​ទេ ដែល​ជា​អ្នក​ប្រព្រឹត្តិបទ​ល្មើស​កាប់បំផ្លាញ​ព្រៃឈើ៖ «យើង​ទទួល​ស្គាល់​ថា​មាន​បទល្មើស​កើត​ឡើង ប៉ុន្តែ ដូច​អ្វី ដែល​ខ្ញុំ​បាន​បញ្ជាក់​ចឹង​បទល្មើស​ទ្រង់ទ្រាយ​ធំ​វា​លែង​កើត​មាន​ទៀត​ហើយ​។ ក៏​ប៉ុន្តែ វា​នៅ​មាន​បទល្មើស​ទ្រង់ទ្រាយ​តូច ដូច​ជា​ការចូល​លួច​កាប់​ឈើ​ដោយ​ក្រុម​ជន​មួយ​ចំនួន ប្រជាពលរដ្ឋ​មួយ​ចំនួន ដឹក​ជា​ម៉ូតូ ជា​គោយន្ត​អី​ជា​ដើម…។ មាន​ការលួច​ដាក់​អន្ទាក់​ចាប់​សត្វ បរបាញ់​សត្វ គឺ​នៅ​កើត​មាន ដែល​កិច្ចការ​ទាំងអស់​នេះ យើង​ចាំបាច់​ត្រូវការ​រឹត​បន្តឹង​បន្ថែម​ទៅ​លើ​ការអនុវត្ត​ច្បាប់​ក៏​ដូច​ជា​ពង្រឹង​បន្ថែម​ទៀត​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការចុះ​ល្បាត​របស់​មន្ត្រី​ឧទ្យាននុរក្ស​របស់​យើង​ ក៏​ដូច​ជា​សហការ​ជាមួយ​នឹង​ប្រជាសហគមន៍​នៅ​តំបន់​ធម្មជាតិ ដើម្បី​យើង​ការពារ​នូវ​ធនធាន ដែលយើងមាន»

បើតាម​លោក នេត ភត្ត្រា ក្រោយ​ពី​មាន​ការកែ​ទម្រង់​ឆ្នាំ២០១៦ ក្រសួង​បរិស្ថាន​បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​៦៩​កន្លែង​មាន​ផ្ទៃ​ដី​សរុប​៧លាន៣សែន​ហិកតារ ដោយ​មាន​មន្ត្រី​ឧទ្យានុរក្ស​ជាង​១ពាន់២រយនាក់(១.២៦០នាក់) សហការ​ជាមួយ​សហគមន៍ តំបន់​ការពារ​ធម្មជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ដែល​នៅ​សេស​សល់​។ រីឯ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ជា​អ្នក​ទទួល​បន្ទុក​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច។

ឈើ​ហ៊ុប​ធំ​នេះ ក្រុម​សកម្មជន​បរិស្ថាន​រក​ឃើញ​គេ​កាប់​ផ្ដួល​ក្នុង​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។ រូប៖ សកម្មជន​បរិស្ថាន

ឈើ​ហ៊ុប​ធំ​នេះ ក្រុម​សកម្មជន​បរិស្ថាន​រក​ឃើញ​គេ​កាប់​ផ្ដួល​ក្នុង​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០២០។ រូប៖ សកម្មជន​បរិស្ថាន


ក៏ប៉ុន្តែ​ផ្ទុយ​ពី​ការអះអាង​នេះ បើ​តាម​សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​កំពុង​តែ​កើត​មាន​ឡើង​យ៉ាង​ពេញ​បន្ទុក​ក្នុង​តំបន់​អភិរក្ស ដោយសារ​តែ​ការអនុវត្ត​ច្បាប់​នៅ​តែ​មាន​ភាព​ធូរលុង មាន​ការប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​រវាង​មន្ត្រី​បរិស្ថាន​មន្ត្រី​កសិកម្ម នគរបាល​យុត្តិធម៌​តាម​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ លោក ហេង ស្រស់ វាយ​តម្លៃ​ថា​កម្ពុជា​អាច​បាត់បង់​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ប្រមាណ​ជាង​៨០០​លាន​ដុល្លារ​ឯណោះ​ក្នុង​ឆ្នាំ២០១៩​កន្លង​ទៅ​៖ «ហេតុអី​បាន​ជា​បាត់បង់​ទឹក​ប្រាក់​រហូត​ដល់​ប៉ុណ្ណឹង គឺ​ដោយសារ​តែ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា​ដូចជា​តំបន់​ភ្នំព្រិច តំបន់​កន្ទុយនាគ តំបន់​វីរជ័យ តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ ដូច​ជា​នៅ​ខាង​ពោធិ៍សាត់ នៅ​ខាង​កំពង់​ស្ពឺ នៅ​ខាង​ព្រៃឡង់ ដូចជា​នៅ​ខាង​ព្រៃ​ព្រះរការ​គឺ​គ្រប​ដណ្តប់​ដោយ​ឈ្មួញ អ្នក​ដែល​មាន​អំណាច អ្នក​ដែល​មាន​ងារ​ជា​ឧកញ៉ា​ទាំងអស់​សុទ្ធ​តែ​ជា​អ្នក​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ប្រទេស​វៀតណាម។ គ្មាន​ការបង់ពន្ធ​ដោយ​សុក្រិត្យ​ចូល​រដ្ឋ​ទេ​គឺ​ដោយសារ​តែ​មាន​អំពើ​ពុករលួយ​តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខាងលើ»

ដូចគ្នានេះដែរ​កូន​ប្រុស​លោក ឈុត វុទ្ធី និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈើយ ឧត្តម​រស្មី ពន្យល់​ថា​មាន​តែ​មន្ត្រី​រដ្ឋ និង​អ្នក​មាន​លុយ មាន​អំណាច​ទេ ដែល​ជាប់ ពាក់ព័ន្ធ​ក្នុង​អំពើ​កាប់​បំផ្លាញ​ព្រៃឈើ​បែប​នេះ រីឯ​ពលរដ្ឋ​ក្រីក្រ​វិញ​គ្មាន​លទ្ធភាព​ទៅ​បង្ក វិនាសកម្ម​ធំធេង​បែប​នេះ​បាន​ឡើយ៖ «​ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​ការអនុវត្ត​ច្បាប់​មួយ​ដ៏​ធូររលុង ដែល​មិន​អើពើ​ទៅ​លើ​ការកាប់​បំផ្លាញ​ព្រៃឈើ។ បើ​សិន​ជា​នៅ​តែ​បន្ត​កាប់​ដូច​សព្វ​ថ្ងៃ​ទៀត​៦៩តំបន់ការពារ​នេះ​ក៏​ត្រូវ​ខ្ទេចខ្ទាំ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។ ដូច្នេះ​រដ្ឋាភិបាល​មេត្តា​គិតគូរ ហើយ​មេត្តា ជា​ពិសេស​គឺ​ចាប់​ឧញ៉ា​មួយចំនួន​ធំៗ ដែល​រកស៊ី​ឈើ​មក​ផ្តន្ទាទោស។ ជាពិសេស​បើ​យើង​មើល​តាម​ព្រំដែន គឺ​សុទ្ធ​តែ​ជា​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ មាន​ទាហ៊ាន ប៉ូលីស ប៉េអ៊ឹម ហើយ​អ្នក​ខ្លះ​មាន​ឋានន្តរសក្តិ​ធំ សក្តិបួន សក្តិប្រាំ ផ្កាយ​មួយ​ដល់​ផ្កាយ​បី​អី​ទៅ…។ ប្រទេស​កម្ពុជា​អាច​ស្តារ​ព្រៃឈើ​ឡើង​វិញ​បាន លុះត្រា​តែ​កម្ចាត់​ពួកអ្នក ដែល​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ចេញ​បាន​ពីព្រោះ​ថា​គ្មាន​អ្នកណា​គេ​គ្មាន​ប្រជាពលរដ្ឋ​ណា គ្មាន​ជន​ស្លូតត្រង់​ណា​ទៅ​កាប់​ឈើ​បាន​មួយ​ដុំ ឬ​ក៏​មួយ​ម៉ែត្រ​គូប​អី​ទេ គឺ​សុទ្ធ​តែ​ជន​មាន អំណាច​ទាំង​អស់ ហើយ​ជន​មាន​អំណាច​នោះ ខ្ញុំ​ហ៊ាន​និយាយ​ត្រង់​គឺ​ធ្វើ​ការបម្រើការ នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​តែម្តង​»


អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ប្រតិកម្ម​បន្ថែម​ជុំវិញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ទេ ដោយសារ​តែ​លោក​ចុចផ្តាច់​ទូរស័ព្ទ​ទៅ​វិញ​ពេល​ឮ​ថា ជា​អ្នកសារព័ត៌មាន​អាស៊ីសេរី។ លោក ស្រី វុឌ្ឍី ក៏​មិន​ឆ្លើយ​តប​ទៅ​នឹង​សារ​ជា​សំឡេង​របស់​អាស៊ីសេរី​សួរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ដែរ​គិតត្រឹម​ម៉ោងផ្សាយនេះ។

ទិន្នន័យ​ផ្កាយរណប​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម (Joint Research Center, JRC) របស់​គណៈកម្មាការ​អឺរ៉ុប និង​ទិន្នន័យ​បម្រែបម្រួល​ព្រៃឈើ​សាកល (Global Forest Change) របស់​សាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) នៃ​សហរដ្ឋអាមេរិក រកឃើញថា មានការកើនឡើង​មិនធ្លាប់មាន​ពីមុនមក នូវ​ការបាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​នៅកម្ពុជា។ គិតចាប់ពី​ឆ្នាំ២០០០មក កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ដល់ទៅ ២៦% ស្មើនឹង ២លាន៣សែន​ហិកតារ។ ដោយឡែក គ្រាន់តែ​ក្នុងឆ្នាំ២០១៩មួយ ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ បាន​បាត់បង់​ព្រៃ​រហូតដល់​ទៅ ៧ពាន់៥រយ​ហិកតារ គឺស្មើនឹង​ការកើនឡើង​ដល់ទៅ ៧៣% ពីឆ្នាំ២០១៨ ដែល​មានន័យ​ថា ក្នុង១ម៉ោង ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ បាត់បង់​ព្រៃ​ស្មើនឹង​ទំហំ​ធំជាង​តារាង​បាល់ទាត់​មួយ។ តួលេខ​នេះ ធ្វើឲ្យ​កម្ពុជា ក្លាយជា​ប្រទេសទី១០ ក្នុង​ពិភពលោកដែលរង​ការបាត់បង់​ព្រៃឈើ​ខ្លាំងជាងគេ​បំផុត​ក្នុងឆ្នាំ២០១៩ គឺរហូតដល់ទៅជាង ៦ម៉ឺន៣ពាន់​ហិកតារ។

អ្នកវិទ្យាសាស្ត្រ​ខាង​ព្រៃឈើ និងជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃ​ប្រទេសដាណាម៉ាក (Denmark) បណ្ឌិត អាយដា ថីឡាដ៍ (Ida Theilade) លើកឡើងថា ករណី​កើនឡើង​ការបាត់បង់​ព្រៃឈើ​នេះ កើតមានឡើង​ស្របពេល​ដែល​មានការរួមតូចទៅៗ​នៃ​លំហ​សង្គម​ស៊ីវិល និង​មាន​ករណី​កើនឡើង​នៃ​អំពើ​គំរាមកំហែង និង​ការធ្វើទុក្ខបុកម្នេញ​មក​លើ​ក្រុមអ្នកស្ម័គ្រចិត្ត​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់។ សាស្ត្រាចារ្យ​រូប​នេះ​ព្រមាន​ថា កេរដំណែល​ព្រៃឈើ​នៅ​កម្ពុជា អាច​នឹង​បាត់បង់​យ៉ាងឆាប់រហ័ស​ក្នុងរយៈពេល​ដ៏ខ្លី​ខាងមុខ​ទៀត​នេះ ប្រសិនបើ​គ្មាន​ការ​បង្ក្រាប និង​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ៖ «ខ្ញុំអាច​និយាយបានថា ប្រសិនបើ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើតមានឡើង​ក្នុង​ល្បឿន​ដូចដែល​កំពុង​កើតឡើង​នា​ពេលឥឡូវនេះ ហើយវា​ហាក់​ដូចជា​ធ្វើឡើង​ជា​ប្រព័ន្ធ​យ៉ាង​ល្អ ខ្ញុំ​ជឿជាក់​ថា រាល់​ឈើហ៊ុប​ពាណិជ្ជកម្ម​ទាំងអស់ អាច​នឹង​ត្រូវ​បាត់បង់​នៅ​ក្នុងរយៈពេល​តែ​ប៉ុន្មាន​ពីរ​ទៅ​បីឆ្នាំ​ខាងមុខទៀត​តែប៉ុណ្ណោះ។ នេះ​ក៏​រាប់បញ្ចូល​ទាំង​ដើមច្បោះជ័រ ដែល​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដែរ។ ខ្ញុំគិតថា វាជា​ស្ថានភាព​មួយ​គួរឲ្យ​សោកស្ដាយ​មែនទែន​សម្រាប់​ពលរដ្ឋ​តាម​មូលដ្ឋាន ហើយក៏​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូលដែរ ព្រោះថាតំបន់​ព្រៃឈើ​ទាំងនេះ ខ្ញុំអាច​និយាយ​បានថា វាជា​គោលដៅ​អេកូទេសចរណ៍​ដ៏​ចម្បងមួយ»។

សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ព្រៃឈើ និង​អ្នកវិទ្យាសាស្ត្រ យល់ស្របគ្នា​ថា ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ជា​ផ្នែក​មួយ​រួមចំណែក​ឲ្យ​មាន​វិនាសកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​បែបនេះ។ ក្រៅតែ​ពី​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដែល​មានស្រាប់ ពួកគេ​ចង់​ឃើញ​ឲ្យ​មាន​ការបញ្ឈប់​ទាំងស្រុង​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ការបញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​កាប់ និង​ដឹកជញ្ជូន​ឈើ រួមទាំង​អាជីវកម្ម​រោងចក្រ​កែច្នៃឈើ​នៅក្បែរ​តំបន់​អភិ​រក្ស​ព្រៃឈើ​ជាដើម។ ទន្ទឹមនឹងនោះ ពួកគេ​ក៏ចង់ឃើញ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​សហគមន៍​មូលដ្ឋាន និង​ពលរដ្ឋ អាច​ចុះល្បាត​ព្រៃឈើ​បាន​ដូច​ប្រក្រតី​ឡើងវិញដែរ។

កម្ពុជា​អាច​នឹង​ក្លាយ​ជា​ប្រទេស​មួយ ដែល​មនុស្ស​ជំនាន់​ក្រោយ​លែង​ស្គាល់​ព្រៃឈើ។ រីឯ​ក្រុម​អ្នកមានអំណាច​សព្វថ្ងៃ​វិញ ក៏​អាច​ប្រឈម​នឹង​ឱកាស​យកទៅ​កាត់ទោស​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុងពេលដែល​តុលាការអន្តរជាតិ​មួយ​នេះ បាន​ពង្រីក​អំណាច​យុត្តាធិការ​របស់​ខ្លួន តាំងពី​ឆ្នាំ២០១៦មក ដោយ​ចាត់ទុកថា អំពើ​បំផ្លិចបំផ្លាញ​បរិស្ថាន អំពើ​បំផ្លាញ​ធនធានធម្មជាតិ និង​អំពើ​ច្បាម​យក​ដីធ្លី​ពី​ពលរដ្ឋ ជា​ផ្នែកមួយ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្រៅតែ​ពី​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្មសង្គ្រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment