ប្រជាសហគមន៍ក្បែរផ្សារសុវណ្ណាស្នើសុំសំណងសមរម្យជាថ្នូររុះរើផ្ទះចេញ

ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ណាត សុភាព | ១២ កក្កដា ២០២០ | ម៉ោង ១៥:១៩
VOD

សកម្មភាពពលរដ្ឋនៅសហគមន៍បន្ទាយស្លឹក រុះរើផ្ទះតាមការណែនាំរបស់អាជ្ញាធរ នៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២០(រូបពីប្រជាសហគមន៍)

សកម្មភាពពលរដ្ឋនៅសហគមន៍បន្ទាយស្លឹក រុះរើផ្ទះតាមការណែនាំរបស់អាជ្ញាធរ នៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២០ (រូបពីប្រជាសហគមន៍)


ប្រជាពលរដ្ឋមួយចំនួន​រស់នៅក្នុងសហគមន៍បន្ទាយស្លឹកក្បែរផ្សារសុវណ្ណា ក្នុងរាជធានីភ្នំពេញ ដែលអាជ្ញាធរតម្រូវឱ្យរុះរើលំនៅឋានចេញក្រោមហេតុផលរស់នៅលើដីចំណីផ្លូវសាធារណៈ ស្នើសុំឱ្យមានការផ្តល់សំណងឱ្យបានសមរម្យព្រោះថា ជីវភាពពួកគាត់ពេលនេះកំពុងតែជួបការលំបាកខ្លាំង។​

វ័យ ៤៨ឆ្នាំ អ្នកស្រី សម្បត្តិ ផល្លា ដែលមានកូន៥នាក់ក្នុងបន្ទុក និយាយថា កាលពីថ្ងៃសៅរ៍ម្សិលមិញ និងថ្ងៃអាទិត្យនេះ អាជ្ញាធរបានឲ្យប្រជាពលរដ្ឋជិត១៥០គ្រួសារ រុះរើផ្ទះនៅម្តុំផ្សារសុវណ្ណា ស្ថិតនៅក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញចេញ ដោយថាសំណង់នោះសង់លើផ្លូវសាធារណៈ។

អ្នកស្រី ផល្លា បន្តថា សាលាក្រុងបានសម្រេចផ្តល់សំណងជាដីនៅក្រុមហ៊ុនសឺវិនអេនជី ស្ថិតនៅស្រុក វិហារសួគ៍ ខេត្តកណ្តាល ចំនួន៨៧គ្រួសារ ជាអ្នកដែលមានខ្នងផ្ទះតែប៉ុណ្ណោះ។ ចំណែកពួកគាត់ ៥១គ្រួសារមិនទទួលបានសំណងនោះទេ។

អ្នកស្រីនិយាយថា៖ «មេក្រុមរាប់ទាំងអស់៥១នាក់ ចំណែកខ្ញុំតវ៉ានៅសាលាក្រុងមាន៤៧នាក់ ផ្ទះនៅជាមួយគ្នាដូចគ្រួសារ មានបងប្អូននៅជាមួយ ព្រោះផ្ទះធ្វើចូលគ្នាធំៗចឹង តែគេបាញ់ឲ្យផ្ទះមួយទេ គ្នារស់នៅតាំងពីកូនពីតូចរហូតដល់ធំ តាំងពីមានកូន រហូតដល់មានចៅ ខ្ញុំសុំតែភិបាលក្រុង [ចៅហ្វាយក្រុង]ផ្តល់ដីឲ្យពួកខ្ញុំត្រឹមតែ៤គុណ៦ម៉ែតក៏បាន ឲ្យតែមានជំរកសមរម្យពួកខ្ញុំព្រមទទួលយក មិននៅតវ៉ាទេ»។

ស្រ្តីមេមាយ វ័យ៤០ឆ្នាំ អ្នកស្រី យុ គា ជាជនពិការជើង និងមានកូន៤នាក់ក្នុងបន្ទុក និយាយថា គាត់ក៏មិនទទួលបានសំណងក្រោយពីអាជ្ញាធរបណ្តេញពួកគាត់ចេញពីភូមិ៤នោះទេ។ អ្នកស្រីអំពាវនាវទៅសាលារាជធានីភ្នំពេញជួយផ្តល់សំណងខ្លះជូនពួកគាត់ផង។

អ្នកស្រីអំពាវនាវថា៖ «ខ្ញុំចង់បានដីតិចតួចក៏បានដែរ សំខាន់សំរេចឲ្យខ្ញុំបាននៅជំរកមួយពិតប្រាកដ នៅកន្លែងណាក៏បាន ពួកខ្ញុំមិនដែលគិតថាដីបានថ្លៃ ឬមិនបានថ្លៃទេ ខ្ញុំចង់បានជំរកមួយ រស់នៅសមរម្យ »។

ស្ត្រីវ័យជាង៣០ឆ្នាំ សុំមិនបញ្ចេញឈ្មោះ ដែលដែលអះអាងថា ទទួលបានសំណងជាដីនៅក្រុមហ៊ុនសឺវេនអេនជី ទទឹង៤មែត និងបណ្តោយ១៥ម៉ែត និយាយថា គាត់សាទរនឹងអាជ្ញាធរដែលបានផ្តល់ដីជូនពួកគាត់៨៧គ្រួសារ។ ប៉ុន្តែគាត់ថា បច្ចុប្បន្ននេះជួបញ្ហាប្រឈមច្រើន ដោយសារត្រូវការថវិកាសង់ផ្ទះ សាលារៀនកូននៅឆ្ងាយពីផ្ទះ និងធ្វើឲ្យប៉ះពាល់ដល់មុខរបរ និងការងារជាដើម។

អ្នកស្រីនិយាយថា៖ «ពិបាកពេលក្មេងចូលរៀនវិញ មិនដឹងទៅរៀននៅឯណា កូនខ្ញុំ៥នាក់នៅរៀងទាំងអស់ ពិបាករកស៊ី រកចំណុលមិនបានទេ បើនៅកន្លែងចាស់ខ្ញុំថ្វើការរោងចក្រ ប្តីធ្វើការសំណង់ ខាងណាក៏គេមករកដែរ គេជួលមកដល់ផ្ទះ»។

 អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ដែលអះអាងថា ជាអ្នកចុះសម្របសម្រួលដោះស្រាយរឿងនេះជាមួយតំណាងសហគមន៍ផ្ទាល់ថា ប្រជាសហគមន៍បន្ទាយស្លឹកទាំងនោះ សង់លំនៅឋានលើផ្លូវរដ្ឋ។

ទោះជាបែបនេះក្តី លោក មាសភក្តី និយាយថា រដ្ឋាភិបាលនៅតែផ្តល់ដីជូនប្រជាសហគមន៍ទាំងនោះផងដែរ។ ប៉ុន្តែអ្នកដែលទទួលបានមានតែ៨៧ខ្នងផ្ទះតែប៉ុណ្ណោះ។ ចំណេក៥១គ្រួសារ ដែលមិនមានខ្នងផ្ទះមិនទទួលបាននោះទេ។

លោកនិយាយថា៖ «ផ្ទះដែលពួកគាត់រស់នៅសព្វថ្ងៃ មានឪពុកម្តាយ មានកូន ការប្តី ប្រពន្ធ  គាត់រស់នៅជុំគ្នា[ក្នុងផ្ទះហ្នឹង] ដល់ពេលយើងដោះស្រាយផ្តល់ដីកម្មសិទ្ធិជូនគាត់ [ដែលមានតែខ្នងផ្ទះជាក់ស្តែង] គាត់ចង់បំបែក[គ្រួសារ]ចេញពីគ្នា យើងមិនអាចដោះដ្រាយជូនគាត់បានទេ ពេលគាត់ទៅរស់នៅកន្លែងថ្មី គាត់អាចរស់នៅជុំគ្នាបានដូចនៅកន្លែងចាស់បាន»។

លោក ភក្តី បញ្ជាក់ថា ទីតាំងថ្មី​ ស្ថិតនៅស្រុកវិហារសួគ៏ ខេត្តកណ្តាល ដែលសាលារាជធានីផ្តល់ឲ្យនោះ មានផ្លូវ ទឹក ភ្លើង និងងាយស្រួលប្រកបរបរ ធ្វើការងារតាមរោងចក្រចិញ្ចឹមជិវិតទៀតផង។

នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត (STT) លោក សឿង សារ៉ន មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរតែធ្វើការដោះស្រាយឲ្យប្រជាសហគមន៍៥១គ្រួសារនោះ ក្នុងគោលការណ៍សមធម៌ ដើម្បីបញ្ជៀសការតវ៉ានៅថ្ងៃខាងមុខបន្តទៀត។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាគួរតែមានការដោះស្រាយប្រកបដោយសមធម៌ជាមួយអ្នកពាក់ព័ន្ធ ព្រោះអាជ្ញាធរត្រូវបញ្ជៀសបញ្ហាតវ៉ានៅថ្ងៃអនាគត់»។

បើតាមតំណាងសហគមន៍បន្ទាយស្លឹក ស្ថិតនៅភូមិ៤ សង្កាត់ទំបន់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និយាយថា ពួកគេសង់លំនៅឋាន និងរស់នៅតំបន់នោះជាង២០ឆ្នាំមកហើយ មិនដែលមានបញ្ហាទំនាស់ជាមួយអាជ្ញាធរនោះទេ ប៉ុន្តែដោយសារតែរដ្ឋមានគោលនយោបាយ បើកផ្លូវឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ពួកគេ៨៧ខ្នងផ្ទះ សុខចិត្តទទួលយកសំណង ខណៈ៥១គ្រួសារទៀត នៅតែទទូចទៅអាជ្ញាធរជួយផ្តល់សំណងខ្លះដល់ពួកគេផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment