អ្នកវិភាគ​ថា មាគ៌ា​នយោបាយ​របស់​ចិន​គឺ​ចង់​គ្រប់គ្រង​កម្ពុជា​ផ្ដាច់មុខ

ដោយ ហេង រស្មី
2020-07-12
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។

 រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត


អ្នកវិភាគ​នយោបាយ​និង​សង្គម​លើកឡើង​ថា មាគ៌ា​នយោបាយ​ចិន ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង យោធា គឺ ចង់​គ្រប់គ្រង​កម្ពុជា​ផ្ដាច់មុខ និង​ប្រើប្រាស់​ជាទី​តាំង​កណ្ដាល​សម្រាប់​ទប់​ស្កាត់​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ មន្ត្រី​រដ្ឋាភិបាល​លើកឡើង​ថា អ្នកវិភាគ​មាន​និន្នាការ​ស្អប់​ចិន និង​មើល​មិន​គ្រប់​ជ្រុងជ្រោយ ចំពោះ​របត់​នយោបាយ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

អ្នកវិភាគ​ព្រមាន​ថា ការ​រក្សា​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ចិន​និង​កម្ពុជា ជា​របត់​នយោបាយ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពេល​អនាគត ខណៈ​ដែល​កម្ពុជា​បាន​បែរខ្នង​មិន​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​ខាងលិច​ដូចជា​សហរដ្ឋអាមេរិក​ជាដើម។

កម្ពុជា និង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៩​ខែក​ក្កដា ឆ្នាំ​១៩៥៨។ ចាប់តាំង​ពី​មាន​ចំណងទាក់ទង​ការទូត​រយៈពេល​ជាង ៦០​ឆ្នាំ​កន្លង​មក​នេះ ចិន​កំពុង​មាន​ឥទ្ធិពល​លើ​កម្ពុជា ទាំង​វិស័យ​ការទូត និង​យោធា ដោយសារតែ​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុងតែ​រស់​ដោយ​ពឹងផ្អែក​ដង្ហើម​សេដ្ឋកិច្ច​របស់​ចិន​ជា​សំខាន់។ អ្នកវិភាគ​នយោបាយ​វិញ​លើកឡើង​ថា មាគ៌ា​នយោបាយ​របស់​ប្រទេស​ចិន​គឺ​ចង់​គ្រប់គ្រង​កម្ពុជា​ផ្តាច់​មុខ និង​ប្រើប្រាស់​ជាទី​តាំង​កណ្ដាល​សម្រាប់​ទប់​ស្កាត់​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ មាន​ប្រសាសន៍​ថា ដំណាក់កាល​បច្ចុប្បន្ន​ទិសដៅ​របស់​ប្រទេស​ចិន ក្នុង​ការ​គ្រប់គ្រង​កម្ពុជា មាន​មែកធាង​ពហុមុខ ចាប់​តាំង​ពី​ធ្វើ​ឱ្យ​រេចរឹល តម្លៃ​វប្បធម៌​ខ្មែរ សម្លាប់​ប្រជាធិបតេយ្យ រហូត​ទៅដល់​ត្រួតត្រា លើ​វិស័យ​ទំនាក់ទំនង​ការទូត​ជាដើម​។​

លោក​ថា ចិន​បាន​ប្រើ​កម្ពុជា​ឱ្យ​ធ្វើតាម​ខ្សែ​ពាក់​របស់​ប្រទេស​ចិន ក្នុង​ក្របខ័ណ្ឌ​អាស៊ាន អង្គការ​សកល​ផ្សេងៗ និង​ការពង្រីក​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា ដែល​ជា​ហេតុ​រុញច្រាន​កម្ពុជា​ឱ្យ​មាន​អរិភាព​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន ហើយ​នេះ​គឺជា​គ្រោះអាសន្ន​ធំ​ណាស់​សម្រាប់​កម្ពុជា។

លោក​បញ្ជាក់​ថា អន្ទាក់​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត​គឺ​ជំហាន​ចង់​អោបក្រសោប​កម្ពុជា​ដោយ​ចំណង​បំណុល​ពុតត្បុត​របស់​ប្រទេស​ចិន។ លោក​និយាយ​ថា រឿង​ទាំងអស់​នេះ​បន្តិច​ម្តងៗ ប្រទេស​ចិន​នឹង​ទាក់​ក​កម្ពុជា​មិន​ឱ្យ​រើ​រួច​ពី​វិបត្តិ​ខ្វះ​ចិន​មិន​បាន ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​អរិភាព​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាងលិច ដែល​ប្រកាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី៖ «ទីបំផុត​ទៅ​កម្ពុជា​មិន​អាច​ងាក​ចេញរួច​ពី​ឥទ្ធិពល​ចិន​ក្នុង​លក្ខខណ្ឌ​ជា​ចៅហ្វាយ​និង​អាយ៉ង​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ពឹង​បង្អែក​ចិន​តែមួយគត់។ នេះ​មិនមែន​ជា​ដំណើរ​គ្រោះថ្នាក់​តូចតាច​ទេ​ចំពោះ​ប្រទេស​កម្ពុជា។ កម្ពុជា​អាច​ជា​ផ្នែក​មួយ​ក្រោម​មាគ៌ា​ត្រួតត្រា​នយោបាយ​ផ្ដាច់មុខ​របស់​ចិន ប្រសិនបើ​ចិន​ដណ្តើម​បាន​មុន​យួន»។

អង្កការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន៍ បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា បាន​កើន​ឡើង​ដល់​ជាង ៤.០០០​លាន​ដុល្លារ (៤.២៩៧​លាន​ដុល្លា)។ ជំនួយ​ដែល​ផ្ដល់​នេះ គិត​ចាប់​ពី​ឆ្នាំ​២០០១ ដល់​ខែ​មីនា ឆ្នាំ​២០១៧ មាន​ទាំង​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង ឥណទាន​ឥត​ការ​ប្រាក់ ដើម្បី​យក​មក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​នៅ​កម្ពុជា និង​សម្ភារៈ​យោធា​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ផ្តល់​ជំនួយ​ពី​ប្រទេស​ចិន កម្ពុជា​ក៏​ជំពាក់​បំណុល​វ័ណ្ឌក ពី​ប្រទេស​ចិន​ផង​ដែរ។ គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុជា​បាន​ជំពាក់​បំណុល​ចិន​សរុប​ជិត ៣​ពាន់​លាន​ដុល្លា​(២.៨១៨,៣៧) លាន​ដុល្លារ​អាមេរិក។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​ប្រទេស​ចិន ច្រើ​នជាង​ប្រទេស​ណាៗ​ទាំងអស់​។ តួលេខ​ដដែល​ឱ្យ​ដឹង​ទៀត​ថា សរុប​ត្រឹម​ឆ្នាំ​២០១៦ រដ្ឋ​ទូទាត់​បំណុល​សង​ទៅ​ប្រទេស​ចិន វិញ បាន​សរុប​ចំនួន​ជិត ២៦០​លាន​ដុល្លារ​អាមេរិក។

ដោយសារ​ជំនួយ និង​បំណុល​ដែល​កម្ពុជា​ជំពាក់​ពី​ចិន​សង​មិន​រួច​នេះ​ហើយ នឹង​តម្រូវ​ឱ្យ​កម្ពុជា​តបស្នង​ប្រទេស​ចិន​វិញ​។ នៅ​ក្នុង​ឆ្នាំ​២០១២ ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ទាក់ទិន​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ធ្វើ​ឱ្យ​មានការ​រិះគន់​ពី​អន្តរជាតិ​ចំពោះ​ជំហរ​កម្ពុជា​ដែល​ងាករេ​ទៅកាន់​ប្រទេស​កុម្មុយនិស្ត​ចិន។

មិន​ត្រឹមតែ បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ទាក់ទិន​នឹង​រឿង​សមុទ្រ​ចិន​ខាងត្បូង នឹង​ដើម្បី​បង្ហាញ​ពី​ភក្ដីភាព​របស់​ខ្លួន​ថា ជា​មិត្ត​ដែកថែប​ជាមួយ​ប្រទេស​ចិន​នោះ​។ សារព័ត៌មាន​បរទេស​បាន​ផ្សាយ​ថា កម្ពុជា​បាន​ចុះហត្ថលេខា​ដោយ​សម្ងាត់​ជាមួយ​ប្រទេស​ចិន​ដើម្បី​អនុញ្ញាត​កងទ័ព​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​ក្នុង​ដែនសមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ។

កាសែត ឌឹ វ៉លស្ទី្រត ជ័រណល​(The Wall Street Journal) កាលពី​ឆ្នាំ​២០១៩ បាន​សរសេរ​ថា ប្រទេស​កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​នោះ​កាលពី​និទាឃៈ​រដូវ​កន្លង​ទៅ តែ​ភាគី​ទាំងពីរ​មិន​ទាន់​បាន​បញ្ចេញ​ឱ្យ​ដឹង​ជា​សាធារណៈ​នៅឡើយ​ទេ។

កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្ដល់​ឱ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់មុខ ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក ចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ហើយ​នៅ​ជិត​អាកាសយានដ្ឋាន​ធំ​មួយ ដែល​កសាង​ដោយ​ចិន។អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាត ធ្លាប់​ចាត់ទុកថា ព័ត៌មាន​ខាងលើ​ហាក់​ដូច​ជា​មាន​ចេតនា​ចង់​បំផ្លាញ​សុខ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ទំនាក់ទំនង​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​ផង​ដែរ។

ជុំវិញ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក បណ្ឌិត ឯម សុវណ្ណារ៉ា បាន​ផ្តល់​យោបល់​ថា កម្ពុជា​គួរតែ​រក្សា​អត្ថប្រយោជន៍​ជាតិ ជាធំ​បើ​ទោះ​បីជា​បាន​ក្លាយ​ជា​មិត្ត​ដែក​ថែប​របស់​ប្រទេស​ចិន​ក៏ដោយ។

លោក​បញ្ជាក់​ថា កម្ពុជា​គួរតែ​រក្សា​គោលនយោបាយ​រវាង​លោក​ខាងលិច និង​លោក​ខាងកើត​ឱ្យ​ស្មើគ្នា នោះ​ទើប​កម្ពុជា​អាច​មាន​សុវត្ថិភាព​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ព្រមទាំង​រក្សា​នូវ​អត្ថប្រយោជន៍​ជាតិ​បាន៖ «កាលណា​កម្ពុជា​ងាក​លម្អៀង​ទៅ​រក​ចិន​ពេក។ កម្ពុជា​អាច​បាត់បង់​អត្ថប្រយោជន៍​ទំនាក់ទំនង​ជាមួយ​លោក​ខាងលិច​ដែល​មាន​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក»។

ក្រៅពី​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ប្រទេស​ចិន បាន​ជួយ​ប្រទេស​កម្ពុជា​ផ្នែក​ការ​ការពារ​សន្តិសុខ​ផង​ដែរ​។​កាលពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ផ្តល់​កាំភ្លើង​ធំ​ជាង ១.០០០​ដើម និង​គ្រាប់​ចំនួន ៥​ម៉ឺន​គ្រាប់។

ប្រទេស​ចិន​ក៏​បាន​ផ្តល់​រថយន្ត​យោធា​ចំនួន​២៦​គ្រឿង និង​ឯកសណ្ឋាន​យោធា​ចំនួន​៣.០០០ កំប្លេ​ដល់​ប្រទេស​កម្ពុជា។ កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ​នេះ កម្ពុជា​បាន​ទិញ​រថយន្ត​យោធា​ចំនួន ២៩០​គ្រឿង ពី​ប្រទេស​ចិន។

រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​ប្រកាស​ទំហំ​ថវិកា​ប្រើប្រាស់​សម្រាប់​ទិញ​រថយន្ត​យោធា​នោះ​ទេ ប៉ុន្តែ​ថា លុយ​បាន​ទៅ​ទិញ​រថយន្ត​បាន​មក​ពី​សប្បុរសជន​ទៅវិញ។

បើ​ទោះ​បីជា​មានការ​រិះគន់​ពី​ជំនួយ​របស់​ប្រទេស​ចិន​ផ្តល់​ជូន​ប្រទេស​កម្ពុជា​កន្លងមក​សុទ្ធ សឹង​ជា​អន្ទាក់​យ៉ាងណាក៏ដោយ ក៏​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន នៅតែ​ថ្លែង​ការពារ​ថា កម្ពុជា​សព្វ​ថ្ងៃ បាន​រក្សា​ទំនាក់ទំនង​ស្មើភាព​គ្នា ទាំង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​។​

លោក​និយាយ​ថា សម្រាប់​អ្នកវិភាគ​នៅតែ​មើល​មិន​ឃើញ​ពី​បំណង​ល្អ​របស់​រដ្ឋាភិបាល ដោយសារតែ​ពួកគេ​មិន​ចូលចិត្ត និង​មាន​ចរិត​មិន​គាំទ្រ​ប្រទេស​ចិន។

លោក​និយាយ​ថា អ្នកវិភាគ​កំពុង​យក​ខ្មែរ​ជា​សត្រូវ​ជាមួយ​សហរដ្ឋ​អាមេរិក តែ​ប្រហែលជា​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បញ្ជាក់​ថា ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា​ប្រកាន់​និន្នាការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​នានា​ទាំងអស់​នៅ​លើ​ពិភពលោក ហើយ​កម្ពុជា​មិន​លូកលាន់​បញ្ហា​ផ្ទៃក្នុង​នៅ​ក្នុង​បណ្ដា​ប្រទេស​ទាំង​នោះ​ទេ៖ «ដូចជា​រឿង​ជំហរ​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ហ្នឹង​យើង​បាន​ជម្រាប​ជូន​ដល់​អាស៊ាន​ទាំងមូល ឱ្យ​យកចិត្តទុកដាក់ និង​គាំទ្រ​នូវ​គំនិត​ហ្នឹង​ថា​យើង​មិន​ប្រកាន់​ខាង​ណា​ទេ។ យើង​ចង់​ឱ្យ​មាន​ការ​ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ»។

ក្នុង​រយៈពេល​ជាង ៦០​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​បន្ត​ចាក់ស្រេះ បាន​ធ្វើ​ឱ្យ​លំហូរ​ប្រជាជន​ចិន​មកកាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ជាពិសេស​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​ទៀត។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​លោក សុខ ផល ធ្លាប់​អះអាង​ថា ជនជាតិ​ចិន​មក​ស្នាក់នៅ​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​រហូតដល់​ជាង ២១ ម៉ឺន​នាក់ ដោយ​ចំនួន​នេះ​បាន​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ ២០១៧ ដែល​ជនជាតិ​ចិន​មានតែ​ជាង ១០ ម៉ឺន​នាក់​ក្នុង​នោះ​មាន​ជាង ៧៨.០០០ នាក់​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ហើយ​មាន​ប័ណ្ណ​ការងារ​ត្រឹម​ត្រូវតែ​ជាង ២ ម៉ឺន​នាក់​ប៉ុណ្ណោះ។

វត្តមាន​ជនជាតិ​ចិន​នេះ ភាគច្រើន​បាន​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម ជាច្រើន​ដូចជា​ការប្រើប្រាស់​អំពើ​ហិង្សា​ចោរកម្ម ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន និង​ចាប់ជំរិត​ទារ​ប្រាក់​ជាដើម។

អ្នកវិភាគ​ថា បន្តិច​ម្តងៗ​កម្ពុជា​នឹង​ត្រូវ​ប្រទេស​ចិន​កាន់កាប់​ផ្ដាច់​មុខ បើ​នៅ​បន្ត​គោលនយោបាយ​គាំទ្រ​ចិន​តែមួយ​ហើយ​ទាត់​ចោល​ទំនាក់ទំនង​ប្រទេស​លោក​ខាង​លិច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នកវិភាគ​ថា មាគ៌ា​នយោបាយ​របស់​ចិន​គឺ​ចង់​គ្រប់គ្រង​កម្ពុជា​ផ្ដាច់មុខ"

  1. Anonymous says:

    I saw that pitcher one of this animal killer was staring at them . please check to see if you are not believing me . in what so ever this evil monster can not make this country to become the nd North KORIA the reason HUN NAL was dump not enough education how can he do it.

  2. Anonymous says:

    UN and the world seem to forget about victim ‘(khmer people) .We are cambodian people appeal to UN or international to help take khmer rough case to HAGUE ‘ not in cambodia ‘ . The killers and the master still hiding in the dark and not justice for khmer people ‘

Leave a Reply

Submit Comment