អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​សាទរ​ចំពោះ​ការ​ហាមឃាត់​លក់ដូរ ឆ្កែ​នៅ​សៀមរាប

ដោយ ជាតិ ចំណាន
2020-07-12
RFA

សត្វ​ឆ្កែ​ដែល​គេ​ចាប់​យក​ទៅ​លក់។

សត្វ​ឆ្កែ​ដែល​គេ​ចាប់​យក​ទៅ​លក់។

 Photo courtesy of Four Paws Organization


ក្រុម​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម សាទរ​របស់​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ដ​សៀមរាប ក្នុង​ការ​លប់​បំបាត់​ការ​ជួញដូរ​សាច់​ឆ្កែ​នៅ​ក្នុង​ខេត្ដ​នេះ​។ អង្គការ​ធ្វើការ​ខាង​ផ្នែក​សុខុមាលភាព​សត្វ​ឈ្មោះ​ហ្វ័រផាវស៍ (Four Paws Organization) ចាត់​ទុក​ចំណាត់ការ​របស់​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រមាញ់​ខេត្ដ​សៀមរាប គឺជា​របត់​ដ៏​សំខាន់​មួយ​សម្រាប់​សុខុមាលភាព​របស់​សត្វ​ក្នុង​តំបន់។

ពេទ្យសត្វ និង​ជា​ប្រធាន អង្គការ ហ្វ័រផាវស៍ ខាង​ផ្នែក​សត្វ​ចិញ្ចឹម​ដែល​គ្មាន​ទីពឹង ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ វេជ្ជបណ្ឌិត កាតារីន ផូឡាក (Katherine Polak) ថ្លែង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ​ថា ការ​សម្រេច​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប ជាការ​សម្រេច​ចិត្ដ​ជា​ប្រវត្ដិសាស្ដ្រ​មួយ ក្នុង​ការ​ហាមឃាត់​ការលក់ដូរ​សាច់​ឆ្កែ​ក្នុង​តំបន់​នោះ ហើយ​វា​ក៏​ជា​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​។ អ្នកស្រី​បន្ដ​ថា ចំណាត់ការ​នេះ នឹង​ធ្វើជា​គំរូ​សម្រាប់​ប្រទេស​ដទៃ​ក្នុង​ការ​អនុវត្ដ​តាម ដើម្បី​ការពារ​ជីវិត​សត្វ​ឆ្កែ​រាប់​លាន​ក្បាល។

មន្ទីរ​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ដ​សៀមរាប កាលពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា បាន​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ លក់ ពិឃាដ​សត្វ​ឆ្កែ​។ ចំពោះ​អ្នក​ដែល​ល្មើស នឹង​ការ​ហាមឃាត់​នេះ នឹង​ត្រូវ​ទទួលទោស​យ៉ាង​ធ្ងន់ធ្ងរ​តាម​មាត្រា​១១២ ១១៣ និង ១១៥​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​អាច​ជាប់​ពន្ធនាគារ រហូតដល់​៥​ឆ្នាំ ឬ​ត្រូវ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ ៥០​លាន​រៀល។

អង្គការ ហ្វ័រផាវស៍ រក​ឃើញ​ថា មាន​កន្លែង​លក់​សាច់​ឆ្កែ​នៅ​ក្រុង​សៀមរាប ២១​កន្លែង បាន​សម្លាប់​សត្វ​ឆ្កែ​ប្រមាណ​ជិត​បី​ពាន់​ក្បាល ២៩០០​ក្បាល​ក្នុង​មួយ​ខែ។ ទីតាំង​លក់​សាច់​ឆ្កែ​ចំនួន ៥​ទៅ ៦​កន្លែង ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​អង្គរ។ ការស្រាវជ្រាវ​របស់​អង្គការ​នេះ​រក​ឃើញ​ថា ប្រភេទ​រថយន្ដ​ភ្ញៀវ​ទេសចរ​តូចៗ​ត្រូវ​បាន​គេ​ឆ្នៃ​ដាក់​ទ្រុង សម្រាប់​ដាក់​ឆ្កែ​រស់​ចេញពី​ខេត្ត​សៀមរាប ដែល​ឆ្កែ​ជាង ៣៧៥០​ក្បាល បាន​គេ​ដឹក​ទៅតាម​បណ្ដា​ខេត្ត និង​ក្រុង​មួយ​ចំនួន​ដូចជា ខេត្ត​កំពង់ធំ កំពង់ចាម និង​ក្រុង​ស្គន់​ជាដើម​។ អង្គការ​នេះ​ក៏​រក​ឃើញ​ថា មាន​កន្លែង​លក់​សាច់​ឆ្កែ​ប្រមាណ​ជាង​១០០​កន្លែង កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​សាទរ​ចំពោះ​ការ​ហាមឃាត់​លក់ដូរ ឆ្កែ​នៅ​សៀមរាប"

  1. Anonymous says:

    I’m glade they have that probation order wide SOSOCHEATH will going hell soon

Leave a Reply

Submit Comment