សមាគមមីក្រូហិរញ្ញវត្ថុហៅរបាយការណ៍ «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ជាការរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុ

កម្ពុជា សង្គម
13/07/2020 – 08:09
ដោយ៖ អ៊ឹង ប៊ុនថន
RFI

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០កំពុងរៀបចំឥណទានឡើងវិញ
ឲ្យពលរដ្ឋអ្នកខ្ចីប្រាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០កំពុងរៀបចំឥណទានឡើងវិញ ឲ្យពលរដ្ឋអ្នកខ្ចីប្រាក់ © សហការី

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ច្រាន​ចោល​នូវ​របាយ​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​រក​ឃើញ​ថា​កម្មករ​រោង​ចក្រ​មួយ​ចំនួន «​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក» ខណៈ​រោងចក្រ​ខ្លះ ​បាន​ព្យួរ​ការងារ​ទាំង​ស្រុង ​ឬ​ដោយ​ផ្នែក ​ចន្លោះ​ខែ​មីនា ​និង​ឧសភា ​ឆ្នាំ​២០២០។ ​ប៉ុន្តែ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា  បាន​ហៅ​របាយការណ៍​នេះ​ថា ​ជា​ការ​ស្រាវជ្រាវ​មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ និង​ជា​ការ​រំខាន​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដែល​កំពុង​តែ​មមាញឹក​ក្នុង​ការ​ទប់ស្កាត់​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩​។

ប្រតិកម្ម​ឆ្លើយតប​របស់​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពេលនេះ​គឺ​១៣ថ្ងៃ​ក្រោយ​ពីសម្ព័ន្ធ​សហ​ជីព​កម្ពុជា (CATU) មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស (CENTRAL) និង​សម្ព័ន្ធ​ខ្មែរជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស (LICADHO) បានចេញផ្សាយនូវរបាយការណ៍មួយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានចំណងជើងថា៖ «ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក»។ ជាការស្ទង់មតិកម្មករចំនួន១៦២នាក់ មកពីរោងចក្រចំនួន៣ ដែលបានព្យួរការងារទាំងស្រុង ឬដោយផ្នែក ចន្លោះខែមីនា និងឧសភា ឆ្នាំ២០២០។ ដោយផ្តោតការ​សិក្សា​តែពី​ផល​លំបាក​នៃ​ការ​ជាប់​ជំពាក់​បំណុល​របស់កម្មករទាំងនោះ របាយការណ៍នេះបានទាញសេចក្តីសន្និដ្ឋានថា៖«បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើនដែល​នាំឱ្យកម្មករ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ និង​ធ្វើ​ឱ្យ​ការ​កាន់​កាប់​ដី​ធ្លី​របស់​​ពួក​គេ​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។

​ប៉ុន្តែ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មើលឃើញថា វិធីសាស្ត្រក្នុងការស្ទង់មតិនេះ ខ្វះលក្ខខណ្ឌបែបវិទ្យាសាស្រ្ត មានភាពលំអៀង និងខ្វះការយល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុ ហើយគ្មានព័ត៌មានគ្រប់គ្រាន់ដែលអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញបាន។ អ្នកចូលរួមសម្ភាសន៍ទៀតសោត ក៏ត្រូវបានជ្រើសរើសតាមរយៈ «ប្រធានសហជីពក្នុងរោងចក្រនីមួយៗ» ពោលគឺមិនមែនរើសដោយចៃដន្យ(random) ដែលនេះមិនមែនជាវិធីសាស្រ្តដែលអាចទុកចិត្តបានឡើយ ដោយសារតែអាចមានភាពលំអៀងនៃអ្នកជ្រើសរើសស្រាប់។

បើតាម​សមាគមដដែលនេះ ការស្ទង់មតិនេះត្រូវបានធ្វើក្នុងពេលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ រួមផ្សំនឹងអ្នកចូលរួមឆ្លើយទាំងអស់សុទ្ធតែត្រូវបានរោងចក្រព្យួការងារ ដូចនេះជាកត្តាសន្យានុម័ត ប្រាក់ចំណូលរបស់ពួកគាត់នឹងធ្លាក់ចុះ​ ដែលនាំអោយប៉ះពាល់ជីវភាពរស់នៅ ក៏ដូចលទ្ធភាពក្នុងការសងត្រលប់ទៅកាន់គ្រឹះស្ថាន ហើយរឹតតែមិនមានអារម្មណ៍ល្អចំពោះស្ថានភាពទូទៅឡើយ។

សមាគមដដែលបានហៅរបាយកាណ៍នេះថា ក៏បង្ករការរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុ ដែលកំពុងតែមមាញឹកក្នុងការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ ហើយអះអាងថាខ្លួនបានរៀបចំឥណទានឡើងវិញជូនដល់អតិថជនជាងពីរសែននាក់ ក្នុងទំហំឥណទានជាងមួយពាន់លានដុល្លារសហរដ្ឋអាមេរិក​។ 

ទោះជាយ៉ាងណា នៅក្នុង​របាយការណ៍ថ្ងៃ៣០​មិថុនា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បានជំរុញឲ្យ​បង្កើតកម្មវិធីសម្រាលបន្ទុកបំណុល ដោយផ្អាកជាបណ្ដោះអាសន្ននូវការបង់សងប្រាក់កម្ចីនិងការប្រាក់ និងប្រគល់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ដែលបានដាក់ជាទ្រព្យធានាឱ្យម្ចាស់ទ្រព្យវិញ។  បើពុំមានកម្មវិធីសម្រាលបន្ទុកបំណុលនេះទេ កម្មករ កម្មការិនី នឹងលក់ដី ឬផ្ទះ និងខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់៕

What Next?

Recent Articles