ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ធ្លាក់ខ្លួន​ឈឺ បន្ទាប់ពី​សមត្ថកិច្ច​បង្ក្រាប​ដោយ​ហិង្សា​ពេល​តវ៉ា​ឱ្យ​តុលាការ​ដោះលែង​ប្ដី​

ដោយ មួង ណារ៉េត
2020-07-14
RFA

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ដួល បន្ទាប់ពី​កងសន្តិសុខ​ប្រទាញប្រទង់​ដណ្ដើម​​បដាដោយ​ហិង្សា​ ពេល​តវ៉ា​ឱ្យ​តុលាការ​ដោះលែង​ប្ដី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០២០។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ដួល បន្ទាប់ពី​កងសន្តិសុខ​ប្រទាញប្រទង់​ដណ្ដើម​​បដាដោយ​ហិង្សា​ ពេល​តវ៉ា​ឱ្យ​តុលាការ​ដោះលែង​ប្ដី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក


ប្រពន្ធ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ធ្លាក់ខ្លួន​ឈឺ បន្ទាប់ពី​ប៉ូលិស និង​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​បង្ក្រាប​ដោយ​ហិង្សា​ក្នុង​ពេល​ដែល​ពួក​គាត់​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្តី​របស់​ពួក​គេ កាល​សប្ដាហ៍​កន្លងទៅ។មន្ត្រី​សង្គម​ស៊ីវិល ហៅ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​ថា ជា​ទង្វើ​ពី​ខុសច្បាប់។

ប្រពន្ធ​របស់​ជន​ជាប់ឃុំ​ជាសកម្ម​ជន​គណបក្ស​ប្រឆាំង​ទាំងនោះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់​ជន​ដែល​បង្ក​ហិង្សា​មក​លើ​ពួក​គាត់​ដាក់ទោស​តាមច្បាប់។ប្រពន្ធ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង លោកស្រី សំ ចិន្តា រៀបរាប់​ថា ប៉ូលិស និង​កង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ប្រមាណ ៥នាក់​ក្នុង​ចំណោម ៣០នាក់ បាន​រុញច្រាន​ចាប់​ច្របាច់ក​និង​វាយ​ដៃ​របស់​លោកស្រី​បណ្ដាល​ឱ្យ​ហើម​ជាំ ក្នុង​ពេល​ដែល​ពួក​គាត់​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​គាត់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។លោកស្រី​បញ្ជាក់​ថា ចាប់​តាំង​ពី​កង​សន្តិសុខ​ប្រើ​ហិង្សា​មក​លោកស្រី​ឈឺចុក​ចាប់​ពេញ​ដងខ្លួន ជាពិសេស​កដៃ​ឡើង​ជាំ​ខៀវ​មិន​អាច​ធ្វើ​ការងារ​អ្វី​បាន​ឡើយ៖ «នៅ​ពេល​ហ្នឹង​គេ​ទាញ​បដា​របស់ខ្ញុំ​ដែល​ដាក់​សុំ​ទាមទារ​ឱ្យ​ដោះលែង​ប្ដី​របស់ខ្ញុំ​គ្រាន់តែ​ប៉ុណ្ណឹង​មានអី​ធំដុំ ដល់​នេះ​ទៅ​គាត់​អត់​ឱ្យ​យើង​លើក​បដា​នោះ​ទេ។ នាង​មួយ​ដែល​ជា​ប្រពន្ធ​របស់​លោក​ចៅសង្កាត់​ដេប៉ូ៣ គាត់​នៅ​ពីក្រោម​ខ្ញុំ ខ្ញុំ​នាំគ្នា​ទាញ​ដល់​ទាញ​សមត្ថកិច្ច​គប់​យើង​ពីលើ​ដើម្បី​ឱ្យ​យើង​លែង​បដា ដល់​នេះ​ទៅ​វា​ចាប់ផ្ដើម​ហើម​ដៃ​យក​ទៅ​ម្ដង ហើយ​មកដល់​ផ្ទះ​បាន​ដឹង​ថា​ ឈឺ​ខ្លួន​ឈឺ​ប្រាណ​អស់ហើយ ហើយ​ដៃ​ចេះតែ​ហើម​កាន់​អី​វា​អត់​កើត​ទេ»

លោកស្រី​បន្ថែម​ថា ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​អាជ្ញាធរ​នេះ​បណ្ដាល​ឱ្យ​ពួក​លោកស្រី​ចំនួន ៤នាក់​គ្រាំគ្រា​ក្នុង​រាងកាយ​ធ្ងន់ធ្ងរ បណ្ដាល​ឱ្យ​ធ្លាក់ខ្លួន​ឈឺ​រហូត​មក។ ចំណែក​ប្រពន្ធ​ចៅសង្កាត់​ដេប៉ូ៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ទួល​គោក​រាជធានី​ភ្នំពេញ លោក​ឃឹម ភា​ណា គឺ​លោកស្រី សុខ បូ​លីម៉ា វិញ ថ្លែង​ថា ចាប់​តាំង​ពី​កង​សន្តិសុខ​ជាច្រើន​នាក់​ចាប់​សង្កត់ក​លោកស្រី​រុញ​ដួល​នៅ​លើ​កម្រាល​ថ្មី​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​មក បណ្ដាល​ឱ្យ​ឈឺចុក​ចាប់​តាំង​ពី​ចុងដង្ហើម​ដល់​កញ្ចឹងក ហើយ​ធ្វើ​ឱ្យ​លោកស្រី​សម្រាន្ត​មិនសូវ​លក់​ធ្វើ​ការងារ​អ្វី​កើត​នោះ​ឡើយ។ លោកស្រី​បន្ថែម​ថា ១ថ្ងៃ​ចាប់ពី​អាជ្ញាធរ​ប្រើ​ហិង្សា​មក លោកស្រី​បាន​ទិញ​ថ្នាំ​លេប​ផង​និង​បិទ​កៅអៀក​នៅកន្លែង​ជុំវិញ​កញ្ចឹងក​ផង នៅតែ​មិនទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ៖ «ខ្ញុំ​យល់​ថា មនុស្ស​អមនុស្សធម៌​ណាស់​សូម្បី​តែ​មនុស្ស​ស្រី​វ័យ​កណ្ដាល​អីចឹង​ក៏​សមត្ថកិច្ច​ប្រតាយប្រតប់​យក​បដា​ពី​ដៃ​ដែរ ខ្ញុំ​មិន​អាច​ទទួល​យក​បានទេ​ទង្វើ​អមនុស្សធម៌​បែប​នេះ។ ពេល​ប្រទាញប្រទង់​អត់​ដឹង​ឈឺ​ទេ​ដល់​រួច​ទៅ​ពេល​ដេក​បាន​មួយ​យប់​ឈឺ​ពេញ​ខ្លួន​តែ​ម្ដង ទ្រាំ​មិន​បាន​ខ្ញុំ​ឱ្យ​កូន​ទិញ​ថ្នាំ​មក​លេច​ទិញ​កៅអៀក​មក​បិទ។ឥឡូវ​ខ្ញុំ​នៅតែ​ថ្លោះ​ដៃ។វា​ទាញ​យើង​ផ្ដួល​មួយ​ទំហឹង​តែម្ដង​បងស្រី​ប្រពន្ធ​លោក កែវ ថៃ ហ្នឹង​វា​វាយ​ដៃ​ឡើង​ជាំ​ខ្មៅ​តែ​ម្ដង»

កាលពី​ថ្ងៃ​ទី ១០កក្កដា ប្រពន្ធ​និង​កូន​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ ១០នាក់​នាំគ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​លើក​ទី៤ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នកទោស​នយោបាយ​ចំនួន ១៥នាក់​ឱ្យ​មាន​សេរីភាព​វិញ។ការ​តវ៉ា​នេះ​ត្រូវ​បាន​កង​សន្តិសុខ និង​ប៉ូលិស​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ប្រមាណ ៣០នាក់​បាន​រារាំង​រុញច្រាន និង​ដណ្ដើម​យក​បដា​ពី​ក្រុម​បាតុកម្ម ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​លើក​បដា​តវ៉ា​បាន​ឡើយ។ ក្រុម​អ្នក​តវ៉ា​អះអាង​ថា ថ្វីត្បិតតែ​ពួក​គាត់​ធ្លាក់ខ្លួន​ឈឺ​បែប​នេះ​ក្ដី ក៏​ពួក​គាត់​នៅតែ​ប្រមូល​គ្នា​តវ៉ា​នៅ​មុខ​តុលាការ​បន្ត​ទៀត​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២០ មក​ មាន​សកម្មជន​បក្ស​ប្រឆាំង ចំនួន ១៧នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ដាក់​ពន្ធនាគារ​ព្រៃស។ ក្នុង​នោះ​មន្ត្រី​គណបក្ស​ប្រឆាំង ១៥ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់ កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ ឧក្រិដ្ឋ​ជាអាទិ៍ និង​សកម្មជន​បក្ស​ប្រឆាំង ២នាក់​ទៀត ចោទ​ប្រកាន់​ពី​បទ​ជេរ​ប្រមាថ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល។

ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត ប្រាប់​អាស៊ី​សេរី​ថា ប៉ូលិស និង​កង​សន្តិសុខ​មិនបាន​រារាំង​និង​ប្រើ​ហិង្សា​ដល់​ក្រុម​បាតុករ​ដូច​ការចោទប្រកាន់​របស់​ពលរដ្ឋ​ទាំងនោះ​ឡើយ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ដាក់​ប្រចាំការ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​ប៉ុណ្ណោះ៖ «អត់មាន​ទេ​ឥឡូវ​មាន​រូបភាព​មាន​ភស្តុតាង​បង្ហាញ​មក​ថា​ប្រើ​ហិង្សា​មក​លើ​ពួក​គាត់​នោះ អត់​មាន​ទេ​គ្រាន់តែ​ហាម​មិន​ចូល អា​ហ្នឹង​និយាយ​ឱ្យ​មាន​យុត្តិធម៌​ទាំង​សង្ខាង​អត់​មាន​ពី​ណា​ទៅ​លើ​កដៃ​វ៉ៃ​ពួក​គាត់​ទេ​អត់មាន​ទេ»

ផ្ទុយពី​ការ​លើក​របស់​ស្នងការ​រាជធានី​ភ្នំពេញ​នេះ មេធាវី​ការពារ​ក្ដី​ឱ្យ​ប្ដី​សកម្មជន​គណបក្ស​ប្រឆាំង គឺ សំ សុ​គង់ មានប្រសាសន៍​ថា ប្រពន្ធ​ជន​ជាប់ឃុំ​បាន​ប្រាប់​លោក​ឱ្យ​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ប្រើ​ហិង្សា​មក​លើ​ពួក​គាត់​នេះ ហើយ​លោក​កំពុង​សិក្សា​ផ្លូវច្បាប់​ដើម្បី​ប្ដឹងទៅតុលាការ​ផ្ដន្ទាទោស​សមត្ថកិច្ច​ដែល​បង្ក​ហិង្សា​ក្រុម​បាតុករ​ទាំងនោះ​នៅ​ពេល​ខាងមុខ។ លោក​មេធាវី​រូប​នេះ​បន្ត​ថា ក្រុម​បាតុករ​តវ៉ា​ដោយ​សន្តិវិធី​តាមច្បាប់​កំណត់ ដោយ​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ៖ «ខ្ញុំ​ថា ពួក​គាត់​សុទ្ធតែ​ស្ត្រី​ហើយ​អាជ្ញាធរ​សុទ្ធតែ​បុរស​ហើយ​យើង​ប្រើប្រាស់​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅលើ​ស្ត្រី ទោះ​បី​ជា​ពួក​គាត់​មក​តវ៉ា​មិនមែន​ជា​រឿង​ខុស​ច្បាប់​ក៏​ដោយ ហើយ​យើង​មក​ប្រើ​ហិង្សា​មក​ប្រើ​ការ​រុញ​ទាញ​ច្រាន​រហូត​ឱ្យ​គាត់​ដួល​ហ្នឹង វា​ជា​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ណាស់ ជាពិសេស​ សិទ្ធិ​របស់​ស្ត្រី​ហ្នឹង​ដែល​មាន​បញ្ញត្តិ​នៅ​ក្នុង​កតិកាសញ្ញា​ស្ដីពី​ការ​អំពើ​ទារុណកម្ម​ទៅលើ​ស្ត្រី​ហ្នឹង»

រដ្ឋធម្មនុញ្ញ​មាត្រា ៤១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​បោះពុម្ព​ផ្សាយ និង​សេរីភាព​ចូលរួម​ប្រជុំ។ ជន​ណា​ក៏​ដោយ​ដែល​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ដទៃ ប៉ះពាល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់​សាធារណៈ​និង​សន្តិសុខជាតិ​បាន​ឡើយ។ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក នី សុខា ចាត់​ទុក​ការ​បង្ក្រាប​ក្រុម​បាតុករ​របស់​កង​សន្តិសុខ​និង​ប៉ូលិស​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ករណី​ពលរដ្ឋ​ធ្លាក់ខ្លួន​ឈឺ​ដោយសារតែ​សមត្ថកិច្ច​ប្រើ​ហិង្សា ពួក​គាត់​អាច​ប្ដឹងទៅតុលាការ​ឱ្យ​ចាត់វិធានការ​ទៅលើ​អ្នក​ប្រព្រឹត្ត​ផ្ដន្ទាទោស​តាមច្បាប់​បាន៖ «ហើយ​ណាមួយ​ក្រុម​បាតុករ​ក្រុម​អ្នក​តវ៉ា​ហ្នឹង​មិនមែន​មាន​គ្នា​អី​ច្រើន​ទៅទៀត ហើយ​ខ្ញុំ​គិត​ថា​សមត្ថកិច្ច​ច្រើន​ណាស់ មិន​ចាំបាច់​ទៅ​រារាំង​រុញច្រាន​ពួក​គាត់​ទេ។ យើង​គួរតែ​ផ្ដល់​លទ្ធភាព​បើក​ឱកាស​ឱ្យ​គាត់​តវ៉ា​ដោយ​អហិង្សា​ហ្នឹង​ទៅ​វា​មិន​មានអី​រហូត​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ​ទេ»

ប្រពន្ធ​របស់​ជន​ជាប់ឃុំ​ទាំងនោះ​ឲ្យដឹង​ថា ចាប់​តាំង​ពី​អាជ្ញាធរ​ចាប់​ប្ដី​របស់​ពួក​គាត់​ដាក់​ពន្ធនាគារ​មក​ពួក​គាត់​ភាគច្រើន​រស់នៅ​រក​ព្រឹក​ខ្វះ​ល្ងាច ដោយសារ​អត់​ការងារ។ ទោះ​ជា​យ៉ាង​ណា​ពួក​គាត់​នៅតែ​មាន​សង្ឃឹមថា ការ​តវ៉ា​របស់​ពួក​គាត់​នឹង​ធ្វើ​ឱ្យ​ប្ដី​របស់​ពួក​គាត់​ទទួល​បាន​យុត្តិធម៌​នៅ​ពេល​ខាង​មុខ​ជា​ពុំ​ខាន​ឡើយ​ ពី​ព្រោះ​ប្ដី​របស់​ពួកគេ​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។​ជា​មួយ​គ្នា​​នេះ​ពួកគាត់​ក៏​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ ឧត្ដមស្នងការ​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស និង​ស្ថានទូត​ប្រទេស​សេរីភាព​មួយ​ចំនួន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ឱ្យ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​​រួច​មក​ហើយ​ដែរ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ធ្លាក់ខ្លួន​ឈឺ បន្ទាប់ពី​សមត្ថកិច្ច​បង្ក្រាប​ដោយ​ហិង្សា​ពេល​តវ៉ា​ឱ្យ​តុលាការ​ដោះលែង​ប្ដី​"

  1. so socheath says:

    បើថាចង់បោក ពីរឿងកងសន្តិសុខ​បង្ករហឹង្សា ទៅរកកន្លែងផ្សេងទៅ ពួកមីឡប់ !