មន្រ្តី​សង្គមស៊ីវិល មន្ទិល​ពី​ការ​ចោទ​ប្រកាន់​ស្រាល លើ​ចៅក្រម​ដែល​បើក​ឡាន​ដេញ​បុក​គេ​ស្លាប់

ដោយ មួង ណារ៉េត
2020-07-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គង់ ខេមរា ជា​ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អ​ចេតនា ដោយ​ការ​បើក​ឡាន​ដេញ​បុក​មនុស្ស​ស្លាប់ កាល​ពី​ថ្ងៃ​ទី៨ កក្កដា នៅ​ខណ្ឌ​សែន​សុខ។

លោក គង់ ខេមរា ជា​ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អ​ចេតនា ដោយ​ការ​បើក​ឡាន​ដេញ​បុក​មនុស្ស​ស្លាប់ កាល​ពី​ថ្ងៃ​ទី៨ កក្កដា នៅ​ខណ្ឌ​សែន​សុខ។

 រូប៖ ហ្វេសប៊ុក


មន្ត្រី​សង្គម​ស៊ីវិល មន្ទិល​ពី​ការ​ចោទ​ប្រកាន់​ស្រាល ទៅ​លើ​ចៅក្រម​មួយ​រូប ដែល បើក​រថយន្ត​លឿន ដេញ​តាម​បុក​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ រថយន្ត​កិន​ស្លាប់ ដោយ​ជន​បង្កហេតុ​សង្ស័យ​ថា ស្រ្តី​រូប​នោះ បាន​ឆក់​កាបូប​លុយ​របស់​ខ្លួន រួច​ជិះ​ម៉ូតូ​រត់​គេច។

តើ​បទ​ចោទ​នោះ​ស្រាល​ប៉ុន​ណា?

ភាព​មន្ទិល និង​មិន​អស់​ចិត្ត​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ កើតមានឡើង ដោយសារ​តែ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ចៅក្រម​ខេត្ត​កោះកុង​លោក គង់ ខេមរា ត្រឹម​តែ​បទ​មនុស្ស​ឃាត​ដោយ​អចេតនា ទោះ​បី​ចៅក្រម​រូប​នោះ បាន​បើក​រថយន្ត​ដេញ​តាម​ស្ត្រី​រង​គ្រោះ រហូត​ដល់​បុក​ស្លាប់​ក៏​ដោយ។

បទ​មនុស្សឃាត​ដោយ​អចេតនា​នេះ បើ​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ២០៧ ចែង​ថា ជា​អំពើ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​អ្នកដទៃ ដោយ​ការ​ធ្វេសប្រហែស ការ​មិន​ប្រុងប្រយ័ត្ន​ ឬ​ការ​ខ្ជីខ្ជា។

ក្នុង​ន័យ​សម្រាយ​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​នេះ គឺ​សំដៅ​លើ​​អំពើ​ណាមួយ ដែល​អ្នក​ប្រព្រឹត្ត​គ្មាន​បំណង​បង្ក​ឲ្យ​ស្លាប់​មនុស្ស​នោះ​ទេ។ ប៉ុន្តែ​ជន​រង​គ្រោះ​ស្លាប់​ដោយ​ចៃដន្យ។ អំពើ​បែប​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ពី ១ឆ្នាំ ដល់ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល (ឬ ៥០០ ដុល្លារ) ទៅ ៦លាន​រៀល (ឬ ១.៥០០ដុល្លារ)។

មន្ត្រី​សិទ្ធិ​មនុស្ស យល់​ថា បទ​ចោទ​នេះ​ស្រាល​ណាស់ មិន​សមនឹង​អំពើ​របស់​ជន​ប្រព្រឹត្ត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​សហគមន៍​អាដហុក លោក ស៊ឹង សែនករុណា ថា បើ​ពិនិត្យ​មើល​ព្រឹត្តិការណ៍ និង​វីដេអូ ដែល​បង្ហាញ​ពី​ការ​ដេញ​បុក​ពេញ​ទំហឹង​នេះ គឺ​មិន​មែន​ជា​រឿង​អចេតនា​ទៅ​កើត​នោះ​ទេ។ លោក​បន្ត​ថា លោក​ចៅក្រម គង់ ខេមរា ដឹង​ថា នៅ​ពេល​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ដេញ​ពី​ក្រោយ​ជន​សង្ស័យ​ដែល​ជិះ​ម៉ូតូ ពេល​ប៉ះ​ម៉ូតូ​នោះ ច្បាស់​ជា​បង្ក​គ្រោះថ្នាក់​ធ្ងន់​ដល់​អ្នក​បើក​ម៉ូតូ​នោះ​ហើយ។ លោក​បន្ថែម​ថា នេះ​ជា​បំណង ដែល​ធ្វើ​ឲ្យ​ជន​សង្ស័យ​ស្លាប់។

លោក ស៊ឹង សែនករុណ បារម្ភ​អំពីភាព​អយុត្តិធម៌​ក្នុង​ការ​កាត់​ក្តី​នេះ ដែល​នឹង​ធ្វើឲ្យ​សាធារណជន​ ​បន្ត​រិះគន់​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​កម្ពុជា​កាន់​តែ​ខ្លាំង​ ព្រោះ​ករណី​នេះ​ពាក់ព័ន្ធ​នឹង​ចៅក្រម​ដែល​ជា​អ្នក​ច្បាប់ តែ​បែរ​ជា​ប្រព្រត្តិ​បទល្មើស៖ «ជា​ការ​មើល​ឃើញ​របស់​សាធារណជន​ យល់​ឃើញ​ថា គេ​មិន​អាច​យក​រឿង​នេះ មក​បកស្រាយ​ថា​ជា​រឿង​អចេតនា​បាន​នោះ​ទេ។ បើ​ចោទ​ប្រកាន់​របៀប​ហ្នឹង អ្វី​ដែល​ជា​ការ​ប៉ះពាល់ គឺ​ការ​អនុវត្ត​ច្បាប់។ គេ​មើល​ឃើញ​ថា អ្នក​មាន​ឋានៈ និង​តួនាទី​បែប​ហ្នឹង ហើយ​ប្រព្រឹត្ត​បែប​ហ្នឹង​ រឿង​ចេតនា បែរ​ជា​ចោទ​ថា អចេតនា ចៀស​មិន​ផុត​ពី​ការ​រិះគន់​ទេ»

ការ​រិះគន់​នេះ ក៏​មាន​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​ដែរ។ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ យល់​ស្រប​ថា ទិដ្ឋភាព​ចៅក្រម គង់ ខេមរា នេះ គឺ​គាត់​មាន​ចេតនា​ដេញ​បុក​សម្លាប់​មនុស្ស ដែល​ឆក់​កាបូប​លុយ​គាត់។ ការ​ដេញ​ប្រផាត់​ប្រភីង​នេះ កើត​ជា​ការ​បុក​ទាំង​កម្រោល គឺ​បុក​យក​មួយ​ចៃដន្យ​ ដែល​លោក សន ជ័យ ថា មិន​មែន​ជា​អំពើ​អចេតនា​នោះ​ទេ៖ «ករណី​នេះ​វា​មិន​មែន​ជា​អចេតនា​ទេ។ វា​គឺ​ជា​ការ​ប្រដេញ ដោយ​ចេតនា​ ហើយ​ទី​បញ្ចប់​វា​បាន​បន្សល់​ទុក​នូវ​សោកនាដកម្ម ដ៏​គួរ​ឲ្យ​សោកស្ដាយ។ គាត់​ជា​ចៅក្រម។ គាត់​ដឹង​ថា​ទោស​អ្វី​ខ្លះ ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស​ នៅ​ក្នុង​ទី​សាធារណៈ។ វា​រូប​ភាព​អាក្រក់»

រូប​ភាព​អាក្រក់​នេះ លោក សន ជ័យ សំដៅ​លើ​វប្បធម៌​និទណ្ឌភាព ដែល​មន្ត្រី​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ តែ​ទទួល​ទោស​ស្រាល ឬ​គ្មាន​ទោស​សោះ។ ម្យ៉ាងទៀត វា​ជា​គំរូ​មិន​ល្អ ដែល​ប៉ះ​ពាល់​ដល់​សេចក្ដី​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ។ លោក​បារម្ភ​ថា ការ​សម្រេច​ក្ដី​ដែល​មិន​យុត្តិធម៌ វា​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​សម្រេច​ក្ដី​ដោយ​ខ្លួនឯង ជាជាង​ពឹង​តុលាការ។

តាម​ទស្សនៈ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ពួក​គាត់​យល់​ថា បទ​ចោទ​លើ​ចៅក្រម គង់ ខេមរា គួរ​តែ​ធ្ងន់​ជាង​នេះ។ បើ​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា បទ​ល្មើស​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​ធ្ងន់​ជាង​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា​នេះ គឺ​បទ​ឃាតកម្ម។

បទ​ឃាតកម្ម​នេះ មាន​ចែង​ក្នុង​មាត្រា ១៩៩ សំដៅ​លើ​ការ​ប៉ះពាល់​ដោយ​ចេតនា​ដល់​ជីវិត​មនុស្ស។ បើ​តាម​ន័យ​សម្រាយ គឺ​ជា​ជន​ប្រព្រឹត្ត​មាន​បំណង​សម្លាប់​មនុស្ស (ឬ​សម្លាប់​មនុស្ស​ដោយ​ចេតនា)។

អំពើ​ល្មើស​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០ឆ្នាំ ដល់ ១៥ឆ្នាំ។ ប្រសិន​បើ​បាន​គិត​ទុក​ជា​មុន ថា នឹង​សម្លាប់​ជន​រងគ្រោះ​នោះ​ទៀត នោះ​ទោស​រឹតតែ​ធ្ងន់​ដល់​កម្រិត​អតិបរមា គឺ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកច្បាប់​ឯ​ណោះ​វិញ​ថា ប្រជា​ពលរដ្ឋ​គ្រប់​រូប មាន​សិទ្ធិ​ការពារ​ខ្លួន និង​ការពារ​ទ្រព្យសម្បត្តិ។ ប៉ុន្តែ​ត្រូវ​ឲ្យ​សមាមាត្រ ឬ​សម​ស្រប​ទៅ​តាម​កម្លាំង​ដែល​គេ​បំពាន​លើ​ខ្លួន​ដែរ។

ប្រធាន​ក្រុម​មេធាវី អម្រិន្ទ លោក​មេធាវី សុក សំអឿន ពន្យល់​ថា សិទ្ធិ​ការពារ​ខ្លួន និង​ការពារ​ទ្រព្យសម្បត្តិ មិន​ត្រូវ​ឲ្យ​ហួសហេតុ​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត​នោះ​ទេ៖ «សិទ្ធិ​មាន​ទ្រព្យ​សម្បត្តិ​ហ្នឹង វា​ទាប​ជាង​សិទ្ធិ​រស់រាន។ បើ​សិន​ជា​យើង​គិត​ថា គ្រាន់​តែ​យើង​​បាត់បង់​ទ្រព្យ​សម្បត្តិ យើង​ប្រើ​កម្លាំង​ទៅ​សម្លាប់​គេ ​ក៏​អត់​ត្រូវ​ដែរ។ បើ​កម្លាំង​សម្លាប់​គេ មាន​ន័យ​ថា អ្នក​នោះ​មាន​ចេតនា​ហើយ»

ប៉ុន្តែ​លោក​មេធាវី សុខ សំអឿន ថា​ករណី​ចៅក្រម គង់ ខេមរា បើ​ចៅក្រម​រូប​នោះ គ្មាន​ចេតនា​សម្លាប់​ជនរងគ្រោះ គឺ​គ្រាន់​តែ​បើក​រថយន្ត​កៀរ​ឲ្យ​ដួល ដើម្បី​យក​ទ្រព្យ​របស់​គាត់​មក​វិញ ចៃដន្យ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ លោក​យល់​ថា ចោទ​ត្រឹម​មនុស្ស​ឃាត​ដោយ​អចេតនា​នេះ គឺ​ជា​ការ​សម​ស្រប​មួយ។ ទោះ​ជា​យ៉ាង​នេះ ក៏​លោក​ថា គួរ​ទុក​រឿង​នេះ ឲ្យ​តុលាការ​ជា​អ្នក​សម្រេច ថា​តើ​ជន​នោះ មាន​ចេតនា ឬ​គ្មាន​ចេតនា​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់៖ «បើ​អត់​មាន​ចេតនា​សម្លាប់​ទេ យើង​មិន​អាច​ដាក់ទោស​គេ​ថា​មាន​ចេតនា​សម្លាប់​ទេ។ អត់​មាន​មនុស្ស​ឃាត​ដោយ​ចេតនា​ទេ។ ទោះ​បី​អចេតនា​ក៏​ដោយ គេ​ចាត់​ទុក​ថា ជា​ការ​ធ្វេសប្រហែស​របស់​យើង ធ្វេសប្រហែស​ធ្ងន់ធ្ងរ។ គ្មាន​បំណង​សម្លាប់​គេ​មែន តែ​អ្នក​ឯង​ធ្វើ​ហ្នឹង​វា​ធ្ងន់ធ្ងរ​ពេក មិន​បាន​គិត​ដល់​ជីវិត​របស់​គេ។ តែ​ករណី​នេះ ចោរ​ឆក់​អត់​មាន​កាំភ្លើង​ទេ។ បើ​ចោរ​មាន​កាំភ្លើង គឺ​គាត់​ការពារ​ខ្លួន ទោះ​បី​ស្លាប់​ក៏​អត់​បញ្ហា​ដែរ ព្រោះ​កម្លាំង​ស្លាប់​រស់​ដូចគ្នា ព្រោះ​គាត់​ក៏​អាច​ត្រូវ​គេ​សម្លាប់​ដែរ»

ទោះ​តុលាការ​ចោទ​ប្រកាន់​លោក គង់ ខេមរា ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ស្រាល​ជាង​បទ​ល្មើស​សម្លាប់​មនុស្ស​ដោយ​ចេតនា​យ៉ាង​ណា​ក្ដី ក៏​លោក សុខ សំអឿន ថា ករណី​នេះ ខុស​ពី​ករណី​ទូទៅ ព្រោះ​ជន​ប្រព្រឹត្ត​នៅ​ទីនេះ គឺ​ជា​មន្រ្តី​តុលាការ ជា​ចៅក្រម ដែល​បាន​យល់​ដឹង​អំពី​ច្បាប់។

ដូច្នេះ ស្ថាន​ទម្ងន់​ទោស តុលាការ​នឹង​ថ្លឹងថ្លែង​យក​ទោស​ដែល​ខិត​ទៅ​រក​កម្រិត​អតិបរមា ឬ​ទោស​ដែល​ខ្ពស់​បំផុត ក្នុង​ប្រភេទ​បទ​ល្មើស​នេះ។

ករណី​ចៅក្រម​ខេត្ត​កោះកុង បើក​រថយន្ត​បុក​ស្ត្រី​ម្នាក់​ស្លាប់​នេះ កើត​ឡើង​កាល​ពី​ថ្ងៃ​ទី៨ ខែ​កក្កដា  តាម​ផ្លូវ​ភ្នំពេញ​-​ហាណូយ ក្នុង​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​កាមេរ៉ា​សុវត្ថិភាព ដែល​ថត​ជាប់​ផ្នែក​មួយ នៃ​ហេតុការណ៍​ពេល​បុក​ស្លាប់​នោះ បង្ហាញ​ថា​រថយន្ត​ម៉ាក ហៃឡែនឌើរ (High Lander) ពណ៌ស ដែល​បើកបរ​ដោយ​លោក គង់ ខេមរា បើក​ក្នុង​ល្បឿន​លឿន បុក​ពេញ​ទំហឹង​ពី​ក្រោយ​ម៉ូតូ​របស់​ស្ត្រី​វ័យ​ប្រមាណ ៣០ ឆ្នាំ បណ្ដាល​ឲ្យ​ស្ត្រី​នោះ​បោក​ផ្ទប់​ទៅ​នឹង​គូទ​រថយន្ត​មួយ​ទៀត ដែល​បើកបរ​ក្នុង​ទិស​ស្រប​គ្នា មុន​នឹង​ធ្លាក់​បោក​ក្បាល​លើ​ថ្នល់ ស្លាប់​នៅ​នឹង​កន្លែង។

ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​មន្ត្រី​តុលាការ ដែល​មាន​ងារ​ជា​ចៅក្រម​ផង នៅ​តែ​ហ៊ាន​ប្រព្រឹត្ត​បទ​ល្មើស​បែប​នេះ និង​រង​បទ​ចោទ​ស្រាល​ថា ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​ចៅក្រម និង​ប្រព័ន្ធ​យុត្តិធម៌ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ថា រឿង​នេះ​មិន​ទាក់ទង​នឹង​វិជ្ជាជីវៈ​ចៅក្រម​នោះ​ទេ។ លោក​អះអាង​ថា ការ​នាំ​ខ្លួន​ចៅក្រម គង់ ខេមរា ដែល​ប្រព្រឹត្ត​ល្មើស​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ស្មើគ្នា​នៅ​ចំពោះ​មុខ​ច្បាប់។

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ជិន ម៉ាលីន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​ទូទៅ យល់​ថា ករណី​ចៅក្រម​ប្រព្រឹត្ត​បទ​ល្មើស ទាំង​ខ្លួន​ចេះ​ច្បាប់​បែប​នេះ ហើយ​រង​បទ​ចោទ​ស្រាល​ទៅ​ទៀត គឺ​ឆ្លុះ​បញ្ចាំង​ដំណើរ​ផ្លូវ​នៅ​វែងឆ្ងាយ​ណាស់ ទម្រាំ​កម្ពុជា​អាច​ស្ដារ​មុខ​មាត់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles