រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឱ្យ​ខេត្ត​ជាប់​វៀតណាម​រឹត​បន្តឹង​ករណី​ឆ្លង​ដែន​ដើម្បី​ទប់ស្កាត់​កូវីដ-១៩

ដោយ ខែ សុណង
2020-08-01
RFA

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។ Photo: RFA


រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​រឹត​បន្តឹង​រាល់​ការ​ចេញ​ចូល​ទាំងអស់ ដែល​ឆ្លង​កាត់​ព្រំដែន ខណៈ​ប្រទេស​វៀតណាម​កំពុង​ផ្ទុះ​ឡើង​រលក​ទី​២ នៃ​ជំងឺ​កូវីដ​-១៩ នៅ​តាម​តំបន់​មួយ​ចំនួន។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដោយ​ណែនាំ​ឲ្យ​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន ពង្រឹង​ការ​ត្រួត​ពិនិត្យ​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ និង​អ្នកដំណើរ ដែល​ឆ្លងកាត់​តាម​ព្រំដែន កម្ពុជា​-​វៀតណាម អនុវត្ត​វិធានការ​ចត្តាឡឺស័ក​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល និង​រឹត​បន្តឹង​ការ​លួច​ឆ្លងដែន​ខុសច្បាប់ តាម​ច្រក​របៀង។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១ ខែ​សីហា លោក ស ខេង បន្ត​ជំរុញ​ការអប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដើម្បី​បង្ការ​ឆ្លង​ចូល​សហគមន៍។

ការ​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​នៅ​តាម​ព្រំដែន​ជាមួយ​វៀតណាម​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ឃើញ​ថា ប្រទេស​វៀតណាម កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ សាជាថ្មី​ទៀត​។​

ក្រោយ​ដាក់​ចេញ​វិធានការ​នេះ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ថា សមត្ថកិច្ច​ខេត្ត​ព្រៃវែង បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៣៨​នាក់ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ក្នុង​ពេល​ដែល​ជនជាតិ​វៀតណាម​ទាំងនោះ ព្យាយាម​ឆ្លងដែន​ទៅ​ប្រទេស​ខ្លួន​វិញ តាម​ច្រកទ្វារ​ព្រំដែន​កោះ​រកា ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។ បច្ចុប្បន្ន​នេះ ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​រយៈពេល​១៤​ថ្ងៃ នៅ​អនុវិទ្យាល័យ​កោះរកា។

អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ព្រំ សន្ធរ និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង លោក សេង បញ្ញាឬទ្ធិ ដើម្បី​សាកសួរ​អំពី​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំងនេះ​បាន​ទេ នៅ​ថ្ងៃ​ទី១ សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទាក់ទង​នឹង​រឿង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង បាន​មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ចាត់​វិធានការ​បាន​ទាន់​ពេល​វេលា ដើម្បី​រឹត​បន្តឹង​ការ​ចេញ​ចូល​នៅ​តាម​ច្រក​ព្រំដែន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​សង្ឃឹមថា អាជ្ញាធរ​នៅ​មូលដ្ឋាន​អាច​អនុវត្ត​បាន​តាម​បញ្ជា​របស់​រដ្ឋាភិបាល៖ «ការ​ដែល​រក​ឃើញ​មាន​អ្នក​ឆ្លង​ជា​ហូរហែ​នេះ គឺជា​សញ្ញា​ដាស់តឿន​ដល់​រដ្ឋាភិបាល​យើង​ដែរ ឲ្យ​មានការ​កាន់តែ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​នឹង​ធ្វើ​យ៉ាងណា គឺ​អាច​នឹង​ចាត់វិធានការ​បន្ថែម​ទៀត បង្កើន​ការអប់រំ​ហ្នឹង​ឲ្យ​បាន​ទូលំទូលាយ ត្រូវតែ​មាន​កម្មវិធី​អប់រំ​ទៅដល់​សហគមន៍​ឲ្យ​បាន​យល់​ដឹង​ថា ហានិភ័យ​វា​អត់​ទាន់​ចប់​ទេ នៅតែ​បន្ត ហើយ​វា​នឹង​អាច​កើត​ឡើង​ដល់​សហគមន៍​គ្រប់ពេលវេលា បើសិនជា​សហគមន៍​មាន​ការ​ធ្វេសប្រហែស។ ចាត់វិធានការ​ផង​ដែរ ទៅលើ​ទីកន្លែង​លក់ដូរ ឬ​កន្លែង​ការងារ​ផ្សេងៗ ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​នឹង​មាន​អនាម័យ​ខ្ពស់​ដែរ»។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ថ្លែង​ថា លោក​នៅតែ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ចូល​សហគមន៍ និង​សាលារៀន ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​យកចិត្តទុកដាក់​នឹង​ការពារ​ខ្លួន និង​បញ្ហា​ខ្វះ​ព័ត៌មាន​ទៅ​កាន់​ប្រជាពលរដ្ឋ និង​ការ​នាំចូល​ជំងឺ​កូវីដ-១៩ ពី​ខាងក្រៅ​។ លោក យង់ គិមអេង ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត​នៅ​តាម​ច្រក​អាកាស។

នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ចំនួន ៥​ករណី​បន្ថែម​ទៀត ក្នុង​នោះ ពលរដ្ឋ​ខ្មែរ​៤​នាក់ ទើប​មកពី​ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃ​ទី​៣១ កក្កដា និង​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ទើប​មកពី​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​ទី​៣០ កក្កដា​។ ពួកគេ​សុទ្ធតែ​បន្ត​ជើង​ហោះហើរ​តាម​ប្រទេស​ម៉ាឡេស៊ី។ បច្ចុប្បន្ន ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។ ចំណែក​អ្នក​រួម​ដំណើរ​ប្រមាណ​ជាង​២​រយ​នាក់ កំពុង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក តាម​មណ្ឌល​ចត្តាឡឺស័ក​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាមដាន​សុខភាព។

គិត​ត្រឹម​ថ្ងៃ​ទី១ ខែ​សីហា កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ២៣៩​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន ១៦៤​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៤​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឱ្យ​ខេត្ត​ជាប់​វៀតណាម​រឹត​បន្តឹង​ករណី​ឆ្លង​ដែន​ដើម្បី​ទប់ស្កាត់​កូវីដ-១៩"

  1. Anonymous says:

    we knew every thing about this do not lying to us SOR KHENG you are not Khmer we knew you are just those VIETCONG slavery that all .

  2. Anonymous says:

    Why don’t you go to protect the border?? all veitnames tenses scatters along the border ‘ and All the soldiers not doing anything ‘ What wrong ?? This country is the place for other countries invade easily ?? what kind of this country?? Where all the thousands generals ?? Are they in the hole ??

Leave a Reply

Submit Comment