ក្រសួងយុត្តិធម៌ផ្ដល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីខ្មែរ ដើម្បីប្ដឹងជំទាស់វៀតណាមក្នុងសំណុំជួញដូរគ្រឿងញៀន

កម្ពុជា
02/08/2020 – 08:51
ដោយ៖ អេង គីមហុង
RFI

ស្ត្រីជនជាតិខ្មែរ ដែលត្រូវបានតុលាការវៀតណាមកាត់ទោស
ស្ត្រីជនជាតិខ្មែរ ដែលត្រូវបានតុលាការវៀតណាមកាត់ទោស © VNA

អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រសួង​យុតិ្តធម៌​បាន​ផ្ដល់ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី​ខ្មែរ​រួច​ហើយ ដើម្បី​ប្ដឹង​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​វៀតណាម ដែលកាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លងដែន។ ជាមួយ​គ្នា​នេះ មន្ត្រី​អង្គការសង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ នៃ​កិច្ច​ព្រមព្រៀង​ផ្ទេរ​ទណ្ឌិត​ដើម្បី​នាំ​ស្ត្រី​រូប​នោះ​មកអនុវត្ត​ទោស​នៅ​កម្ពុជា។

លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សំណុំ​រឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវតុលាការ​វៀតណាម​កាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​ដែន មិន​ទាន់​បញ្ចប់ត្រឹម​នេះ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​សល់​ដំណាក់កាល​ជម្រះ​ក្ដី​នៅ​ថ្នាក់​ឧទ្ទរណ៍​បន្ត​ទៀត។ ដំណាក់​កាលឧទ្ទរណ៍ គឺ​មាន​ជំនួយ​ផ្នែក​ច្បាប់​ពី​ក្រសួង​យុត្តិធម៌​កម្ពុជា ដើម្បី​ប្ដឹង​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការថ្នាក់​ដំបូង​របស់​វៀតណាម ដែល​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មួយ​ផ្នែក​នៃ​សំណុំ​រឿង​ស្ត្រី​ខ្មែរ​នេះ អាច​ប្រើ​យន្តការ​ផ្នែក​ច្បាប់​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​វៀតណាម​គឺ​កិច្ច​ព្រមព្រៀង​ធ្វើ​បត្យា​ប័ន និង​ផ្ទេរ​ទណ្ឌិត។ ចំពោះ​ការ​ធ្វើ​បត្យាប័ន​នេះ​សំដៅ​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​ហើយ​រត់​ទៅ​វៀតណាម នោះ​កម្ពុជា​នឹង​ស្នើ​សុំ​យកមក​ផ្ដន្ទាទោស និង​ដំណើរ​ការ​ក្ដី​នៅ​កម្ពុជា។ ចំណែក​ការ​ផ្ទេរ​ទណ្ឌិត​វិញ សំដៅ​ដល់​ការ​ប្រព្រឹត្ត​បទល្មើសនៅ​វៀតណាម ហើយ​ទទួល​បាន​ការ​កាត់​ទោស​រួចរាល់ កម្ពុជា​អាច​ស្នើ​សុំ​ផ្ទេរ​ទណ្ឌិត មក​អនុវត្ត​ទោសនៅ​កម្ពុជា។ ដូច្នេះ​សំណុំ​រឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​តុលាការ​វៀតណាម កាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង​ពីបទ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន អាច​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត។

ជាមួយ​គ្នា​នេះ​លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​មើល​ឃើញ​ថានៅ​ក្នុង​សំណុំ​រឿង​ស្រ្តី​ខ្មែរ ដែល​វៀតណាម​កាត់​ទោស​ប្រហារ​ជីវិត ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះរដ្ឋាភិបាល​គួរ​ប្រើ​យន្តការ​ផ្ទេរ​អ្នក​ទោស ដូច​ដែល​រដ្ឋាភិបាល​ធ្លាប់​អនុវត្ត​កន្លង​មក​ជាមួយ​ប្រទេស​ដទៃ។ បន្ថែម​លើ​នេះ លោកករុណា លើក​ជា​យោបល់​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់ យន្ត​ការ​កាទូត​អន្តរាគមន៍​ស្នើ​សុំ​ស្ត្រី​ខ្មែរ​មក​អនុវត្ត​ទោស​នៅ​កម្ពុជា។   

សូមជម្រាបជូនថា តុលាការ​ប្រជាជន​នៃ​ខេត្ត​តៃ​និញ របស់​វៀតណាម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា បានកាត់​ទោស​ប្រហារ​ជីវិត​ស្ត្រី​ខ្មែរ​ម្នាក់ ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លងដែន បន្ទាប់ពី​នាង​លួច​នាំ​ចូល​ថ្នាំ​ញៀនប្រភេទ​មេតំហ្វេ​តាមីន ចំនួន​ប្រាំ​កញ្ចប់ ដែល​មាន​ទំងន់​ប្រមាណ​ជិត​៥​គីឡូ​ក្រាម​ចូល​វៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​វៀតណាម​VNA។ តាម​ច្បាប់របស់​វៀតណាម ជនណា​ដែល​រក​ឃើញ​ថា មាន​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន កូកា​អ៊ីន​លើស​ពី ៦០០ក្រាម ឬ​ក៏​មេតំហ្វីតាមីន​ចំនួន ២.៥ គីឡូក្រាម នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ប្រហារ​ជីវិត។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ជានិច្ច​ជាកាល​គេ​ក៏​ឃើញ​មាន​ជនជាតិ​វៀតណាម នាំ​ចូល​គ្រឿង​ញៀន​ចូល​មកកម្ពុជា​ដែរ។ ជាក់ស្ដែងថ្មីៗនេះបុរស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ជួញដូរ​នូវ​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​រាវ​ជាង​៣១​គីឡូក្រាម និង​ត្រូវ​សមត្ថកិច្ច​មន្ទី​ប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី​១៨ ខែមិថុនា​ឆ្នាំ​២០២០ ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

What Next?

Recent Articles

Leave a Reply

Submit Comment