បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គ្រោង​ស្នើ​រដ្ឋាភិបាល​បកស្រាយ​រឿង​គម្រោង​អភិវឌ្ឍន៍​កោះ​នរា

ដោយ អាស៊ីសេរី
2020-08-02
RFA

សកម្មភាព​គ្រឿងចក្រ​លុប​កោះនរា ក្រោមការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ហៅ​កាត់​ថា អូ.ស៊ី.អាយ.ស៊ី (Overseas Cambodian Investment Corporation) របស់​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល និង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​ក្រុង​ភ្នំពេញ គឺ​លោក ពុង ឃាវសែ។

សកម្មភាព​គ្រឿងចក្រ​លុប​កោះនរា ក្រោមការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ហៅ​កាត់​ថា អូ.ស៊ី.អាយ.ស៊ី (Overseas Cambodian Investment Corporation) របស់​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល និង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​ក្រុង​ភ្នំពេញ គឺ​លោក ពុង ឃាវសែ។

 Photo courtesy


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) គ្រោង​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​ឯកបក្ស កោះ​ហៅ​រដ្ឋាភិបាល​មក​សួរនាំ​អំពី​ការ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី (OCIC) លុប​ទន្លេ​មេគង្គ​ក្រោម ទំហំ​ជាង ១០០​ហិកតារ សម្រាប់​បង្កើត​ជា​ទីក្រុង​រណប​ថ្មី​មួយទៀត​ស្ថិត​នៅ​ក្បែ​ទីក្រុង​កោះពេជ្រ។ ការ​ស្នើ​សុំ​នេះ បន្ទាប់ពី​គណបក្ស​ក្រៅ​រដ្ឋសភា​មួយ​នេះ សង្កេត​ឃើញ​ថា ការ​អភិវឌ្ឍ​កោះនរា កំពុង​ធ្វើ​ខុស​ពី​គម្រោង ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​សង្គម និង​បរិស្ថាន។ ទាក់ទង​នឹង​ករណី​នេះ មន្ត្រី​រដ្ឋសភា និង​មន្ត្រី​រដ្ឋាភិបាល កំពុង​រុញ​ដាក់គ្នា​ទៅវិញ​ទៅ​មក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ថ្លែងប្រាប់​អាស៊ីសេរី​ថា គម្រោង ដាក់​លិខិត​ជូន​រដ្ឋសភា នឹង​ធ្វើ​ឡើង​នៅ​ដើមខែ​សីហា​ខាងមុខនេះ ប្រសិនបើ​រដ្ឋាភិបាល នៅតែ​មិន​ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​អំពី​សកម្ម​ភាព​ចាក់​ថ្ម និង​ខ្សាច់​លុប​ទន្លេ​មេគង្គ​ក្រោម​ជិត​ពាក់​កណ្តាល​ចាប់ពី​ចំណុច​កោះ​នរា ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​រហូតដល់​កោះ​ប្រាក់​ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ទេ​នោះ។

លោក ឡឹក សុធារ បញ្ជាក់​ថា នៅ​មុន​ការ​ដាក់​លិខិត​ជូន​រដ្ឋសភា​នោះ គណបក្ស​របស់​លោក ក៏​នឹង​ប្រមូល​ភស្តុតាង ក្តី​បារម្ភ និង​មតិយោបល់​នានា​របស់​ប្រជាពលរដ្ឋ និង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ជាពិសេស​ក្រុម​អ្នកធ្វើ​ផ្នែក​បរិស្ថាន និង​ធនធាន​ធម្មជាតិ៖ «វិនិយោគ​នៅ​កន្លែង​ណា​ក៏​ដោយ អ្វី​ដែល​យើង​ចង់បាន​នោះ​គឺ​សុំ​ឲ្យ មាន​តម្លាភាព ទី​២ បង្ហាញ​គម្រោង​ជា​សាធារណៈ​មក ទី​៣ គឺ​ការអនុវត្ត​គម្រោង​នោះ​សូម​ឲ្យ​ប្រាកដ ទៅ​តាម​អ្វី​ដែល​យើង​ដាក់​ឯកសារ សរសេរ​ថា លុប​៥០​ម៉ែត្រ​ដល់ពេល​ជាក់ស្ដែង​លុប ១០០​ម៉ែត្រ ឬក៏​៤០០​ម៉ែត្រ​ទៅវិញ ដែល​នេះ​ជា​ឧទាហរណ៍។ ការអភិវឌ្ឍន៍​កន្លែង​ណា​ក៏​ដោយ សូម​ឲ្យ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ច្បាស់លាស់»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ។ រូប​ពី​ហ្វេសប៊ុក លោក ឡឹក សុធារ


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្កេត​ឃើញ​ថា ការ​លុប​ទន្លេ​មេគង្គ​ក្រោម ដោយ​ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី (OCIC) ដើម្បី​យក​ដី​អភិវឌ្ឍន៍​នេះ គឺជា​ការបម្រើ​ផលប្រយោជន៍​ឯកជន​សុទ្ធសាធ ដែល​ផ្ទុយ​នឹង​ច្បាប់​។ គណបក្ស​មួយ​នេះ ព្រួយ​បារម្ភ​ថា ការ​លុប​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ធំធេង​នេះ នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ជាពិសេស ការរារាំង​ផ្លូវ​មច្ឆា​ជាតិ បង្ក​ទឹកជំនន់ និង​ការ​បាក់​ច្រាំងទន្លេ​នា​ពេល​អនាគត។

អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ថា គណបក្ស​ក្រៅ​រដ្ឋសភា គ្មាន​សិទ្ធិ​កោះហៅ​រដ្ឋាភិបាល​មក​សួរនាំ​នោះ​ទេ​។ លោក បន្ថែម​ថា បើ​ទោះ​បី​ជា​គណបក្ស​មួយ​នេះ ដាក់​លិខិត​មក​រដ្ឋសភា​ឲ្យ​កោះហៅ​រដ្ឋាភិបាល មក​ឆ្លើយ​បំភ្លឺ ក៏​ទំនងជា​មិន​អាច​ទៅ​រួច​នោះ​ដែរ ប្រសិនបើ​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចាប់អារម្មណ៍​លើ​រឿង​នេះ៖ «គណបក្ស​ក្រៅ​រដ្ឋសភា និង​គ្មាន​អាសនៈ​នៅ​រដ្ឋសភា​គឺ​មិន​អាច​ធ្វើ​អ៊ីចឹង​បានទេ ហើយ​មក​ដល់​សភា ក៏​សភា​អត់​មាន​សិទ្ធិ​ទៅ​ធ្វើ​អ៊ីចឹង​ទេ ដូច​ថា នែក​អត់​មានអី​ត្រូវ​ធ្វើ​អ៊ីចឹង​ផង ហើយ​ខាង​ខ្ញុំ​ដូចជា​អត់ មាន​នីតិវិធី​ធ្វើ​រឿង​នឹង​ផង»។

បើ​ទោះ​បី​ជា​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ដែល​ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី កំពុង​ចាក់​លុប​នោះ មាន​ទំហំ​ធំ​ល្វឹងល្វើយ ឋិត​នៅ​មិន​ឆ្ងាយ​ពី​អាគារ​រដ្ឋសភា និង​អាច​មើល​ឃើញ​ពី​អគារ​រដ្ឋសភា​ក្តី ប៉ុន្តែ លោក ឡេង ប៉េងឡុង ថ្លែង​ថា ក្រុម​អ្នក​ធ្វើ​ច្បាប់ និង​ជា​តំណាងរាស្ត្រ​ទាំង ១២៥​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​ដឹង និង​មិន​ចាប់អារម្មណ៍​អំពី​បញ្ហា​នេះ​ទេ៖ «យើង​មិនទាន់​ឃើញ​របាយការណ៍ ឬ​មិនទាន់​ឃើញ​តំណាងរាស្ត្រ​ណាមួយ​លោក​ចាប់អារម្មណ៍​បញ្ហា​នេះ ហើយ​រាយការណ៍​ចំពោះ​បញ្ហា​នេះ​នៅឡើយ​ទេ»។

ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ ដើម្បី​អភិវឌ្ឍ​កោះ​នរា ជាទី​ក្រុង​ទំនើប​មួយទៀត លើ​ផ្ទៃដី ប្រមាណ ១០០​ហិកតារ ដែល​បាន​មក​ពី​ការ​លុប​ទន្លេ​មេគង្គ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​ដែរ​។ គម្រោង​នេះ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពីរ​ពាន់ (២.០០០) លាន ដុល្លារ​អាមេរិក ដែល​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៣ ខាងមុខ​។ ផ្ទៃ​ទឹកទន្លេ​ដែល​ត្រូវ​ចាក់​លុប​មាន​ទទឹង ៤០០ ទៅ ៥០០​ម៉ែត្រ​ចាប់ពី​ច្រាំងទន្លេ និង​បណ្ដោយ​មាន​ប្រវែង​ខ្ទង់ ៤​គីឡូម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​អាច​លើស​ពី​១០០​ហិកតារ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឧកញ៉ា ពុង ឃាវសែ ម្ចាស់​ក្រុមហ៊ុនកោះពេជ្រ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឧកញ៉ា ពុង ឃាវសែ ម្ចាស់​ក្រុមហ៊ុនកោះពេជ្រ។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន


ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​កោះ​នរា​នេះ​ទេ ដោយ​អះអាង​ថា លោក​មិន​បាន​ដឹង​អ្វី​ទាំងអស់ ហើយ​បង្វែរ​ឲ្យ​អាស៊ីសេរី សួរ​ទៅ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន និង​ក្រសួង​ធនធាន​ទឹក​វិញ​។ នៅ​ពេល​អាស៊ីសេរី បន្ត​សួរ​ថា តើ​គម្រោង​អភិវឌ្ឍន៍​លុប​ទន្លេ​មេគង្គ​ក្រោម​នេះ មានការ​ស្រាវជ្រាវ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង សង្គម​ហើយ ឬ​នៅ ? លោក ផៃ ស៊ីផាន ឆ្លើយ​បែប​ស្មានថា ប្រហែល​ជា​មានការ​សិក្សា​ស្រាវជ្រាវ​រួច​ហើយ៖ «បាទ​ខ្ញុំ​ជឿ​ថា គេ​មានការ​ស្រាវជ្រាវ ហើយ​ក្រសួង​ដែល​ទទួលខុសត្រូវ​នេះ អាច​ជា​ក្រសួង​ធនធាន​ទឹក ក្រសួងបរិស្ថាន គេ​ធ្វើការ​ជាមួយគ្នា​ធ្វើការ​ស្រាវជ្រាវ ធ្វើការ​សិក្សា ហើយ​ខ្ញុំ​ជឿ​ថា មាន​អ៊ីចឹង»។

ទោះបីជា​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ ថ្លែង​ថា លោក​មិន​បាន​ដឹង​អ្វី​ទាំងអស់​អំពី​គម្រោង​អភិវឌ្ឍន៍​កោះនរា​ក៏ដោយ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ថា លោក បាន​បង្ហោះ​សារ​ជេរប្រមាថ​អ្នក​ដែល​មិន​ពេញចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​លុប​ទន្លេ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ថា ជា​ក្រុម​តិរច្ឆាន​ទៅវិញ។

រីឯ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែង​ថា លោក​មិន​អាច​ឆ្លើយតប​រឿង​ក្រុមហ៊ុន​អូ​.​ស៊ី​.​អាយ​.​ស៊ី (OCIC) លុប​ទន្លេ​មេគង្គ​នេះ​ទេ និង​បាន​ផ្ដាច់​ទូរស័ព្ទ៖ «អាហ្នឹង​ទាក់ទង​ទៅ​ខាង​ក្រសួង​ផ្សេងទៀត​ទៅ ។ បង​អត់​មានអី​អត្ថាធិប្បាយ​បន្ថែម​ពីលើ​នេះ​ផង»។

ចំណែក​ប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ និង​ការងារ​ទន្លេ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក យិន សាវុធ ព្រមទាំង​អគ្គនាយករង​ក្រុម ហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) លោក ទូច សំណាង មិន​ទទួល​ទូរស័ព្ទ​នោះ​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​ផ្នែក​ធនធាន​ជម្ម​ជាតិ និង​បម្រែបម្រួល​អាកាសធាតុ លោក ហែម ឧត្តម សោកស្ដាយ​ដែល​មន្ត្រី​រដ្ឋាភិបាល រុញ​ដាក់គ្នា​ទៅវិញទៅមក និង​ឆ្លើយ​បែប​គ្មាន​វិជ្ជាជីវៈ ហើយ​លោក យល់ថា ករណី​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍ និង​បង្កើត​ឲ្យ​មាន​សំណួរ​និង​មន្ទិល​សង្ស័យ​ជាច្រើន​ទៀត​អំពី​តម្លាភាព និង​សុចរិត​ភាព​នៃ​ការអភិវឌ្ឍន៍​គម្រោង​ខ្នាត់​ធំ​មួយ​នេះ​។ លោក បន្ត​ថា ប្រសិនបើ​ការអភិវឌ្ឍន៍​មួយ​ដែល​ល្អ​នោះ រដ្ឋាភិបាល មិន​គួរ​លាក់បាំង​សាធារណជន​នោះ​ទេ៖ «អ្វី​ដែល​កើតឡើង​ក្នុង​ប្រទេស​នេះ អ្នកដឹកនាំ​ប្រទេស ត្រូវតែ​ដឹង បើ​មិន​ក្រសួង​មួយ ក៏​មាន​ក្រសួង​មួយទៀត​ដែរ ហើយ​បើ​យើង​ឆ្លើយ​តាម​អ៊ីចឹង​ហើយ​ថា មិន​មាន​តួនាទី​ប្រាប់ ដូច្នេះ​តើន​រណា​ដែល​មាន​តួនាទី​វិញ​បើ​អ៊ីចឹង​វា​ហាក់​ដូចជា​គម្រោង​មួយ​ដែល​កើតឡើង​ដោយ​អនាធិបតេយ្យ ហើយ​បើ​អនាធិបតេយ្យ គឺ​រដ្ឋាភិបាល បណ្ដោយ​ឲ្យ​វា​កើត​អ៊ីចឹង​។ យើង​អាច​មាន​ជា​នីតិវិធី​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ណាមួយ ទទួលខុសត្រូវ​ក្នុង​ការ​ឆ្លើយតប ឬ​ឆ្លើយ​បំភ្លឺ។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​នៅ​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ក៏​គេ​និយាយ​អំពី​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជាមួយ​សាធារណជន។ យ៉ាងហោចណាស់​នៅ​ក្នុង​ដំណើរការ​សិក្សា និង​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នេះ មានការ​ប្រជុំ​ជា​សាធារណៈ​ពីរ​ដង​ដែរ»។

អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​ផ្នែក​ធនធាន​ជម្ម​ជាតិ និង​បម្រែបម្រួល​អាកាសធាតុ​រូប​នេះ បន្ត​ថា ស្ថាប័ន​រដ្ឋសភា​ដែល​តំណាង​ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា គួរតែ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន សួរ​នាំទៅ​រដ្ឋាភិបាល​ឬ​ក្រសួង​សាមី ប្រសិន​ការ​លុប​ទន្លេ​មេគង្គ​ក្រោម​នេះ ធ្វើឡើង​ដោយ​គ្មាន​ការវាយតម្លៃ ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ជាមុន​ទេ​នោះ​។ លោក ស​ទទួល​ស្គាល់​ថា ការ​កសាង​អចលនទ្រព្យ និង​អាគារ​ខ្ពស់ៗ ជា​រឿង​សំខាន់ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ត្រូវ​មើល​រំលង​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​ធនធាន​ទឹក​រយៈពេល​វែង​នោះ​ទេ៖ «ស្ថានភាព​ទន្លេ​មេគង្គ ឬ​ស្ថានភាព​ធាន​ទឹក​យើង​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​ស្រួចស្រាល់ ហើយ​យើង​និយាយ​តាំងពី​ឆ្នាំ​ទៅ​មក​ថា យើង​មាន​ការ​ខ្វះ​ខាត​ទឹក ដោយសារ​មាន​ទំនប់ (ទំនប់វារី​អគ្គិសនីមានអី​ច្រើន​នៅ​ខាងលើ ហើយ​នៅ​ពេល​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​ស្រួចស្រាល់​អ៊ីចឹង​ផង ហើយ​យើង​បន្ត​ចាក់​ដី​លុប​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​រូបសាស្ត្រ នៃ​ទន្លេ​អ៊ីចឹង​ទៀត វា​អាច​នឹង​បន្ថែម​បន្ទុក ឬ​ដាក់​សម្ពាធ​ទៅលើ​ទន្លេ​នេះ​មួយ​កម្រិត​ទៀត តែ​ត្រង់​ថា ប៉ះពាល់​បែប​ណា​គឺ​យើង​ត្រូវ​ការសិក្សា ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ជាមុន​សិន»។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី កំពុង​ប្រើប្រាស់​កម្មករ​ខ្មែរ និង​វៀតណាម​ជាច្រើន​នាក់ ព្រមទាំង​សា​ឡង់ និង​រថយន្ត​រាប់​សិប​គ្រឿង​ដឹកជញ្ជូន​ខ្សាច់ និង​ថ្មភ្នំ ដើម្បី​ចាក់​លុប​ទន្លេ​យ៉ាង​មមាញឹក​បំផុត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ថ្លែង​ថា គណបក្ស​លោក នៅតែ​ប្ដេជ្ញា​តស៊ូ​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល យកចិត្តទុកដាក់​ពិនិត្យ​រឿង​លុប​ទន្លេ​មេគង្គ​ក្រោម​នេះ ឲ្យ​បាន​ដិតដល់ ដើម្បី​ចៀសវាង​បន្សល់​ទុក​មរតក​បំផ្លាញ​ទន្លេ​មេគង្គ​ក្រោម​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គ្រោង​ស្នើ​រដ្ឋាភិបាល​បកស្រាយ​រឿង​គម្រោង​អភិវឌ្ឍន៍​កោះ​នរា"

  1. Anonymous says:

    every thing change in this evil killer regime some thing you never seen in the history HUN SEN make you seeing it right now. I just want to say the century of broken pot and pan flooding is just like that . the person who did not know nothing pretending he knew every thing that what can be wrong. the people knew what was wrong they are hiding because all those evil was good at killing. DERM BAI KERTHA … and KERTHA DERM BAI this is the true Khmer Rue word.

Leave a Reply

Submit Comment