លោក សម រង្ស៊ី ថាអាជ្ញាធរកលេសពីបញ្ហាព្រំដែន ដើម្បីចាប់ខ្លួនលោក រ៉ុង ឈុន

កម្ពុជា ព្រំដែន
02/08/2020 – 11:57
ដោយ៖ សឿង ភារៈ
RFI

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលដឹកនាំកម្មករធ្វើបាតុកម្មកាលពីកន្លងទៅ
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលដឹកនាំកម្មករធ្វើបាតុកម្មកាលពីកន្លងទៅ RFI/Pen Bona

ដោយ៖សឿង ភារៈ1 នាទី

លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​គណបក្ស​ប្រឆាំង នៅថ្ងៃ​នេះ បាន​ហៅការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា ថា​ជា​លេស និង​អះអាង​ថា​រឿង ដែល​សំខាន់​មិន​មែន​ជា​រឿង​ព្រំដែន​ទេ ​តែ​ជា​បញ្ហាជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថា លោក​ រ៉ុង ឈុន បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​តាម​រយៈ​សកម្មភាព​ផ្សព្វផ្សាយ​លើ ហ្វេសប៊ុក ផ្ទាល់ខ្លួន​អំពី​ព័ត៌មាន​មិនពិត​ទាក់​ទង​នឹង​ករណី​ព្រំដែន​។

ក្រៅ​ពីការ​អះអាង​ថា​អាជ្ញាធ​រកលេស​ពី​បញ្ហា​ព្រំដែន ដើម្បី​ចាប់​ខ្លួន​លោក រ៉ុង ឈុន, លោក សម រង្ស៊ី តាម​រយៈ​វីដេអូ​នៅ​ក្នុង​បណ្តាញ​សង្គម ក៏​បាន​អំពាវ​នាវ​ឲ្យមាន​ការ​ចូល​រួម ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែងលោក រ៉ុង ឈុនជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

កាលពីថ្ងៃទី១ ខែ​សីហា លោក រ៉ុង ឈុន ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរសាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​មាន​ការ​ប្រព្រឹត្តបទ​ឧក្រិដ្ឋជាអាទិ៍​។

លោក សំ សុខគង់ មេធាវី​ការពារក្តី​ឱ្យ​លោក រ៉ុង ឈុន បាន​អះអាងប្រាប់វិទ្យុបារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​០២ ខែ​សីហា​នេះ​ ថា តាម​រយៈ​អង្គហេតុ ភស្តុតាង តុលាការ​គួរ​តែ​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក​ ឬ​លើកលែងការ​ចោទ​ប្រកាន់ ដោយ​សារ​តែ​អង្គ​ហេតុ​គឺ​មិនស្ថិត​នៅ​ក្នុង​ន័យ ដែល​មាន​បញ្ញត្តិ នៅ​ក្នុង​មាត្រា​៤៩៤ និងមាត្រ​៤៩៥​ទេ​។ លោក​បន្ថែម​ថា ដោយ​សារ​តែ​ដំណាក់​កាល​នេះ ជា​ដំណាក់​កាល​ស៊ើប​អង្កេត​នៅ​ឡើយ ដូច្នេះ​ក្រុម​មេធាវី​ការពារ​ក្តី​នឹង​ព្យាយាម​រក​ភស្តុតាង ក៏​ដូច​ជា​វិភាគ​លើ​អង្គហេតុ និង​ច្បាប់ ដើម្បី​សុំ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ដែល​បាន​ចូល​រួម​តវ៉ាទាមទារ​ឲ្យ​មាន​ការដោះ​លែង​លោក​ រ៉ុង ឈុន នៅ​ព្រឹកថ្ងៃទី០២ ខែ​សីហា​នេះ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា លោក រ៉ុង ឈុន គ្រាន់​តែ​ជា​អ្នក​នាំ​សារ​ពី​ប្រជាពលរដ្ឋ ដែល​​កំពុង​ជួប​បញ្ហា ជម្រាប​ដល់​រដ្ឋាភិ​បាល ដូច្នេះ​គាត់​មិន​មែន​ជា​អ្នក​ញុះញង់​ ឬ​ធ្វើ​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​ទេ​។ លោក​ស្រី បញ្ជាក់​ថា បើ​តុលាការ​ឯករាជ គួរ​តែ​រកយុត្តិធម៌​ជូន​លោក​ រ៉ុង ឈុន​។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី២ ខែ​សីហា​នេះ បាន​អះអាង​ថា ជនណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ករណី​ព្រំដែន គឺ​ជា​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិកវរធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក គឹម សន្តិភាព បញ្ជាក់​ថា លោក រ៉ុង ឈុន បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​តាម​រយៈសកម្មភាព​ផ្សព្វផ្សាយ​លើ ហ្វេស​ប៊ុក (Facebook page) ផ្ទាល់​ខ្លួន​អំពី​ព័ត៌មាន​មិន​ពិត​ទាក់​ទង​នឹង​ករណី​ព្រំដែន​ដូច​អ្វី​ដែល​មាន​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ហេតុនេះ​ការ​អនុវត្តវិធានការ​ច្បាប់​លើ​សកម្មភាព​ល្មើស​ច្បាប់​នេះ​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​។

គួរជំរាប​ជូន​ថា លោក រ៉ុង ឈុន គឺជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត គ.ជ.ប និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។ លោកត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន កាល​ពី​វេលាម៉ោង​ជិត​១០​យប់ ថ្ងៃទី ៣១ កក្កដា ក្រោមការ​ចោទ​ប្រកាន់​ថា បាន​បំភ្លៃ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​៕

What Next?

Recent Articles

One Response to "លោក សម រង្ស៊ី ថាអាជ្ញាធរកលេសពីបញ្ហាព្រំដែន ដើម្បីចាប់ខ្លួនលោក រ៉ុង ឈុន"

  1. Anonymous says:

    we will never give up to the evil monster killer HUN SEN we knew this evil will never win and also he will not last that long.

Leave a Reply

Submit Comment