សកម្មជន​បក្ស​ប្រឆាំង​លោក គង់ ម៉ាស់ ត្រូវ​បាន​ដោះលែង​កាលពី​យប់​ថ្ងៃ​ទី៤ ខែសីហា

ដោយ ម៉ៅ សុធានី
2020-08-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​តុលាការ​សម្រេច​រំលាយ​គណបក្ស​នេះ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​តុលាការ​សម្រេច​រំលាយ​គណបក្ស​នេះ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

 រូប៖ ហ្វេសប៊ុក


សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់ ត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធនាគារ​ខេត្ត​ស្វាយរៀង កាលពី​ល្ងាច​ថ្ងៃ​ទី៤ ខែសីហា វេលា​ម៉ោង ៦ និង ៣០នាទី ក្រោយពី​បាន​ដឹក​ចេញពី​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃ​ទី ៣ ខែសីហា។

លោក គង់ ម៉ាស់ ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ក្រោយ​ពី​បាន​ដោះ​លែង​ថា លោក​សប្បាយ​ចិត្ត​ខ្លះ​ដែរ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​បាន​ជួបជុំ​ក្រុម​គ្រួសារ ក៏ប៉ុន្តែ​នៅ​ទន្ទឹម​នេះ លោក​ក៏​មានការ​សោក​ស្ដាយ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃ​ស ចំនួន ១៨ខែ និង ១៥ថ្ងៃ ដោយ​អយុត្តិធម៌៖ «ជា​ការ​សប្បាយ​ចិត្ត​មួយ​ផ្នែក​ ដែល​បាន​ជួបជុំ​បង​ប្អូន។ តែ​មួយ​ផ្នែក​ទៀត ក៏​មិន​សប្បាយ​ចិត្ត​ដែរ ដោយសារ​មិន​អស់​ជិត​ដែល​ជាប់ឃុំ​ជាង ១ឆ្នាំ​កន្លះ។ ការ​សម្រេច​របស់​តុលាការ​គឺ​មិន​ប្រក្រតី លំអៀង​មាន​លក្ខណៈ​មិន​តម្លាភាព​សម្រាប់​ខ្លួន​ខ្ញុំ​ជា​ប្រជាពលរដ្ឋ។ តាម​ពិត​ទៅ​ខ្ញុំ​ជាប់​នៅ​ពន្ធនាគារ​ព្រៃ​ស ហើយ​គេ​ដឹក​ខ្ញុំ​មក​ស្វាយរៀង​វិញ ហើយ​គេ​ឃុំ​ខ្ញុំ​មួយ​យប់​នៅ​ស្វាយរៀង និង​ល្ងាច ៦កន្លះ ទើប​បាន​ដោះ​លែង។ ឥឡូវ​ខ្ញុំ​កំពុង​ធ្វើបុណ្យ​សព​ជីដូន​ដែល​បាន​ស្លាប់​មុន​ខ្ញុំ​ចេញ​មួយ​ថ្ងៃ»

កាលពី​ថ្ងៃ​ទី៣ ខែសីហា ដែល​ជា​ថ្ងៃកំណត់​ត្រូវ​ដោះ​លែង​លោក គង់ ម៉ាស់ ភរិយា​របស់​លោក គឺ​លោកស្រី កុល សាត បាន​ទៅ​រង់ចាំ​ទទួល​ប្ដី​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​ក្រោយ​មក ទើប​បាន​ទទួល​ព័ត៌មាន​ថា ប្ដី​លោកស្រី​ត្រូវ​បាន​បញ្ជូន​ខ្លួន ទៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ដែល​អាជ្ញាធរ​អះអាង​ថា ដើម្បី​ធ្វើ​សំណុំរឿង​រៀបចំ​ដោះ​លែង​នៅ​ទី​នោះ។

លោក គង់ ម៉ាស់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​បណ្ដឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ក្រោយ​ដែល​លោក​បាន​បង្ហោះ សារ​លើ​ហ្វេសប៊ុក (Facebook) ទាក់ទង​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត មុន​ការ​បោះឆ្នោត​ឆ្នាំ២០១៨ និង​រិះគន់ ការ​ដឹក​នាំ​បែប​អសកម្ម​របស់​រដ្ឋាភិបាល និង​មន្ត្រី​របប​លោក ហ៊ុន សែន។ ចំណែក​ករណី​ទី២ វិញ លោក​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ១៥ថ្ងៃ ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឱ្យ​ពលរដ្ឋ​ស្អប់​អ្នក​រាជការ​សាធារណៈ តាម​បណ្ដឹង​របស់​អតីត​អភិបាល ស្រុក​រមាសហែក លោក ពេញ ជា។

លោក គង់ ម៉ាស់ បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​ពីរ​ខ​នេះ ហើយ​ថា សេចក្ដី​សម្រេច​ផ្ដន្ទាទោស​លោក​របស់​តុលាការ​ឱ្យ​ជាប់​ពន្ធនាគារ​កន្លង​ទៅ​នេះ គឺ​ជា​រឿង​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles