សហគមន៍​ភូមិ​ស្រែប្រាំង ខេត្ត​ត្បូង​ឃ្មុំ​ថា សមត្ថកិច្ច​ជាង ២០០នាក់​បាន​គំរាម និង​ចាប់​ខ្លួន​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី

ដោយ សេក បណ្ឌិត
2020-08-05
RFA

អ្នក​ភូមិ​នៅ​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ លើក​បដា និង​រូប​ថត​លោក សែម សាង ធ្វើ​យុទ្ធនាការ​ទាមទារ​​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សែម សាង ពី​ការ​ឃុំឃាំង។

អ្នក​ភូមិ​នៅ​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ លើក​បដា និង​រូប​ថត​លោក សែម សាង ធ្វើ​យុទ្ធនាការ​ទាមទារ​​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សែម សាង ពី​ការ​ឃុំឃាំង។

 រូប៖ ពលរដ្ឋ


ពលរដ្ឋ​ជាង ១០០​គ្រួសារ ​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​អះអាង​ថា ​សមត្ថកិច្ច​ចម្រុះ​ និង​ប្រជា​ការពារ​ភូមិ​រាប់​រយ​នាក់ ​បាន​ដើរ​គំរាម​ពលរដ្ឋ​ មិន​ឱ្យ​តវ៉ា​ការពារ​ដី​សហគមន៍​ស្រែ​ប្រាំង​ជាង ១ពាន់​ហិកតារ ​ដែល​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវីន អីនវេសមែន (Hamenivent Investment) រំលោភ​យក​ទាំង​ស្រុង។ អ្នក​ភូមិ​ថា សមត្ថកិច្ច​បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ១០នាក់ និង​ចាប់​ខ្លួន​ពលរដ្ឋ​ជា​ច្រើន​នាក់ ដើម្បី​គំរាម​ឱ្យ​ឈប់​​តវ៉ា។

ពលរដ្ឋ​ជាង ១០០​នាក់ ​រស់​នៅ​ភូមិ​ស្រែប្រាំង ​និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ សីហា​ថា ប្រជា​ការពារ​ភូមិ ​និង​កម្លាំង​សមត្ថកិច្ច ​ជាង​ ២០០​នាក់​ ប្រើប្រាស់​រថយន្ត ៥០​គ្រឿង ​កំពុង​កាង ​ការពារ​សុវត្ថិភាព ​ក្រុមហ៊ុន​ចិន ​ហាមិនីវីន អីនវេសមែន (Hamenivent Investment) ដែល​កំពុង​ឈូស​ឆាយ​រំលោភ​ដី សហគមន៍​ស្រែប្រាំង​ទាំងស្រុង។

តំណាង​ពលរដ្ឋ ​លោក​ សែម ចំណាន ​ឱ្យ​ដឹង​ថា ​សមត្ថកិច្ច​ចម្រុះ​កាន់​ដំបង​ឆក់​ បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ១០នាក់​ ក្នុង​នោះ​មាន ៥នាក់​ដួល​សន្លប់។ លោក​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន ​ពលរដ្ឋ ២១នាក់​យក​ទៅ​ឃុំ​ខ្លួន ១យប់ នៅ​ស្នងការ​នគរបាល​ខេត្ត និង​បាន​ដោះលែង​មក​វិញ ២០នាក់ នៅ​សល់​ម្នាក់​ទៀត​បញ្ជូន​ទៅ​តុលាការ។ លោក​បន្ថែម​ថា មក​ទល់​ពេល​នេះ សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ ​រាប់​សិប​នាក់ បាន​ដើរ​គំរាម​ពលរដ្ឋ​តាម​ផ្ទះ ដើម្បី​បង្ខំ​ឱ្យ​ឈប់​តវ៉ា ​ទាមទារ​ដី​សហគមន៍។ ចំណែក ​អ្នក​ភូមិ​ជាង ៥០នាក់​ទៀត បាន​រត់​ចូល​ព្រៃ​គេច​ខ្លួន៖ «បញ្ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់ ​បាន​ទៅ​ចាប់​ប្រជា​ពលរដ្ឋ​ វ៉ៃ​ធ្វើ​បាប ​ឆក់​ឱ្យ​សន្លប់​ ព្រម​ទាំង​ដក​ហូត​ទូរស័ព្ទ​របស់​ពួក​គាត់។ ក្រុមហ៊ុន​ចិន​ កំពុង​ឈូស​ឆាយ ​មិន​ឱ្យ​ពលរដ្ឋ​ណា ​ចូល​ទៅ​បាន​ទេ ហើយ​កង​កម្លាំង​សមត្ថកិច្ច​ និង​ប្រជា​ការពារ​ភូមិ គឺ​ដើរ​គំរាម​ពលរដ្ឋ​ឱ្យ​ផ្ដិត​មេ​ដៃ ​តាម​ផ្ទះ​តែ​ម្ដង បើ​យើង​នៅ​តែ​តវ៉ា ​គេ​នឹង​ចាប់​ដាក់​គុក»។

​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ គឺ​លោក​ស្រី សុត ណុន ត្អូញ​ថា ដី​សហគមន៍​ស្រែ​ប្រាំង​ជាង​ ១ពាន់​ហិកតារ គឺ​ជា​ដង្ហើម​សេដ្ឋកិច្ច​ពលរដ្ឋ​ចំនួន ២ភូមិ​ ធ្វើ​ស្រែ​ប្រដេញ​ទឹក​ និង​នេសាទ​ត្រី ​ក៏​ប៉ុន្តែ​បើ​ក្រុមហ៊ុន​រំលោភ​យក​ នឹង​ធ្វើ​ឱ្យ​អ្នកភូមិ​បាត់បង់​ទី​កន្លែង​អាស្រ័យ​ផល​ចិញ្ចឹម​ជីវិត។ លោក​ស្រី​ថា​ ក្រុមហ៊ុន​ចិន​ បាន​បោះ​ទីតាំង​រំលោភ​ដី​ព្រៃ​សហគមន៍​ទាំង​មូល ​ដោយ​មាន​សមត្ថកិច្ច​រាប់​រយ​នាក់ ​ឈរ​ជើង​ការពារ​ និង​គំរាម​ចាប់​ខ្លួន​ពលរដ្ឋ​ណា​ហ៊ាន​ងើប​តវ៉ា៖ «គេ​ឱ្យ​សារភាព ​ឈប់​តវ៉ា​ដី​ ឥលូវ​ហ្នឹង គេ​កំពុង​ដើរ​គំរាម​កំហែង​តាម​ភូមិ ​សម្លុត​ព័ទ្ធ​ចាប់​ពលរដ្ឋ​តាម​ព្រៃ ​ខាង​សមត្ថកិច្ច​ក្នុង​ភូមិ និង​ខាង​ប្រជា​ការពារ​ភូមិ។ វា (ក្រុមហ៊ុនបម្រុង​រំលោភ​ដី​ហ្នឹង​ទាំងមូល​តែ​ម្ដង​ ចាប់​មនុស្ស​នៅ​មុខ​ពួក​គាត់​ ឆក់ ​ជាន់ ​ស្រី​ក៏​វ៉ៃ​ដែរ។ ពួក​ខ្ញុំ​ប៊ិះ​ហ្នឹង​ចូល​ឡាន ​ពួក​វា សុទ្ធតែ​មាន​របាំង​រាំង»។

ទោះ​យ៉ាង​ណា​ស្នងការ ​ខេត្ត​ត្បូង​ឃ្មុំ​លោក បែន រ័ត្ន បដិសេធ​ថា នគរបាល​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា នគរបាល​ បាន​ចាប់​ខ្លួន​ពលរដ្ឋ ២១នាក់ ហើយ​បាន​ដោះ​លែង​ទៅ​វិញ ២០នាក់ ហើយ​នៅ​សល់​ម្នាក់ ព្រោះ​ជាប់​បណ្ដឹង​នៅ​តុលាការ ករណី​ប្រើ​អំពើ​ហិង្សា។ លោក​បញ្ជាក់​ថា​ នគរបាល​ចុះ​ប្រតិបត្តិការ ធ្វើឡើង​ទៅ​តាម​បញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត៖ «ពេល​ចេញ​ប្រតិបត្តិ​ការ​ម្តងៗ នៅ​ពេល​ដែល​មាន​បញ្ជា​ពី​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​ ឱ្យ​ទៅ​មួយ​ភ្លែត​អ៊ីចឹង​ទៅ ​មក​វិញ​។ ​គ្មាន​ពី​ណា ​វ៉ៃ​គាត់​បែក​ក្បាល​ដូច​គាត់​លើក​អ៊ីចឹង​ទេ ​ឥលូវ​ឱ្យ​គាត់​បង្ហាញ​ទៅ ​អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​បង្ហាញ​ទៅ​ណា​ក៏​បាន​វា​វ៉ៃ​គាត់​ត្រង់​ណា ​មាន​ស្នាម​មាន​របួស​នោះវា​អត់​មាន»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​បន្ថែម​ពី​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បាន​ទេ​នៅ​ថ្ងៃ​ទី៥ សីហា ដោយ​លោក​មិន​លើ​ក​ទូរស័ព្ទ។ ចំណែក​តំណាង​ក្រុមហ៊ុន​ចិន ហាមិនីវេន ​អ៊ិនវេសមេន (Hamenivent Investment) ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស ​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត ​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ ​ប្រើ​ហិង្សា ​ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នេះ គឺ​ជា​រំលោភ​សិទ្ធិមនុស្ស ហើយ​នឹង​នាំ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​ម្ដង​ហើយ​ម្ដង​ទៀត។ លោក​ថា អាជ្ញាធរ​មាន​តួនាទី​បម្រើ​ពលរដ្ឋ ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា៖ «អាជ្ញាធរ​គឺ​ជា​អ្នក​បម្រើ​ពលរដ្ឋ ​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ គឺ​អាជ្ញាធរ​ជា​អ្នក​ដោះ​ស្រាយ ​ហើយ​បើ​សិន​ជា​បញ្ហា​គំរាម​កំហែង ​បំភ័យ​ពលរដ្ឋ​ អា​ហ្នឹង​មិនមែន​ជា​តួនាទី​របស់​អាជ្ញាធរ​ទេ។ រឿង​ហ្នឹង​គួរ​តែ​មាន​វិធាន​ការ​ហើយ​ ក្នុង​ការ​ដោះស្រាយ​សម្រាប់​ពួក​គាត់»។

ព្រៃ​សហគមន៍​ភូមិ​ស្រែប្រាំង​ មាន​ទំហំ​ជាង​ ១ពាន់​ហិកតារ​ នៅ​ជាប់​ព្រែក​ឆ្លូង ឋិតនៅ​ភូមិ​ស្រែប្រាំង​ និង​ភូមិ​បុស្ស​ស្នោ​រ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ​ ខេត្ត​ត្បូង​ឃ្មុំ។ ព្រៃ​សហគមន៍​នេះ​ មាន​ទឹក​ជន់​លិច​ជា​រៀង​រាល់​ឆ្នាំ សម្បូរ​ដោយ​ត្រី និង​សត្វ​ស្លាប​រស់​នៅ​ ហើយ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ តែង​ប្រមូល​ផល​នេសាទ​នៅ​ខែ​វស្សា និង​ធ្វើ​កសិកម្ម​ នៅ​រដូវ​ប្រាំង។ ក្រុម​ពលរដ្ឋ​ថា​ អាជ្ញាធរ​មួយ​ចំនួន​ បាន​ឃុបឃិត​គ្នា​ លួច​លក់​ដី​ព្រៃ​សហគមន៍​អស់​មួយ​ផ្នែក​ធំ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន និង​បាន​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles