ការតវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន ត្រូវបានផ្អាក ក្រោយរងការបង្ក្រាបពីអាជ្ញាធរ

កម្ពុជា សង្គម
06/08/2020 – 08:43
ដោយ៖ វ៉ា សំណព្វ
RFI

ក្រុមអ្នកតវ៉ា នៅឯមុខសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំឲ្យមានការដោះលែង លោក រ៉ុង ឈុន
ក្រុមអ្នកតវ៉ា នៅឯមុខសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំឲ្យមានការដោះលែង លោក រ៉ុង ឈុន © សហការី

ក្រុម​យុវជន​ដែល​ទាមទារ​អោយ​ដោះលែង​លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ផ្អាក​នៅ​ថ្ងៃ​ទី​ ០៦​ សីហា​នេះ​ បន្ទាប់​ពី​រង​ការ​បង្ក្រាប​ពី​អាជ្ញាធរ​រដ្ឋាភិបាល​។ ទោះជាយ៉ាងនេះ​ក្តី​ តំណាង​យុវជន​ខ្មែរ​ថាវរៈ​បាន​ថ្លែង​ថា​ ពួកគេ​នឹង​វិល​មក​ជួបជុំ​គ្នា​សារ​ជា​ថ្មី​ ដើម្បី​តវ៉ា​អោយ​មាន​ការ​ដោះលែង​លោក ​រ៉ុង ឈុន​ ស្របពេល​ដែល​សហជីព​គ្រូបង្រៀន​អន្តរជាតិ​បាន​ផ្ញើ​លិខិត​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អោយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ រ៉ុង ឈុន។

យ៉ាងហោចណាស់យុវជនពីរនាក់បានរងរបួស នៅក្នុងការបង្ក្រាបរបស់អាជ្ញាធរក្រុងភ្នំពេញ កាលពីថ្ងៃទី ០៥ សីហា ដើម្បីទាមទារអោយដោះលែងលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជា។ ដោយឡែកព្រះសង្ឃ៨អង្គ ក៏ត្រូវបានមន្ត្រីសង្ឃរាជធានីភ្នំពេញ និងអាជ្ញាធរកម្ពុជា ចាប់បញ្ជូនអោយវិលត្រលប់ទៅកាន់ខេត្តបាត់ដំបងវិញ កាលពីរសៀលថ្ងៃទី០៥សីហា បន្ទាប់ពីបានចូលរួមក្នុងការទាមទារអោយដោះលែងលោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញនារយៈពេល៥ថ្ងៃមកនេះ។ លោក ហ៊ុន វណ្ណៈ តំណាងយុវជនខ្មែរថាវរៈបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បត្តិ៍នេះថា ការជួបជុំតវ៉ាទាមទារអោយដោះលែងលោក រ៉ុង ឈុន នៅថ្ងៃព្រហស្បត្តិ៍នេះ ត្រូវបានផ្អាក ដោយសារតែសមាជិករបស់ខ្លួនមួយចំនួនបានរងរបួស។ ចំណែកឯព្រះសង្ឃខ្មែរថាវរៈ៨អង្គទៀត ត្រូវបានបង្ខំអោយវិលត្រលប់ទៅខេត្តបាត់ដំបងវិញ។

គួរជំរាបជូនថា ក្រោមហេតុផលនៃជំងឺកូវីដ១៩និងការជួបជុំដោយមិនបានជូនដំណឹងជាមុនដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី ០៣ សីហា បានព្រមានចាត់វិធានការតាមច្បាប់ចំពោះការជួបជុំ ឬប្រមូលផ្តុំតវ៉ាទាមទារអោយមានការដោះលែងជនត្រូវចោទក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួននៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ។ ក្រៅពីអាជ្ញាធររាជធានីភ្នំពេញ អ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃជាមួយគ្នានោះ ដោយបានចាត់ទុកថា សកម្មភាពប្រមូលផ្តុំមនុស្សនៅមុខតុលាការ ដែលទាមទារអោយដោះលែងលោក រ៉ុង ឈុន គឺជាការដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមនឹងការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។  ប៉ុន្តែទោះជាយ៉ាងនេះក្តី តំណាងយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ បានអះអាងថា ពួកគេនឹងជួបជុំគ្នាជាលើកទី២អោយបានច្រើនជាងមុន ដើម្បីបន្តទាមទារអោយដោះលែងលោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។

នៅក្រោយពីការចាប់ខ្លួនលោក រ៉ុង ឈុន ក្រៅពីការតវ៉ាទាមទារអោយដោះលែងលោក រ៉ុង ឈុន ពីសំណាក់ក្រុមយុវជននិងគ្រូបង្រៀនមួយចំនួនមកនោះ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ទាមទារអោយរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ុង ឈុន ជាបន្តបន្ទាប់។ ហើយចុងក្រោយនេះ គឺអង្គការអន្តរជាតិខាងការអប់រំ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Brussels ប្រទេសបែលហ្ស៊ិក បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ០៤ សីហា ជុំវិញការចាប់ខ្លួនលោក រ៉ុង ឈុន ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ អង្គការអន្តរជាតិ ដែលអះអាងថា តំណាងឲ្យបុគ្គលិកអប់រំ ជាង៣០លាននាក់នៅក្នុងប្រទេសចំនួន១៧៨លើលោកនេះ បានស្នើសុំឲ្យអាជ្ញាធរកម្ពុជា គោរពគោលការណ៍សិទ្ធមនុស្ស និងសេរីភាព ក្នុងការបញ្ចេញមតិ និងដោះលែងលោក រ៉ុង ឈុន មកវិញ៕

What Next?

Recent Articles

One Response to "ការតវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន ត្រូវបានផ្អាក ក្រោយរងការបង្ក្រាបពីអាជ្ញាធរ"

  1. Anonymous says:

    please do not stop they can not doing any thing bad to you right now because the world are watching them