បុគ្គលិក​សណ្ឋា​គារ​មួយ​នៅ​សៀម​រាប​តវ៉ា​ទាម​ទារ​ឱ្យ​ថៅកែ​យក​តំណាង​ពួក​គេ​ចូល​ធ្វើ​ការងារ​វិញ​

ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ០៦ សីហា ២០២០ |ម៉ោង ១៨:១៧
VOD

បុគ្គលិកស្ត្រីម្នាក់លើបដាសរសេរថា «COVID មិនមែនជាហេតុផលបញ្ឈប់ថ្នាក់ដឹកនាំនិងសកម្មជនសហជីពទេ» នៅថ្ងៃធ្វើការតវ៉ាពីមុខសណ្ឋាគារ ឡឺម៉េរីឌានអង្គរ ដើម្បីទាមទារឱ្យអ្នកគ្រប់គ្រងទទួលយកថ្នាក់ដឹកនាំ សកម្មជនសហជីពស្រ្តីបីរូបដែលត្រូវបានបញ្ឈប់ពីការងារ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ (សង់ត្រាល់ - CENTRAL)

បុគ្គលិកស្ត្រីម្នាក់លើបដាសរសេរថា «COVID មិនមែនជាហេតុផលបញ្ឈប់ថ្នាក់ដឹកនាំនិងសកម្មជនសហជីពទេ» នៅថ្ងៃធ្វើការតវ៉ាពីមុខសណ្ឋាគារ ឡឺម៉េរីឌានអង្គរ ដើម្បីទាមទារឱ្យអ្នកគ្រប់គ្រងទទួលយកថ្នាក់ដឹកនាំ សកម្មជនសហជីពស្រ្តីបីរូបដែលត្រូវបានបញ្ឈប់ពីការងារ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ (សង់ត្រាល់ – CENTRAL)


បុគ្គលិកប្រមាណ៤០នាក់របស់សណ្ឋាគារមួយនៅខេត្តសៀមរាប បាននាំគ្នាឈរលើកបដាតវ៉ាមុខសណ្ឋាគារដោយ​ផ្ទាល់នៅថ្ងៃនេះ ដើម្បីទាមទារទៅថៅកែឱ្យទទួលយកតំណាងពួកគេ៣នាក់ចូលបម្រើការងារវិញ។

មន្ត្រី៣នាក់របស់សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ (Le Meridien Angkor) ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយពួកគេដាក់សំណើទៅសណ្ឋាគារទាមទារលក្ខខណ្ឌការងារជូនបុគ្គលិក។ នេះបើតាមអ្នកស្រី ខាំ សុភ័ក្ត្រ សកម្មជនសហជីពប្រចាំនៅសណ្ឋាគារ​នេះ។

អ្នកស្រី ខាំ សុភ័ក្ត្រ បានឱ្យដឹងថា កញ្ញា ឌឿម ឆៃយ៉ា ជាប្រធានគណៈកម្មាធិការស្រ្តី អ្នកស្រី សុខ ណារ៉ែន ជាអនុប្រធានទី២ និង​អ្នកស្រីផ្ទាល់ ត្រូវបានថៅកែបញ្ឈប់ពីការងារជាបន្តបន្ទាប់កាលពីថ្ងៃទី៩ និងទី១០ ខែកក្កដា។

សកម្មជនសហជីពរូបនេះបញ្ជាក់ថា មុនថៅកែបញ្ឈប់ពីការងារ គឺពួកគាត់បានចែករំលែកសកម្មភាព​សប្បុរសធម៌របស់ថៅកែសណ្ឋាគារផ្សេងតាមបណ្តាញសង្គមនិងក្រោយមកប្រមូលស្នាមមេដៃ​បុគ្គលិក ដើម្បីដាក់សំណើទៅម្ចាស់សណ្ឋាគារ ឡឺម៉េរីឌាន អង្គរ កុំឱ្យកាត់លុយបុគ្គលិកច្រើនពេក ខណៈពួកគេកំពុងព្យួរការងារ។

អ្នកស្រី ខាំ សុភ័ក្ត្រ ប្រាប់ថា៖ «បុគ្គលិកតវ៉ានេះ អត់ទាមទារអីច្រើនទេ គ្រាន់តែទាមទារឱ្យខ្ញុំទាំង៣នាក់នេះ បានចូលធ្វើការងារវិញតាមផ្នែករៀងខ្លួននិងទាមទារឱ្យថៅកែជួយសម្រួលមើលប្រាក់ខែបុគ្គលិកដែលគ្នានៅកម្រិត១ កម្រិត២ កម្រិត៣ ឱ្យបានសមរម្យ និងស្នើកុំឱ្យ​អ្នកគ្រប់គ្រងរើសអើងមកលើសហជីព កុំឱ្យគាត់ប្រើពាក្យបណ្តេញចេញ ព្រោះកន្លែងគាត់តែង​ប្រើពាក្យបណ្តេញ​បុគ្គលិកចេញពីកន្លែងការងារ»

អ្នកស្រី ខាំ សុភ័ក្ត្រ បន្តថា វិវាទការងារ​នេះបានផ្ទុះឡើងតាំងពីថ្ងៃទី១៤ ខែកក្កដា និងបានជួយចរចារកដំណោះស្រាយជាមួយតំណាងមន្ទីរការងារ តំណាងសណ្ឋាគារ និងតំណាងសហជីពជាច្រើនដងហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ហើយមន្ទីរការងារខេត្តសៀមរាបបានចាត់វិវាទការងារនេះជាជម្លោះបុគ្គលថែមទៀត។

ប្រធានទីផ្សារនិងផ្នែកលក់​នៃ​សណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ អ្នកស្រី ពូច អង្គឧសភាព អះអាង​ថា បុគ្គលិក​ទាំង៣​រូបបាន​ប្រព្រឹត្ត​ខុស​ច្បាប់និង​គោល​ការណ៍​របស់​សណ្ឋាគារ ដែល​នាំ​ឱ្យ​មាន​សេចក្ដី​សម្រេច​បញ្ឈប់​ពួកគាត់។

​តំណាងសណ្ឋាគាររូបនេះ បញ្ជាក់ថា បុគ្គលិកទាំង៣នាក់នោះបានចែករំលែកព័ត៌មាន​នៃ​សណ្ឋាគារគេផ្សេងតាមបណ្តាញ​សង្គមនិងបង្ហាញអារម្មណ៍មិនពេញ​ចិត្ត រួមទាំងបង្អាប់សណ្ឋាគារដែលខ្លួនឯងកំពុងបម្រើការងារ ដែលអ្នកស្រី​ថា ក្រុមហ៊ុនបានហាម​ឃាត់​សកម្មភាព​បែប​នេះ។

អ្នកស្រី ពូច អង្គឧសភាព ប្រាប់ថា៖ «ពួកគាត់ [បុគ្គលិក៣នាក់ដែលបញ្ឈប់] ស៊ែរ [ចែក​រំលែក] អូតែលផ្សេងដែលជាគូប្រកួតប្រជែងរបស់អូតែលយើង។ អ៊ីចឹង ច្បាប់របស់សណ្ឋាគារយើង គឺគេអត់ឱ្យស៊ែរទេ ដោយសារតែយើងធ្វើ Business [អាជីវកម្ម] រកស៊ីដូចគ្នា ដោយគាត់បាននិយាយលើកជើងគេ បង្អាប់កន្លែងខ្លួនឯង។ គាត់និយាយក្នុងហ្វេសប៊ុករបស់គេហ្នឹង គឺគាត់បាននិយាយបញ្ជាក់ពីអារម្មណ៍របស់គាត់មិនពេញចិត្តចំពោះថ្នាក់ដឹកនាំសណ្ឋាគារ។ ការធ្វើបែបនេះ វាខុសច្បាប់របស់អូតែលយើង ពីព្រោះអូតែលយើងមានគោលការណ៍ហាមជជែកគ្នាតាមបណ្តាញសង្គម»

ប្រធានមន្ទីរការងារខេត្តសៀមរាប លោក ច័ន្ទ សុខុមចិត្តា មានប្រសាសន៍ថា វិវាទការងារនៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ គឺមន្ទីរការងារខេត្តបានខិតខំសម្របសម្រួលផ្សះផ្សារតាមនីតិវិធីច្បាប់ជាច្រើនដងហើយ ប៉ុន្តែលោកថា ភាគីបុគ្គលិកបានព្យាយាមមិនចូលខ្លួនដោះស្រាយ។

ប្រធានមន្ទីរការងារបញ្ជាក់ថា ករណីថៅកែសណ្ឋាគារបញ្ឈប់បុគ្គលិកស្ត្រី៣នាក់នោះ គឺមន្ទីរការងារមិនអាចដាក់ចូលជាវិវាទរួមបានឡើយ ដោយថា បុគ្គលិកទាំងនោះប្រព្រឹត្តខុសគោលការណ៍របស់សណ្ឋាគារ។

លោក ច័ន្ទ សុខុមចិត្តា ប្រាប់ថា៖ «បើសិនជាគាត់ចូលតុចរចា ខ្ញុំចរចាជូនគាត់ បើអត់សះជាទេ ខ្ញុំនឹងបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្ត។ ចំពោះវិវាទបុគ្គលអ៊ីចឹងដែរ បើគាត់មកដោះស្រាយ ក៏មកៗ បើគាត់អត់មកទេ ខ្ញុំនឹងធ្វើកំណត់ហេតុបញ្ជូនបន្តនីតិវិធីទៅលើទៀត ហើយការដោះស្រាយវិវាទរបស់ខ្ញុំ គឺខ្ញុំមិនមែនជាតុលាការទេ។ ខ្ញុំគ្មានកាត់ឱ្យខាងណាឈ្នះម្ខាងឬចាញ់ម្ខាងទេ គឺខ្ញុំផ្សះផ្សារឱ្យទទួលយកដំណោះស្រាយបានទាំងអស់គ្នា»

ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល មានប្រសាសន៍ថា ករណីម្ចាស់សណ្ឋាគារ ឡឺម៉េរីឌានអង្គរ បញ្ឈប់មន្ត្រីសហជីពបន្ថែមទៀតនេះ គឺជាការរើសអើងសហជីព ដោយថា សណ្ឋាគារមួយនេះកន្លងមកធ្លាប់បញ្ឈប់ថ្នាក់ដឹកនាំសហជីព២នាក់រួចម្តងមកហើយ។

លោក ទូច កុសល បន្ថែមថា ចំពោះមន្ទីរការងារខេត្តសៀមរាបដែលចាត់ទុកករណីនេះជាជម្លោះបុគ្គល គឺជារឿងមិនត្រឹមត្រូវឡើយ ដោយថា អ្វីដែល​មន្ត្រីសហជីពទាំង៣នាក់នោះធ្វើ គឺ​ដើម្បីបម្រើនិងការពារផលប្រយោជន៍រួមរបស់បុគ្គលិកទាំងអស់ដែលបម្រើការងារក្នុងសណ្ឋាគារ។

លោក ទូច កុសល បន្ថែមថា៖ «វាគឺជាការរើសអើងសហជីព ពីព្រោះសណ្ឋាគារនេះ​ធ្លាប់បានបញ្ឈប់ថ្នាក់ដឹកនាំសហជីពចំនួន៣ដងរួចមកហើយ។ និយាយទៅ គេចង់រំលាយសហជីពនេះចោលតែម្តង ព្រោះគេបានប្រាប់ទៅកម្មករដែលបម្រើការងារនៅសណ្ឋាគារ ឡឺម៉េរីឌានអង្គរ ថាគេនឹងរំលាយសហជីពនេះឱ្យទាល់តែបាន រហូតអ្នកខ្លះគេអាត់[ថត]សំឡេងបានទៀត»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles