អង្គការ​អប់រំ​អន្តរជាតិ​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន

ដោយ មួង ណារ៉េត
2020-08-06
RFA

គេហទំព័រ​អង្គការ​អប់រំ​អន្តរជាតិ (Education International) ស្ដីពី​ការចាប់​ខ្លួន​លោក រ៉ុង ឈុន។

គេហទំព័រ​អង្គការ​អប់រំ​អន្តរជាតិ (Education International) ស្ដីពី​ការចាប់​ខ្លួន​លោក រ៉ុង ឈុន។

 screenshot


អង្គការ​អប់រំ​អន្តរជាតិ (Education International) សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់។

នៅ​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី៥ ខែ សីហា ប្រធាន​អង្គការ​អប់រំ​អន្តរជាតិ ដែល​តំណាង​ឲ្យ​បុគ្គលិក​អប់រំ​ជិត ៣៣ លាន​នាក់ តំណាង​អង្គការ​ជិត ៤០០ និង ១៧៨ ប្រទេស លោក ដេវីដ អែតវើត (David Edwards) បញ្ជាក់​ថា អង្គការ​នេះ និង​សមាជិក​ទាំងអស់ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​រលក​នៃ​ការ​បង្ក្រាប​អ្នក​តវ៉ា​នៅ​កម្ពុជា​។ លោក​បន្ត​ថា សហជីព​នៅ​កម្ពុជា ត្រូវ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​សម្ដែង​ក្តី​ព្រួយបារម្ភ​របស់​ខ្លួន ដោយ​មិន​ត្រូវ​មាន​ទោសពៃរ៍ ដោយសារ​ការ​ហ៊ាន​បញ្ចេញមតិ ដើម្បី​ប្រយោជន៍​កម្មករ​នោះ​ទេ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ដែល​មាន​ធានា​ក្នុង​អនុសញ្ញា​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​អនុសញ្ញា​អន្តរជាតិ​ឯទៀត​ស្ដីពី​សិទ្ធិមនុស្ស។

មុននឹង​ការ​ចាប់ខ្លួន លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សហភាព​កម្ពុជា ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ផង​នោះ ធ្លាប់​សរសេរ​លិខិត​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ចៀសវាង​បាត់ EBA ២០%​។ លោក​ធ្លាប់​បាន​ព្រមាន​របប​នេះ ថា​កម្មករ​នឹង​ក្រោក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​បាត់ EBA នេះ​។ ថ្មីៗ​នេះ លោក​ក៏បាន​ចេញមុខ​តវ៉ា ឲ្យ​ដោះលែង​គ្រូបង្រៀន​ជាច្រើន​នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន ដោយសារតែ​ការ​បញ្ចេញមតិ​។ ចុងក្រោយ​នេះ លោក​បាន​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា​វៀតណាម និង​ចេញ​របាយការណ៍​អំពី​ភាព​មិនប្រក្រតី​នៅ​តំបន់​នោះ​។​

ជុំវិញ​រឿង​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ ប្រធាន​អង្គការ​អប់រំ​អន្តរជាតិ ថា​អង្គការ​នេះ នឹង​បន្ត​តាមដាន​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ឈរ​ប្រកៀក​ស្មា​គ្នា ជាមួយ​អង្គការ​ដទៃ​ទៀត ដែល​ជា​សមាជិក ដើម្បី​តវ៉ា​ជំទាស់​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នេះ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​បាន​នៅឡើយ​ទេ ជុំវិញ​លិខិត​នេះ​។ ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នៃ​របប​នេះ ថាបើ​ចង់​ជួយ​អ្នក​ជាប់ឃុំ ដូចជា​រូបលោក រ៉ុង ឈុន​នេះ គឺ​មានតែ​ប្រឹង​ស្វែងរក​មេធាវី​ពូកែៗ ដើម្បី​ការពារ​ក្តី​តាម​ផ្លូវ​តុលាការ​ប៉ុណ្ណោះ។

ទោះជា​យ៉ាង​ណាក្តី​នៅ​ក្នុង​ប្រវត្តិ​កាត់​សេចក្តី​នៅ​ក្នុង​តុលាការ​កម្ពុជា ក្រោម​ការគ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គេ​សង្កេត​ឃើញ​ថា ស្ទើរតែ​គ្មាន​សំណុំរឿង​នយោបាយ​របស់​បក្ស​ប្រឆាំង ឬ​អង្គការ​សង្គម​ស៊ីវិល ឬ​សហជីព​ឈ្នះ​ក្តី ក្នុង​រឿង​ប្ដឹងផ្ដល់​ជាមួយ​រដ្ឋាភិបាល​ម្តង​ណា​ឡើយ បើ​ទោះ​ជា​មាន​មេធាវី​ល្អ​យ៉ាងណាក៏ដោយ​។ ប្រធាន​តុលាការ​គ្រប់​ជាន់ថ្នាក់ សុទ្ធ​តែ​ជា​សមាជិក​នយោបាយ​របស់​គណបក្ស​កាន់អំណាច ដែល​ផ្ទុយ​ពី​គោលការណ៍​នីតិរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អង្គការ​អប់រំ​អន្តរជាតិ​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន"

  1. Anonymous says:

    do you know why they writing the letter to you ?? YES they knew you are the killer and they will get you if you are not give up . for me I do not think you HUN NAL will do that because you like killing is that true??