អង្គការ​​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​​ទាម​ទារ​​អាជ្ញាធរ​​កម្ពុជា​​បញ្ឈប់ការ​​ធ្វើ​​ទុក្ខ​​បុក​ម្នេញ​​គ្រួសារ​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​កំពុង​​ជាប់​ឃុំ​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា | ០៦ សីហា ២០២០ | ម៉ោង ១៧:៣៤
VOD

ស្ត្រីម្នាក់ត្រូវបានអាជ្ញាធរអូសទាញទៅម្ខាងផ្លូវ នៅពេលដែលស្ត្រីរូបនោះទៅតវ៉ាទាមទារឱ្យដោះលែងសាច់ញាតិដែលជាអតីតសកម្មជនបក្សសង្គ្រោះជាតិ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ (REUTERS/Chantha Lach NO RESALES)

ស្ត្រីម្នាក់ត្រូវបានអាជ្ញាធរអូសទាញទៅម្ខាងផ្លូវ នៅពេលដែលស្ត្រីរូបនោះទៅតវ៉ាទាមទារឱ្យដោះលែងសាច់ញាតិដែលជាអតីតសកម្មជនបក្សសង្គ្រោះជាតិ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ (REUTERS/Chantha Lach NO RESALES)


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ទាមទារ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​សមាជិក​ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ ក្រោយពេល​ពួក​គេ​ចេញ​តវ៉ាដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​របស់​ពួក​គេ។

ក្នុង​សេចក្ដីថ្លែង​ការណ៍​ចេញ​នៅ​ថ្ងៃនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ឬ Human Rights Watch លើកឡើង​ថា ក្រុម​ភរិយានិង​សាច់ញាតិ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​ ជុំវិញ​ការ​ចោទ​ថា «រួមគំនិតក្បត់» និង​ «ញុះញង់» បាន​ចេញ​តវ៉ា​ជាបន្តបន្ទាប់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែការ​តវ៉ា​របស់​ពួក​គេ​ត្រូវ​បាន​រារាំងនិង​បំបែក​ទាំង​បង្ខំ​ពីសំណាក់​កងកម្លាំង​សន្តិសុខ​ខណ្ឌ៧មករា។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ បាន​រៀបរាប់​ថា នៅ​ថ្ងៃទី២៤ ខែកក្កដា​ កងកម្លាំង​សន្តិសុខ​ខណ្ឌ៧មករា ក៏បាន​រារាំង បំបែក​រុញច្រាន និង​អូស​ពួក​គេ​កាត់​ផ្លូវ ខណៈ​ពួក​គេ​នាំគ្នា​ព្យាយាម​ទៅ​ឈរ​តវ៉ា​នៅ​ជាប់​របង​សាលាដំបូង​រាជ​ធានី​ភ្នំពេញ។ 

ដោយឡែក​ នៅ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរ​ខណ្ឌ៧មករាក៏បាន​ចាប់​អូស​អ្នកស្រី សាត ផា ដែល​ត្រូវជា​ប្អូន​ជីដូនមួយ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហេង ចន្ទ​សុធី យក​ទៅ​ប៉ុស្តិ៍ ដើម្បី​សាកសួរនិង​ឱ្យ​ចុះ​កិច្ចសន្យាដែល​តម្រូវ​ឱ្យ​បញ្ឈប់​ការ​ដើរ​តវ៉ា​បន្ត​ទៀត មុននឹង​អ្នកស្រី​ត្រូវ​ដោះលែង​វិញ។

បើ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃទី១៩ ខែមិថុនា​មក សមាជិក​ក្រុម​គ្រួសារនិង​សាច់ញាតិសកម្មជន​បក្ស​ប្រឆាំងដែល​ទៅ​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ធ្វើទុក្ខ​បុកម្នេញ​ពួក​គេ​ចំនួន៧ថ្ងៃ​ជាប់​ៗគ្នា ដោយ​កងកម្លាំង​សន្តិសុខ​ខណ្ឌ៧មករា បាន​រារាំង ​ចាប់ ​និង​រុញ​ក្រុម​អ្នក​តវ៉ា​ទៅ​នឹង​ដី ដើម្បីមិន​ឱ្យ​ពួក​គេ​ទៅដល់​មុខ​និង​ជាប់​របង​តុលាការក្រុង។

នាយករង​អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​ប្រចាំ​អាស៊ី លោក ហ្វីល រ៉ូបឺ​តសុន (Phil Robertson​) បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែង​ការណ៍​នោះ​ថា វិធានការ​របស់​អាជ្ញាធរ គឺជា​ការរំលោភ​បំពាន​សិទ្ធិមនុស្ស។

លោក ហ្វីល រ៉ូបឺ​តសុន៖ «វីដេអូ​នគរបាល​ចាប់​អូស​ក្រុម​អ្នក​តវ៉ា​ដោយសន្តិវិធី​នៅ​លើ​ផ្លូវនិង​ចាប់​ពួក​គេ​ញាត់​បញ្ចូល​ក្នុង​រថយន្ត បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​ជាស​កល​អំពី​ការរំលោភ​បំពាន​ដោយ​នគរបាល​នៅ​កម្ពុជា។ អាជ្ញាធរ​គួរតែ​បញ្ឈប់​បន្ទាន់​នូវ​តាក់​ទិ​កហិង្សា​ប្រឆាំង​ក្រុម​បាតុករ​សន្តិវិធី និង​គោរព​សិទ្ធិ​ប្រមូលផ្ដុំនិង​បញ្ចេញមតិ​ដោយសេរី»។

ស្នងការ​នគរបាល​ក្រុងភ្នំពេញ លោក ស ថេត បាន​បដិសេធ​ថា អាជ្ញាធរ​មិនបាន​រុញច្រាននិង​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​នោះ​ទេ។ 

លោក ស ថេត ប្រាប់​ថា៖ «មិនបាន​ទៅ​ធ្វើ​ទុក្ខ​បុកម្នេញ រុញច្រាន​នោះ កម្លាំង​សមត្ថ​កិច្ច​មិនបាន​រុញច្រាន​ទេ។ កន្លងទៅ គាត់​បាន​ចូល​ទៅ​បិទ​ច្រក​មិន​ឱ្យ​មន្ត្រី​នៅ​ខាងក្នុង​ចេញ​តើ! សួរ​ទៅ ​វា​ត្រូវ​ទេ​? ហើយ​ទៅ​យំ​ដេក​ននៀល​នៅ​ហ្នឹង! តើ​អាហ្នឹង​ជា​សណ្ដាប់ធ្នាប់​សង្គម​អត់​? យើង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​គាត់​មក​ធ្វើ​អ៊ីចឹង​ទេ។ ការ​រុញច្រាន រូប​ខ្ញុំ​ផ្ទាល់​បាន​ទៅ​អង្គុយ​មើល មិន​មានការ​រុញច្រាន មិន​មានអី​នោះ​ទេ។ គ្រាន់តែ​គាត់​ដើរចូល​មក អាជ្ញាធរ​ហា​មឃាត់​មិន​ឱ្យ​ជួបជុំ​ឈរ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ»។

អ្នកស្រី ព្រំ ចន្ថា គឺជា​ភរិយា​លោក កាក់ កុម្ភា​រ សមាជិក​ជាប់ឆ្នោត​នៃ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ ខែឧសភា ក្រោម​ការចោទប្រកាន់​ថា «រួមគំនិតក្បត់» និង «ញុះញង់»

អ្នកស្រី ចន្ថា បាន​ច្រានចោល​ការ​អះអាង​របស់​លោក ស ថេត ហើយ​អ្នកស្រី​ថា រូប​អ្នកស្រី​ផ្ទាល់​បាន​ឈឺចាប់​ត្រង់​ចង្កេះនិង​ជាំ​ដៃជើង​មិនទាន់​បាត់​ស្នាម​នៅឡើយ ក្រោយពី​ត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌ៧មករា​អូស​កាត់​ផ្លូវនិង​ចាប់​សែង ហើយ​ទម្លាក់​ទៅលើ​ផ្លូវ​កាលពី​ថ្ងៃទី២៤ ខែកក្កដា។

អ្នកស្រី ព្រំ ចន្ថា ប្រាប់​ថា៖ «ខាង​សន្តិសុខ​ខណ្ឌ៧មករា គាត់​មក​ហែក​បដានិង​ចាប់​បដាពួក​ខ្ញុំ អត់ឱ្យពួក​ខ្ញុំ​ស្រែក ​ខ្លាច​ប៉ះពាល់​ការងារ​ធ្វើការ​របស់​តុលាការ ប៉ុន្តែពួក​ខ្ញុំ​ទៅ​នេះមិន​មាន​សម្រែក ហើយក៏​មិន​លើក​បដា សួរ​ថាឱ្យ​ខ្ញុំ​ទៅ​ស្ងាត់ស្ងៀម តើ​ឱ្យ​ខ្ញុំ​ទៅ​ដើម្បី​អី? ហើយ​បាន​រង​ការ​បង្ក្រាប​ពី​ខាង​សន្តិសុខ​ខណ្ឌ៧មករា ដូចជាទាញ​អូស​ទម្លាក់ ព្រោះ​សុទ្ធតែ​ឈឺខ្លួន​ទាំងអស់ ដូចជាអូស​កាត់​ថ្នល់ទទឹង​ផ្លូវ ហើយ​ខ្ញុំ​ជា​ស្រ្តី​ទន់ខ្សោយ»។

អ្នកស្រី ព្រំ ចន្ថា ប្ដេជ្ញា​បន្ត​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​អ្នកស្រី បើ​ទោះបីជា​ប្រឈមមុខនឹង​ការរារាំងនិង​ចាប់​អូសទាញ​ទាំង​បង្ខំ​ពីសំណាក់​ក្រុម​សន្តិសុខ​បែបនេះ​ក្ដី។

ក្រុម​ភរិយានិង​សាច់ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង បាន​ចេញ​តវ៉ា៧លើក​រួចមក​ហើយ​នៅក្នុង​រយៈពេល៧សប្ដាហ៍​កន្លងមក​នេះ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​របស់​ពួក​គេ​សរុប១៧នាក់ ដែល​កំពុង​ស្ថិតនៅ​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន​ជាបន្តបន្ទាប់​នៅ​អំឡុង​ដើមឆ្នាំ​នេះ។

នាយករង​អង្គការ​លី​កាដ​ូ លោក អំ សំអាត ដែល​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស សង្កេតឃើញ​ថា កន្លងមក អាជ្ញាធរ​តែងតែ​រុញច្រាននិង​ប្រើប្រាស់​អំពើ​ហិង្សា​មួយចំនួន​ទៅលើ​ក្រុម​អ្នក​តវ៉ា បើ​ទោះបីជា​ការ​តវ៉ា​របស់​ពួក​គេ​ធ្វើឡើង​ដោយសន្តិវិធី​ក៏ដោយ។

លោក អំ សំអាត ប្រាប់​ថា៖ «បើសិនជា​មើល​មិន​មានអំពើ​ហិង្សា ​គួរតែ​ជួយ​សម្របសម្រួល ដើម្បី​ធ្វើ​ឱ្យ​គាត់​ទាមទារឬសំណូមពរ​ឱ្យ​បាន​ចប់ចុងចប់ដើម មិន​ត្រូវ​ប្រើប្រាស់​អំពើ​ហិង្សា​ណាមួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រូបរាងកាយឬសិទ្ធិ​ពួក​គេ​ទេ ហើយ​បើសិន​ប្រើប្រាស់​អំពើ​ហិង្សា​ណាមួយ​ដោយបង្ខំ អាហ្នឹង​ជា​ករណី​រំលោភសិទ្ធិ​មនុស្ស​ហើយ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles