អង្គការ Human Rights Watch អំពាវនាវឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការប្រើហិង្សាលើក្រុមគ្រួសារអ្នកដែលកំពុងជាប់ឃុំ

កម្ពុជា សង្គម
06/08/2020 – 08:35
ដោយ៖ វណ្ណ សុគន្ធា
RFI

ក្រុមអ្នកតវ៉ាក៏បានដើរដាក់ញាតិសុំការជួយអន្តរាគមន៍ពីសំណាក់ស្ថានទូតបរទេសនានានៅក្នុងទីក្រុងភ្នំពេញ
ក្រុមអ្នកតវ៉ាក៏បានដើរដាក់ញាតិសុំការជួយអន្តរាគមន៍ពីសំណាក់ស្ថានទូតបរទេសនានានៅក្នុងទីក្រុងភ្នំពេញ © អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(Human Rights Watch)

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(Human Rights Watch) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចេញ​មក​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សាច់ញាតិ​សកម្មជន​អតីត​គណក្ស​សង្រ្គោះជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​។ ការ​អំពាវនាវ​នេះ​ គឺ​បន្ទាប់​ពី​អង្គការ​អន្តរជាតិ​នេះ​សង្កេត​ឃើញ​ថា​ អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​លើ​ពួកគេ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ពេល​ដែល​ពួកគេ​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដើម្បី​ឱ្យ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំ​។

តាមរយៈសេចក្តីថ្លែងការណ៍នៅលើវេបសាយរបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)បានលើកឡើងថា អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់នូវការយាយី និងការបំបែកលើក្រុមសមាជិកគ្រួសារដែលបានតវ៉ាទៅនឹងកា​រ​ឃុំខ្លួនសកម្មជនអតីតគណបក្សប្រឆាំងនៅក្នុងពន្ធនាគារ។ លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិ​ទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ប្រចាំតំបន់អាស៊ី បានអះអាងថា អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ជាបន្ទាន់នូវការប្រើហិង្សាប្រឆាំងអ្នកតវ៉ាដោយសន្តិវិធី និង ត្រូវគោរពសិទ្ធិនៃការបញ្ចេញមតិ និង​ការប្រមូលផ្តុំ។

ជាការកត់សម្គាល់ មូលហេតុដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចេញការអំពាវនាវនេះ គឺដោយសារតែអង្គការនេះបានមើលឃើញពីការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកតវ៉ានាពេលកន្លងមក។ ជាក់ស្តែង អង្គការអន្តរជាតិនេះបានលើកយកករណីបង្រ្កាបដោយហិង្សាទៅលើសាច់ញាតិអ្នកជាប់ឃុំម្នាក់ពីសំណាក់ក្រុមសន្តិសុខខណ្ឌ៧មករាកាលពីថ្ងៃទី៣១ ខែកក្កដា។ បើតាមអង្គការ Human Rights Watch ក្រុមសន្តិសុខទាំងនេះបានរារាំងមិនឱ្យក្រុមអ្នកតវ៉ាចូលទៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ហើយបានចាប់ និងផ្តួលពួកគេទៅលើដី។ ក្នុងនោះ អ្នកតវ៉ាដែលជាសាច់ញាតិអ្នកជាប់ឃុំម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅសាលាខណ្ឌ៧មករា ដើម្បីធ្វើកិច្ចសន្យាមុននឹងត្រូវដោះលែងមកវិញ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានហៅការប្រមូលផ្តុំតវ៉ារបស់ក្រុមសាច់ញាតិអ្នកជាប់ឃុំថា ជាសកម្ម​ភាពមិនស្របតាមគោលការណ៍ច្បាប់ ហើយថា ប្រតិបត្តិការរបស់អាជ្ញាធរកម្ពុជាទៅលើពួកគេ គឺជាការអនុវត្តទៅតាមតួនាទី ភារកិច្ច និង បានធ្វើឡើងត្រឹមត្រូវតាមច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះថែមទាំងគូសបញ្ជាក់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)គ្មានសិទ្ធិអីមកបង្គាប់បញ្ជាលើរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តច្បាប់របស់ខ្លួននោះឡើយ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន១៧នាក់កំពុងស្ថិតនៅក្នុងពន្ធនាគារ។ សាច់ញាតិរបស់ពួកគេខ្លះបានទៅប្រមូលផ្តុំ និង តវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃសុក្រ ចាប់តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ ក្រៅពីប្រមូលផ្តុំនៅពីមុខតុលាការ ក្រុមអ្នកតវ៉ាក៏បានដើរដាក់ញាតិសុំការជួយអន្ត​រាគមន៍ពីសំណាក់ស្ថានទូតបរទេសនានានៅក្នុងទីក្រុងភ្នំពេញ និង នៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ៕

What Next?

Recent Articles