អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​បណ្ដាល​ឲ្យ​យុវតី​ម្នាក់​របួស​ជើង ឯ​ម្នាក់​ទៀត​សន្លប់

ដោយ វ៉ែន សុមេធ
2020-08-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កង​សន្តិសុខ​ខណ្ឌ ៧មករា ពាក់​ម៉ាស់ និង​ម្នាក់​បែរ​ខ្នង កំពុង​ព្រួត​ទាត់​ធាក់​យុវតី​ម្នាក់ ដែល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០២០។

កង​សន្តិសុខ​ខណ្ឌ ៧មករា ពាក់​ម៉ាស់ និង​ម្នាក់​បែរ​ខ្នង កំពុង​ព្រួត​ទាត់​ធាក់​យុវតី​ម្នាក់ ដែល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក


អាជ្ញាធរ​ប្រើ​ហិង្សា​លើ ក្រុម​យុវជន​បណ្ដាល​ឲ្យ​​យុវតី​ម្នាក់​របួស​ជើង ម្នាក់​សន្លប់​


អាជ្ញាធរ​ខណ្ឌ​៧​មករា ប្រើ​ហិង្សា​រុញច្រាន វាយ​ទាត់​ធាក់ ក្រុម​អ្នក​តវ៉ា ដែល​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន​ បណ្ដាល​ឲ្យ​យុវតី ​២នាក់ រង​របួស​​ និង​​សន្លប់​។ អាជ្ញាធរ​លើក​ហេតុ​ផល​​ថា ការ​បង្ក្រាប​នេះ ដើម្បី​​រៀបចំ​​សណ្ដាប់ធ្នាប់​សាធារណៈ ​តែអ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ជា​អំពើ​​រំលោភ​​សិទ្ធិ​​​​ពលរដ្ឋ។

អាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ ៧មករា បាន​ព្យាយាម​ព័ទ្ធ និង​ស្ទាត់​ក្រុម​យុវជន មិន​ឲ្យ​ធ្វើ​សកម្មភាព​ស្រែក​​តវ៉ា​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ទាំង​នៅ​ម្ដុំ​តុលាការ​ក្រុង និង​តាម​ដង​ផ្លូវ​​ក្នុង​ក្រុង​ភ្នំពេញ។ អាជ្ញាធរ បាន​ព្យាយាម​ឲ្យ​ក្រុម​អ្នក​តវ៉ា បញ្ឈប់​សកម្មភាព​តវ៉ា​ ច្រើន​លើក​ច្រើន​សារ និង​គំរាម​​ប្រើ​ហិង្សា​បំបែក​ក្រុម​អ្នក​តវ៉ា​ បើ​នៅ​តែ​បន្ត​សកម្មភាព​ទាមទារ​ទៀត​ ដោយ​សំអាង​ថា ខុស​ច្បាប់​បាតុកម្ម និង ​​ខុស​គោល​ការណ៍​​ទប់​ស្កាត់​ការ​រីក​រាល​ដាល់​ជំងឺ​កូវីដ​១៩ (Covid-19)៖ «ឥឡូវ​បំបែក​អត់​ទេឥឡូវ​​ខ្ញុំ​សួរ​រក​លិខិត​អនុញ្ញាត​ពី​សាលា​ក្រុង​ ដែល​បង​ប្អូន​អ្នក​បង្ក​លក្ខណៈ ហែ​ច្រូង​ច្រាង​ដោយ​អត់​ច្បាប់​ហ្នឹង​នេះ។ បង្ក​លក្ខណៈ​បាត់​នូវ​សោភ័ណភាព​ ក៏​ដូច​ជា​សណ្ដាប់​ធ្នាប់​រាជធានី​ភ្នំពេញ។ បើ​អត់​មាន​ត្រូវ​តែ​បំបែក បើ​អត់​បំបែក ខ្ញុំ​​បំបែក​ហើយ»

ទោះ​ជា​រង​ការ​គំរាម​ច្រើន​លើក​ច្រើន​សារ ក៏​ក្រុម​អ្នក​តវ៉ា​ជិត​ ២០នាក់ ដែល​ភាគច្រើន​​ជា​យុវជន​ ​បាន​បន្ត​​ជម្នះ​​ធ្វើ​សកម្មភាព​នេះ​​ទៀត ដោយ​សម្អាង​ថា ​​រដ្ឋធម្មនុញ្ញ​បាន​បើក​សិទ្ធិ​សេរីភាព​​ឲ្យ​ពលរដ្ឋ អាច​ធ្វើ​សកម្មភាព ​តវ៉ា​​ទាមទារ​ដោយ​អហិង្សា​បាន។ ក្រុម​យុវជន​ និង​អាជ្ញាធរ បាន​ឈ្លោះ​​ប្រកែក​គ្នា​​​មួយ​សន្ទុះ​ រួច​ហើយ​​សន្តិសុខ​ខណ្ឌ​ ៧​មករា ដែល​សុទ្ធ​ជា​បុរស​ពេញ​កម្លាំង​​​​ បាន​រុញ​ច្រាន​ក្រុម​អ្នក​តវ៉ា​ ដែល​ភាគ​ច្រើន​គឺ​​ជា​យុវតី​ឲ្យ​ថយ​ក្រោយ​​ ​បណ្ដាល​ឲ្យ​ក្រុម​អ្នក​តវ៉ា​​ម្នាក់​រង​របួស​ជើង ដួល​លើ​ដី ងើប​លែង​រួច និង​ម្នាក់​ទៀត​សន្លប់។

អ្នក​តវ៉ា​ម្នាក់ ដែល​រង​របួស​ជើង​ទាំង​សង​ខាង កញ្ញា សូ មេត្តា អះអាង​ថា ​​អាជ្ញាធរ​ បាន​​រុញ​ច្រាន​ និង​ទាញ​ក្រវាត់​ ពួក​គេ​ឲ្យ​ដួល​លើ​ដី ហើយ​ឆ្លៀត​ពេល​ច្របូក​ច្របល់ បាន​ទាត់​ធាក់ ជាន់​ ក្រុម​អ្នក​តវ៉ា​​ ជា​ច្រើន​ជើង។ កញ្ញា​បញ្ជាក់​ថា ក្រុម​យុវជន​មិន​បាន​តប​ត ចំពោះ​ទង្វើ​ហិង្សា​ របស់​អាជ្ញាធរ​ទេ៖ «រុញ តែ​អា​ជើង​គាត់​ពី​ក្រោម​ហ្នឹង គាត់​​ព្យាយាម​មក​ទាត់​ខ្ញុំ​ ម្ខាង​ ប្រាំ​ ប្រាំមួយ​ជើង ហើយ​ស្បែក​ជើង​ប៉ូល​ អា​ស្រួច​ខ្មៅ ឈឺ​ណាស់។ ទាត់​ម្នាក់ បួន ប្រាំ​ជើង ដល់​ទាត់​ខ្ញុំ​ហើយ គាត់​ធ្វើ​សង្គ្រឺត​ធ្មេញ​ ចង់​ស៊ីសាច់​យើង ហើយ​​ពេល​ទាត់​ខ្ញុំ​ហើយ ដួល​ គាត់​មក​កន្ត្រាក់​អូស​ដៃ​ខ្ញុំ​ទៅ​ហ្មង តែ​គ្នា​ខ្ញុំ គាត់​មក​អូស​ដៃ ខ្ញុំ​ទាន់»

ចំណែក​អ្នក​​តវ៉ា​​ម្នាក់ គឺ កញ្ញា ជា គន្ធីន បាន​រង​របួស​សន្លប់​ នៅ​នឹង​កន្លែង និង​ជាំ​ឆ្អឹង​ជើង ដោយ​សារ​ការ​បង្ក្រាប។ យុវតី​វ័យ​ ១៨​ឆ្នាំ​រូប​នេះ អះអាង​ថា ក្រុម​អ្នក​តវ៉ា​ គ្មាន​កម្លាំង​តប​ត នឹង​ក្រុម​សន្តិសុខ​ខណ្ឌ​៧​មករា​ទេ ហើយ​ កញ្ញា​ រង​របួស​​ជើង និង​សន្លប់ ដោយសារ​ សន្តិសុខ​ខណ្ឌ ៧មករា ចាប់​កញ្ញា​អូស លើ​ដុំ​ថ្ម និង​ទាត់​ធាក់ ​ជា​ច្រើន​ជើង។

កញ្ញា ជា គន្ធីន ហៅ​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា ថា ជា​អំពើ​ឃោរឃៅ ព្រោះ​ខាង​អាជ្ញាធរ​ មិន​ព្រម​និយាយ​វែក​ញែក​ច្បាប់​ ជាមួយ​ក្រុម​អ្នក​តវ៉ា​ទេ តែ​សំអាង​ថា ត្រូវ​តែ​បំបែក​ក្រុម​អ្នក​តវ៉ា តាម​បញ្ជា​ថ្នាក់​លើ​។ យុវតី​រូប​នេះ​ ប្ដេជ្ញា​​​មិន​តក់​ស្លុត​ចំពោះ​ការ​ទាត់​ធាក់​នេះ​ទេ និង​បន្ត​ការ​ទាមទារ​ រក​យុត្តិធម៌ ជូន​ លោក រ៉ុង ឈុន បន្ត​ទៀត៖ «ពេល​ហ្នឹង ខ្ញុំ​ជួយ​បង​មេត្តា ដោយ​សារ​បង​មេត្តា​ ត្រូវ​ជើង។ ពេល​ឃើញ គាត់ ​(អាជ្ញាធរទាត់ ខ្ញុំ​យក​ជើង​ខ្ញុំ ទៅ​រាំង គាត់​ទាត់​ខ្ញុំ​ពីរ​បី​ជើង ហើយ​ចាប់​ទាញ ចាប់​អូស។ ចាប់​ទាញ​ដៃ​ខ្ញុំ ហើយ​អូស​មក​ទង្គិច​លើ​ផ្លូវ លើ​ថ្នល់ កន្លែង​ម៉ូតូ​គេ​ជិះ​ហ្នឹង ហើយ​ត្រកៀត​របស់​ខ្ញុំ​ហ្នឹង ក៏​ត្រូវ​ជាមួយ​នឹង​ដុំ​ថ្ម ក៏​គ្រេច​ទៅ។ ពេល​ហ្នឹង វា​អត់​ទាន់​ឈឺ​អ្វី​ប៉ុន្មាន​ទេ ក៏​ខ្ញុំ​ដើរ​មក​ យក​ស្បែក​ជើង យក​អ្វី ហើយ​ថា អាជ្ញាធរ​ធ្វើ​បាប​ស្ត្រី អ្វី​អ៊ីចឹង។ ពេល​ហ្នឹង ក៏​ទន់​ដៃ​ទន់​ជើង សន្លប់​​ទៅ​តែ​ម្ដង។ វា​ថប់​ដង្ហើម​ ហើយ​ដឹង​ខ្លួន ពេល​ដែល​មីង​ យក​ប្រេង​កូឡា យក​អ្វី មក​រឹត»

ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​នេះ អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន តែ​ក្រុម​មន្ត្រី​ទាំង​នេះ​មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី៥ សីហា។

នាយក​រង​​អង្គការ​លីកាដូ ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ លោក អំ សំអាត សោកស្ដាយ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ ជា​បន្ត​បន្ទាប់​ លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ជំរុញ​ ឲ្យ​អាជ្ញាធរ​ គួរ​​តែ​សម្រប​សម្រួល​​ រក​ដំណោះ​ស្រាយ​ ឲ្យ​ក្រុម​អ្នក​តវ៉ា ទើប​ជា​រឿង​ប្រសើរ៖ «ហើយ​បើ​សិន​ជា​ បាតុកម្ម ឬ​ក៏​តវ៉ា​ដោយ​សន្តិវិធី មើល​ទៅ​មិន​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ ឬ​ក៏​សិទ្ធិ​បុគ្គល​ណា​ទេ អា​ហ្នឹង វា​គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា អនុញ្ញាត​ទៅ ព្រោះ​នៅ​ក្នុង​ច្បាប់​បាតុកម្ម ស្ដីពី​​សន្តិវិធី បើ​ទោះ​ជា​និយាយ​អំពី​​ការ​ជូន​ដំណឹង​មែន ក៏​ប៉ុន្តែ​បើ​បាតុកម្ម ឬ​ក៏​ការ​តវ៉ា​ហ្នឹង ​ធ្វើ​ដោយ​មិន​បាន​ជូន​ដំណឹង​​​ តែ​បើ​សិន​ថា អាជ្ញាធរ​យល់​ថា មិន​មាន​អំពើ​ហិង្សា​ទេ គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា​មួយ ដែល​មាន​ការ​ទទួល​យក​បាន»

ក្រោយ​រង​អំពើ​ហិង្សា​ ក្រុម​អ្នក​តវ៉ា បាន​រំសាយ​ការ​តវ៉ា តាម​ដង​ផ្លូវ នៅ​ម្ដុំ​​តុលាការ​ក្រុង​ ហើយ​​ពួកគេ​បាន​ដឹក​​យុវតី ២នាក់ ដែល​រង​របួស​ ទៅ​អង្គការ​លីកាដូ ដើម្បី​​សុំ​ពឹង​ពាក់​ ឲ្យ​គ្រូពេទ្យ​​ប្រចាំ​អង្គការ​លីកាដូ ជួយ​ព្យាបាល​។ ក្រុម​យុវជន ក៏​បាន​បន្ត​ដំណើរ​ ទៅ​តវ៉ា នៅ​មុខ​វត្ត​បទុមវតី​ បន្ត​ទៀត នៅ​ពេល​រសៀល ដើម្បី​ទាមទារ​សុំ ​ជួប​ព្រះ​សង្ឃ​ច្រើន​អង្គ ដែល​ត្រូវ​អាជ្ញាធរ​​​ឃាត់​ខ្លួន ដោយសារ​ចូល​រួម​ តវ៉ា​ទាមទារ​ដោះ​លែង​លោក រ៉ុង ឈុន នៅ​មុខ​តុលាការ។

ចំណែក​ដំណើរ​ការ​​ សំណុំ​រឿង​ក្ដី​របស់​លោក រ៉ុង ឈុន តាម​ផ្លូវ​តុលាការ​វិញ ក្រុម​មេធាវី​ កំពុង​បន្ត​នីតិវិធី​ ប្ដឹង​សុំ​ឲ្យ​កូន​ក្ដី បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា ក្រុម​មេធាវី បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ នៅ​ថ្ងៃ​ទី៥ សីហា ដើម្បី​ស្នើសុំ​ឲ្យ​ លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​បណ្ដាល​ឲ្យ​យុវតី​ម្នាក់​របួស​ជើង ឯ​ម្នាក់​ទៀត​សន្លប់"

  1. Anonymous says:

    I believe in that crack down must be SO SOCHEATH is also there . identity is what I need I can make what you call PEAL SEE PEAL

  2. Sosocheath says:

    កូនមីសំផឹង វ៉ៃប៉ុណ្ណឹងស្រាលពេលហេីយ
    អាកូនមីកាដួយអាយះស្ញេញអ្ហែងស្រែកស្អី ?
    អាកូនមីកាដួយស្អុយអ្ហែងដឹងទេថា ទង្វេី
    របស់វា បេីមិនបង្ក្រាប នាំឲ្យមានការយល់ច្រឡំ
    ហេីយនាំទុក្ខសោកដល់ប្រជាជរាប់លាននាក់
    យ៉ាងទេកីនមីកាដដួយអាយះ ?