រាជ​រដ្ឋា​ភិបាល​អនុញ្ញាត​​ឱ្យ​បើក​​ដំណើរ​ការ​​រោង​កុន​និង​​រោង​​សម្តែង​​សិល្បៈ​​ឡើង​វិញ​​

កម្សាន្ត | កូរ៉ូណាវីរុស | ព័ត៌មានជាតិ
ពេជ្រ សុធារី |០៧ សីហា ២០២០ |ម៉ោង ០៩:៣៦
VOD

ទិដ្ឋភាពនៅរោងភាពយន្ត Major Cineplex ដែលទើបតែចាប់ដំណើរការឡើងវិញនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

ទិដ្ឋភាពនៅរោងភាពយន្ត Major Cineplex ដែលទើបតែចាប់ដំណើរការឡើងវិញនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)


រាជរដ្ឋាភិបាលបានសម្រេច​ឱ្យ​បើក​ដំណើរការ​រោងកុននិង​រោង​សម្តែង​សិល្បៈ​ឡើងវិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​សុវត្ថិភាព​នៃ​គោលការណ៍​ស្តង់​ដារ​ប្រតិបត្តិ​ការការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩។

យោង​តាម​ សេចក្តី​ជូន​ព័ត៌មាន​ របស់ក្រ​សួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍នេះ បាន​លើកឡើង​ថា ការអនុញ្ញាត​ឱ្យបើក​ដំណើរការ​ឡើងវិញ គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ចនិង​ជា​ការ​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សិល្បករ-សិល្ប​ការិនី ផលិតករ អាជីវករ ម្ចាស់​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ ក្នុង​បុព្វហេតុ​អភិរក្សនិង​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ។ 

ក្រសួង​បាន​បន្ត​ថា៖ «សិល្បករ-សិល្ប​ការិនី ព្រមទាំង​ផលិតករ អាជីវកម្ម ម្ចាស់​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ ដែល​មានបំណង​បើក​ដំណើរការ​រោងភាពយន្តនិង​រោង​សម្តែង​សិល្បៈ​ឡើងវិញ ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​នៅ​នាយកដ្ឋាន​សិល្បៈ​ភាពយន្តនិង​ផ្សព្វផ្សាយ​ នៃ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ»

តែ​យ៉ាងណា ក្រសួង​បាន​តម្រូវឱ្យរោងភាពយន្តនិង​រោង​សម្តែង​សិល្បៈ​ទាំងអស់ ត្រូវ​អនុវត្ត​លក្ខខណ្ឌ​មួយចំនួន ដោយ​ត្រូវ​ដាក់ពាក្យ​ស្នើសុំ​និង​ចុះ​អនុស្សរ​ណៈ​យោគយល់​ជាមួយ​ក្រសួង ដើម្បី​ធានា​ថា ការអនុវត្ត​នូវ​គោលការណ៍​ស្តង់​ដារ​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវនិង​ត្រូវ​រៀបចំខ្លួន​រួចរាល់ក្នុង​ការអនុវត្ត​តាម​លក្ខខណ្ឌ​សុវត្ថិភាព ដូច​មាន​ចែង​ក្នុង​គោលការណ៍​ស្តង់​ដារ​ប្រតិបត្តិ​ការការពារ​ការ​ចម្លង​វីរុស​កូ​វីដ១៩។

ក្រសួង​បាន​បន្ថែម​ថា ចំពោះ​ការ​បើក​ដំណើរការ​រោងភាពយន្តនិង​រោង​សម្តែង​សិល្បៈ​ឡើងវិញ ត្រូវ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្តដោយ​ការទទួលខុសត្រូវ​ខ្ពស់និង​ចូលរួម​សហការ​ពេញលេញ​ជាមួយ​ក្រុមការងារ​ចម្រុះ​របស់ក្រ​សួង​វប្បធម៌និង​ក្រសួងសុខាភិបាល។

កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានសម្រេច​ឱ្យផ្អាក​ដំណើរការ​រោងភាពយន្តនិង​រោង​សម្តែង​សិល្បៈ​នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "រាជ​រដ្ឋា​ភិបាល​អនុញ្ញាត​​ឱ្យ​បើក​​ដំណើរ​ការ​​រោង​កុន​និង​​រោង​​សម្តែង​​សិល្បៈ​​ឡើង​វិញ​​"

  1. Anonymous says:

    THERE IS NO WHAT THEY SAID GOVERNMENT IN CAMBODIA