កម្ពុជា ​ផ្អាក​ជើង​ហោះ​ហើរ​ពី​ប្រទេស​​ហ្វីលីពីន​​ជា​​បណ្តោះ​អាសន្ន​​ដើម្បីការ​​ពារ​​​​​ជំងឺកូវីដ១៩

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
ពេជ្រ សុធារី | ១១ សីហា ២០២០ |ម៉ោង ១២:៥២
VOD

ព្រលានយន្តហោះ

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


ក្រសួងសុខាភិបាល បាន​ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ផ្អាកជា​បណ្តោះអាសន្ននូវជើងហោះ​ហើរ​ពីប្រទេស​ហ្វីលីពីនមួយ​រយៈ ចាប់ពីថ្ងៃទី១៣ ខែសីហានេះតទៅ ដើម្បីការ​ពារការឆ្លងរាលដាលជំងឺកូវីដ១៩។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ម៉ម ប៊ុនហេង បាន​ចេញ សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃ​នេះ​ថា ការ​ផ្អាក​ជើ​ងហើរ​ពីប្រទេស​ហ្វីលីពីននេះ បាន​ធ្វើ​ឡើង​បន្ទាប់ពីមានចំណារយល់ព្រម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្តីប្រកាសព័ត៌មាន បាន​លើកហេតុ​ផលថា ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃចុង​ក្រោយ​នេះ ក្រសួង​កត់សម្គាល់​ឃើញថា អត្រាអ្នក​​ឆ្លងជំងឺ​​កូវីដ​១៩បានហក់ឡើងយ៉ាងគំហុកនៅប្រទេស​ហ្វីលីពីន ដែលធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ មានអត្រា​អ្នក​ឆ្លង​ខ្ពស់ជាង​គេ​បំផុត​ក្នុង​បណ្តាប្រទេស​សមាជិក​អាស៊ាន។

សេចក្តីប្រកាសព័ត៌មាន បន្តថា កាលពីថ្ងៃទី០៨ខែសីហា ជើង​ហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមាន​អ្នកដំណើរ​សុរបចំនួន ១១៩នាក់ ត្រូវ​បាន​ធ្វើតេស្តរកឃើញអ្នកឆ្លងជំងឺ​កូវីដ​១៩​រហូតដល់​១៣នាក់ ដែលកត្តាទាំងនេះជាក្តីបារម្ភមួយរបស់​កម្ពុជា ដែលឈាន​ដល់ការ​ផ្អាក​ជើង​ហោះហើរ​ជាបណ្តោះអាសន្នពីប្រទេស​ហ្វីលីពីន។

ក្រសួងបានបញ្ជាក់ថា៖ «ដើម្បីសុវត្ថិភាព និង​សុខមាលភាព​បងប្អូនប្រជាជន​កម្ពុជា ក៏ដូច​ជា​ប្រទេស​កម្ពុជាទាំង​មូល គណៈកម្មការ​អន្តរក្រសួង​ដើម្បីប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ សូមអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំង​អស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការ​ពារ​ខ្លួនជាចាំ​​​​បាច់ ដើម្បីការ​ពារ​កា​រចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យ​មាន​រលកទី២នៃការ​ចម្លងវីរុស​កូវីដ១៩»

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានសម្រេច​ផ្អាកជាបណ្តោះអាសន្ននូវ​ជើង​ហោះហើរ​ពីប្រទេស​ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០តទៅ​ផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

បើតាមក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ១១ ខែសីហា ឆ្នាំ២០២០នេះ មាន​មនុស្ស​ចំនួន ២៦៦នាក់​ហើយ ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ-១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២២០នាក់ ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នកសម្រាក​កំពុង​​ព្យាបាលនៅក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​ និង​ឯកជន​ចំនួន ៤៦នាក់​​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles