ពលរដ្ឋ​​មាន​​បញ្ហា​​ដី​ធ្លី​​នៅ​​ខេត្ត​​ត្បូង​ឃ្មុំ​ ស្នើ​​ក្រសួង​​យុត្តិ​ធម៌​​អន្តរា​គមន៍​​ដោះ​លែង​​តំណាង​​ខ្លួន​

បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ |១១ សីហា ២០២០ |ម៉ោង ១២:០៦
VOD

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលមកតវ៉ានៅក្រសួងយុត្តិធម៌ ថ្លែងប្រាប់ដល់អ្នកកាសែតពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីនៅសហគមន៍ពួកគេក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលមកតវ៉ានៅក្រសួងយុត្តិធម៌ ថ្លែងប្រាប់ដល់អ្នកកាសែតពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីនៅសហគមន៍ពួកគេក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


​ប្រជាពលរដ្ឋ​ប្រមាណ៣០នាក់នៅ​ស្រុក​តំបែរ ​ខេត្ត​ត្បូងឃ្មុំ បាន​នាំគ្នា​ប្រមូល​ផ្តុំ​នៅមុខ​ក្រសួង​យុត្តិធម៌នៅ​ថ្ងៃនេះ ដើម្បី​ស្នើ​ក្រសួង​ជួយ​អន្តរាគមន៍​ឱ្យ​មានការ​ដោះលែង​តំណាង​ពួក​គាត់ ដែល​ត្រូវ​បាន​តុលាការខេត្ត​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន។

ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ប្រជាពលរដ្ឋ​ប្រមាណ៣០នាក់នៅ​ស្រុក​តំបែរ ​ខេត្ត​ត្បូងឃ្មុំ បាន​នាំគ្នា​ប្រមូល​ផ្តុំ​នៅមុខ​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើ​ក្រសួង​ជួយ​អន្តរាគមន៍ករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន។ (ហ៊ី ឆាយ)

លោក ថា លីដា អះអាង​ជា​តំណាង​ពលរដ្ឋ​សហគមន៍​ស្រែប្រាំង​ជិត១០០គ្រួសារ បាន​ប្រាប់​វី​អូ​ឌី​ថា ពួក​គាត់​មាន​បញ្ហា​ដី​ធ្្លី​ជាមួយ​ក្រុមហ៊ុន​ចិន Harmony Investment ជិត១០ឆ្នាំ​ហើយ ហើយ​អំឡុង​ពេល​មាន​ជម្លោះ​នេះ ខាង​ក្រុមហ៊ុន​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​ខេត្ត រហូតដល់​មានការ​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​ជាបន្តបន្ទាប់។ 

លោក​បន្ត​ថា កន្លងមក ពួក​គាត់​ក៏បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ដោះស្រាយ​រឿង​ដីធ្លីនិង​ដោះលែង​តំណាង​ពួក​គាត់​ដែរ ប៉ុន្តែ​មកដល់ពេលនេះ​ពុំ​មាន​លទ្ធផល​នៅឡើយ ទើប​ពួក​គាត់​មក​ដាក់​ញត្តិ​ជាថ្មី ដើម្បី​ស្នើ​ឱ្យក្រសួង​យុត្តិធម៌ជួយ​អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្តទម្លាក់​ចោលការ​ចោទប្រកាន់​ទៅលើ​តំណាង​របស់​ពួក​គាត់។

ក្រុម​ពលរដ្ឋ​ដែល​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​នេះ ស្ថិត​ក្នុងចំណោម​ពលរដ្ឋ​ប្រមាណ២០០គ្រួសារ នៅ​សហគមន៍​ស្រែប្រាំងនិង​បុស្ស​ស្នោ ក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន Harmony Investment តាំងពី​ឆ្នាំ២០១២មក លើ​ទំហំដី​ជាង១២០០ហិ​កតា។

បើ​តាម​ក្រុម​ប្រជាពលរដ្ឋ លោ​ក សែម សាង និង​លោ​ក ផុន ឈឿន ជា​តំណាង​ពលរដ្ឋ ត្រូវ​តុលាការខេត្ត​ត្បូងឃ្មុំសម្រេច​ផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ៧ឆ្នាំកាលពីដើម​ខែមិថុនា ក្រោម​បទ​ចោទ​ថា បាន​កំហែង​យក​ដោយមាន​អាវុធ ទៅ​តាម​បណ្តឹង​ក្រុមហ៊ុន ខណៈ​លោក ហឿន ស៊ី​នាថ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តកាលពី​ថ្ងៃទី៤ ខែសីហា​នេះ ទៅតាម​ដីកា​តុលាការពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា បាន​ដឹកនាំ​ពលរដ្ឋ​តវ៉ា​និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន។

វី​អូ​ឌី នៅ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌និង​តំណាង​ក្រុមហ៊ុន Harmony Investment បាន​នៅឡើយ​ទេ​នៅ​ព្រឹក​នេះ។

ប៉ុន្តែអភិបាលស្រុក​តំបែរ លោក សុខ សារិ​ទ្ធ បាន​ឱ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា បញ្ហា​ដីធ្លី​នៅក្នុង​ឃុំ​ត្រពាំងព្រីង​នេះ គឺ​បាន​ដោះស្រាយ​រួច​យូរហើយ ព្រមទាំង​បាន​កំណត់​យ៉ាង​ច្បាស់​ថា ដី​កន្លែងណា​ជា​ដី​កាន់កាប់​ដោយក្រុម​ហ៊ុននិង​ដី​កន្លែងណា​ជា​ដី​របស់​ប្រជាពលរដ្ឋ។ 

កាលពី​ខែកក្កដា ឆ្នាំ២០១៩ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បដិសេធមិន​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​នេះ​ទេ ដោយ​លើក​ហេតុផល​ថា ទីតាំង​ដី​ក្នុង​ភូមិ​បុស្ស​ស្នោនិង​ភូមិ​ស្រែប្រាំង​នេះ ប្រជាពលរដ្ឋ​បាន​លក់​ឱ្យ​ក្រុមហ៊ុន Harmony Investment តាំងពី​ឆ្នាំ២០១១មក​ម៉្លេះ ហើយ​ក្រសួង​បាន​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​រួចរាល់​ហើយ​ដែរ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles