លោក​ ផៃ​ ស៊ី​​ផាន​៖​ រដ្ឋា​ភិបាល​​នឹង​​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​​លើ​​អ្នក​បង្កើត​​ចលា​ចល​​រឿង​​ព្រំ​ដែន​

ជម្លោះព្រំដែន | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក ញឹម សុខន | ១១ សីហា ២០២០ |ម៉ោង ១៦:២៤
VOD

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


​មន្ត្រី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបាន​លើកឡើង​ថា រដ្ឋាភិបាលនឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​តវ៉ា​រឿង​បោះបង្គោល​ព្រំដែនដែល​បង្ក​ឱ្យមាន​ចលាចល​ក្នុង​សង្គម ក្រោយពី​គណបក្ស​មួយ​បាន​ចុះទៅ​ពិនិត្យ​បង្គោលព្រំ​ដែន​រវាង​កម្ពុជា​-វៀតណាម​ដែល​បោះ​រួច។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃអង្គារ​នេះ​ថា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​រួចហើយ​ថា ការ​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជានិង​វៀតណាម ជា​ការងារ​បច្ចេកទេស​កម្រិតខ្ពស់តាម​ផែនទី​ផ្លូវ​ការបោន​ខ្នាត «១លើ១០០ពាន់» ស្របតាម​មាត្រា២នៃ​រដ្ឋធម្មនុញ្ញ ដែល​ធានា​បាន​នូវ​បូរណភាពទឹកដី​កម្ពុជា ដោយ​មិន​ឱ្យ​មានការ​បាត់បង់​ទឹកដី​ទៅលើ​វៀតណាម ដូច​ការចោទប្រកាន់​របស់​មនុស្ស​មួយ​ក្រុម​តូច​នោះ​ឡើយ។

លោក​បន្ត​ថា ចំពោះ​ការ​សន្និដ្ឋាន​របស់​មនុស្ស​មួយ​ក្រុម​តូច​ដោយ​គ្រាន់តែ​មើល​នឹង​ភ្នែក​ថា ការ​បោះបង្គោល​ព្រំដែនបាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅលើ​វៀតណាម​នោះ គឺ​មិន​អាចយ​កជា​ការបាន​ឡើយ ដែល​ករណីនេះ រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ នឹង​មាន​វិធានការ​ផ្លូវច្បាប់ ដើម្បី​ទប់ស្កាត់​ចលាចល​ក្នុង​សង្គម។

លោក​ថា៖ «សុំ​អធ្យាស្រ័យ​ចំពោះ​ពលរដ្ឋ​ភាគតិចដែល​កំពុង​យកចិត្ត​ទុកដាក់​នៅក្នុង​រឿង​ផែនទី​ដែល​តែង​ជ្រួលច្របល់​ជាមួយ​អ្នក​ដឹកមុខ​ហ្នឹង គឺ​[ទង្វើ​នេះ​]មិន​ត្រឹមត្រូវ​ទេ រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមច្បាប់ មិន​ឱ្យមាន​ភាព​វឹកវរ​នាំ​ឱ្យ​ចលាចល​ប៉ះពាល់​ដល់​ការរស់នៅ​ប្រកបដោយ​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​យើង​ឡើយ»

ការព្រមាន​នេះបាន​ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​គណបក្ស​ខ្មែរ​ឈ្នះ ដែល​ដឹកនាំ​ដោយ​លោក សួង សុភ័​ណ្ឌ បាន​ចុះទៅ​ពិនិត្យ​ស្ថានភាព​នៃ​ការ​បោះបង្គោលព្រំ​ដែន​រវាង​កម្ពុជា​និង​វៀតណាម នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាទី​តាំង​ដែល​លោ​ក រ៉ុង ឈុន បាន​លើកឡើង​ពីរ​បាយ​ការណ៍​បាន​មក​ពី​ពលរដ្ឋ ដែល​ថា​ មានការ​បាត់បង់​ទឹកដី​កម្ពុជា​ទៅលើ​វៀតណាម រហូតដល់​មានការ​ចាប់ខ្លួន រូបលោកនិង​ការចោទប្រកាន់​នៅ​តុលាការ។

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ និយាយ​ថា ការ​ទៅដល់​ព្រំដែនជា​ការស្វែងរក​ការពិត ដើម្បី​រួមចំណែក​ការពារ​បូរណភាពទឹកដី គ្មាន​បំណង​បង្កចលាចល​សង្គម​ទេ។

លោក​ថា៖ «ក្នុងនាម​ខ្ញុំ​ជា​អ្នកនយោបាយ បើ​បាត់​ទឹកដី ​វា​ជា​កំហុស​របស់ខ្ញុំ។ […] គ្មាន​ប្រទេស​ណាមួយ​នៅ​លើ​ពិភពលោក​ហាមឃាត់​ប្រជាពលរដ្ឋនិង​អ្នកនយោបាយ​មិន​ឱ្យ​គិតគូរ​រឿង​ព្រំដែន អាហ្នឹង​ទី១ មិន​ឱ្យទៅ​មើល​ព្រំដែន​ រឿងទី២ មិន​ឱ្យនិយាយ​រឿង​ព្រំដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន មិនដែល​មាន​ទេ​លើ​លោក​នេះ»

កាលពី​ថ្ងៃទី៥ ខែសីហា គណបក្ស​នេះក៏បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ធ្វើបាតុកម្មនៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​ឱ្យ​មានការ​ដោះលែង​អ្នកឃ្លាំមើល​ព្រំដែន លោក រ៉ុង ឈុន។ ប៉ុន្តែ​បើ​តាមលោក សួង សុភ័​ណ្ឌ គម្រោង​ធ្វើបាតុកម្ម​នោះត្រូវ​បាន​ផ្អាក​វិញ ដោយសារ​រដ្ឋបាល​រាជធានី​ភ្នំពេញមិន​អនុញ្ញាត។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា ប្រាប់​វី​អូ​ឌីកា​លពី​សប្តាហ៍​មុន​ថា ខ្សែបន្ទាត់​ព្រំដែន​ជា​អាយុជីវិត​ជាតិ ដែល​រដ្ឋាភិបាល​ត្រូវ​ពន្យល់​ពលរដ្ឋ​ឱ្យយល់ដឹង ដើម្បី​កុំឱ្យ​បញ្ហា​នេះ​ក្លាយជា​ជម្លោះ​ប្រវត្តិសាស្ត្រ​ដល់​ក្មេង​ជំនាន់​ក្រោយ។

លោក ឯម សុវណ្ណ​រ៉ា ប្រាប់​ថា៖ «រឿង​កិច្ចការ​ជាតិ​យើង​ [រដ្ឋាភិបាល​] មិន​អាច​លាក់បាំង​បានទេ។បើ​យើង​លាក់បាំង​ថ្ងៃ​ហ្នឹង ថ្ងៃខាងមុខ​យើង​លាក់​ម៉េច​បាន វា​ចៀស​មិន​ផុត​ពី​ការ​បើក​កកាយ​ឱ្យ​ស្របច្បាប់​ទេ ​ព្រោះ​ជា​កិច្ច​ព្រមព្រៀង​នៃ​ប្រទេស​ពីរ អ៊ីចឹង​ពលរដ្ឋ​គាត់​ត្រូវតែ​ចង់​ដឹង​ហើយ​ ព្រោះ​គាត់​ជា​ម្ចាស់​អំណាច»។

គួរ​បញ្ជាក់​ថា កម្ពុជា​-វៀតណាម មាន​ព្រំប្រទល់​ដីគោក​ប្រវែង១២៧០គីឡូ​ម៉ែ​ត ដោយ​បច្ចុប្បន្ន​បោះបង្គោល​បាន៨៤ភាគរយ នៅ​សស់១៦ភាគរយ​ទៀត​មិនទាន់​ឯកភាព​គ្នា​នៅឡើយ ដោយ​ភាគី​ទាំងពីរ​រង់ចាំ​ការ​គូរ​ចម្លង​ផែនទីពី​ភាគី​បារាំងពី​ខ្នាត «១លើ១០០ពាន់» មក​ខ្នាត «១លើ៥០ពាន់» វិញ​៕


ក្រុ​ម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ជំរុញ​រដ្ឋា​ភិបាល​ឱ្យ​ពង្រឹង​កង​កម្លាំង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​

ក្រុ​មប្រឹក្សាឃ្លាំមើលកម្ពុជាជំរុញឱ្យរដ្ឋាភិបាលពង្រឹងកងកម្លាំងការពារតាមខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឱ្យកម្លាំងអាជ្ញាធរប្រទេសជិតខាងចូលមកក្នុងដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជា។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក​ ផៃ​ ស៊ី​​ផាន​៖​ រដ្ឋា​ភិបាល​​នឹង​​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​​លើ​​អ្នក​បង្កើត​​ចលា​ចល​​រឿង​​ព្រំ​ដែន​"

  1. Anonymous says:

    This guy is just another vietnamese who pretends to be Cambodian.

  2. Anonymous says:

    the VEIT’s dog indeed