លោ​ក ស ខេង ថា​​ក្រសួង​​កំពុង​​ស៊ើប​​លើ​​បណ្តឹង​​បៀត​បៀន​​កេរ្តិ៍​​ខ្មាស​​ប្រឆាំង​​ស្នង​ការ​​ខេត្ត​កំពង់ធំ

ព័ត៌មានជាតិ | អភិបាលកិច្ច
លោក វណ្ណ វិចារ | ១១ សីហា ២០២០ |ម៉ោង ១៨:២៣
VOD

ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ ចំណុះ​ឱ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបល្ល័ង្ក នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ (ស្នងការ​ដ្ឋាន​នគរបាល ខេត្តកំពង់ធំ​)

ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ ចំណុះ​ឱ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបល្ល័ង្ក នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ (ស្នងការ​ដ្ឋាន​នគរបាល ខេត្តកំពង់ធំ​)


​ក្រសួងមហាផ្ទៃកំពុងធ្វើការ​ស៊ើបអង្កេត​លើ​បណ្តឹ​ងរ​បស់​មន្ត្រី​នគរបាល​ជា​ស្ត្រីជា​ច្រើន​នាក់ ដែល​ចោទ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ថា​បៀតបៀន​កេរ្តិ៍​ខ្មាស​ទៅលើ​ពួក​គេ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង នៅ​ព្រឹក​ថ្ងៃទី១១ ខែសីហា បាន​ថ្លែង​ថា អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿ​ន និង​អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ជា​អ្នកទទួល​ភារៈ​ពិនិត្យមើល​លើ​បណ្ដឹង​បកអាក្រាត​រឿងអាស្រូវ​របស់​ស្នងការ​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល។

ការ​ថ្លែង​បែបនេះ​របស់​លោក ស ខេង គឺ​ធ្វើឡើង​ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត​ដែល​សួរ​ពី​ពាក្យបណ្ដឹង​មួយ​ច្បាប់​រៀបរាប់​ពី​ដំណើរ​រឿង​ស្ត្រី​មន្ត្រី​នគរបាល​មួយចំនួន​នៅ​ខេត្តកំពង់ធំ ​ត្រូវ​បានស្នងការ​នគរបាល​ខេត្ត លោក អ៊ុ​ក កុសល បំពាន​ផ្លូវភេទ។ លិខិត​នោះបាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃជួយ​រក​យុត្តិធម៌​ដល់​ពួក​គេ។

លោក ស ខេង មានប្រសាសន៍​ថា៖ «មកទល់​ពេលនេះ ខ្ញុំ​មិនទាន់​សម្រេច​ដោះស្រាយ​យ៉ាងម៉េច នៅឡើយ​ រង់ចាំ​ក្រុមការងារ​ដើម្បី​ពិនិត្យ។ ក្នុង​ស្នងការ​ហ្នឹង​មាន​បញ្ហា ការពិត​ខ្ញុំបាន​ព្រមាន​ម្ដង​ហើយ ខ្ញុំ​ក៏បាន​សន្យា​ហើយ​ថា​ក្រោយពី​បានព្រមាន​ហើយ​ បើ​មិន​កែប្រែ​ មានតែ​ឈាន​មួយ​ជំហាន​ទៀត គឺ​ការ​ពិន័យ​រដ្ឋបាល​ធ្ងន់ជាង​នេះឬត្រូវ​ដក។ បើ​រក​ឃើញថា​ប៉ះពាល់​ស្ត្រី​មែន នឹង​អនុវត្ត​ច្បាប់ ច្បាប់​ធ្វើ​ម៉េច​ធ្វើ​អីចឹង។»

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ថ្លែងប្រាប់​វី​អូ​ឌី​នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ​ថា ក្រុមការងារកំពុង​ស៊ើបអង្កេត​ករណីនេះ។ 

លោក ឆាយ គឹម​ខឿន បាន​និយាយ​ថា៖ «ដំណើរការ​ស៊ើបអង្កេត​ចាប់ផ្ដើម​ហើយ តែបើ​ចង់​ដឹង​លទ្ធផល​ភ្លាម ឆ្លើយ​មិនទាន់​រួច​ទេ»

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្នង​កា​រន​គរ​បាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល បានទេ គិត​មកដល់​ល្ងាច​ថ្ងៃទី១១ ខែសីហា។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់ក្រ​សួង​លើ​ករណីនេះ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធស៊ើបអង្កេត​ករណីនេះ​ឱ្យ​បាន​ត្រឹមត្រូវនិង​តម្លាភាព។ 

លោក ស៊ឹង សែន​ករុណា បាន​និយាយ​ថា៖ «ល្អ​ដែល​ថ្នាក់ដឹកនាំយកចិត្ត​ទុកដាក់​ពី​ការ​បែកធ្លាយ​អំពើ​ដែល​មិន​ត្រឹមត្រូវ​របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ថ្នាក់ក្រោម​ [ស្នងការ​ដ្ឋាន​នគរបាល​កំ​ពង់ធំ​] ពីព្រោះ​ពួក​គាត់​ភាគច្រើន អ្នក​ដែល​មាន​បញ្ហា​ទាំងអស់​ហ្នឹង គ្មាន​អី​ពឹង​ក្រៅពី​ថ្នាក់លើ​របស់​ខ្លួន​[រដ្ឋមន្ត្រី​] ដើម្បី​ត្រួតពិនិត្យ​លើ​បញ្ហា​ទាំងអស់​ហ្នឹង​ទេ។ បើសិន​រក​ឃើញថា ពិតជា​មាន​ពិត​ដូច​ការចោទប្រកាន់​ទាំងអស់​ហ្នឹង មិន​ត្រឹមតែ​មាន​វិធានការ​តាមផ្លូវ​រដ្ឋបាល​ទេ ត្រូវតែ​អនុវត្ត​ច្បាប់ បើ​រក​ឃើញ​ខុស​ក្រម​ព្រហ្មទណ្ឌ​ ត្រូវ​បញ្ជូន​ទៅ​តុលាការ»

លិខិត​ដែល​បែកធ្លាយ​នោះ រៀបរាប់​ថា លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ អ៊ុ​ក កុសល បាន​បំពាន​ផ្លូវភេទ​លើ​សហការី​របស់​ខ្លួន​ជាច្រើន​នាក់ និង​ប្រើអំណាច​មិន​ឱ្យ​មន្ត្រី​នគរបាល​ទាំងនោះ​រើ​បម្រះទៀតផង។

ទោះជាយ៉ាងណា វី​អូ​ឌីមិន​អាច​ទាក់ទង​ដើមបណ្ដឹង​ទាំងអស់​ដែល​មាន​ក្នុង​លិខិត​នោះ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នៅឡើយ​ទេនៅ​ថ្ងៃនេះ។

លោ​ក អ៊ុ​ក កុសល ធ្លាប់​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដាក់​ពិន័យ​រដ្ឋបាល​ម្ដង​រួចហើយ​កាលពី​ខែមីនា ក្រោម​មូលហេតុខ្វះ​ការ​យកចិត្ត​ទុកដាក់​លើ​ការគ្រប់គ្រងនិង​ដឹកនាំ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles