កម្មករ​​រោង​ចក្រ​​សឺ​ពី​យ៉ា​ រក​​កិច្ច​​អន្តរា​គមន៍​​ពី​​ក្រសួង​ការងារ​​ករណី​​ថៅកែ​​បើក​ប្រាក់​​ឈ្នួល​​យឺត​

ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១២ សីហា ២០២០ |ម៉ោង ១៧:២៨
VOD

កម្មករ-កម្មការិនី​ប្រហែល ៦០០នាក់ បម្រើការងារនៅរោងចក្រ សឺពីយ៉ា (SEPIA) ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាតកាកាប បាននាំតវ៉ាមុខរោងចក្រតាំងថ្ងៃទី២៦ ខែកុម្ភៈ ដើម្បីទាមទារទៅថៅកែឱ្យបើក​ប្រាក់ឈ្នួល និងប្រាប់ឧបត្ថម្ភ​ផ្សេងៗទៀត។ (ឃុត សុគន្ធ)

កម្មករ-កម្មការិនី​ប្រហែល ៦០០នាក់ បម្រើការងារនៅរោងចក្រ សឺពីយ៉ា (SEPIA) ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាតកាកាប បាននាំតវ៉ាមុខរោងចក្រតាំងថ្ងៃទី២៦ ខែកុម្ភៈ ដើម្បីទាមទារទៅថៅកែឱ្យបើក​ប្រាក់ឈ្នួល និងប្រាប់ឧបត្ថម្ភ​ផ្សេងៗទៀត។ (ឃុត សុគន្ធ)


​កម្មករ​-កម្មការិនី​ជាង២០០នាក់ បម្រើការ​ងារ​នៅ​រោងចក្រ​ សឺ​ពី​យ៉ា (SEPIA​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ​នេះ បាន​ស្នើ​ក្រសួង​ជួយ​អន្តរាគមន៍​ដោះស្រាយ​ករណី​ថៅកែ​រោងចក្រ​បើកប្រាក់​ឈ្នួល​យឺតនិង​មិនទាន់​ទូទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គាត់។

កម្មករ​ទាំងនោះបាន​នាំគ្នា​ដើរ​ហែក្បួន​ចេញពី​រោងចក្រ ​ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កាកាប២ ឆ្ពោះទៅ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​សុំ​អន្តរាគមន៍ ក្រោយពី​ភាគី​រោងចក្រ​បើកប្រាក់​ឈ្នួល​ឱ្យកម្មករ​យឺតយ៉ាវ​តាំងពី​ដើមឆ្នាំ២០២០ ក្រោម​ហេតុផល​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ។

កម្មការិនី​ផ្នែក​ត្រួតពិនិត្យ​នៅ​រោងចក្រ​ សឺ​ពី​យ៉ា កញ្ញា មី ឡូត ប្រាប់​វី​អូ​ឌី​ថា រោងចក្រ​នេះ​បាន​អនុវត្ត​បើកប្រាក់​ឈ្នួល​មួយ​ខែ​ម្តង​ឱ្យ​កម្មករ ប៉ុន្តប្រាក់ឈ្នួល​សម្រាប់​ខែកក្កដា ខាង​រោងចក្រ​បាន​បើក​ឱ្យ​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ និង​បាន​ជំពាក់ប្រាក់​ព្យួរការងារ​កម្មករ​រយៈពេល​មួយ​ខែ​កន្លះ ប្រាក់៥ភាគរយ និង​ប្រាក់ដំណាច់​ឆ្នាំ​ថែមទៀត។

កញ្ញា​បាន​និយាយ​ថា៖ «កម្មករ​រោងចក្រមិន​ចង់​តវ៉ា​ទេ ប៉ុន្តែ​ថៅកែ​រោងចក្រ​ហ្នឹង​ធ្វើ​ដាក់​កម្មករ​ជ្រុល​ពេក គាត់​ធ្វើ​អី​ជាន់ឈ្លី​កម្មករ​ពេក គាត់​និយាយ​ភាសា​មក​ថា ឱ្យ​ពួក​យើង​ប្តឹង​ដល់ណា​ប្តឹង​ទៅ»

កម្មការិនី​ផ្នែក​ដេរ អ្នកស្រី បូច សុផល និយាយ​ថា ការដែល​ខាង​រោងចក្រពន្យា​រពេល​ទូទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗនិង​បើកប្រាក់​ឈ្នួល​យឺតយ៉ាវហើយ​មិន​គ្រប់​នេះ បាន​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ច្រើន​ក្នុង​ជីវភាពរស់នៅ ដូចជា​គ្មាន​លុយ​បង់​ធនាគារ ថ្លៃ​ទឹក​ភ្លើង បន្ទប់​ជួល និង​ការ​ហូបចុក​ប្រចាំថ្ងៃ​ជាដើម។

អ្នកស្រី​បន្ត​ថា៖ «ខ្ញុំ​ធ្វើការ​សង្ឃឹមលើ​ប្រាក់ឈ្នួល​ជាង១០០ដុល្លារ​ហ្នឹង ចុះបើ​គាត់​បើកឱ្យបន្តិចបន្តួច​អីចឹង យើង​យក​ទៅ​ធ្វើ​អី​គ្រាន់? កម្មករ​ម្នា​ក់ៗ​សុទ្ធតែ​ជំពាក់​លុយ​ធនាគារ ម្នាក់​មានកូន​ពីរបី​នាក់​ដែល​ចាយ​ប្រចាំ​ពេល​ប្រចាំថ្ងៃ ដោយ​សង្ឃឹម​លុយ​ប៉ុណ្ណឹង ដល់ពេល​អត់មាន​លុយ​ប៉ុណ្ណឹង​ តើ​គ្នា​ធ្វើ​អី​កើត?»

អ្នកនាំ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ប្រាប់​វី​អូ​ឌីតា​មតេ​ឡេ​ក្រាម​(Telegram​) ថា មន្ត្រី​ក្រសួងការងារ​កំពុង​ចុះ​ដោះស្រាយ​បញ្ហា​នេះ​ហើយ។

លោក​បាន​ថ្លែង​ថា៖ «[មន្ត្រី​ក្រសួង​]បាន​ចុះ​ដោះ​ហើយ ហើយ​កំពុងធ្វើការ​ជាមួយ​និយោជក អំពី​មូលហេតុ​ដែល​ខ្វះ​សាច់ប្រាក់​ក្នុង​ការ​បើក​ជូន​កម្មករ ជាពិសេស​ឱ្យ​ថៅកែ​បញ្ជាក់​អំពី​ពេលវេលា​ពិតប្រាកដ​នៃ​ការ​បើកប្រាក់។ បើ​គ្មាន​លទ្ធភាព គឺ​ត្រូវ​ដោះស្រាយ​តាមវិធី​ក្ស័យធនឬក៏​វិធី​ណា គឺ​សុំ​ឱ្យ​និយោជក​បញ្ជាក់​អំពី​ជម្រើសនិង​កាលបរិច្ឆេទ​ច្បាស់លាស់ដែល​មាន​ចែង​នៅក្នុង​ច្បាប់»

ប្រធាន​រដ្ឋបាល​រោងចក្រ សឺ​ពី​យ៉ា លោក គង់ សម្បត្តិ ឱ្យ​ដឹង​ថា បច្ចុ​ប្ប​ន្នរោងចក្រ​នេះមានកម្ម​ករ​សរុប២៧០នាក់ ហើយ​មូល​ហេតុដែល​រោងចក្រ​បើកប្រាក់ឈ្នួល​ឱ្យ​កម្មករ​យឺតយ៉ាវ ដោយសារ​រោងចក្រ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ពោល​គឺ​គ្មាន​អ្នកបញ្ជា​ទិញ​ថ្មី ខណៈ​អ្នកបញ្ជា​ទិញ​មួយចំនួន មិនទាន់​សង​លុយ​ត្រឡប់​ក្រោយពី​ទទួល​បាន​ទំនិញ។

លោក​បន្ថែម​ថា៖ «បញ្ហា​កូ​វីដ១៩ជា​រឿង​មួយ មួយទៀត​ចំនួន​អីវ៉ាន់​ដែល​យើង​លក់​ឱ្យ​អតិថិជន​យើងទទួល​បាន​វា​អត់​គ្រប់​ចំនួន​នៃ​លុយ​ដែល​យើង​ត្រូវ​បើកឱ្យកម្មករ​ទាំងស្រុង អីចឹង​យើង​ក៏​សំណូមពរ​គាត់​[កម្មករ​]សុំ​បើក​ឱ្យ៥០ភាគរយ​សិន លើកលែងតែ​អ្នកមាន​ផ្ទៃពោះ​ដែល​យើង​បើក​ឱ្យ១០០ភាគរយ»

ប៉ុន្តែ​បើ​តាម​ក្រុម​កម្មករ កន្លងមក រោងចក្រ​នេះមានកម្ម​ករ​ធ្វើការ​ជាង៦០០នាក់ ប៉ុន្តែ​ដោយសារ​បញ្ហា​បើកប្រាក់​ឈ្នួល​យឺតយ៉ាវ ទើប​កម្មករ​ជាង​ពាក់កណ្តាលបាន​លាឈប់​ពី​ការងារ ខណៈ​ដែល​រោងចក្រ​ទទួល​ដេរ​តែ​សម្លៀកបំពាក់​បន្ត​ពី​ក្រុមហ៊ុន​ផ្សេង​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles