យុវជន​​ខ្មែរ​​ថាវរៈ​​ផ្លាស់​​ប្តូរ​​ពី​​យុទ្ធនា​ការ​​ទាម​ទារ​​ដោះ​លែង​​លោ​ក រ៉ុង​ ឈុន​ ទៅ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​ពល​រដ្ឋ​​ស្រឡាញ់​​ជាតិ​​

ព័ត៌មានជាតិ | សេរីភាពប្រមូលផ្តុំ | អភិបាលកិច្ច
កញ្ញា ខាន់ លក្ខិណា | ១២ សីហា ២០២០ |ម៉ោង ១១:២៩
VOD

លោក ហ៊ុន វណ្ណៈ យុវជន​ខ្មែរ​ថាវរៈ ឈរថ្លែងកណ្ដាលក្បួនយុទ្ធនាការ«ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ស្រឡាញ់​ជាតិ» ទៅកាន់អ្នកកាសែតពីបំណងនៃការដើរហែក្បួននេះ ស្ថិតនៅម្ដុំផ្សារអូរឡាំពិក នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

លោក ហ៊ុន វណ្ណៈ យុវជន​ខ្មែរ​ថាវរៈ ឈរថ្លែងកណ្ដាលក្បួនយុទ្ធនាការ«ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ស្រឡាញ់​ជាតិ» ទៅកាន់អ្នកកាសែតពីបំណងនៃការដើរហែក្បួននេះ ស្ថិតនៅម្ដុំផ្សារអូរឡាំពិក នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)


ក្រុម​យុវជន​ខ្មែរ​ថាវរៈនិង​គ្រួសារ​លោក រ៉ុង ឈុន ប្រមាណ២០នាក់ នៅ​ព្រឹក​នេះ បាន​ធ្វើ​យុទ្ធនាការ​ដើរ​ជា​ក្បួន​នៅ​តាម​ដងផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចំណាយពេល​ប្រមាណ៣នាទីសម្រាប់​គោរព​ទង់ជាតិ​ជា​រៀងរាល់ថ្ងៃ។​

ពួក​គេ​បាន​ប្រមូល​ផ្តុំគ្នានិង​បាន​ដើរ​ផ្សព្វផ្សាយ​ជុំវិញនិង​នៅក្នុង​ផ្សារ​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹងកេងកង ក្រោម​ការ​ឃ្លាំមើល​ពីសំណាក់​អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ​ប្រមាណ១០០នាក់។

គិត​មកដល់​ម៉ោង១១ព្រឹក​នេះ ការ​ធ្វើ​យុទ្ធនាការ​នោះក៏​មានការ​រុញច្រាននិង​ប៉ះ​ពាក្យ​សម្តី​គ្នា​ផង​ដែរ រវាង​ក្រុម​អ្នកដើរ​ហែ​ក្បួននិង​អាជ្ញាធរ​ខណ្ឌ។ 

លោក ហ៊ុន វណ្ណៈ យុវជន​ខ្មែរ​ថាវរៈ បាន​និយាយ​ថា កន្លងមក ពួក​គាត់​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យដោះលែងលោ​ក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំងនិង​ប្រើ​ហិង្សា​ទៅលើ​ពួក​គេ​ជាបន្តបន្ទាប់ ដោយ​លើក​ហេតុផល​ថាមិនបាន​សុំច្បាប់​អនុញ្ញាត​ ទើប​ពួក​គេ​ផ្លាស់​ប្តូរ​មក​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ស្រឡាញ់​ជាតិ​វិញ។

លោក​ថា៖ «ពួក​យើង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ស្រឡាញ់​ជាតិនិង​ចំណាយពេល​គោរព​ទង់ជាតិដោយ​នាំគ្នា​ឈរ​គោរព​ទង់ជាតិ​[ជា​រៀងរាល់ថ្ងៃ]»

អាជ្ញាធរ​ខណ្ឌ​បឹងកេងកងដែល​មិន​បញ្ជាក់​ឈ្មោះ បាន​ណែនាំ​ទៅ​ក្រុម​អ្នកដើរ​ហែ​ក្បួន​ឱ្យបញ្ឈប់​សកម្មភាព​នេះ ដោយ​លើក​ហេតុផល​ថា ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ជាពិសេស​ការ​កកស្ទះ​ចរាចរណ៍។

លោក​ថា៖ «បើ​បងប្អូន​ប្រើ​ភាសា​ស្រឡាញ់​ជាតិ មិនមែន​មក​បំពុល​[សង្គម​] ពួក​ខ្ញុំ​មក​រៀបចំ​សណ្តាប់​ធ្នាប់កុំ​ឱ្យ​ស្ទះចរាចរណ៍​នេះ តើ​ពួក​ខ្ញុំ​ខុស​មែនទេ»

លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។

ក្នុង​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែងលោ​ក រ៉ុង ឈុន កាលពី​ថ្ងៃទី៥ ខែសីហា យុវតី២នាក់ ​ក្នុងចំណោម​ពលរដ្ឋ​ទាំង២០នាក់​នេះ បាន​រង​របួស​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ម្តង​រួចមក​ហើយ ជាមួយ​អាជ្ញាធរ​ខណ្ឌនៅ​ក្បែរ​វត្ត​មហាមន្ត្រី ខណៈ​ដែល​ពួក​គេ​ព្យាយាម​ដើរឆ្ពោះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "យុវជន​​ខ្មែរ​​ថាវរៈ​​ផ្លាស់​​ប្តូរ​​ពី​​យុទ្ធនា​ការ​​ទាម​ទារ​​ដោះ​លែង​​លោ​ក រ៉ុង​ ឈុន​ ទៅ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​ពល​រដ្ឋ​​ស្រឡាញ់​​ជាតិ​​"

  1. Anonymous says:

    I know some thing is wrong why all of them doing protest at one and do together how those animal killer can do to so many people . it will be no way that they can hurting all of you .