យុវជន​​នាំ​គ្នា​​ធ្វើ​​យុទ្ធនា​ការ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​ពលរដ្ឋ​​យក​ចិត្ត​​ទុក​ដាក់​​អ្នក​ការពារ​​ផល​ប្រយោជន៍​​ជាតិ​​

ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពប្រមូលផ្តុំ
កញ្ញា ខាន់ លក្ខិណា |១២ សីហា ២០២០ |ម៉ោង ១៨:០៧
VOD

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុម​យុវជន ប្រជាពលរដ្ឋ និង​កម្មករ​ប្រមាណ​ជិត២០នាក់ បាន​នាំគ្នា​ដើរ​ជា​ក្បួន​ធ្វើ​យុទ្ធនាការ​តាម​វិថី​មួយចំនួនក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​តាមដាន​បញ្ហា​សង្គមនិងស្រឡាញ់ជាតិ។ (ខាន់ លក្ខិណា)

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុម​យុវជន ប្រជាពលរដ្ឋ និង​កម្មករ​ប្រមាណ​ជិត២០នាក់ បាន​នាំគ្នា​ដើរ​ជា​ក្បួន​ធ្វើ​យុទ្ធនាការ​តាម​វិថី​មួយចំនួនក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​តាមដាន​បញ្ហា​សង្គមនិងស្រឡាញ់ជាតិ។ (ខាន់ លក្ខិណា)


ក្រុម​យុវជន ប្រជាពលរដ្ឋ និង​កម្មករ​ប្រមាណ​ជិត២០នាក់ បាន​នាំគ្នា​ដើរ​ជា​ក្បួន​ធ្វើ​យុទ្ធនាការ​តាម​វិថី​មួយចំនួនក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​តាមដាន​បញ្ហា​សង្គមនិង​ចូលរួម​ការពារ​អ្នក​ដែល​ហ៊ាន​លះបង់​ប្រយោជន៍​ខ្លួនដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ។

យុទ្ធនាការ​នេះបាន​ចាប់ផ្តើម​នៅ​ចំណុច​ផ្សារ​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹងកេងកង នៅ​ព្រឹក​ថ្ងៃពុធ​នេះ ក្រោម​ការ​ឃ្លាំមើល​ពីសំណាក់​អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ​ប្រមាណ​ជិត១០០នាក់។ អំឡុង​ពេលធ្វើ​យុទ្ធនាការ​នោះ ក៏​មានការ​ប៉ះ​ពាក្យ​សម្តីនិង​រុញច្រាន​គ្នារវាង​ក្រុម​អ្នកដើរ​ក្បួននិង​អាជ្ញាធរ​ខណ្ឌ​ផង​ដែរ ក្នុង​នោះ​អាជ្ញាធរ​បាន​ចាប់ដក​ហូត​យក​ទង់ជាតិ​របស់​ក្រុម​អ្នកដើរ​ក្បួន។

ក្រុមអាជ្ញាធរខណ្ឌប៉ះទង្គិចគ្នាជាមួយក្រុមយុវជនដែលដើរហែក្បួនយុទ្ធនាការ«ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ស្រឡាញ់​ជាតិ»នៅម្ដុំផ្សារអូរឡាំពិក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ដែល​រារាំង​ពួក​គាត់មិន​ឱ្យធ្វើ​យុទ្ធនាការ​នេះ បើ​ទោះ​ពួក​គាត់​បាន​ផ្លាស់ប្ដូរ​ពី​ការ​ទាមទារ​ឱ្យ​ដោះលែងលោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហើយ​មក​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់ជាតិ​វិញ​ក៏ដោយ។

លោក​និយាយ​ថា៖ «យើង​មើលឃើញ​ថា ដោយសារ​ពលរដ្ឋ​ភាគច្រើន​មិនទាន់​ស្រឡាញ់​ជាតិសាសន៍​ខ្លាំង​នៅឡើយ​ទេបើ​ប្រៀបធៀប​ប្រទេស​គេ អ៊ីចឹង​បាន​យើង​ផ្លាស់ប្ដូរ​ពី​ផែនការ​ទាមទារ​ឱ្យ​ដោះលែង​លោកគ្រូ រ៉ុង ឈុន មក​ជា​យុទ្ធនាការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្រឡាញ់​ជាតិសាសន៍​ខ្លួនឯង​ជាង​ហ្នឹង​ទៀត គិត​គូរ​ពី​ប្រយោជន៍​រួម គិត​គូរ​ពី​វីរបុរស អ្នកណា​ដែល​លះបង់​ជីវិត អ្នកណា​ដែល​លះបង់​ពេលវេលា ដើម្បី​ប្រយោជន៍​រួម​របស់​យើង»។ 

យុវជន​ម្នាក់ទៀត លោក ថា ឡា​វី លើកឡើង​ថា ការ​ធ្វើ​យុទ្ធនាការ​នេះ ក្នុង​គោលបំណង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​តាមដាន​បញ្ហា​សង្គមនិង​ចូលរួម​ការពារ​អ្នក​ដែល​ហ៊ាន​លះបង់​ជីវិតដើម្បី​ផលប្រយោជន៍​ជាតិ​តែប៉ុណ្ណោះ។

លោក​ថា៖ «នៅពេល​ដែលគេ​ចាប់ចង​អ្នក​ដែល​ស្នេហាជាតិ ការពារ​ព្រំដែន​ជាតិ បែរជា​ប្រជាពលរដ្ឋ​យើង​អត់មាន​ចេះ​ឈឺឆ្អាល​បញ្ហា​របស់​ជាតិ ទុក​បណ្ដោយ​ឱ្យ​អ្នកមាន​អំណាចប្រើប្រាស់​អំណាច​របស់​គាត់ ចាប់​វីរជន​ស្នេហាជាតិ​របស់​យើង សកម្មភាព​ទាំងអស់​ហ្នឹងហើយ យើង​មិន​អាច​ទទួលយក​បាន ហើយ​ចង់​ផ្សព្វផ្សាយ​សារ​មួយ​ឱ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់​ជាតិ​របស់​យើង»

អាជ្ញាធរ​ខណ្ឌ​បឹងកេងកងនិង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​យ៉ាង​ខ្លី​ថា ការរារាំងនិង​ការ​ចាប់ដក​ទង់ជាតិ​របស់​ក្រុម​យុវជន​នេះ ធ្វើឡើង​តាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី មានប្រសាសន៍​ថា ការដែល​អាជ្ញាធរ​រារាំង​សកម្មភាព​ជួបជុំនិង​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​នោះ ដោយសារតែ​ពួក​គេ​មិនបាន​ជូនដំណឹង​មករ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ជាមុន ទៅតាម​គោលការណ៍​ច្បាប់​ស្តី​ពី​ការ​ធ្វើបាតុកម្ម​ដោយសន្តិវិធី។

លោក​ថា៖ «[ក្រុម​យុវជន​និង​ពលរដ្ឋ​] សុ​ខៗ​នាំគ្នា​ដើរ​ហែ​ក្បួន ធ្វើ​អីៗ​ហ្នឹង​អត់​បាន​ស្រប​ទៅតាម​គោលការណ៍​ច្បាប់ដែល​តម្រូវ​ឱ្យ​ យើង​គួរ​ធ្វើ​អី​ដែល​ល្អ​ប្រសើរ​ជាង​ហ្នឹង»

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត ចាត់ទុក​ការរារាំង​របស់​អាជ្ញាធរ​ទៅលើ​ក្រុម​យុវជននិង​ប្រជាពលរដ្ឋ​ទាំងនោះ ថា​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា បើសិនជា​អាជ្ញាធរ​នៅ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​បែបនេះ​ទៀត អ្នក​ដែល​រង​ផល​ប៉ះពាល់​នោះ​គឺ​រាជរដ្ឋាភិបាល។

លោក​ថា៖ «បើសិន​អាជ្ញាធរ​គាត់​រឹតត្បិត​ហួសហេតុ​ពេក អីចឹង​អាច​ជះឥទ្ធិពល​ទៅដល់​រដ្ឋាភិបាល ដែល​ធ្វើឱ្យប៉ះពាល់​ដល់​រដ្ឋាភិបាល​ទៅវិញ​ទេ»

គួរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​យុទ្ធនាការ​របស់​ក្រុម​យុវជន ប្រជាពលរដ្ឋ និង​កម្មករ​នេះ បាន​ធ្វើឡើង​ក្រោយពី​មាន​យុវជន២នាក់បាន​រង​របួសក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ខណ្ឌ នៅ​ក្បែរ​វត្ត​មហាមន្ត្រី កាលពី​ថ្ងៃទី៥ ខែសីហា ខណៈ​ដែល​ពួក​គេ​ព្យាយាម​ដើរឆ្ពោះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន ដែល​ត្រូវ​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles