លោក ហ៊ុន ​សែន និង​មន្ត្រី​របស់​លោក រក្សា​ភាព​ស្ងៀមស្ងាត់ រឿង​នាឡិកាដៃ​តម្លៃ​ខ្ទង់​លាន​ដុល្លារ

អាស៊ីសេរី
2020-08-11
RFA

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Insane Luxury ចុះ​ផ្សាយ​អំពី​នាឡិកា​លោក ហ៊ុន សែន ពាក់ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ។

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Insane Luxury ចុះ​ផ្សាយ​អំពី​នាឡិកា​លោក ហ៊ុន សែន ពាក់ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ។

 រូប៖ ហ្វេសប៊ុក​ឈ្មោះ Insane Luxury


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​មន្ត្រី​របស់​លោក ​រក្សា​ភាព​ស្ងៀមស្ងាត់ ​មិន​បក​ស្រាយ​អ្វី​ទាំង​អស់​រឿង​ប្រើប្រាស់​នាឡិកាដៃ​តម្លៃ​រាប់​លាន​ដុល្លារ ​ខណៈ​មានការ​រិះគន់​ថា ​នាឡិកា​ដៃ​នេះ ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ អ្នកវិភាគ​ និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ​យល់ថា ​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​នេះ ​ព្រោះ​ពួក​គេ​គ្មាន​លេស​សមរម្យ។

ខុស​ពី​សព្វមួយដង ​នៅពេល​មានការ​រិះគន់​ឬ​ចោទប្រកាន់​ធ្ងន់ធ្ងរ​អ្វីមួយ​ ជាទូទៅ​ លោក​ ហ៊ុន ​សែន តែងតែ​ចេញមុខ​ប្រតិកម្ម​ភ្លាមៗ ប៉ុន្តែ​ករណី​ពលរដ្ឋ​រិះគន់​លោក​ប្រើប្រាស់​នាឡិកាដៃ​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​ពេល​នេះ ​លោក ​ហ៊ុន សែន បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ ហើយ​សូម្បីតែ​មន្ត្រី​របស់​លោក​ ក៏​មិន​ហ៊ាន​បក​ស្រាយ​អ្វី​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ដដែល​ថា ការ​ប្រើប្រាស់​នាឡិកា​នោះ គឺ​រឿង​ឯកជនភាព​របស់​លោក​នាយករដ្ឋមន្ត្រី។ ដូច្នេះ​លោក​សុំ​មិន​បកស្រាយ​អ្វី​លើស​ពី​នេះ​ឡើយ៖ «ខ្ញុំ​មិន​អាច​និយាយ​លើស​ពី​នេះ​បាន​ទេ ពាក់ព័ន្ធ​ដល់​ឯកជន​ភាព ហើយ​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ​ដូច្នេះ​ទោះបី​បងប្អូន​ចង់​ដឹង​យ៉ាងណា ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ»

ចំពោះ​មន្ទិល​សង្ស័យ​ថា ​លោក​ ហ៊ុន ​សែន ​ទទួល​បាន​នាឡិកា​ដៃ​ពី​មហាសេដ្ឋី និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) នោះ លោក សុខ ឥសាន ថា លោក​មិន​បាន​ដឹង​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក សុខ ឥសាន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ នាឡិកា​ដៃ​ដ៏​ប្រណិត​នោះ​ អាច​ជា​កាដូ​របស់​មហាសេដ្ឋី​ណា​មួយ ​ហើយ​មេ​បក្ស​របស់​លោក​សក្ដិសម ក្នុង​ការ​ប្រើប្រាស់​របស់​មាន​តម្លៃ​ប្រភេទ​នេះ។

អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​មហាសេដ្ឋី​ថៃ លោក ថាក់ ស៊ីន បាន​នៅ​ឡើយ​ទេ។

ចំណែក​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក ផៃ ស៊ីផាន លើក​ឡើង​ស្រដៀង​លោក សុខ ឥសាន ដែរ​ថា លោក​មិន​អាច​ឆ្លើយ​តប​អ្វី​បាន​ទេ​អំពី​រឿង​នាឡិកា​ដៃ​របស់​នាយក​រដ្ឋមន្ត្រី ព្រោះ​លោក​ចាត់​ទុក​ថា ជា​រឿង​ឯកជន៖ «ខ្ញុំ​អត់​ដឹង​ថា គាត់​មាន​នាឡិកា​នេះ​ផង ទី១ ហើយ​តើ​នាឡិកា​នេះ បាន​មាន​ដោយសារ​អី​ក៏​អត់​ដឹង​ដែរ តើ​ខ្ញុំ​ឆ្លើយ​ម៉េច​កើត។ សុំ​ទោស ព្រោះ​នេះ​ជា​រឿង​ឯកជន​ទេ»

កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ថ្មីៗ នេះ បណ្ដាញ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធើណិត​ឈ្មោះ​ថា វ៉ាយស៍ (VICE) ​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា លោក លោក ហ៊ុន សែន ជានា​យក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ត្រឹម​ជាង ១០លាន​រៀល ឬ​ប្រមាណ ២ពាន់ ៥រយ (២៥.០០០) ដុល្លារ​អាមេរិក​នោះ បែរជា​មាន​នាឡិកា​ដៃ​ប្រណិត​ជា​ច្រើន​គ្រឿង ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។ សារ​ព័ត៌មាន​អន្តរជាតិ​នេះ សរសេរ​យ៉ាង​លម្អិត​ថា នាឡិកា​ដៃ​ដ៏​ប្រណិត​មួយ​គ្រឿង​ថ្មីទៀត ដែល​លោក ហ៊ុន សែន កំពុង​ពាក់​ក្នុង​ពេល​ថ្មីៗ នេះ គឺ​ជា​ប្រភេទ​នាឡិកា​ដៃ​ម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិត​នៅ​ប្រទេស​ស្វីស​ផលិត​អំឡុង​ឆ្នាំ២០១៤-២០១៦ មាន​តម្លៃ ១លាន ២សែន​ដុល្លារ ហើយ​បច្ចុប្បន្ន​នាឡិកា​ប្រភេទ​នេះ មាន​តម្លៃ​ដល់ ៣លាន​ដុល្លារ​នៅ​ពេល​គេ​ដាក់​ឲ្យ​ដេញ​ថ្លៃ។ នាឡិកា​នេះ គឺ​ផលិត​ចេញពី​មាស​ពណ៌​ស ហើយ​រចនា​ដោយ​ដៃ​យ៉ាង​ពិសេស។ ជា​មួយ​គ្នា​នេះ​គេ​ក៏​ប្រទះឃើញ​ថា​លោក ហ៊ុន សែន ធ្លាប់​ពាក់​នាឡិកា​ជាច្រើន​ដែល​មានតម្លៃ​សរុប​ដល់​ទៅ ៩លាន​ដុល្លារ ក្នុង​នោះ​ក៏​មាន​នាឡិកា​ម៉ាក រីឆាត មៀល (Rechard Mill Sapphire Dragon Tuorbilon) ដែល​ជា​ប្រភេទ​កម្រ គឺ​មាន​តែ ៥៥គ្រឿង​លើ​ពិភពលោក​ទៀត​ផង។

ក្រោយ​ការ​ផ្សាយ​អត្ថបទ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ថា ជា​រឿង​អាម៉ាស់​បំផុត​ដែល​លោក​ ហ៊ុន ​សែន គឺ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ បែរ​ជា​មាន​លទ្ធភាព​ប្រើប្រាស់​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ។ ពួក​គេ​សង្ស័យ​ថា នាឡិកា​ដៃ​នេះ បាន​មក​ពី​អំពើ​ពុក​រលួយ។

អ្នក​វិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ លើក​ឡើង​ថា ការ​ដែល​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក មិន​បក​ស្រាយ​លម្អិត​រឿង​នាឡិកា​ដៃ​តម្លៃ​ខ្ពស់​កប់​ពពក​នេះ ព្រោះ​ពួក​គេ គ្មាន​លេស​សមរម្យ ​ដើម្បី​កុហក​ពលរដ្ឋ​នោះ​ទេ ដូច្នេះ​ពួក​គេ ​នៅ​ស្ងៀម​ល្អ​ជាង​និយាយ។ លោក គឹម សុខ បន្ត​ថា ភាព​មាន​បាន​ និង​ភាព​ហ៊ឺហា​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ក្រីក្រ​មួយ មិន​អាច​ចាត់​ទុក​ជា​រឿង​សាមញ្ញ ​និង​រឿង​ឯកជន​នោះ​ទេ ប៉ុន្តែ​លោក​ជឿ​ថា វា​អាច​កើត​ចេញ​ពី​អំពើ​ពុក​រលួយ​ជាច្រើន​ប្រភព។ បន្ថែម​ពី​នេះ ​លោក​យល់​ថា គ្មាន​កាដូ​ឯណា​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នោះ​ទេ ប្រសិន​បើ​គ្មាន​ការ​ដោះ​ដូរ​ជា​សម្ងាត់​ណា​មួយ​រវាង លោក ហ៊ុន សែន និង​ម្ចាស់​នាឡិកាដៃ​នោះ៖ «គ្មាន​អ្នក​ជំនួញ​ណា ដែល​ប្រគល់​នូវ​អំណោយ​រាប់​លាន​ដុល្លារ​ហើយ មិន​ទទួល​បាន​ការ​អនុគ្រោះ​ណាមួយ​ពី​មេ​ដឹក​នាំ​ជាតិ​ណាមួយ​ទេ បើ​អ៊ីចឹង​គេ​ចេះ​តែ​ឲ្យ​អ្នក​នេះ​អ្នក​នោះ​គ្រប់​គ្នា​ហើយ។ នេះ​មិន​មែន​ជា​រឿង​ឯកជន​ទេ ប៉ុន្តែ​គឺ​ជា​ការ​ប្រើ​តួនាទី​ខុស​ក្នុង​ឈ្មោះ​គាត់​ជា​អ្នក​ដឹក​នាំ​ជាតិ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ជាតិ និង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​។ រឿង​ទាំង​អស់​នេះ​ក្នុង​ន័យ​ច្បាប់​ទោះបីជា​ប្រទេស​ណា​ក៏​ដោយ គេ​ត្រូវ​មាន​ការ​ស៊ើប​អង្កេត។នៅ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ កុំ​ថា​ឡើយ​ដល់​រាប់​លាន​ដុល្លារ សូម្បី​តែ​មាន​មិន​ប្រក្រតី​ត្រឹម​តែ​បន្តិច​បន្តួច​ក្នុង​បរិមាណ​រាប់​ពាន់​ដុល្លារ គឺ​គេ​ស៊ើប​អង្កេត​ភ្លាមៗ គឺ​គេ​មិន​ទុក​ឲ្យ​នៅ​យូរ​ទេ ព្រោះ​វា​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​អនុវត្ត​ច្បាប់ និង​ការអភិវឌ្ឍន៍​ស្រុក​គេ»

ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការប្រើប្រាស់​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ​នេះ ​ស្ថាប័ន​មួយ​ចំនួន ដែល​បង្កើត​ឡើង​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ មិនបាន​ប្រកាស​ពី​វិធានការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។

អាស៊ី​សេរី បាន​ព្យាយាម​ទូរស័ព្ទ​ជា​ច្រើន​លើក​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​លោក ​ឱម ​យ៉ិនទៀង ​ដែល​ជា​មនុស្ស​ជំនិត​យូរ​មក​ហើយ​របស់​លោក​ ហ៊ុន សែន និង​ប្រធាន​គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើ​ពុក​រលួយ លោក ប៉ែន ស៊ីម៉ន ប៉ុន្តែ ទូរស័ព្ទ​ចូល ត្រូវ​បាន​ចុច​ផ្ដាច់​ជា​បន្ត​បន្ទាប់។ ចំណែក​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ពីរ​រូប​ទៀត ​គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​ កើត រិទ្ធិ និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ​លោក​ កែវ ​រ៉េមី ​ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

អ្នក​វិភាគ​នយោបាយ​និង​សង្គម​លោក គឹម ​សុខ ថ្លែង​ថា ក្រុម​មេ​ដឹក​នាំ​ស្ថាប័ន​ដែល​មាន​តួនាទី ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំងនេះ​ គឺ​សុទ្ធ​សឹង​តែ​ជា​មនុស្ស​ជំនិត​របស់​លោក ​ហ៊ុន ​សែន ​និង​ត្រូវ​បាន​តែងតាំង​ដោយ​លោក ហ៊ុន សែន ដូច្នេះ​លោក ​យល់ថា ​ការ​តវ៉ា​ទាមទារ​របស់​សាធារណជន​ឲ្យ​បើក​ការ​ស៊ើប​អង្កេត គឺ​ទំនង​ជា​មិន​អាច​មាន​ប្រសិទ្ធភាព​នោះ​ទេ ​ដោយសារតែ​បច្ចុប្បន្ន​នេះ​ អំណាច​គ្រប់គ្រង​បែប​យ៉ាង​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​លោក​ ហ៊ុន ​សែន ​សូម្បីតែ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ក៏​ដោយ​ចុះ៖ «បទ​អំពើ​ពុក​រលួយ គឺ​ជា​បទឧក្រិដ្ឋ ​ទាល់​តែ​មាន​ការ​ស៊ើប​អង្កេត ឆ្លងកាត់​តុលាការ​មួយ​យុត្តិធម៌​ច្បាស់លាស់​ត្រឹមត្រូវ ហើយ​ដើម្បី​ឆ្លង​កាត់​តុលាការ​យុត្តិធម៌​ច្បាស់លាស់​នេះ គឺ​ទាល់តែ​ប្រទេស​យើង​ វិល​ទៅ​កាន់​ប្រជាធិបតេយ្យ​ ដូច្នេះ​ខ្ញុំ​គិត​ថា ជា​តួនាទី​របស់​ប្រជា ពលរដ្ឋ​នៅ​ពេល​នេះ ដើម្បី​ប្រើ​សិទ្ធិ​របស់​ខ្លួន ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទៅកាន់​ប្រជាធិបតេយ្យ»

តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ គឺ​មន្ត្រី​រាជការ​ស៊ីវិល តាម​ក្រសួង​ស្ថាប័ន​រដ្ឋ ចាប់​ពី​ប្រធាន​នាយកដ្ឋាន យោធា នគរបាល មន្ត្រី​តុលាការ និង​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ពី​ការ​បោះ​ឆ្នោត រួម​មាន សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​ជាប់​កាតព្វកិច្ច ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​រយៈ​ពេល ២ឆ្នាំ​ម្ដង។ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នេះ ​ដើម្បី​ទប់​ស្កាត់​អំពើ​ពុក​រលួយ ​និង​តាមដាន​ភាព​ស្អាតស្អំ​របស់​មន្ត្រី​រាជការ​សាធារណៈ។

អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ គឺ​ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ ដែល​គង់​នៅ​ប្រទេស​បារាំង មាន​ថេរ​ដីកា​ថា ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ក្រីក្រ​មួយ ​ប៉ុន្តែ​មានទ្រព្យ​សម្បត្តិ​មហាសាល ខុស​ប្រក្រតី និង​ប្រើ​ប្រាស់​គ្រឿង​អលង្ការ​ដ៏​ប្រណិត ​និង​មាន​តម្លៃ​ខ្ពស់​បែបនេះ ​គឺ​មិន​អាច​ចាត់ទុកថា ​ជា​រឿង​ឯកជន​នោះ​ទេ។ ព្រះតេជព្រះគុណ មាន​មន្ទិល​ថា ​គំនរ​ទ្រព្យសម្បត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ នេះ គឺ​បាន​មកពី​ភាព​មិន​សុចរិត​ត្រឹមត្រូវ​តាមផ្លូវច្បាប់​នោះ​ទេ។ ព្រះតេជព្រះគុណ​ បន្ត​ថា​ ប្រសិនបើ​មេដឹកនាំ​ប្រទេស​ដែល​មាន​ព្រហ្មវិហារ​ធម៌ និង​បម្រើ​ប្រជារាស្ត្រ និង​ប្រទេស​ជាតិ​ ដោយ​ស្មោះ​ត្រង់​នោះ ​មិន​គួរ​សប្បាយ​ត្រេកអរ​ជា​មួយ​ទ្រព្យ​សម្បត្តិ​ឡើយ ហើយ​ប្រសិន​បើ​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ​នោះ គឺ​ជា​កាដូ​របស់​នរណា​ម្នាក់​ក៏​ដោយ គួរ​តែ​លះបង់​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ៖ «បើ​យើង​ចង់​ធ្វើនយោបាយ​ ធ្វើ​អ្នក​ដឹក​នាំ​អី​ហ្នឹង​កុំ​គិត​ពី​រឿង​ទ្រព្យ​សម្បត្តិ។ បើ​យើង​ធ្វើ​អ្នក​ជំនួញ​ធ្វើមុខ​របរ​អី​ដទៃ​ទៀត​ គឺ​អាច​ធ្វើ​ជា​សេដ្ឋី ​ឬ​មហា​សេដ្ឋី​អី​បាន ប៉ុន្តែ​អ្នក នយោបាយ​មិន​ត្រូវ​គិតគូរ​ពី​រឿង​ទ្រព្យ​សម្បត្តិ​ទេ​ ព្រោះ​វា​ខុស​តែ​ម្ដង»

នៅ​ឆ្នាំ២០១១ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សម្ងាត់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដោយ​មិន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។ កាល​នោះ លោក​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ថា លោក​មិន​មាន​ប្រភព​ចំណូល​អ្វី​ផ្សេង​ទៀត​នោះ​ទេ ក្រៅ​ពី​ប្រាក់​បៀវត្សរ៍​ចំនួន ៤លាន ៦សែន​រៀល ឬ​ស្មើ​ប្រមាណ ២ពាន់ ៥រយ (២.៥០០) ដុល្លារ​ក្នុង​មួយ​ខែ។

ទោះជា​យ៉ាង​ណា កាល​ពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ត្រកូល “ហ៊ុន” កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ របស់​កម្ពុជា ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។ក្នុង​របាយការណ៍​នោះ រក​ឃើញ​ថា គ្រួសារ​ត្រកូល “ហ៊ុន” បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់​កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​បាន​ដាក់​ភាគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ ដូចជា Apple, Unilever, Visa, Nestle, Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។ ចំនួន​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​អោយ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល “ហ៊ុន” ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លូបល វីតនេស (Global Witness) អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ ហើយ​ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ជា​តម្លាភាព ប៉ុន្តែ​ប្រើ​អ្នក​ក្លែងក្លាយ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ។

ព្រះតេជព្រះគុណ ​យស ​ហ៊ុតខេមចារោ ​មាន​ថេរ​ដីកា​ថា លោក ហ៊ុន សែន តែង​វិធី និង​ប្រើ​​​ល្បិច​កល​​មិន​ស្រប​ច្បាប់​គ្រប់​បែប​យ៉ាង​ ដើម្បី​ក្រាញ​នៅ​ក្នុង​អំណាច ​ដោយសារ​មេ​ដឹក​នាំ​រូប​នេះ ​ដឹងខ្លួន​ឯង​ច្បាស់​ណាស់​ថា លោក ​មាន​កំហុស​ជាច្រើន ហើយ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ​ប្រសិនបើ​លោក​បាត់បង់​អំណាច។ ​យ៉ាង​ណា​ក៏​ដោយ​ចុះ​ ព្រះតេជព្រះគុណ​ យល់​ថា ​យូរ ឬ​ឆាប់​ គឺ ​លោក ​ហ៊ុន ​សែន​ នឹង​មិន​អាច​គេច​ផុត​ពី​ការ​អំពើ​បាប​របស់​លោក​នោះ​ទេ៖ «គឺ​ថា អំណាច​ពលរដ្ឋ​នោះ​ឯង​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​នេះ មិន​មាន​ដំណោះស្រាយ​ពីណា​មក​ទេ។ពលរដ្ឋ​កាន់តែ​ចេះដឹង ​ពលរដ្ឋ​កាន់តែ​ភ្ញាក់​រលឹក​ ដឹង​ការ​ពិត អី​ទាំង​អស់​នេះ ហើយ​មាន​ចិត្ត​ក្លាហាន​បំពេញ​ករណីយកិច្ច​របស់​ខ្លួន ប្រើប្រាស់​សិទ្ធិ​សេរីភាព​ដូច​មាន ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​រើ​បម្រះ​ទាំង​អស់​គ្នា​ងើប​ឡើង​ទាំង​អស់​គ្នា​ទាំង​លាន​ទាំង​លាន​នាក់​ដើម្បី​រក​យុត្តិធម៌ កុំ​ងើប​ឡើង​ម្នាក់ ឬ​ពីរ​នាក់ ​វា​មិន​សូវ​បាន​ការ​អី​ទេ ​ដូច​ជាប់​អន្ទាក់​គេ​អ៊ីចឹង ​តែ​បើ​ងើប​ឡើង​ច្រើន​លាន​ទាំង​អស់​គ្នា​ នឹង​បាន​ជោគជ័យ​ហើយ​អត់មាន​បញ្ហា​អី​ទេ»។​

ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ហ៊ុន ​សែន ​ជាង ៣០ឆ្នាំ​មក​នេះ ភាព​ក្រីក្រ ​និង​អំពើ​ពុក​រលួយ​នៅ​តែ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ធនាគារ​ពិភពលោក (World Bank) បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ២០២០ នេះ ចំនួន​អ្នកក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់ ៤លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង ១៥លាន​នាក់។ ចំណែក​អង្គការ​តម្លាភាព​អន្តរជាតិ ​(Transparency International) ​បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្នុង​លំដាប់​ថ្នាក់​ទី១៦១ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ខ្លាំង។

បើ​ទោះ​បី​ជា ​លោក ​ហ៊ុន សែន ​និង​មន្ត្រី​របស់​លោក ​សុទ្ធតែ​ចាប់​ផ្តើម​កសាង​ជីវភាព​ពី​បាត​ដៃ​ទទេ ក្រោយ​របប​ខ្មែរ​ក្រហម​ ហើយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ប្រចាំខែ​ទាប​ក្តី ​ប៉ុន្តែ​មន្ត្រី​ភាគ​ច្រើន​នៃ​ក្រុម​របស់​លោក ​ហ៊ុន ​សែន ​សុទ្ធតែ​មានទ្រព្យ​សម្បត្តិ​ដែល​សឹង​មិន​គួរ​ឲ្យ​ជឿ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម ​និង​នយោបាយ​ យល់ថា ​ទ្រព្យ​សម្បត្តិ​​ទាំងនោះ​ ដោយសារ​ក្រុម​លោក​ ហ៊ុន​ សែន ​បាន​បង្កើត​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​អាច​ជួយ​ឲ្យ​ពួកគេ​កាន់អំណាច​បាន​យូរ​ និង​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​គឺ​ប្រព័ន្ធ​នយោបាយ ’’បរិបាលកិច្ច គឺ ឯង​ជួយ​អញ អញ​ជួយ​ឯង’’៕

នាឡិកា​ដែល​លោក ហ៊ុន សែន ពាក់ ត្រូវ​បាន​អ្នក​រិះគន់​ថា មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ។ រូប៖ ហ្វេសប៊ុក​ឈ្មោះ Insane Luxury

នាឡិកា​ដែល​លោក ហ៊ុន សែន ពាក់ ត្រូវ​បាន​អ្នក​រិះគន់​ថា មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ។ រូប៖ ហ្វេសប៊ុក​ឈ្មោះ Insane Luxury


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក ហ៊ុន ​សែន និង​មន្ត្រី​របស់​លោក រក្សា​ភាព​ស្ងៀមស្ងាត់ រឿង​នាឡិកាដៃ​តម្លៃ​ខ្ទង់​លាន​ដុល្លារ"

  1. so socheath says:

    អ្នកណាស្ងៀមស្ងាត់ អាពូជសំផឹង កូនមីកាដួយស្អុយ ?
    អញប្រាប់កូីនមីកលាដួយឆ្កែ អ្ហែងអស់ហ្នឹងហើយតើ ?
    ថាតេជោសែន​លក់ឲ្យវិញតែ១០ ដុល្លារ សុខចិត្តខាត ៥ ដុល្លារ ព្រោះប្រើយូរដែរហើយ ។
    សួរថា តើ អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ីហ៊ានមកទិញអត់ អាកូនមីកាដួយអាយះស្ញេញ ?
    អ្ហែងឆ្លើយមកមើល អាពូជសំផឹង គឹម សុខ ហើយនឹងអាត្រងោល កូនមីសំផឹងកាដួយស្អុយ
    យស ហ៊ុត ?

  2. Anonymous says:

    AH ..CHHKOUTH NES NEYEAY KANTE LOP HEIY . VEAR MINDEING KOYTROV OVEYSOS