សហភាព​អឺរ៉ុប​​ជំរុញ​​កម្ពុជា​​ឱ្យ​​ស្ដារ​​លំហ​​សេរី​ភាព​​និង​​សិទ្ធិ​​មនុស្ស​​ឡើង​​វិញ ​ក្រោយ​ដក​​ហូត​​ផ្នែក​​ខ្លះ​​នៃ​ EBA

ទំនាក់ទំនងអន្តរជាតិ | នយោបាយ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេដ្ឋកិច្ច
លោក ញឹម សុខន | ១២ សីហា ២០២០ |ម៉ោង ១៨:៣៤
VOD

កម្មករដើរចេញពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ថាមលេស ហ្វេសសិន ខ្លូស៊ីង ក្រោយសម្រាកពីការងារ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

កម្មករដើរចេញពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ថាមលេស ហ្វេសសិន ខ្លូស៊ីង ក្រោយសម្រាកពីការងារ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


សហភាពអឺរ៉ុបនៅតែដាក់លក្ខខណ្ឌឱ្យបក្សកាន់អំណាច​បើកការសន្ទនា​នយោបាយឱ្យអតីតបក្សប្រឆាំងបានដំណើរការឡើងវិញ ដោយឈរលើយន្តការប្រជាធិបតេយ្យ បើទោះបីប្រកាសពី​ការ​ចាប់​ផ្ដើម​អនុវត្ត​ការ​ដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ EBA ពីកម្ពុជាជាផ្លូវការនៅថ្ងៃនេះក៏ដោយ។

សហភាពអឺរ៉ុបបាននិយាយក្នុងសេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះថា ចាប់​ពី​ថ្ងៃទី១២ ខែសីហាទៅ​នេះ ផលិតផលមួយចំនួនក្នុងចំណោមផលិតផលរបស់កម្ពុជា ដូចជា សម្លៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ នឹងត្រូវជាប់កាតព្វកិច្ច​បង់​ពន្ធ​សម្រាប់​ការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។

សហភាពអឺរ៉ុប បន្តថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលកម្ពុជាទទួលបាននេះ ត្រូវបានដកជាបណ្តោះអាសន្នដោយសារក្ដី​កង្វល់​យ៉ាង​ធ្ងន់​ធ្ងរ​ទាក់ទិន​នឹងបញ្ហាសិទ្ធិមនុស្សដែលកើតមាននៅក្នុងប្រទេសកម្ពុជា។

សហភាពអឺរ៉ុប ក៏និយាយផងដែរថា៖ «អាជ្ញាធរកម្ពុជាគួរចាត់វិធានការដើម្បីស្តារសេរីភាពនយោបាយនៅក្នុងប្រទេសនេះ បង្កើតឡើងវិញនូវលក្ខខណ្ឌចាំបាច់សម្រាប់បក្សប្រឆាំងដែលអាចជឿទុកចិត្តបាននិងតាមបែបប្រជាធិបតេយ្យ និងដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈការសន្ទនារួមនិងពិតប្រាកដ»

សហភាពអឺរ៉ុបនិយាយទៀតថា គណៈកម្មការអឺរ៉ុបនិងទីភ្នាក់ងារ​សកម្មភាពខាងក្រៅ​អឺរ៉ុប​(EEAS) បានបង្ហាញពីវិធានការចាំបាច់ដល់អាជ្ញាធរកម្ពុជាច្រើនលើកច្រើនសារ​មកហើយ ព្រមទាំងនៅក្នុងបទប្បញ្ញត្តិរបស់គណៈកម្មការអឺរ៉ុប។

វិធានការទាំងនោះរួមមានការផ្តល់នូវសិទ្ធិនយោបាយដល់សមាជិកបក្សប្រឆាំងឡើងវិញ និងការលុបចោលឬកែសម្រួលច្បាប់ដូចជា ច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល។

ស្នងការពាណិជ្ជកម្ម​សហភាព​អឺរ៉ុប លោក ហ្វីល ហូហ្គែន (Phil Hogan) និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា៖ «យើងបានផ្តល់ដល់ប្រទេសកម្ពុជានូវឱកាសពាណិជ្ជកម្មដែលអនុញ្ញាតឱ្យប្រទេ​ស​នេះអភិវឌ្ឍឧស្សាហកម្ម តម្រង់ទិសដៅនាំចេញនិងផ្តល់ការងារដល់ប្រជាជនកម្ពុជារាប់ពាន់នាក់»

សហភាព​អឺរ៉ុបថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាបង្ហាញនូវការវិវត្តដ៏គួរឱ្យកត់សម្គាល់ ជាពិសេសជុំវិញបញ្ហាសិទ្ធិនយោបាយនិងសិទ្ធិស៊ីវិល នោះគណៈកម្មការអឺរ៉ុបអាចនឹងពិនិត្យមើលការសម្រេចចិត្តរបស់ខ្លួនឡើងវិញ និងផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងដោយស្របទៅតាមលក្ខខណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង និយាយថា រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់រួចហើយថា នឹងមិនយកអធិបតេយ្យទៅដោះដូរជំនួយណាមួយឡើយ។

លោក កុយ គួង ប្រាប់ថា៖ «អ្វីដែលជាច្បាប់គឺជារឿងរបស់តុលាការសុទ្ធសាធ មានន័យថា យើង[រដ្ឋាភិបាលកម្ពុជា]មិនអាចធ្វើអ្វីជាការដោះដូរនូវអធិបតេយ្យភាពជាមួយជំនួយ ក៏ដូចជាប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មបានទេ»

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ឱ្យដឹងតាមបណ្តាញសង្គមតេឡេក្រាមថា ក្នុងនាមជាប្រ​ទេសដែលមានឯករាជ្យនិងអធិបតេយ្យភាពពេញលេញមួយ កម្ពុជាបានបំពេញបានយ៉ាងត្រឹមត្រូវតា​មគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការគោរពនូវសិទ្ធិការងារ។

អ្នកនាំពាក្យរូបនេះបន្តថា កម្ពុជានៅតែជាឋានសួគ៌នៃអង្គការវិជ្ជាជីវៈ ហើយនឹងមានអង្គការវិជ្ជាជីវៈដែលមានការទទួលខុសត្រូវជាងមុននិងចាស់ទុំជាងមុនដូចបណ្តាប្រទេសជិតខាងកម្ពុជាដែរ។

លោក ហេង សួរ ប្រាប់ថា៖ «កម្ពុជានឹងបន្តផ្តោតការយកចិត្តទុកដាក់លើការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាចំណុចប្រ​ឈមធំបំផុតរបស់កម្ពុជានិងពិភពលោកនៅពេលចំពោះមុខនេះ។ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងការបន្តកាត់បន្ថយឬសម្រួលផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត គឺនៅតែជាអាទិភាពរបស់កម្ពុជា»

ក្រសួងការងារឱ្យដឹងទៀតថា កម្ពុជានឹងបន្តអនុវត្តផែនការយុទ្ធសាស្ត្រនិងកម្មវិធីកែទម្រង់នានា ដើម្បីរក្សាអ្នកវិនិយោគនិងរក្សាភាពប្រកួតប្រជែងរបស់ខ្លួន ព្រមទាំងការត្រូវធ្វើពិពិធកម្មផលិតផលឧស្សាហកម្មនិងទីផ្សារឱ្យកាន់តែមានភាពចម្រុះថែមទៀត។

លោក​ ឃុន ថារ៉ូ ​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស និយាយថា ការបាត់បង់​ចំណែក២០​ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​នេះ នឹងជំរុញឱ្យការផលិតសម្លៀកបំពាក់ថយចុះនិងធ្វើឱ្យកម្មករច្រើនពាន់នាក់នឹងបន្តបាត់បង់ការងារ។

លោក ឃុន ថារ៉ូ ប្រាប់ថា៖ «យើងសោកស្តាយដែរ ដែលរដ្ឋាភិបាលមិនបានឆ្លើយតបជាវិជ្ជមាន​ទៅនឹងការទាមទាររបស់សហភាពអឺរ៉ុប ខណៈសហភាពអឺរ៉ុបបានទុកឱកាសឱ្យជាច្រើននៅក្នុងការសម្របសម្រួលឱ្យមានដំ​ណោះ​ស្រាយ ដែលជាក្តីបារម្ភរបស់សហភាពអឺរ៉ុប គឺរឿងលំហសេរីភាពនិងការអនុវត្តសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសិទ្ធិមនុស្សអីហ្នឹង»

ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ច​នៅរាជបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោក គី សិរីវឌ្ឍន៍ និយាយថា ការបាត់​​បង់ EBA មួយ​ចំណែក​បែប​នេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាទេ តែថា វាអាចប៉ះធ្ងន់ធ្ងរដល់អារម្មណ៍​ពលរដ្ឋ ដោយថា ការដែលអឺរ៉ុបដាក់ពន្ធ១ពាន់លានដុល្លារឬ​ស្មើ១២ភាគរយ​ កម្ពុជាបាត់បង់អស់តែ២៥០លានដុល្លារ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុណ្ណរ៉ា បង្ហាញការព្រួយបារម្ភថា កម្ពុជាអាចនឹងរងវិធានការច្រើនជាងនេះ បើមិនវិលទៅស្តារប្រជាធិបតេយ្យវិញ។

លោក ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា៖ «នៅខែតុលាខាងមុខហ្នឹង អាចនឹងមានវិធានការបញ្ហាបញ្ជីខ្មៅអ៊ីហ្នឹង សុទ្ធតែជាលក្ខណៈ​សម្បត្តិ​របស់កម្ពុជា ពាក់ព័ន្ធទៅនឹងការរួមការ​ប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ក្នុងការកសាងរដ្ឋសង្គមតាមលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានចុះសន្ធិសញ្ញាជាមួយអង្គការសហប្រជាជាតិ»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សហភាព​អឺរ៉ុប​​ជំរុញ​​កម្ពុជា​​ឱ្យ​​ស្ដារ​​លំហ​​សេរី​ភាព​​និង​​សិទ្ធិ​​មនុស្ស​​ឡើង​​វិញ ​ក្រោយ​ដក​​ហូត​​ផ្នែក​​ខ្លះ​​នៃ​ EBA"

  1. Sosocheath says:

    «ហេតុអ្វីសហគមន៍អឺរ៉ុបសម្រេចបញ្ចប់ការគាំទ្រកូនជឹងជំនាន់ទី១ របស់ខ្លួននៅកម្ពុជា?»

    សហភាពអឺរ៉ុប តាមរយៈ សេចក្តីសម្រេចរបស់ខ្លួនចុងក្រោយនេះពិតជាបានបង្ហាញថា ពួកគេ​បាន​សម្រេច​​បោះបង់ចោលនិងបញ្ចប់ការគាំទ្រកូនជឹងជំនាន់ ទី១របស់ខ្លួននៅកម្ពុជាហើយ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា​«ការដាក់ទណ្ឌកម្មចំពោះកម្ពុជាមានតំលៃស្មើនឹងសម្លាប់បក្សប្រឆាំង»។ តើនរណា​ជា​កូន​ជឹងជំនាន់ទី១ របស់ពួកបស្ចិមប្រទេសនៅកម្ពុជា?​គឺគ្មាននរណា​ក្រៅពីក្រុមប្រឆាំងជ្រុលនិយម​ដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះឡើយ។
    រយៈពេលជិត៣០ឆ្នាំនៃការវិនិយោគ និងជួយជ្រោមជ្រែងនិងលើកតម្កើងក្រោមលេស «សិទ្ធិមនុស្សនិងប្រជាធិប្បតេយ្យ» ដើម្បីប្រើប្រាស់និងសាកល្បងសមត្ថភាពរបស់ក្រុមប្រឆាំងនៅកម្ពុជា ពួកបស្ចិមប្រទេស ក្នុងនោះសហភាពអឺរ៉ុបគឺជាភាគីដ៏សំខាន់មួយបានចុះទុនច្រើនណាស់​ដើម្បីគាំទ្រកូន​ជឹង​របស់ខ្លួននៅកម្ពុជាទាំងស្មារតី ទាំងនយោបាយ, បច្ចេកទេស សម្ភារៈ និងថវិកា ក្នុងក្តីសង្ឃឹមយ៉ាង​មុត​មាំថា នឹងអាចផ្តួលរំលំរដ្ឋាភិបាលភ្នំពេញ រឺប្តូរមេដឹកនាំរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន​ជានាយករដ្ឋមន្ត្រីបាន។ ពួកគេបានប្រើគ្រប់មធ្យោបាយទាំងត្រជាក់ និងក្តៅ ទាំងចំហរនិងសម្ងាត់ ទាំង​ស្ថាប័ន​សហភាពអឺរ៉ុបផ្ទាល់និងទាំងការប្រើប្រាស់អង្គការអន្តរជាតិនិងតំបន់មួយចំនួនដើម្បីបង្វឹកផង ជំរុញផង និងធ្វើជាអ្នកកាងពីក្រោយខ្នងផង ដើម្បីឲ្យក្រុមប្រឆាំងទាំងនោះអាចធ្វើភ្លៀង ផ្គរ និងព្យុះ​ឥត​ឈប់​ឈរមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញ។

    ប៉ុន្តែ បន្ទាប់ពីចំណាយកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានអស់យ៉ាងសន្ធឹកសន្ធាប់ និងប្រើពេលអស់ជិត៣ទសវត្សរ៍ តាំងពីកូនជឹងរបស់ខ្លួននៅក្មេងពេញកម្លាំងរហូតក្លាយជាមនុស្សចាស់ ឈឺសក់ស្កូវ វ័យជាង ៧០ឆ្នាំ ទៅហើយនោះ លទ្ធផលដែលរំពឹងទុកនឹងមានរដ្ឋាភិបាលអាយ៉ង របស់ខ្លួននៅកម្ពុជានៅតែងងឹតសូន្យសុងដដែល។ ផ្ទុយទៅវិញ រដ្ឋអំណាចលោក ហ៊ុន សែន ក៏កាន់តែរឹងមាំនិងកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងលើសពេលណាៗទាំងអស់ ជាពិសេសក្នុងយុគ្គសម័យកូវិដ~១៩ ដែលរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រជាពលរដ្ឋដ៏ច្រើនលើសលុប រាប់បញ្ចូលទាំងអ្នកប្រឆាំងផងក៏បានស្ងើចសរសើរផងដែរ។
    ចំណែកឯក្រុមប្រឆាំងជាកូនអុករបស់ខ្លួនឯងវិញ បែរជារលំរលាយ បែកបាក់ បក្សពួកនិយម គ្រួសារ​និយម ព្រាត់ប្រាស់ខ្ចាត់ខ្ចាយ រត់ទៅជ្រកកោនគ្រប់ច្រកល្ហកបង្កជាអម្រែកដ៏ធ្ងន់ធ្ងរ ដល់​ចៅហ្វាយនាយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៅទៀតនោះ គឺក្បាលម៉ាស៊ីនដឹកនាំនៃក្រុមនេះ បាន​និងកំពុង​ប្រឈមមុខនឹងបណ្តឹងរាប់មិនអស់ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដែលសុទ្ធសឹង​តែជាបទ​ល្មើស​ដែលពួកបស្ចិមប្រទេសយល់ច្បាស់ណាស់ថា ទោះជានៅក្នុង​ប្រទេស​របស់​ពួក​គេក៏ច្បាប់​មិនអាច​អនុគ្រោះអោយបានឡើយ។

    ស្ថិតក្នុងស្ថានភាពបែកបាក់ផ្ទៃក្នុងផង បាក់កម្លាំងផង បាក់ទឹកចិត្តផង និងក្នុងវ័យកាន់តែចាស់ជរា បែបនេះផង ចៅហ្វាយនាយពិតជាអស់សង្ឃឹមខ្លាំងណាស់ដោយឃើញកូនជឹងជំនាន់ទី១ របស់ខ្លួនជាប្រភេទកូនដែលចិញ្ចឹមបំបង់បាយ និងគ្មានបានការ យ៉ាងដូច្នេះ។
    តាមពិត ស្ថានភាពនេះគឺមិនខុសពីការវាយតំលៃកន្លងមករបស់លោក ហ៊ុន សែន ដោយប្រៀបធៀបទៅនឹង«សត្វឆ្កែ២ ក្បាលដណ្តើមបាយគ្នាក្នុងចានតែ១» ពោលគឺ «បក្សប្រឆាំងរស់មិនខ្លាំង ខ្សោយមិនងាប់ រឺខ្សោយមុនងាប់»។
    ស្ថានភាពដ៏ដុនដាបនិងកែមិនឡើងបែបនេះ ទោះជាបន្តគាំទ្រតទៅទៀត ក៏នឹងមិនទទួល បានផលអ្វីដែរ ក្រៅតែពីនាំឲ្យខាតបង់ពេលវេលានិងខាតធនធានឥតប្រយោជន៍។ ហេតុដូច្នេះហើយបានជាសហភាពអឺរ៉ុបសម្រេចចិត្តបោះបង់កូនជឹងជំនាន់ទី១របស់ខ្លួនតែត្រឹមថ្ងៃទី១២សីហាឆ្នាំ ២០២០នេះជាស្ថាពរ ហើយបែរទៅផ្តើមបណ្តុះកូនជឹងជំនាន់ថ្មីវិញម្តងទៅតាមទ្រឹស្តីរបស់លោកខាងលិចដែលគេធ្លាប់បានអនុវត្តន៍តាំងពីសតវត្សរ៍ទី ២០មក ពោលគឺ «បើកសាងដើម្បីអភិវឌ្ឍន៍មិនបាន មានតែកម្ទេចចោល ហើយកសាងថ្មីដើម្បីអភិវឌ្ឍន៍»។
    តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យសហភាពអឺរ៉ុបឈប់គាំទ្រកូនជឹងជំនាន់ទី១របស់ខ្លួន?
    ទី១៖ ភាពអសមត្ថភាពនិងភាពមានះ រឹងរូសរបស់បក្សប្រឆាំង គួបផ្សុំនឹងការបរាជ័យជាបន្តបន្ទាប់ក្នុងការប្រមូលកម្លាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលទាំងតាមរយៈការបោះឆ្នោតក្តី និងទាំងមធ្យោបាយផ្តួលរំលំក្រៅប្រព័ន្ធបោះឆ្នោតក្តី។ ភាពអំនួត ការប្រជែងគ្នា​ក្នុងក្រុម​និងក្នុងបក្សដើម្បីដណ្តើមនិងការពារផលប្រយោជន៍រៀងៗខ្លួន ការប្រជែងមុខមាត់គ្នាឯង ។ល។ ពិតជាបានធ្វើឲ្យក្រុមប្រឆាំងជំនាន់ទី១នេះមិនអាចប្រមូលកំលាំងសរុបបាន ហើយនៅទីបំផុត ពួកគេមុជក៏មិនជ្រៅទៅក៏មិនឆ្ងាយដែរ។
    ទី២៖ ទោះបីជារងសម្ពាធពីចៅហ្វាយនាយឲ្យរួបរួមគ្នាជាបក្សតែមួយក៏ដោយ ក៏ភាគី សម រង្ស៊ី និង កឹម សុខា នៅតែបន្តបែងចែកបក្សពួកធ្វើឲ្យផ្ទៃក្នុងបែកបាក់មិនអាចចូលគ្នាបាន ដែលជាសញ្ញា​បញ្ជាក់​ច្បាស់​ថា ពួកគេ«រួបរួមចាប់ដៃគ្នាមែន ប៉ុន្តែ បេះដូងមិនចូលធ្លុងគ្នាឡើយ» ឬនិយាយតាមបែប​ម្យ៉ាងទៀត​គឺ​«ធ្វើនយោបាយចាប់ដៃ ជាន់ជើងគ្នា»។
    ទី៣៖ ក្រោយពេលបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលតាមអំណាចផ្លូវច្បាប់ សម រង្ស៊ី មិនបានបង្ហាញសមត្ថភាពបង្រួបបង្រួមដើម្បីការពារនយោបាយរបស់ខ្លួនទេ តែបែរជាឆ្លៀតឱកាសកសាងកម្លាំងផ្ទាល់ខ្លួន ក្បត់កឹមសុខា ដែលធ្វើឲ្យអ្នកគាំទ្រគណបក្សដែលរលាយទៅ ហើយនោះបែកបាក់កាន់តែធ្ងន់ធ្ងរឡើងៗថែមទៀត។
    ទី៤៖ ទាំងមុននិងក្រោយការចាប់ខ្លួន កឹម សុខា និងក្រោយការរំលាយបក្សសង្គ្រោះជាតិ សម រង្ស៊ីបានជ្រើសរើសយកយុទ្ធសាស្ត្រដ៏ខុសឆ្គងបំផុតដោយរត់យករួចខ្លួនទៅសម្ងំរស់នៅបរទេស ហើយពឹងផ្អែកទាំងស្រុងលើបស្ចិមប្រទេស។ ទង្វើនេះប្រៀបដូចជាការបកស្បែកមុខចៅហ្វាយនាយរបស់ខ្លួនឲ្យគេបានឃើញកាន់តែច្បាស់ក្រឡែតថា បក្សប្រឆាំងនេះជាកូនជឹង កូនអុក របស់បរទេស។
    ទី៥៖ ដើម្បីរក្សាលំនឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាច​បន្តរក្សាប្រយោជន៍​ក្នុងភាព​ជាដៃគូជាមួយអាស៊ានបាន សហភាពអឺរ៉ុបគ្មាន​ជម្រើសអ្វីក្រៅ​តែពីការបោះ​បង់ចោល​កូន​ជឹង​ជំនាន់ទី១របស់ខ្លួន ហើយងាកមកបន្តធ្វើការជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។
    ការបន្តផ្តល់ជំនួយផ្សេងៗក៍ដូចជាការសម្រេចចិត្តកាត់បន្ថយ EBA ត្រឹម ២០% ក៏ជាផ្នែកមួយដ៏ សំខាន់នៃនយោបាយរបស់សហភាពអឺរ៉ុបក្នុងការបង្ហាញពីទឹកចិត្តបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងក៏ជាសញ្ញានៃការបោះបង់ចោលកូនជឹងជំនាន់ ទី១របស់ខ្លួនដែរ ពីព្រោះលោក ហ៊ុន សែនបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា «ការផ្តាច់EBA គឺជាការបញ្ចប់ជីវិតរបស់ក្រុមប្រឆាំងដែលជាកូនអុករបស់ពួកបស្ចិមប្រទេស»។
    ដូច្នេះ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបកាត់ត្រឹម២០% គឺជាការ​«សម្លាប់ដោយឈាមត្រជាក់»ចំពោះជីវិតនយោបាយរបស់សម រង្ស៊ី និងគូកន។
    ជាភស្តុតាងជាក់ស្តែង រយៈពេលចុងក្រោយនេះ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិក គ្មាននរណាលើកបញ្ហា សម រង្ស៊ី មកនិយាយជាមួយរដ្ឋាភិបាលកម្ពុជាទៀតឡើយ សូម្បីតែសួរមួយ ម៉ាត់ក៏គ្មានដែរ។ ហើយបើនិយាយឲ្យចំ សម រង្ស៊ី​គឺជាសន្លឹកបៀរដែលត្រូវបានគេធីបចោល​ទាំងស្រុង​ខណៈដែល កឹម សុខា គឺជាសន្លឹកបៀរតូចមួយដែលគេកាន់ទុកប្រើជាសង្គ្រាមចិត្តសាស្ត្រ​ដើម្បីបង្ហាញ​អោយក្រុមប្រឆាំងជំនាន់ថ្មីជឿជាក់ថា «អោយតែបំរើគេ គឺគេនៅតែជួយការពារនិងគាំទ្រ» តែប៉ុណ្ណោះ។

    ស្របពេលដែលកូនជឹងជំនាន់ ទី១ត្រូវបានបោះបង់ចោល កូនជឹងជំនាន់ទី២ក៏ត្រូវបានគេផ្តើម​បណ្តុះ​ឡើងដែរ។ តើនរណាជាកូនជឹងជំនាន់ទី២របស់ពួកបស្ចិមប្រទេស? ខ្ញុំសុំទុកមិនទាន់ទំលាយ​ថាអ្នក​ណា​ខ្លះ​ជាក្រុមប្រឆាំងជំនាន់ទី២ដែលជាកូនអុកថ្មីដែលកំពុងទទួលការ បណ្តុះបណ្តាលនិងប្រើប្រាស់​ដោយបស្ចិមប្រទេសនោះទេ។ ប៉ុន្តែអ្វីដែលខ្ញុំគួរតែរំលឹកនិងទាញអារម្មណ៍ក្រុមប្រឆាំងថ្មីនេះគឺថា វាសនារបស់ពួកគេក៏អាចនឹងមិនខុសគ្នាឡើយពីវាសនារបស់ក្រុមប្រឆាំងជំនាន់ទី១នោះដែរពីព្រោះ :
    ទីមួយ : «ការធ្វើនយោបាយតាមរយៈការឃុបឃិតនិងបម្រើមហិច្ឆតាបរទេសដើម្បីបំផ្លិចបំផ្លាញជាតិឯង​គឺជានយោបាយគ្មានកំណើតដែលក្រុមប្រឆាំងជំនាន់ទី១ធ្លាប់ទទួលការបរាជ័យដ៏ជូរចត់បំផុតព្រោះគោលការណ៍ អធិប្បតេយ្យជាតិមិនអាចសម្របសម្រួលបាននោះឡើយ» ។
    ទីពីរ:«ធ្វើជាអ្នកប្រឆាំងជាមួយបក្សកាន់អំណាចដឹកនាំដោយលោកហ៊ុន សែន គឺដាច់ខាតមិនអាច​ប្រើប្រាស់ឥទ្ធិពលបរទេស មកគំរាមកំហែង ដាក់លក្ខខណ្ឌ ឬដាក់សម្ពាធគាបសង្កត់​បាននោះឡើយ ហើយបើហ៊ានដើរតាមគន្លងចាស់ដដែលនេះ នោះគឺពិតជានឹងទទួលលទ្ធផលដូច ក្រុមប្រឆាំង​ជំនាន់ទី១​ដែរដោយចៀសមិនផុតឡើយ»។

    ដោយ : អ្នកនយោបាយតុកាហ្វេ