ស្ថានភាព​របួស​​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នក​ស្រី អ៊ុក ឆាយ៉ាវី កាន់​តែ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​ទាញ​ម៉ូតូ​ដួល​សន្លប់

ដោយ ម៉ៅ សុធានី
2020-08-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ស្ថានភាព​របួស​ដោយសារ​គ្រោះថ្នាក់​ដួល​ម៉ូតូ បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​ទាញ​ម៉ូតូ​ឱ្យ​ដួល កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ២០២០។

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ស្ថានភាព​របួស​ដោយសារ​គ្រោះថ្នាក់​ដួល​ម៉ូតូ បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​ទាញ​ម៉ូតូ​ឱ្យ​ដួល កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


ស្ថានភាព​របួស​របស់​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី កាន់​តែ​ធ្ងន់ធ្ងរ ​បន្ទាប់​ពី​ជន​មិន​ស្គាល់​​មុខ​បាន​ទាញ​ម៉ូតូ​​អ្នក​ស្រី​បណ្ដាល​ឲ្យ​ដួល​​សន្លប់​កាល​ពី​រសៀល​ថ្ងៃ​ទី១០ សីហា។ កូន​ស្រី​ជន​រងគ្រោះ​ចាត់​ទុក​គ្រោះ​ថ្នាក់​ចរាចរ​​​​លើ​ម្ដាយ​របស់​នាង​ថា ជា​ការ​ប៉ុនប៉ង​សម្លាប់​អ្នក​ស្រី អ៊ុក ឆាយ៉ាវី​ ហើយ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ដៃដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

កូន​ស្រី​​អ្នក​ស្រី អ៊ុក ឆាយ៉ាវី គឺ​កញ្ញា យិន ម៉ូលីនី ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី១១ សីហា​ថា ម្ដាយ​របស់​កញ្ញា​​​ហើម​មាត់​ និង​ជាំភ្នែក ​​ព្រមទាំង​​មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​ ជា​ពិសេស​ដៃ​ខាង​ឆ្វេង​មិន​អាច​កាន់​អ្វី​បាន​នោះ​ទេ​​។​កញ្ញា​បន្ថែម​ថា ​បច្ចុប្បន្ន​ម្ដាយ​របស់​​​​​កញ្ញា​​​សម្រាក​​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​​​ ហើយ​​​​ពិសារ​បបរ​បាន​តិចតួច ដោយ​មិន​អាច​និយាយ​ស្ដី​បាន​ច្រើន​ដូច​ពេល​មុន​​ឡើយ។កញ្ញា​បន្ត​ថា ​​កញ្ញា​​នឹង​​ប្ដឹង​ប៉ូលិស​ឱ្យ​រក​​យុត្តិធម៌​ដល់​ម្ដាយ​របស់​នាង​​​ក្នុង​ពេល​ឆាប់ៗ ​ដោយ​មិន​លើក​លែង​ឡើយ ​ពី​ព្រោះ​​​កញ្ញា​យល់​ថា គ្រោះ​ថ្នាក់​ចរាចរ​នេះ ​ជា​ការ​ប៉ុនប៉ង​ធ្វើ​បាប​​ម្ដាយ​របស់​​នាង៖ «នេះ​ជា​ការ​ឈឺ​ចាប់​មួយ​ដែល​ខ្ញុំ​ទទួល​យក​មិន​បាន​ទេ​ ប៉ា​គាត់​ខល​មក​​ភ្លាម​គឺ​ខ្ញុំ​ស្លុត​អស់​ហើយ​។​រឿង​នេះ​អាច​នឹង​ប៉ុនប៉ង​សម្លាប់​ ដោយសារ​តែ​ពេល​ហ្នឹង​​ប៉ា​ខ្ញុំ​មិន​សូវ​ត្រូវ​អី​ទេ​ អីចឹង​ប៉ា​ខ្ញុំ​ជា​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​ គឺ​គាត់​ឃើញ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ពាក់​អាវ​ធំ​ហើយ​បាក់​មួក​សុវត្ថិភាព​ជិះ​ម៉ូតូ​ធំ​ គឺ​​ គាត់​ជិះ​មក​បំណង​ផ្ដួល​​កន្ត្រាក់​ម៉ូតូ​ម៉ាក់​ខ្ញុំ​ឱ្យ​ដួល​​តែ​ម្ដង»

នៅ​ថ្ងៃ​​ទី១១ សីហា មាន​ក្រុម​យុវជន​ កម្មករ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ បាន​បណ្ដាក់​គ្នា​ទៅ​សួរសុខទុក្ខ​អ្នកស្រី អ៊ុក ឆាយ៉ាវី ដល់​ផ្ទះ​របស់​គាត់ នៅ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ជា​បន្ត​បន្ទាប់។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ អ្នក​ស្រី អ៊ុក ឆាយ៉ាវី ជួប​គ្រោះថ្នាក់​ចរាចរ​​​​ក្នុង​ពេល​ដែល​អ្នក​ស្រី​ធ្វើ​ដំណើរ​ជា​មួយ​ប្ដី​របស់​គាត់​​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី១០ សីហា។ អ្នកស្រី អ៊ុក ឆាយ៉ាវី អះអាង​ថា គ្រោះ​ថ្នាក់​ចរាចរ​នេះ កើត​ឡើង​ដោយសារ​តែ​បុរស​ពីរ​នាក់​ពាក់អាវ​ខ្មៅ​បាន​ចាប់​រុញ​ដៃ​ចង្កូត​ម៉ូតូ​របស់​អ្នក​ស្រី បណ្ដាល​ឱ្យ​ដួល​សន្លប់ នៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

ទាក់​ទង​នឹង​បញ្ហា​នេះ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ថា​ ប៉ូលិស​មិន​ទាន់​មាន​វិធានការណ៍​ចំពោះ​គ្រោះថ្នាក់​ចរាចរ​របស់​អ្នក​ស្រី អ៊ុក ឆាយ៉ាវី នេះ​នៅ​ឡើយ​ទេ ដោយសារ​​មិន​ទាន់​មាន​បណ្ដឹង​ពី​សាមីខ្លួន​នៅ​ឡើយ៖ «អីចឹង​គាត់​នឹង​ដើរ​បោក​ក្បាល​ដួល​ណា​​បាត់​ទៅ​ ហើយ​គាត់​បង្ហោះ​ហ្វេសប៊ុក​ទៅ​ឱ្យ​គេ​ទៅ​រក​យុត្តិធម៌​យ៉ាង​ម៉េច​កើត វា​មាន​ការ​ប្ដឹង​​ត្រូវ​ទៅ​ធ្វើ​កំណត់​ហេតុ​ ត្រូវ​និយាយ​ហេតុ​ការណ៍​ប្រាប់​គេ​បាន​គេ​​មាន​មូលដ្ឋាន​សម្រាប់​ស្រាវជ្រាវ​ស៊ើបអង្កេត។ តែ​បើ​គ្រាន់​តែ​គាត់​ស្រែក​តាម​ហ្វេសប៊ុក​ឱ្យ​គេ​ទៅ​រក​មនុស្ស​នៅ​ណា​ គេ​ទៅ​ធ្វើ​កំណត់​ហេតុ​ជា​មួយ​គាត់​នៅ​ណា​ គេ​ទៅ​រក​គាត់​ដល់​ផ្ទះ​ឬ​ដល់​ស្នាក់​ការ​ប៉ូលិស​ ឱ្យ​គាត់​យល់​អីចឹង​វិញ​ផង»

ទោះ​ជា​យ៉ាង​ណា​​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​អាដហុក (Adhoc) លោក នី សុខា ​មាន​ប្រសាសន៍​ថា ​ថ្វី​ត្បិត​តែ​ជនរងគ្រោះ​​ពុំ​ទាន់​​ប្ដឹង​ប៉ូលិស​ឱ្យ​​​ជួយ​រក​យុត្តិធម៌​ក៏​ដោយ​ក៏​សមត្ថកិច្ច​ មាន​កាតព្វកិច្ច​ស៊ើបអង្កេត​​រក​មូលហេតុ​​​ជាក់លាក់​អំពី​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ដែរ​ ដើម្បី​ការពារ​​​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​​។លោក ​បញ្ជាក់​ថា ​ប្រសិន​បើ​អាជ្ញាធរ​មិន​ស្រាវជ្រាវ​​លើ​រឿង​នេះ​ឱ្យ​បាន​ដឹង​ហេតុ​ផល​ច្បាស់​​លាស់​ទេ​ នោះ​នឹង​រង​ការ​រិះគន់​ពី​​​ប្រជា​ពលរដ្ឋ​​​​​ថា​ ​អាជ្ញាធរ​នៅ​ពីក្រោយ​ខ្នង​គ្រោះ​ថ្នាក់​ចរាចរ​នេះ​​​ជា​មិន​ខាន​ឡើយ៖ «ខ្ញុំ​គិត​ថា​ជា​តួនាទី​របស់​សមត្ថកិច្ច​​កុំ​បដិសេធ​កុំ​ព្យាយាម​រុញ​រឿង​ហ្នឹង​ចេញ​ គួរតែ​លោក​ព្យាយាម​ស្រាវជ្រាវ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​រងគ្រោះ​ហ្នឹង​គាត់​ដាក់​ពាក្យ​បណ្ដឹង​ ហើយ​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បណ្ដឹង​របស់​គាត់​ ខិតខំ ស្វះស្វែង​រក​អ្នក​ដៃដល់​ដែល​បាន​ប្រព្រឹត្ត​ក្នុង​រឿង​ហ្នឹង​ យើង​មិន​ថា​តើ​​រឿង​ហ្នឹង​ជា​មូលហេតុ​អី​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ថា ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​យើង​នឹង​ដឹង​ការ​ពិត​ហើយ»

អ្នក​ស្រី អ៊ុក ឆាយ៉ាវី ជា​មនុស្ស​ស្និទ្ធ​នឹង​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោក រ៉ុង ឈុន​ ហើយ​អ្នក​ស្រី​តែងតែ​ដឹក​នាំ​ក្រុម​យុវជន​និង​កម្មករ តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក​ រ៉ុង ឈុន ជា​បន្ត​បន្ទាប់។ ចាប់​តាំង​ពី​ការ​តវ៉ា​នេះ​មក អ្នក​ស្រី​ត្រូវ​បាន​​មនុស្ស​​ប្លែក​​មុខ​ជា​ច្រើន​នាក់​ជិះ​ម៉ូតូ​តាមដាន​អ្នក​ស្រី​រហូត​មក។

អ្នក​ស្រី អ៊ុក ឆាយ៉ាវី អះអាង​ថា បើ​ទោះ​ពី​ជា​អ្នក​ស្រី​ជួប​គ្រោះ​ថ្នាក់​ចរាចរ​បែប​នេះ​ក្ដី គឺ​អ្នក​ស្រី​នៅ​តែ​ប្រកាន់​ជំហរ​ដឹក​នាំ​ពលរដ្ឋ​តវ៉ា​ស្វែង​រក​យុត្តិធម៌​ជូន​លោក រ៉ុង ឈុន ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ស្ថានភាព​របួស​​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នក​ស្រី អ៊ុក ឆាយ៉ាវី កាន់​តែ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​ទាញ​ម៉ូតូ​ដួល​សន្លប់"

  1. Anonymous says:

    SOON THEY WILL PAY BACK