សមាជិក​​ក្រុម​​យុវជនខ្មែរ​​​​ថាវរៈ​​ម្នាក់​​ត្រូវ​​បាន​​អាជ្ញា​ធរ​​ចាប់​ខ្លួន​​នៅ​មុខ​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​

ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពប្រមូលផ្តុំ
កញ្ញា ខាន់ លក្ខិណា | ១៣ សីហា ២០២០ |ម៉ោង ១៧:០១
VOD

កញ្ញា ឈឿន ដារ៉ាវី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំឡុងពេលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

កញ្ញា ឈឿន ដារ៉ាវី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំឡុងពេលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


ស្ត្រី​ម្នាក់ជាស​មា​ជិ​កក្រុម​យុវជនខ្មែរ​​​ថាវរៈ ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោ​ក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ព្រ​ហស្ប​តិ៍នេះ។

លោក ហ៊ុន វណ្ណៈ សមាជិក​ក្រុមខ្មែរ​​យុវជន​ថាវរៈ មានប្រសាសន៍​ថា កញ្ញា ឈឿន ដារ៉ា​វី សមាជិក​ក្រុម​យុវជន​ខ្មែរ​​ថាវរៈ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញចាប់​ឃាត់ខ្លួននៅ​ម៉ោង​ជិត៤រសៀល​នេះ ខណៈ​ដែល​កញ្ញា រួម​នឹង​យុវជន​ជាង១០នាក់​ទៀត ​ប្រមូល​ផ្តុំគ្នា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ៧មករា ដើម្បី​រង់​ចាំ​ទាមទារ​យក​កាបូប​របស់​កញ្ញា​ដែល​អាជ្ញាធរ​ខណ្ឌបាន​ចាប់​យក​កាលពី​ព្រឹកមិញ​នោះ​មកវិញ។

កញ្ញា ស៊ូ មេត្តា សមាជិក​យុវជនខ្មែរ​ថាវរៈម្នាក់ទៀត បាន​ឱ្យដឹង​ដែរថា កម្លាំង​អាជ្ញាធរ​រាជធានីភ្នំពេញជាច្រើន​នាក់ ក៏បានឡោម​ព័ទ្ធ​​ផ្ទះយុវជនខ្មែរ​ថាវរៈ ស្ថិតក្នុងខណ្ឌសែនសុខ នៅរសៀលនេះផងដែរ។

តែ​យ៉ាងណា អធិការ​ខណ្ឌ៧មករា លោក នេត ស៊ី​ថុន បាន​ប្រាប់​វី​អូ​ឌី​ថា លោក​ពុំ​បានដឹង​រឿងចាប់ខ្លួន​កញ្ញា ឈឿន ដារ៉ា​វី នេះ​ទេ។

ចំណែក លោក ស ថេត ស្នងកា​រនគរបាលរាជធានីភ្នំពេញ មាន​ប្រសាសន៍ថា អាជ្ញាធរ​ពិត​ជាមានការ​ចាប់​ឃាត់ខ្លួនសមាជិក​​​ក្រុមយុវជន​ខ្មែរ​ថាវ​រៈពិតមែន គឺធ្វើទៅតាមដីកា​របស់​តុលាការ។

លោក​បានថ្លែងថា៖ «ការចាប់ខ្លួននេះធ្វើតាមដីការបស់តុលាការ ដោយសារ​គាត់ញ៉ុះញង់ឲ្យមានចលាចល​ក្នុង​សង្គម នៅក្នុង​ដែនសមត្ថកិច្ច​ក្រុង ហើយសមត្ថកិច្ចកំពុង​បន្ត​ឆែក​ផ្ទះ​របស់​ពួកគាត់[ផ្ទះយុវជនខ្មែរថាវរៈ]ផង​ដែរ»

កាលពី​ថ្ងៃទី៣ ខែសីហា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយគូ​សបញ្ជាក់​ថា៖ «រាល់​សកម្មភាព​ជួប​ប្រជុំ​ប្រមូល​ផ្តុំដែល​គ្មាន​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មករ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ​[ស្តី​ពី​ការ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​] ដែល​អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ជាធរមាន»។ 

គួរ​បញ្ជាក់​ថា នៅ​ព្រឹកមិញ​នេះ ក្រុម​យុវជន​ខ្មែរ​ថាវរៈ សាច់ញាតិ​លោ​ក រ៉ុង ឈុន និង​សកម្មជន​ប្រមាណ៥០នាក់ រួម​ទាំង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក​ សួង សុភ័​ណ្ឌ បាន​នាំគ្នា​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​មួយ​នេះដោះលែង​លោ​ក រ៉ុង ឈុន ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ៧មករា រារាំងនិង​រុញច្រាន​ចេញពី​ទីនោះ។

ក្នុងអំឡុងពេល​ប៉ះទង្គិច​គ្នា​នោះ កញ្ញា ឈឿន ដារ៉ា​វី អាយុ២៩ឆ្នាំ បាន​អះអាង​ថា ក្រុម​សន្តិសុខ​ខណ្ឌ បាន​ទាញ​យក​កាបូប​របស់​គាត់​ទៅបាត់ ដោយ​ក្នុង​កា​បូ​បនោះ​មាន​លុយ​និង​សម្ភារ​មួយចំនួន ទើប​នៅ​រសៀល​នេះពួក​គេ​នៅ​បន្ត​រង់​ចាំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​យក​កាបូប​នោះ​មកវិញ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles