អាជ្ញាធរ​ចាប់​ខ្លួន​យុវជន ៦​នាក់ ដែល​ចូលរួម​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន

ដោយ ហេង រស្មី និង​ ខែ សុណង
2020-08-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ លោក ហ៊ុន វណ្ណៈ (ឆ្វេង) និង​​កញ្ញា ឈឿន ដារ៉ាវី។

សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ លោក ហ៊ុន វណ្ណៈ (ឆ្វេង) និង​​កញ្ញា ឈឿន ដារ៉ាវី។

 photo courtesy


សកម្មភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាបអ្នកតវ៉ាដោះលែងលោក រ៉ុង ឈុន​


អាជ្ញាធរ​ក្រុងភ្នំពេញ ចាប់ខ្លួន​អ្នក​តវ៉ា ទាមទារ​ដោះលែង លោក រ៉ុង ឈុន ជាបន្តបន្ទាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នៅមុន​ការ​ចាប់ខ្លួន អាជ្ញាធរ​ខណ្ឌ ៧ មករា បាន​ប្រើ​អំពើ​ហិង្សា​ចាស់ដៃ ទៅលើ​ក្រុម​យុវជន​តវ៉ា​នៅ​ម្ដុំ​សាលាដំបូង​រាជធានី​ភ្នំពេញ បណ្ដាលឲ្យ​យុវតី​ម្នាក់​រង​របួស សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជាង​ ១០​នាក់​ផ្សេងទៀត របួស​ដៃជើង និង​ដងខ្លួន ក្នុង​ខណៈ​ដែល ចៅក្រម​បន្ត​នីតិវិធី​សួរនាំ លោក រ៉ុង ឈុន ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន។

ក្រុម​អ្នក​តវ៉ា​រង​របួស​ភាគ​ច្រើន​ជា​ស្ត្រី និង អះអាង​ថា កង​សន្តិសុខ​ខណ្ឌ ៧ មករា គឺជា​អ្នក​រក​រឿង ឈ្លោះ​ប្រកែក និង​រុញ​ច្រាន ក្នុង​គោល​បំណង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ អ្នក​តវ៉ា​ម្នាក់ កញ្ញា ឈឿន ដារ៉ាវី ជា​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ដ៏​សកម្ម​មួយ​រូប ឲ្យ​ដឹង​នៅ​មុន​ពេល​ត្រូវ​ចាប់ខ្លួន​យក​ទៅ​បាត់​ថា ក្រុម​សន្តិសុខ​ខណ្ឌ បាន​ព្យាយាម​កញ្ឆក់​ទូរស័ព្ទ ពី​ក្រុម​យុវជន​ផ្សាយ​ផ្ទាល់ (live) តាម​ហ្វេសប៊ុក (facebook) ច្រើន​លើក​ច្រើន​សារ តែ​មិន​សម្រេច ហើយក៏​បាន​ឆក់​យក​កាបូប​របស់​កញ្ញា។ កញ្ញា​ឈឿន ដារ៉ាវី ហៅ​សកម្មភាព​នេះ​ថា ជា​ការ​ឆក់ប្លន់​ទ្រព្យសម្បត្តិ​ពលរដ្ឋ។

កញ្ញា ឈឿន ដារ៉ា​វី ព្យាយាម តាម​ទាមទារ​កាបូប នោះ​មកវិញ ប៉ុន្តែ​សន្តិសុខ​ខណ្ឌ មិន​ទទួលខុសត្រូវ​ចំពោះ​អំពើ​ឆក់​នោះ​ទេ។ យ៉ាងណា កញ្ញា ថា ក្នុង​កាបូប​នោះ មាន​ឯកសារ និង​លុយ​ចំនួន​ច្រើន។ យុវតី​រូប​នេះ អះអាង​ទៀត​ថា ក្រោយ​ធ្វើសកម្មភាព​ឆក់​កាបូប​រួច ក្រុម​សន្តិសុខ​នៅតែ​បន្ត​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា ដោយ​នាំគ្នា​រុញច្រាន ក្រុម​អ្នក​តវ៉ា​ឲ្យ​ដួល ហើយ​ឆ្លៀតឱកាស ទាត់ ធាក់ ជាន់​បណ្ដាលឲ្យ​ក្រុម​អ្នក​តវ៉ា របួស​ជាង ១០នាក់ ឯ​ម្នាក់ គឺ​កញ្ញា ជា គន្ធីន អាយុ ១៨ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ កញ្ញា ឈឿន ដារ៉ាវី បន្ត​ថា ក្រៅ​ពី​រុញ​ច្រាន ជាន់ ទាត់ ធាក់ ក្រុម​សន្តិសុខ​ក៏​បាន ទះ​កំផ្លៀង​កញ្ញា​មួយ​ដៃ​ដែរ៖ «ហួស​ចិត្ត​មែនទែន ដែល​កម្លាំង​ខណ្ឌ ៧ មករា​ហ្នឹង ធ្វើ​ទង្វើ​ថោកទាប​បែប​នេះ ហើយ​ខ្ញុំ​នឹង​ដក​ពាក្យ បើសិន​ជា​គាត់ យក​កាបូប​មក​ឲ្យ​ខ្ញុំ​វិញ។ បើ​មិន​ឲ្យ​ទេ គឺ​ខ្ញុំ នឹង​បង្ហាញ​សាធារណៈ​ជន​ថា រដ្ឋាភិបាល ក៏​ដូច​ជា ក្រសួង​ទាំង​មូល ដែល​ចរិត​ចោរ​បែប​ហ្នឹង​មក​ធ្វើ​ការ ហើយ​ខ្លួន​ជា​សន្តិសុខ (មន្ត្រី​រាជការ) ប៉ុន្តែ​ចរិត​ចោរ​បែប​នេះ គឺ​មិន​អាច​ទទួល​យក​បាន​ទេ»។

តំណាង​ក្រុម​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ នៅមុន​ពេល​ចាប់​ខ្លួន អះអាង​ថា នៅ​ថ្ងៃ​ទី១៣ សីហា ក្រុម​យុវជន​មាន​គ្នា​សរុប​ប្រមាណ ៣០នាក់ នាំ​គ្នា​ធ្វើ​សកម្មភាព​អហិង្សា​តាម​ច្បាប់ ដើម្បី​សម្ដែង​មតិ និង​ឃ្លាំមើល​ការ​បន្ត​នីតិវិធី​លើ លោក រ៉ុង ឈុន នៅ​សវនាការ និង​អះអាង​ថា គ្មាន​បំណង​ផ្សេង​ទេ។ ប៉ុន្តែ លោក​ថា ក្រុម​សន្តិសុខ​ខណ្ឌ នៅ​តែ​បង្ខំ​ឲ្យ​ក្រុម​យុវជន រំសាយ​ការ​សម្ដែង​មតិ និង​បាន​ដាក់​បារ៉ាស់​បិទ​គ្រប់​ទីតាំង​សាធារណៈ និង​ឯកជន នៅ​ម្ដុំ​តុលាការ​ក្រុង​ភ្នំពេញ ហើយ​បើ​ទោះ​ជា ក្រុម​អ្នក​តវ៉ា បាន​ព្យាយាម​និយាយ​ផ្លូវ​ច្បាប់​អំពី​សិទ្ធិ​ពលរដ្ឋ និង​បញ្ចៀស ការ​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ​ច្រើន​ដង តែ​ក្រុម​សន្តិសុខ នៅ​តែ​តាម​យាយី​ក្រុម​អ្នក​តវ៉ា៖ «មាន​ការ​រុញ​ច្រាន មាន​ការ​ជាន់​មក​ពួក​យើង ហើយ​យើង​ជជែក​អត់​ស្ដាប់​ទេ ដឹង​តែ​ពី​រុញ​មក ហើយ​មាន​សមាជិក​យើង​ម្នាក់​របួស។ ឥឡូវ​ដឹក​ទៅ​ពេទ្យ​បាត់​ហើយ»

ក្រោយ​ពេល​កង​សន្តិសុខ​ប្រើ​ហិង្សា​រួច ក្រុម​យុវជន​មិន​បាន​រំសាយ​ការ​ជួបជុំ​គ្នា​ទេ ដោយ​នាំ​គ្នា​អង្គុយ​មួយ​កន្លែង​នៅ​ក្រោម​ដើម​ឈើ ម្ដុំ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ៧ មករា​ប្រគល់​កាបូប​លុយ​ឲ្យ​កញ្ញា ឈឿន ដារ៉ាវី វិញ។ នៅ​ម៉ោង​ជិត ៤ល្ងាច ក្រុម​បុរស​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម បាន​នាំគ្នា មក​ប្រើ​ហិង្សា​ម្ដងទៀត ដោយ​ចាប់​បោច​សក់​កញ្ញា ឈឿន ដារ៉ាវី បញ្ចូល​ក្នុង​ឡាន​ទំនើប (Luxus 470) មួយ និង​ដឹក​យក​ចេញ​ទៅ​បាត់។

សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ដែល​ឃើញ​សកម្មភាព​នោះ កញ្ញា សូរ មេត្តា ប្រាប់​ថា ជនស៊ីវិល​ម្នាក់ បាន​ឆក់​ទូរស័ព្ទ​របស់ កញ្ញា ឈឿន ដារ៉ាវី នៅ​ពេល​កំពុង​ផ្សាយ​ផ្ទាល់​ពេល​រសៀល នៅ​ម្ដុំ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល (City mall) ហើយ​ក្រុម​ស្លៀក​ពាក់​ស៊ីវិល ច្រើន​នាក់​ទៀត​ធ្វើ​សកម្មភាព​ចាប់​បោច​សក់ កន្ត្រាក់ កញ្ញា ឈឿន ដារ៉ាវី បញ្ចូល​ឡាន​ភ្លាមៗ៖ «ចុះ​ពី​ឡាន ៥នាក់ មក​អូស​ក្របួច​សក់ ហើយ​គ្រប់​គ្នា​វាយ​គាត់។ តែ​យើង​មិន​ដឹង​ថា វាយ​ត្រូវ​ប៉ុន្មាន​ដៃ​ទេ ហើយក៏​រុញ​ចូល​ឡាន​តែម្ដង។ ដល់ពេល​ពួក​ខ្ញុំ​ទៅ​ជួយ​ហ្នឹង ពួក​ហ្នឹង​ក៏​រុញ ពួក​ខ្ញុំ​មក​ក្រៅ ឡើង​ប៉ឺង​ទាំង​អស់​គ្នា​ដែរ។ នៅ​ក្នុង​ឡាន​ហ្នឹង ក៏​មាន​អាជ្ញាធរ ហើយ​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​មក​ទាញ​ហ្នឹង ក៏​មាន​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​បួន ដប់​នាក់​ទៀត មក​រោម​ពួក​យើង ដើម្បី​ឃាំង​កុំ​ឲ្យ​ពួក​យើង​ចូល​ទៅ​ជួយ ហើយ​ពួក​គាត់ សុទ្ធតែ​មាឌ​កម្លាំងៗ ពួក​ខ្ញុំ​ស្រីៗ បួន ដប់ នាក់ ជួយ​គាត់ (ឈឿន ដារ៉ាវីអត់​ទាន់»

ស្នងការ​នគរបាល​ក្រុងភ្នំពេញ​លោក ស ថេត ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​ពិតជា​បាន​ចាប់​ឃាត់ខ្លួន​យុវជន ៦នាក់​នោះ​ពិតប្រាកដ​មែន តែ​គ្រោង​នឹង​ដោះលែង​មកវិញ​ក្រោយពី​បាន​ធ្វើ​កិច្ចសន្យា​លើកលែងតែ​កញ្ញា ឈឿន ដារ៉ាវី នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ៖ «ក្រៅពីនោះ​គាត់​គ្រាន់តែ​ទៅ​ស្រែក​បន្ត​ផ្ទាល់​យើង ហោះ​គាត់​មក​សួរនាំ​ដើម្បី​អប់រំ​ទេ មិនមែន​ចាប់​ទេ។ប៉ុន្មាន​នាក់​ទៀត​ហ្នឹង​នោះ»

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ថា​ការ​ចាប់ខ្លួន​នេះ​សមត្ថកិច្ច​ចោទ​ប្រកាន់ ពី​បទ បង្ក​ភាព​វឹកវរ និង​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​ដល់​សង្គម តាម​មាត្រា ៤៩៥ និង ៤៩៥ នែ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ហើយ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​រយៈ​ពេល ៤៨ម៉ោង។ លោក​និយាយ​ថា សំណុំរឿង​នេះ​នឹង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវ​ច្បាប់ ក្រោយពី​សមត្ថកិច្ច​បញ្ចប់​នីតិវិធី​ស៊ើបសួរ៖ «ទី១ ការ​ចាប់ខ្លួន​កញ្ញា ឈឿន ដារ៉ាវី គឺ​សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ដោយ​ចោទ​ប្រកាន់​ពី​បទ ញុះញង់​បង្ក​ឲ្យ​មានផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ហើយ​បច្ចុប្បន្ន​កំពុង​អនុវត្ត​តាម​នីតិវិធី ឃុំខ្លួន​គាត់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ចំពោះ​សង្គម​ស៊ីវិល​ចោទ​ប្រកាន់​ថា រំលោភ​រដ្ឋធម្មនុញ្ញ​ឲ្យ​គាត់​ទៅ​មើល​រដ្ឋធម្មនុញ្ញ​ឡើងវិញ»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា សង្កេតឃើញ​ថា សកម្មភាព​រុញច្រាន និង​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​ខណ្ឌ ៧ មករា ជា​ទង្វើ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ហើយ​ការ​ចាប់ខ្លួន អ្នក​តវ៉ា ដោយ​កម្រោល មិនបាន​បង្ហាញ​សមាសភាព​មក​ពី​ស្ថាប័ន​ណា និង​គ្មាន​ការ​បង្ហាញ​ដីកា​ចាប់ខ្លួន ត្រឹមត្រូវ ជា​ការប្រព្រឹត្តិ​ខុសច្បាប់៖ «បើ​អត់​ព្រម​ទៅ​តាម​ការ​ចាប់ខ្លួន​ហ្នឹង អា​ហ្នឹង បាន​យើង​ប្រើប្រាស់​រូបភាព​បែប​ហ្នឹង ហើយ​បើ​តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​គឺ មានការ​ប្រើ​ហិង្សា​ចាប់​ទាញ​សក់​គាត់​រុញ​ចូល​ឡាន ហើយ​មិន​ប្រាប់​ពី​សមាសភាព​ច្បាស់លាស់​អ៊ីចឹង តើ​វា​ជា​ការអនុវត្ត​ច្បាប់​អ្វីបើ​ក្នុងនាម​ជា​អាជ្ញាធរ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ ហើយ​ទៅ​ចាំបាច់​លាក់បាំង​អត្តសញ្ញាណ គួរតែ​ប្រាប់​គេ​ឲ្យបាន​ដឹង ព្រោះ​អានេះ ខ្ញុំ​គិត​ថា វា​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ នេះ​ហើយ ដែល​ធ្វើឲ្យ​សង្គម​មួយ វា​មានការ​ឈឺ​ចាប់​ឡើង​ៗ ដោយសារតែ​អំពើ​នៃ​ការអនុវត្ត​ច្បាប់​ទាំងអស់​ហ្នឹង វា​អត់​បាន​ត្រឹមត្រូវ​ណា»

ចំណែក​សំណុំរឿង​ក្ដី របស់ លោក រ៉ុង ឈុន ក្នុង​តុលាការ​វិញ លោក​មេធាវី សំ សុ​គង់ ឲ្យដឹង​ថា ចៅក្រម​ស៊ើបសួរ​បាន​បន្ត​នីតិវិធី​សួរដេញដោល លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃទី ១៣ សីហា។ ក្នុង​តុលាការ លោក រ៉ុង ឈុន អះអាង​ជំហរ​ដដែល​ថា លោក​មិនបាន​ញុះញង់​រឿង​ព្រំ​ដែរ​ទេ ហើយ​លោក​លើកឡើង​តាម​ការ​ឲ្យដឹង​របស់​ពលរដ្ឋ រស់នៅ​ក្បែរ​ព្រំដែន ពី​បញ្ហា​ព្រំដែន។ លោក​មេធាវី បន្ត​ថា លោក រ៉ុង ឈុន ក៏បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​មួយចំនួន​របស់​ចៅក្រម​ដែរ ដោយសារ​មិន​ពាក់ព័ន្ធ​នឹង​បទ​ចោទ។ លោក​មេធាវី ជំរុញ​ឲ្យ​ចៅក្រម ទម្លាក់​បទ​ចោទ​ប្រឆាំង លោក រ៉ុង ឈុន ក្នុង​សំណុំរឿង​នេះ៖ «អត់មាន​ជា​ភស្តុតាង​អ្វី (ដាក់បន្ទុក​)ធ្ងន់ធ្ងរ ហើយ​អ្វី​ដែល​លោកគ្រូ គាត់​បាន​ធ្វើ​គ្រាន់តែ​ជា​ការ ហៅថា ការ​ចេញ​នូវ​ទស្សនៈ ឬក៏​សម្ដែង​នូវ​មតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិពល​រដ្ឋ សិទ្ធិ​នយោបាយ​ទាក់ទង​នឹង​ការសម្ដែង​មតិ ហើយ​ការសម្ដែង​មតិ​ហ្នឹង មិនមែន​ជា​រឿង​ខុសច្បាប់​ទេ។ តាមខ្ញុំ​យល់​គួរតែ​តុលាការ​ហ្នឹង គឺ​មិនជា​ខុសច្បាប់​ទេ ហើយ​បើ​តាមខ្ញុំ​យល់​គួរតែ​តុលាការ​ហ្នឹង សម្រេច​ឲ្យ​គាត់ លើកលែង​ការចោទប្រកាន់»

នៅមុន​ចាប់ខ្លួន លោក រ៉ុង ឈុន បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ស្ដីពី​បញ្ហា​ព្រំដែន ស្ថិតនៅ​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី២១ កក្កដា ដោយ​អះអាង ថា ការ​បោះ​បង្គោល​លេខ ១១៤ ដល់ ១១៩ មាន​ភាព​មិន​ប្រក្រតី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដីស្រែ​ក្បែរ​ព្រំដែន ទំហំ​ប្រមាណ ៦០ហិកតារ​ឲ្យ​អ្នកភូមិ ធ្វើស្រែ​វិញ។ ១០ថ្ងៃ​ក្រោយ​មក គឺ​នៅ​យប់​ថ្ងៃ​ទី៣១ កក្កដា សមត្ថកិច្ច​បាន​សម្រុក​ចាប់ខ្លួន​លោក រ៉ុង ឈុន ដោយ​ចោទ​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន។ ក្រុម​អ្នកគាំទ្រ​លោក រ៉ុង ឈុន មាន​ដូចជា កម្មករ គ្រូបង្រៀន យុវជន និង​ព្រះសង្ឃ ក៏បាន​នាំគ្នា​ចេញ​តវ៉ា​ជាបន្តបន្ទាប់ ឲ្យ​ដោះលែង លោក រ៉ុង ឈុន វិញ ប៉ុន្តែ​អ្នក​តវ៉ា ភាគច្រើន បាន​រង​ការ​អំពើ​ហិង្សា ដោយ​ផ្ទាល់ និង​ប្រយោល រង​ការ​ព្រមាន ការ​គំរាមកំហែង និង​ចាប់​ដាក់​ពន្ធនាគារ ជា​បន្ត​បន្ទាប់ ដូច​ជា ការ​គំរាម​អ្នក​ភូមិ​ត្រពាំង​ផ្លុង តំណាង​កម្មករ​រោង​ចក្រ វ៉ាយអូលែត (Violet apparel Cambodia Co.ltd​) លោកស្រី អ៊ុង ចាន់​ធឿន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆាយា​វី ក្រុម​គ្រូបង្រៀន​នៅ​ខេត្ត​តាកែវ រង​ការ​ព្រមាន​លុប​ឈ្មោះ​ពី​ក្របខ័ណ្ឌ ក្រុម​ព្រះសង្ឃ​នៅ​ខេត្ត​បាត់ដំបង រង​ការ​ព្រមាន​បណ្ដេញ​ចេញ​ពី​វត្ត ការ​ចាប់ខ្លួន​ក្រុម​អ្នក​តវ៉ា ៣នាក់ ដាក់​ពន្ធនាគារ និង​ការ​ប្រើ​ហិង្សា​លើ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ចាប់​ខ្លួន​យុវជន ជា​សមាជិក​ក្រុម​នេះ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles