អាជ្ញាធរ​ប្រើ​ហិង្សា និង​​ចាប់ខ្លួន​អ្នក​តវ៉ា​ម្នាក់​ក្នុង​ថ្ងៃ​តុលាការ​បន្ត​នីតិវិធី​សួរនាំ​លោក រ៉ុង ឈុន

ដោយ ហេង រស្មី
2020-08-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​តវ៉ា​របស់​ក្រុមយុវជន​នៅ​មុខសាលាដំបូង​រាជធានី​ភ្នំំពេញ ដើម្បី​ដោះលែង​លោក រ៉ុង ឈុន នៅ​​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០២០។

សកម្មភាព​តវ៉ា​របស់​ក្រុមយុវជន​នៅ​មុខសាលាដំបូង​រាជធានី​ភ្នំំពេញ ដើម្បី​ដោះលែង​លោក រ៉ុង ឈុន នៅ​​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០២០។

 Photo courtesy of Facebook Page N1M


សកម្មភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាបអ្នកតវ៉ាដោះលែងលោក រ៉ុង ឈុន​


អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន​អ្នក​តវ៉ា ទាមទារ​ដោះលែង លោក រ៉ុង ឈុន ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នៅមុន​ការ​ចាប់ខ្លួន​អាជ្ញាធរ​ខណ្ឌ​៧​មករា បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ចាស់ដៃ​ទៅលើ​ក្រុម​យុវជន​តវ៉ា​នៅ​ម្ដុំ​សាលាដំបូង​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​យុវតី​ម្នាក់​រង​របួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជាង ១០​នាក់​ផ្សេងទៀត របួស​ដៃជើង និង​ដងខ្លួន ក្នុង​ខណៈ​ដែល​ចៅក្រម​បន្ត​នីតិវិធី​សួរនាំ លោក រ៉ុង ឈុន ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន។

ក្រុម​អ្នក​តវ៉ា​រង​របួស​ភាគច្រើន​ជា​ស្ត្រី និង​អះអាង​ថា កង​សន្តិសុខ​ខណ្ឌ ៧​មករា គឺជា​អ្នក​រករឿង​ឈ្លោះប្រកែក និង​រុញច្រាន​ក្នុង​គោលបំណង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ។ អ្នក​តវ៉ា​ម្នាក់ កញ្ញា ឈឿន ដារ៉ាវី ជា​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ដ៏​សកម្ម​មួយ​រូប​ឲ្យ​ដឹង នៅ​មុន​ពេល​ត្រូវ​ចាប់ខ្លួន​យក​ទៅ​បាត់​ថា ក្រុម​សន្តិសុខ​ខណ្ឌ​បាន​ព្យាយាម​កញ្ឆក់​ទូរស័ព្ទ ពី​ក្រុម​យុវជន​ផ្សាយ​ផ្ទាល់ (live) តាម​ហ្វេសប៊ុក (facebook) ច្រើន​លើក​ច្រើន​សា តែ​មិន​សម្រេច ហើយ​ក៏បាន​ឆក់​យក​កាបូប​របស់​កញ្ញា។ កញ្ញា ឈឿន ដារ៉ាវី ហៅ​សកម្មភាព​នេះ ថា ជា​ការ​ឆក់ប្លន់​ទ្រព្យសម្បត្តិ​ពលរដ្ឋ។

កញ្ញា ឈឿន ដារ៉ាវី ព្យាយាម​តាម​ទាមទារ​កាបូប​នោះ​មក​វិញ ប៉ុន្តែ​សន្តិសុខ​ខណ្ឌ​មិន​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឆក់​នោះ​ទេ។ យ៉ាងណា កញ្ញា ថា ក្នុង​កាបូប​នោះ មាន​ឯកសារ និង​លុយ​ចំនួន​ច្រើន​។ យុវតី​រូប​នេះ អះអាង​ទៀត​ថា ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​រួច ក្រុម​សន្តិសុខ​នៅតែ​បន្ត​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា ដោយ​នាំគ្នា​រុញច្រាន ក្រុម​អ្នក​តវ៉ា​ឲ្យ​ដួល ហើយ​ឆ្លៀតឱកាស​ទាត់ ធាក់ ជាន់​បណ្ដាល​ឲ្យ​ក្រុម​អ្នក​តវ៉ា​របួស​ជាង ១០​នាក់ ឯ​ម្នាក់​គឺ​កញ្ញា ជា គន្ធីន អាយុ ១៨​ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​នាំទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ កញ្ញា ឈឿន ដារ៉ាវី បន្ត​ថា ក្រៅពី​រុញច្រាន​ជាន់​ទាត់​ធាក់​ក្រុម​សន្តិសុខ​ក៏បាន​ទះកំផ្លៀង​កញ្ញា​មួយ​ដៃ​ដែរ៖ «ហួសចិត្ត​មែនទែន ដែល​កម្លាំង​ខណ្ឌ ៧​មករា​ហ្នឹង ធ្វើ​ទង្វើ​ថោកទាប​បែបនេះ ហើយ​ខ្ញុំ​នឹង​ដក​ពាក្យ​បើសិនជា​គាត់​យក​កាបូប​មក​ឲ្យ​ខ្ញុំ​វិញ​។ បើ​មិន​ឲ្យ​ទេ គឺ​ខ្ញុំ​នឹង​បង្ហាញ​សាធារណជន​ថា រដ្ឋាភិបាល ក៏ដូចជា ក្រសួង​ទាំងមូល ដែល​ចរិត​ចោរ​បែប​ហ្នឹង​មក ធ្វើការ ហើយ​ខ្លួន​ជា​សន្តិសុខ​(​មន្ត្រីរាជការ​ប៉ុន្តែ​ចរិត​ចោរ​បែបនេះ គឺ​មិន​អាច​ទទួលយក​បានទេ»។

តំណាង​ក្រុម​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ នៅមុន​ពេល​ចាប់​ខ្លួន អះអាង​ថា នៅ​ថ្ងៃ​ទី​១៣ សីហា ក្រុម​យុវជន​មាន​គ្នា​សរុប ប្រមាណ​៣០​នាក់ នាំគ្នា​ធ្វើ​សកម្មភាព​អហិង្សា​តាមច្បាប់ ដើម្បី​សម្ដែង​មតិ និង​ឃ្លាំមើល​ការ​បន្ត​នីតិវិធី​លើ​លោក រ៉ុង ឈុន នៅ​សវនាការ និង​អះអាង​ថា គ្មាន​បំណង​ផ្សេង​ទេ។ ប៉ុន្តែ លោក​ថា ក្រុម​សន្តិសុខ​ខណ្ឌ​នៅតែ​បង្ខំ​ឲ្យ​ក្រុមយុវជន​រំសាយ​ការសម្ដែង​មតិ និង​បាន​ដាក់​បារ៉ាស់​បិទ​គ្រប់​ទីតាំង​សាធារណៈ​និង​ឯកជន នៅ​ម្ដុំ​តុលាការ​ក្រុង​ភ្នំពេញ ហើយ​បើ​ទោះ​ជា​ក្រុម​អ្នក​តវ៉ា បាន​ព្យាយាម​និយាយ​ផ្លូវច្បាប់​អំពី​សិទ្ធិ​ពលរដ្ឋ និង​បញ្ចៀស​ការ​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​ច្រើនដង តែ​ក្រុម​សន្តិសុខ នៅតែ​តាម​យាយី​ក្រុម​អ្នក​តវ៉ា៖ «មាន​ការ​រុញច្រាន មានការ​ជាន់​មក​ពួក​យើង ហើយ​យើង​ជជែក​អត់​ស្ដាប់​ទេ ដឹង​តែ​ពី​រុញ​មក ហើយ​មាន​សមាជិក​យើង​ម្នាក់​របួស​។ ឥឡូវ​ដឹក​ទៅ​ពេទ្យ​បាត់​ហើយ»។

ក្រោយពេល​កង​សន្តិសុខ​ប្រើ​ហិង្សា​រួច ក្រុម​យុវជន​មិនបាន​រំសាយ​ការ​ជួប​ជុំ​គ្នា​ទេ ដោយ​នាំគ្នា​អង្គុយ​មួយ​កន្លែង​នៅ​ក្រោម​ដើមឈើ ម្ដុំ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​៧​មករា​ប្រគល់​កាបូប​លុយ ឲ្យ​កញ្ញា ឈឿន ដារ៉ាវី វិញ​។ នៅ​ម៉ោង ជិត​៤​ល្ងាច ក្រុម​បុរស​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម បាន​នាំគ្នា មក​ប្រើ​ហិង្សា​ម្ដងទៀត ដោយ​ចាប់​បោច​សក់ កញ្ញា ឈឿន ដារ៉ាវី បញ្ចូល​ក្នុង​ឡាន​ទំនើប​(Luxus 470)​មួយ​និង​ដឹក​យក​ចេញ​ទៅ​បាត់។

សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ដែល​ឃើញ​សកម្មភាព​នោះ កញ្ញា សូរ មេត្តា ប្រាប់​ថា ជន​ស៊ីវិល​ម្នាក់​បាន​ឆក់​ទូរស័ព្ទ​របស់​កញ្ញា ឈឿន ដារ៉ាវី នៅ​ពេល​កំពុង​ផ្សាយ​ផ្ទាល់​ពេល​រសៀល នៅ​ម្ដុំ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល (City mall) ហើយ​ក្រុម​ស្លៀកពាក់​ស៊ីវិល​ច្រើន​នាក់​ទៀត​ធ្វើ​សកម្មភាព​ចាប់​បោច​សក់​កន្ត្រាក់​កញ្ញា ឈឿន ដារ៉ាវី បញ្ចូល​ឡាន​ភ្លាមៗ៖ «ចុះ​ពី​ឡាន​៥​នាក់ មក​អូស​ក្របួច​សក់ ហើយ​គ្រប់គ្នា​វាយ​គាត់​។ តែ​យើង​មិន​ដឹង​ថា វាយ​ត្រូវ​ប៉ុន្មាន​ដៃ​ទេ ហើយក៏​រុញ​ចូល​ឡាន​តែម្ដង​។ ដល់ពេល​ពួក​ខ្ញុំ​ទៅ​ជួយ​ហ្នឹង​ពួក​ហ្នឹង​ក៏​រុញ ពួក​ខ្ញុំ​មក​ក្រៅ ឡើង​ប៉ឺង​ទាំងអស់​គ្នា​ដែរ​។ នៅ​ក្នុង​ឡាន​ហ្នឹង​ក៏​មាន​អាជ្ញាធរ​ហើយ​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​មក​ទាញ​ហ្នឹង ក៏​មាន​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​បួន ដប់​នាក់​ទៀត មក​រោម​ពួក​យើង ដើម្បី​ឃាំង​កុំ​ឲ្យ​ពួកយើង​ចូល​ទៅ​ជួយ​ហើយ​ពួកគាត់ សុទ្ធតែ​មាឌ​កម្លាំងៗ ពួក​ខ្ញុំ​ស្រីៗ បួន ដប់​នាក់ ជួយ​គាត់ (​ឈឿន ដា​រ៉ាវី​អត់​ទាន់»។

អ្នកនាំពាក្យ​នគរបាល​ក្រុងភ្នំពេញ ប្រាប់​អាស៊ីសេរី​ថា មានការ​ឃាត់ខ្លួន​យុវជន៦​នាក់​តែ​ដោះលែង​មក​វិញ​ហើយ តែ​ចាប់ខ្លួន​តែ​ម្នាក់​ទេ គឺ កញ្ញា ឈឿន ដារ៉ាវី។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ប៉ូលិស​ក៏បាន​ឡោមព័ទ្ធ​ផ្ទះ​របស់​ក្រុម​អ្នកតវ៉ា​លោក ហ៊ុន វណ្ណៈ ផង​ដែរ​។ លោក ហ៊ុន វណ្ណៈ ប្រាប់​អាស៊ីសេរី នៅ​ម៉ោង​ជិត​៥​ល្ងាច​ថា​លោក កំពុង​ធ្វើ​ដំណើរ​ត្រលប់​ទៅផ្ទះ​វិញ ដើម្បី​ប្រឈម​មុខ​ជាមួយ​ប៉ូលិស​។ លោក​ប្ដេជ្ញា​ថា មិន​ខ្លាច​ការ​ចាប់ខ្លួន ឬ​ការ​ធ្វើបាប​ឡើយ ព្រោះ​លោក​គ្មាន​កំហុស៖ «ខ្ញុំ​អត់​នៅ​ក្នុង​ផ្ទះ ខ្ញុំ​នៅ​ក្រៅ​ទេ​។ ចាំ​បន្លិច​ឥឡូវ​ខ្ញុំ​កំពុង​ជិះ​ទៅ​បង​។ អូ​បើ​ចាប់​ក៏​ចាប់​ទៅ ឲ្យ​ខ្មែរ​យើង​ដឹង​ថា គេ​ចាប់​បន្តបន្ទាប់​អ៊ីចឹង​គេ​យល់​ហើយ​។ ដដែលៗ យើង​ធ្លាប់​ត្រៀមខ្លួន​ស្លាប់ និង​ជាប់គុក​រួចហើយ​ហើយ​យើង​អត់​រាថយ​ទេ​។ សូម​ផ្ដាំផ្ញើ​ទៅ​បងប្អូន​ជួយ​មើល​ទៅ ពិចារណា​មើល​ទៅ ប្រទេស​របស់​យើង​សព្វថ្ងៃ​នេះ ដែល​មេដឹកនាំ យើង​ទុកចិត្ត​គាត់​ប្រគល់​ប្រទេស​ឲ្យ​គាត់​ដឹកនាំ ហើយ​គាត់​ធ្វើ​អ៊ីចឹងៗ យើង​គិត​មើលខ្លួន​ឯង​ទៅ ថា យើង​គួរ​ធ្វើ​អ្វី​បន្ត​ទៀត»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញ​ថា សកម្មភាព​រុញច្រាន និង​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​ខណ្ឌ​៧​មករា ជា​ទង្វើ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ហើយ​ការ​ចាប់ខ្លួន អ្នក​តវ៉ា​ដោយ​កម្រោល​មិន​បាន​បង្ហាញ​សមាសភាព​មកពី​ស្ថាប័ន​ណា និង​គ្មាន​ការ​បង្ហាញ​ដីកា​ចាប់ខ្លួន ត្រឹមត្រូវ ជា​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់៖ «បើ​អត់​ព្រម​ទៅតាម​ការ​ចាប់ខ្លួន​ហ្នឹង អាហ្នឹង បាន​យើង​ប្រើប្រាស់​រូបភាព​បែប​ហ្នឹង ហើយ​បើ​តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​គឺ មានការ​ប្រើ​ហិង្សា​ចាប់​ទាញ​សក់​គាត់​រុញ​ចូល​ឡាន ហើយ​មិន​ប្រាប់​ពី​សមាសភាព​ច្បាស់លាស់​អ៊ីចឹង​តើ​វា​ជា​ការ​អនុវត្ត​ច្បាប់​អ្វី​បើ​ក្នុងនាម​ជា​អាជ្ញាធរ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ ហើយ​ទៅ​ចាំបាច់​លាក់បាំង​អត្តសញ្ញាណ គួរតែ​ប្រាប់​គេ​ឲ្យ​បាន​ដឹង ព្រោះ​អានេះ ខ្ញុំ​គិត​ថា វា​មាន​ភាព​មិន​ប្រក្រតី​ច្រើន​។ នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សង្គម​មួយ វា​មានការ​ឈឺចាប់​ឡើងៗ​ដោយសារតែ​អំពើ​នៃ​ការអនុវត្ត​ច្បាប់​ទាំងអស់​ហ្នឹង វា​អត់​បាន​ត្រឹមត្រូវ​ណា»។

ចំណែក​សំណុំ​រឿងក្ដី របស់ លោក រ៉ុង ឈុន ក្នុង​តុលាការ​វិញ លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​បាន​បន្ត​នីតិវិធី​សួរដេញដោល លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី១៣ សីហា​។ ក្នុង​តុលាការ​លោក រ៉ុង ឈុន អះអាង​ជំហរ​ដដែល​ថា លោក​មិន​បាន​ញុះញង់​រឿង​ព្រំដែន​ទេ ហើយ​លោក​លើកឡើង​តាម​ការ​ឲ្យ​ដឹង​របស់​ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន ពី​បញ្ហា​ព្រំដែន​។ លោក​មេធាវី បន្តថា លោក រ៉ុង ឈុន ក៏​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​មួយ​ចំនួន​របស់​ចៅក្រម​ដែរ ដោយសារ​មិន​ពាក់ព័ន្ធ​នឹង​បទ​ចោទ។ លោក​មេធាវី ជំរុញ​ឲ្យ​ចៅក្រម​ទម្លាក់​បទ​ចោទ​ប្រឆាំង លោក រ៉ុង ឈុន ក្នុង​សំណុំ​រឿង​នេះ៖ «អត់​មាន​ជា​ភស្តុតាង​អ្វី (​ដាក់​បន្ទុក​)​ធ្ងន់ធ្ងរ ហើយ​អ្វី​ដែល​លោកគ្រូ គាត់​បាន​ធ្វើ​គ្រាន់តែ​ជា​ការ​ហៅថា ការ​ចេញ​នូវ​ទស្សនៈ ឬក៏​សម្ដែង​នូវ​មតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ហើយ​និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ទាក់ទង​នឹង​ការសម្ដែង​មតិ ហើយ​ការសម្ដែង​មតិ​ហ្នឹង មិនមែន​ជា​រឿង​ខុសច្បាប់​ទេ​។ តាម​ខ្ញុំ​យល់​គួរតែ​តុលាការ​ហ្នឹង​គឺ​មិន​ជា​ខុសច្បាប់​ទេ ហើយ​បើ​តាម​ខ្ញុំ​យល់​គួរតែ​តុលាការ​ហ្នឹង សម្រេច​ឲ្យ​គាត់​លើកលែង​ការចោទប្រកាន់»។

នៅមុន​ចាប់ខ្លួន លោក រ៉ុង ឈុន បាន​ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​បញ្ហា​ព្រំដែន ស្ថិតនៅ​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២១ កក្កដា ដោយ​អះអាង​ថា ការ​បោះបង្គោល​លេខ​១១៤ ដល់​១១៩ មាន​ភាព​មិនប្រក្រតី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដីស្រែ​ក្បែរ​ព្រំដែន​ទំហំ​ប្រមាណ​៦០​ហិកតារ​ឲ្យ​អ្នកភូមិ ធ្វើស្រែ​វិញ​។ ១០​ថ្ងៃ​ក្រោយមក គឺ​នៅ​យប់​ថ្ងៃ​ទី​៣១ កក្កដា សមត្ថកិច្ច​បាន​សម្រុក​ចាប់ខ្លួន​លោក រ៉ុង ឈុន ដោយ​ចោទ​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន។

ក្រុម​អ្នកគាំទ្រ លោក រ៉ុង ឈុន មាន​ដូចជា​កម្មករ​គ្រូបង្រៀន យុវជន​និង​ព្រះសង្ឃ​ក៏បាន​នាំគ្នា​ចេញ​តវ៉ា​ជា​បន្តបន្ទាប់ ឲ្យ​ដោះលែង លោក រ៉ុង ឈុន វិញ ប៉ុន្តែ​អ្នក​តវ៉ា​ភាគច្រើន បាន​រង​អំពើ​ហិង្សា ដោយ​ផ្ទាល់ និង​ប្រយោល រង​ការព្រមាន​ការ​គំរាមកំហែង​និង​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ដូច​ជា​ការ​គំរាម​អ្នកភូមិ​ត្រពាំង​ផ្លុង តំណាង​កម្មករ​រោងចក្រ​វ៉ាយអូលែត (Violet apparel Cambodia Co.ltd) លោកស្រី អ៊ុង ចាន់​ធឿន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយា​វី ក្រុម​គ្រូបង្រៀន​នៅ​ខេត្ត​តាកែវ រង​ការព្រមាន​លុប​ឈ្មោះ​ពី​ក្របខ័ណ្ឌ ក្រុមព្រះ​សង្ឃ​នៅ​ខេត្ត​បាត់ដំបង​រង​ការ​ព្រមាន​បណ្ដេញ​ចេញ​ពី​វត្ត ការចាប់​ខ្លួន​ក្រុម​អ្នកតវ៉ា​៣​នាក់ ដាក់​ពន្ធនាគារ និង​ការ​ប្រើ​ហិង្សា​លើ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង ចាប់ខ្លួន​យុវជន ជា​សមាជិក​ក្រុម​នេះ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles