អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ​ រារាំង​​ការ​​ប្រមូល​​ផ្តុំ​​របស់​​ពលរដ្ឋ​​នៅ​មុខ​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពប្រមូលផ្តុំ
កញ្ញា ខាន់ លក្ខិណា ||  ១៣ សីហា ២០២០ |ម៉ោង ១០:១៨
VOD

អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ៧មករា ប៉ះទង្គិចជាមួយក្រុមយុវជននិងប្រជាពលរដ្ឋ ខណៈពេលដែលក្រុមយុវជនទាំងនោះប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ៧មករា ប៉ះទង្គិចជាមួយក្រុមយុវជននិងប្រជាពលរដ្ឋ ខណៈពេលដែលក្រុមយុវជនទាំងនោះប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)


ក្រុម​យុវជន​និង​ប្រជាពលរដ្ឋ​មួយចំនួនដែល​ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ ខណៈ​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង បន្ត​នីតិវិធី​សួរនាំលោក រ៉ុង ឈុន បន្ថែម​នៅ​ព្រឹ​កថ្ងៃ​ព្រ​ហស្ប​តិ៍នេះ ។

ក្រុម​យុវន​ខ្មែរ​ថាវរៈ សាច់ញាតិ​លោ​ក រ៉ុង ឈុន និង​សកម្មជន​ប្រមាណ៥០នាក់ រួម​ទាំង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក ​សួង សុភ័​ណ្ឌ បាន​នាំគ្នា​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​មួយ​នេះដោះលែង​លោ​ក រ៉ុង ឈុន ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ៧មករា រារាំងនិង​រុញច្រាន​ចេញពី​ទីនោះ។

លោក សួង សុភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ បាន​មានប្រសាសន៍​ថា ក្រុម​យុវជននិង​ប្រជាពលរដ្ឋ​ទាំងនោះ គ្រាន់តែ​មក​ចង់​តាមដាន​ដំណើរការនិង​នីតិវិធី​របស់​តុលាការលើ​ករណី​លោក រ៉ុង ឈុន ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​រារាំងនិង​បង្ក្រាប​ពួក​គាត់​ទៅវិញ។ ករណីនេះ លោក​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខណ្ឌ ដែល​បាន​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ដែល​តវ៉ា​ដោយសន្តិវិធី​នេះ។

លោក​ថា៖ «អាជ្ញាធរ [ដែល​ជា​] តំណាង​រដ្ឋាភិបាលតែងតែ​ព្យាយាម​ថា​ខ្លួនឯង​គោរពច្បាប់ អនុវត្ត​ច្បាប់ ប៉ុន្តែ​ជាក់ស្តែង​បែរជា​រំលោភច្បាប់និង​បង្ក្រាប ​[ទៅលើ​] អ្នក​តាមដាន ​[…] ដូច្នេះ​ទង្វើ​អាក្រក់​ទាំងនេះជា​រឿង​គួរ​ឱ្យ​ខ្មាស​អន្តរជាតិ»

លោក រ៉ុង វណ្ណ ក្មួយប្រុស​របស់​លោក រ៉ុង ឈុន បាន​ចាត់ទុក​សកម្មភាព​រារាំង​របស់​អាជ្ញាធរ​ខណ្ឌ ថា​ជា​ការរំលោភ​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។

លោក​ថា៖ «ខ្ញុំ​មានការ​ឈឺចាប់ដែល​គាត់​ [អាជ្ញាធរ​] មក​ធ្វើបែប​នេះ​លើ​ប្រជាពលរដ្ឋ ពួក​គាត់​ស៊ីប្រាក់ខែ​រដ្ឋ គួរតែ​ការពារ​ប្រជាពលរដ្ឋ ប៉ុន្តែ​បែ​រជាម​កធ្វើបាប​ប្រជាពលរដ្ឋ​ទៅវិញ […] សូម​ស្នើ​ឱ្យអាជ្ញាធរ​គោរពច្បាប់ជាជាង​គោរព​បទបញ្ជា»

ក្នុង​ហេុ​តការណ៍​នោះក៏​បណ្តាល​ឱ្យយុវជន​ខ្មែរ​ថាវរៈ​ម្នាក់ បាន​រង​របួស​ដៃនិង​ជើងនៅពេល​ដែល​អាជ្ញាធរ​បាន​រុញច្រាន​បណ្តាល​ឱ្យ​ដួល។ អាជ្ញាធរនិង​ក្រុម​សន្តិសុខ​ខណ្ឌ៧មករា បាន​ប្រាប់​ទៅកាន់​ក្រុម​ប្រមូល​ផ្តុំ​ទាំងនោះ​ថា ការដែល​ពួក​គេ​រារាំង​មិន​ឱ្យ​មានការ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​នោះ គឺ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈនិង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍។

លោក​ថា៖ «យើង​រៀបចំ​សណ្តាប់​ធ្នាប់ កុំ​ឱ្យកកស្ទះ​ចរាចរណ៍»

កាលពី​ថ្ងៃទី៣ ខែសីហា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយគូ​សបញ្ជាក់​ថា សកម្មភាព​ជួបជុំ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​នោះ បាន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រក្រតី​ភាព​សង្គម សណ្តាប់​ធ្នាប់​សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាស​ចាស​ពី​គោលការណ៍​ច្បាប់​ស្តី​ពី​ការ​ធ្វើបាតុកម្ម​ដោយសន្តិវិធី។ 

រដ្ឋបាល​រាជធានី​ភ្នំពេញបាន​បន្ត​ថា រាល់​ការ​ជួប​ប្រជុំ​ប្រមូល​ផ្តុំ​តវ៉ា​ទាំងអស់ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្របតាម​ច្បាប់និង​ការណែនាំ​នានាស្តី​ពី ការ​បង្ការ​-ទប់ស្កាត់​ការ​រីក​រាលដាល​ការ​ចម្លង​វីរុស​កូ​វីដ១៩។ 

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា៖ «រាល់​សកម្មភាព​ជួប​ប្រជុំ​ប្រមូល​ផ្តុំដែល​គ្មាន​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មករ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ជាធរមាន»។ 

គួរ​បញ្ជាក់​ថា លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ​ រារាំង​​ការ​​ប្រមូល​​ផ្តុំ​​របស់​​ពលរដ្ឋ​​នៅ​មុខ​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​"

  1. Anonymous says:

    the wound buffalo always worry about the bird come to hurt them

  2. Anonymous says:

    The cage of veitciong will be explode one day’ because khmer people can’t live in the communist cage wearing democracy shirt

  3. Anonymous says:

    POUK VEAR CLACH…