អាជ្ញា​ធរ​​​រាជ​​ធានី​​​ភ្នំពេញ​​​រារាំង​​​ការ​ប្រមូល​​​ផ្តុំ​​​របស់​​​ពល​រដ្ឋ​​​នៅ​​មុខ​​​សាលា​​ដំបូង​​​រាជ​​ធានី​​​ភ្នំពេញ​​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ១៣ សីហា ២០២០ |ម៉ោង ១៧:២៧
VOD

អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ៧មករា ប៉ះទង្គិចជាមួយក្រុមយុវជននិងប្រជាពលរដ្ឋ ខណៈពេលដែលក្រុមយុវជនទាំងនោះប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ៧មករា ប៉ះទង្គិចជាមួយក្រុមយុវជននិងប្រជាពលរដ្ឋ ខណៈពេលដែលក្រុមយុវជនទាំងនោះប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)


ក្រុម​យុវជននិង​ប្រជាពលរដ្ឋ​មួយចំនួនដែល​ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ ខណៈ​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង បន្ត​នីតិវិធី​សួរនាំ​លោក រ៉ុង ឈុន បន្ថែម​នៅ​ព្រឹ​កថ្ងៃ​ព្រ​ហស្ប​តិ៍នេះ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ សាច់ញាតិ​របស់​លោ​ក រ៉ុង ឈុន និង​សកម្មជន​ប្រមាណ៥០នាក់ រួម​ទាំង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក ​សួង សុភ័​ណ្ឌ បាន​នាំគ្នា​ទៅ​ប្រមូល​ផ្តុំនៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​មួយ​នេះដោះលែង​លោក រ៉ុង ឈុន ប៉ុន្តែត្រូវ​បាន​អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ៧មករា រារាំងនិង​រុញច្រាន​ចេញពី​ទីនោះ។

អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌ៧មករា ប៉ះទង្គិចជាមួយក្រុមយុវជននិងប្រជាពលរដ្ឋ ខណៈពេលដែលក្រុមយុវជនទាំងនោះប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

លោក សួង សុភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ បាន​មានប្រសាសន៍​ថា ក្រុម​យុវជននិង​ប្រជាពលរដ្ឋ​ទាំងនោះ គ្រាន់តែ​មក​ចង់​តាមដាន​ដំណើរការនិង​នីតិវិធី​របស់​តុលាការលើ​ករណី​លោក រ៉ុង ឈុន ប៉ុណ្ណោះ ប៉ុន្តែត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​រារាំងនិង​បង្ក្រាប​ពួក​គាត់​ទៅវិញ។ ករណីនេះ លោក​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខណ្ឌ ដែល​បាន​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ដែល​តវ៉ា​ដោយសន្តិវិធី​នេះ។

លោក សួង សុភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ថ្លែងអំឡុងពេលចូលរួមតវ៉ាដោយសន្តិវិធីទៅតុលាការឱ្យដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

លោក សួង សុភ័​ណ្ឌ ប្រាប់​ថា៖ «អាជ្ញាធរ ​[ដែល​ជា​] តំណាង​រដ្ឋាភិបាល តែងតែ​ព្យាយាម​ថាខ្លួនឯង​គោរពច្បាប់ អនុវត្ត​ច្បាប់ ប៉ុន្តែ​ជាក់ស្តែង​បែរជា​រំលោភច្បាប់និង​បង្ក្រាប​ [ទៅលើ​] អ្នក​តាមដាន ​[…] ដូច្នេះ ទង្វើ​អាក្រក់​ទាំងនេះជា​រឿង​គួរ​ឱ្យ​ខ្មាសអន្តរជាតិ»

សមាជិក​មួយ​រូប​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ជា គន្ធី​ន ប្រាប់​ថា កញ្ញា​បាន​រង​របួស​ដៃជើងនិង​ត្រូវ​ចង្កេះ ដោយសារ​ក្រុម​សន្តិសុខ​បាន​ចាប់​ទាញ​បណ្ដាល​ឱ្យ​កញ្ញា​បុក​ទូអេ​ធី​អឹ​មធនាគារ​មួយ​នៅ​ជាប់​នោះ។ កញ្ញា​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខណ្ឌ​ដែល​រារាំង រុញច្រាន និង​ប្រើ​ហិង្សា​មក​លើ​ពួក​គាត់។

កញ្ញា ជា គន្ធី​ន ប្រាប់​ថា៖ «ខ្ញុំ​យល់ឃើញ​ថា មិន​គួរណា​អាជ្ញាធរ សមត្ថកិច្ចខណ្ឌ៧មករា មិន​គួរណា​មក​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដោយសារ ពួក​ខ្ញុំ​មិនបាន​ទៅ​ធ្វើ​អី​ខុសច្បាប់​ទេ មើល​តុលាការ​ទាក់ទង​ចំ​ណា​ត់់​ការ​របស់​លោកគ្រូ រ៉ុង ឈុន ទេ! ហេតុអ្វី​បាន​មក​ប្រើ​ហិង្សាលើ​ពួក​ខ្ញុំ​ម្ដង​ហើយ​ម្ដងទៀត វា​ជា​រឿង​មួយ​គួរតែ​ឱ្យ​ខ្មាស​គេ​ណាស់ ដែល​អាជ្ញាធរ​ខ្មែរ​អត់​ចេះ​ស្រឡាញ់​គ្នា​ ប្រើ​ហិង្សា​ដាក់គ្នា​ដូចនេះ»

កញ្ញា យិន ម៉ូ​លី​នី លើកឡើង​ថា ក្រុម​សន្តិសុខ​ខណ្ឌ​បាន​ប្រើហិង្សា រុញច្រានមក​លើ​ពួក​គាត់ បើ​ទោះបីជា​ពួក​គាត់​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ដោយ​អហិង្សា​ក៏ដោយ។

កញ្ញា យិន ម៉ូ​លី​នី ប្រាប់៖ «ជុំវិញ​រឿង​ហ្នឹង ខ្ញុំ​មិនដឹង​និយាយ​ម៉េច​ទេ ខ្ញុំ​និយាយ​អស់​ច្រើន​ហើយ។ គាត់[ថា]​ប្រទេស​ប្រជាធិបតេយ្យ ប្អូន​កុំ​ចង្អុលមុខ! ខ្ញុំ​សួរ​ថា លោកពូ​ឱ្យ​ទូរសព្ទ​មក​ខ្ញុំ​វិញ​អត់ គាត់​ចាប់​ទូរសព្ទ​ខ្ញុំ​ទៅ គាត់​ជាន់​ទូរសព្ទ​ខ្ញុំ​បែក គាត់​ចាប់​ទូរសព្ទ​ខ្ញុំ​ទុក ខ្ញុំ​ស្រែកទារ​ណាស់​ [ទើប]បាន​មកវិញ ខ្ញុំ​អនិច្ចា​ណាស់ ខ្ញុំ​ស្រែក​ទាមទារ​អហិង្សា​ទេ»

ស្ត្រីអ្នកតវ៉ាម្នាក់បានរងរបួសពេលប៉ះទង្គិចជាមួយអាជ្ញាធរអំឡុងពេលតវ៉ាទៅតុលាការឱ្យមានការដោះលែងលោក រ៉ុង ឈុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អាជ្ញាធរនិង​ក្រុម​សន្តិសុខ​ខណ្ឌ៧មករា បាន​ប្រាប់​ទៅកាន់​ក្រុម​ប្រមូល​ផ្តុំ​ទាំងនោះ​ថា ពួក​គេ​រារាំង​មិន​ឱ្យ​មានការ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​នោះ​ឡើយ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈនិង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍។

នៅពេល​ត្រូវ​បាន​ចោទសួរ​ថា ហេតុអ្វី​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​តវ៉ា​ប្រមូលផ្ដុំ​ឈរ​បញ្ចេញមតិ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បុរស​ម្នាក់​ស្ថិត​ក្នុង​ឯកសណ្ឋាន​សន្តិសុខ​ដែល​មាន​ស្លាក​ឈ្មោះ​សរសេរ​ថា «សន្តិសុខ​ខណ្ឌ៧មករា» បាន​ឆ្លើយតប​ថា៖

«យើង​រៀបចំ​សណ្តាប់​ធ្នាប់ កុំឱ្យ​កកស្ទះ​ចរាចរណ៍»

កាលពី​ថ្ងៃទី៣ ខែសីហា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយគូ​សបញ្ជាក់​ថា សកម្មភាព​ជួបជុំ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​នោះ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រក្រតី​ភាព​សង្គម សណ្តាប់​ធ្នាប់​សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាស​ចាស​ពី​គោលការណ៍​ច្បាប់​ស្តី​ពី​ការ​ធ្វើបាតុកម្ម​ដោយសន្តិវិធី។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា រាល់​ការ​ជួប​ប្រជុំ​ប្រមូល​ផ្តុំ​តវ៉ា​ទាំងអស់ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្របតាម​ច្បាប់និង​ការណែនាំ​នានា​ស្តី​ពី​ការ​បង្ការ​-ទប់ស្កាត់​ការ​រីក​រាលដាល​ការ​ចម្លង​វីរុស​កូ​វីដ១៩។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា៖ «រាល់​សកម្មភាព​ជួប​ប្រជុំ​ប្រមូល​ផ្តុំដែល​គ្មាន​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មករ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ជាធរមាន»។ 

ខណៈ​ក្រុម​អ្នក​តវ៉ា​ប្រឈមមុខនឹង​ក្រុម​សន្តិសុខ​នៅ​ខាងមុខ​តុលាការ​នោះ លោក រ៉ុង ឈុន ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​បន្ថែម​អស់​រយៈពេល​ប្រហែល២ម៉ោង។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក សំ សុ​គង់ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ចៅក្រម​ស៊ើប​សួរបាន​សួរ​កូនក្ដី​របស់​លោក ជុំវិញ​សេចក្ដីថ្លែង​ការណ៍​រឿង​ព្រំដែននិង​បទ​សម្ភាស​ន៍ជាមួយ​វិទ្យុ​អាស៊ី​សេរី។

លោក សំ សុ​គង់ ប្រាប់​ថា៖ «គាត់​នៅតែ​អះអាង​ថា អ្វី​ដែល​តុលាការ​ចោទប្រកាន់​ហ្នឹង គឺ​គាត់​មិន​អាច​ទទួលយក​បាន ហើយ​គាត់​យល់ឃើញ​ថា គាត់​មិនបានប្រ​ព្រឹត្ត​ដូច​ការចោទប្រកាន់។ អ៊ីចឹង​ដែល​ជា​អង្គ​ហេ​តុ​ផ្សេង​ៗហ្នឹង គឺ​គាត់​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ហើយ​គាត់​ថា គាត់​មិន​មាន​កំហុស​អី​ទេ​ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សេច​ក្ដី​ថ្លែងការណ៍ សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ហ្នឹង»

ជាស​មា​ជិ​កក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធសហជីពកម្ពុជា​ផង​នោះ លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី៣១ ខែកក្កដា ហើយ​មួយថ្ងៃ​បន្ទាប់ លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ «ញុះញង់» ក្រោយពី​លោក​ចេញ​សេចក្ដីថ្លែង​ការណ៍ដែល​និយាយ​ថា ដី​ទំហំ៦០ហិ​កតា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ស្ថិតនៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ហាមឃាត់​មិន​ឱ្យ​ចូល​ទៅ​អាស្រ័យផល។

ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កូតា​គណបក្ស​សង្គ្រោះ​ជាតិ លោក រ៉ុង ឈុន បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​បែបនេះ ក្រោយពី​លោក​ចុះទៅ​ពិនិត្យ​បង្គោលព្រំ​ដែន​ពី​លេខ១១៤ដល់​លេខ១១៩ និង​ជួប​ប្រជាពលរដ្ឋ​នៅ​ទីនោះកាលពី​ថ្ងៃទី២០ ខែកក្កដា។

ប្រសិនបើ​ត្រូវ​បាន​កាត់ទោស​ក្រោម​បទចោទប្រកាន់​នេះ លោក រ៉ុង ឈុន នឹង​ប្រឈមមុខ​ជាប់​ពន្ធន​ាគារ​ដល់ទៅ២ឆ្នាំនិង​ពិន័យជា​ប្រាក់៤លាន​រៀល​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles