ក្រសួង​​រៀប​ចំ​​ដែន​ដី​​បដិសេធ​​ដោះ​ស្រាយ​​ដី​ធ្លី​​ឱ្យ​​ពល​រដ្ឋ​​ត្បូង​ឃ្មុំ​​

បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១៤ សីហា ២០២០ |ម៉ោង ០៩:៥៣
VOD

ពលរដ្ឋភូមិ​ស្រែប្រាំងនិង​ភូមិ​បុស្ស​ស្នោ​រ ក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ មកតវ៉ានៅមុខក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដើម្បីសុំ​អន្តរាគមន៍​ពី​ក្រសួង​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន (Harmony Win Investment​)។ (ឃុត សុគន្ធ)

ពលរដ្ឋភូមិ​ស្រែប្រាំងនិង​ភូមិ​បុស្ស​ស្នោ​រ ក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ មកតវ៉ានៅមុខក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដើម្បីសុំ​អន្តរាគមន៍​ពី​ក្រសួង​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន (Harmony Win Investment​)។ (ឃុត សុគន្ធ)


ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​មិន​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​មួយ​ក្រុម​ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​អះអាង​ថា ពលរដ្ឋ​មួយចំនួន​បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន ខណៈ​មួយចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយនិង​ចេញ​បណ្ណ​កម្មសិទ្ធិរួចរាល់​ហើយ។

ក្រសួង​រៀបចំ​ដែនដី​ចេញ​សេចក្តី​ប្រកាស​បែបនេះ ក្រោយពី​អ្នកភូមិ​ប្រមាណ៥០នាក់​មក​ពី​ភូមិ​ស្រែប្រាំងនិង​ភូមិ​បុស្ស​ស្នោ​រ ក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​មុខក្រសួង​រៀបចំ​ដែនដី​កាលពី​ព្រឹក​ម្សិលមិញ​នេះ ដើម្បី​សុំ​អន្តរាគមន៍​ពី​ក្រសួង​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន (Harmony Win Investment​)។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ក្រសួង​រៀបចំ​ដែនដី​ឱ្យដឹង​ថា ក្នុង​ឆ្នាំ២០១១និង​ឆ្នាំ២០១២ ប្រជាពលរដ្ឋ​ចំនួន២១៣គ្រួសារ​នៅ​ភូមិ​ស្រែប្រាំង និង​ប្រជាពលរដ្ឋ​ចំនួន៧៨គ្រួសារ​នៅ​ភូមិ​បុស្ស​ស្នោ​រ បាន​ព្រមព្រៀង​លក់​ដី​ទៅ​ឱ្យក្រុមហ៊ុន​អស់ហើយ ដែល​ក្រសួង​ថា មានការ​បញ្ជាក់និង​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ថែមទៀត។

ក្រសួង​រៀបចំ​ដែនដី​ឱ្យដឹង​ទៀត​ថា ក្នុងអំឡុងពេល​ចុះ​អនុវត្ត​បទបញ្ជា​លេខ០១បប គឺ​រាជរដ្ឋាភិបាល​បានសម្រេច​ចុះបញ្ជី​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំងនិង​ភូមិ​បុស្ស​ស្នោ​រចំនួន៤៨៣គ្រួសារ ស្មើនឹង១.៥៥១ក្បាលដី ដែល​មាន​ទំហំ២ ៥៦៣ហិ​កតា​លើ​ចំណែក​ដី​ដែល​ពលរដ្ឋ​ទាំងនេះ​មិនបាន​លក់​ឱ្យ​ក្រុមហ៊ុន។

ក្រសួង​អះ​អា​ងថា ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឱ្យចុះបញ្ជី​ជា​កម្មសិទ្ធិដោយ​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ចំណែក​ដី​ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ទាំងនោះ​ទៀតផង។

សេចក្តី​ប្រកាស​ព័ត៌មាន​លើកឡើង​ថា ក្រុម​ពលរដ្ឋ​ដែល​កំពុង​តវ៉ានិង​ទាមទារ​សព្វថ្ងៃ​នេះ គឺ​ពុំ​មាន​មូលដ្ឋាននិង​ទាមទារ​តាម​ការ​ញុះញង់បំផុសបំផុល ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​សន្តិសុខនិង​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក ថា លីដា ដែល​អះអាង​ជា​តំណាង​ពលរដ្ឋ១២៨គ្រួសារ ប្រាប់​វី​អូ​ឌី​នៅមុខ​ក្រសួង​រៀបចំ​ដែនដី​នៅ​ព្រឹក​ម្សិលមិញ​នេះ​ថា ពួក​គាត់​មិនបាន​លក់​ដី​ឱ្យក្រុមហ៊ុននិង​មិនទាន់​ទទួល​បានការ​ដោះស្រាយ​ដីធ្លី​ដូច​ក្រសួង​លើកឡើង​ឡើយ។

តំណាង​ពលរដ្ឋ​រូប​នេះបាន​ទាមទារ​ឱ្យក្រុមហ៊ុននិង​អាជ្ញាធរ​បង្ហាញ​ឯកសារ ស្នាមមេដៃ​ដែល​បញ្ជាក់​ថា ពួក​គាត់​បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន។

លោក ថា លីដា និយាយ​ថា៖ «អ៊ីចឹង សុំ​ឱ្យគាត់​បង្ហាញ​ឯកសារឬស្នាមមេដៃ​មក​ថា ពួក​ខ្ញុំ​ណា​ម្នាក់​បាន​លក់​ដី​ឱ្យក្រុមហ៊ុន ហើយ​លក់​នៅកន្លែង​ណាខ្លះ។ រហូត​មក​ពេលនេះ ពួក​ខ្ញុំ​មិនទាន់​ទទួល​បានការ​ដោះស្រាយ​ណាមួយ​ឡើយ»

ពាក់ព័ន្ធ​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំងនិង​ភូមិ​បុ​ស្សស្នោ​រជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន គឺ​មាន​តំណាង​ពលរដ្ឋ៣នាក់​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់និង​ឃុំខ្លួន​ក្នុង​ពន្ធ​នា​គារ​ទៅតាម​បណ្ដឹង​របស់​ក្រុមហ៊ុន។

តំណាង​អ្នកភូមិ លោក សែម សាង និង​លោក ផុន ឈឿន ត្រូវ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​ម្នាក់៧ឆ្នាំ​កាលពីដើម​ខែមិថុនា ក្រោម​បទ​ចោទ​ថា «បាន​កំហែង​យក​ដោយមាន​អាវុធ»

ចំណែក​លោក ហឿន ស៊ី​នាថ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី៤ ខែសីហា​នេះ ទៅតាម​ដីកា​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា បាន​ដឹកនាំ​ពលរដ្ឋ​តវ៉ានិង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ក្រសួង​​រៀប​ចំ​​ដែន​ដី​​បដិសេធ​​ដោះ​ស្រាយ​​ដី​ធ្លី​​ឱ្យ​​ពល​រដ្ឋ​​ត្បូង​ឃ្មុំ​​"

  1. Anonymous says:

    yes Chinese get land to grove bamboo suit and banana to sent to their country but so sad HUN SEN sing up free trade to bring farm production to China . yes it will be big money Cambodia every Cambodian will have privet jet just like HUN SEN gran son