លោក​ យឹម​ ឆៃ​លី​ ស្នើ​​ឱ្យ​​មាន​​ចំណាត់​ការ​​តឹង​រ៉ឹង​​លើ​​ក្រុមហ៊ុន​​ទឹក​​ដោះ​​គោ​​នុ​តទ្រី​លែ​ត

ព័ត៌មានជាតិ | សុខភាព
លោក វណ្ណ វិចារ | ៣១ សីហា ២០២០ |ម៉ោង ១៤:០៧
VOD

លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងវេទិកាយុវជនជើងឯកអាហារូបត្ថម្ភនៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក យឹម ឆៃលី)

លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងវេទិកាយុវជនជើងឯកអាហារូបត្ថម្ភនៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក យឹម ឆៃលី)


ប្រធាន​ក្រុមការងារ​បច្ចេកទេស​លើ​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហា​រូ​បត្ថម្ភនៃ​រាជរដ្ឋាភិបាល​កម្ពុជា លោក យឹម ឆៃ​លី ស្នើ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​ផលិត​ទឹក​ដោះ​គោ​ នុ​តទ្រី​លែ​ត (Nutrilat​)។ នេះ​បើ​តាម​លិខិតផ្លូវការ​មួយ​ច្បាប់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃ​លី ដែល​បាន​ស្នើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ាន សូរ​ស័ក្ដិ នៅ​ថ្ងៃទី៣១ ខែសីហា ​ឆ្នាំ២០២០។

លិខិតផ្លូវការ​នេះធ្វើឡើង​រយៈពេល៥ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មន្ទីរពិសោធន៍​បង្ហាញថា បរិមាណ​ជាតិ​ដែក​និង​ជាតិ​ស័ង្កសី​ជាក់ស្ដែង​ដែល​មាននៅ​ក្នុង​សំណាក​ផលិតផល​ម្សៅ​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​ត មានកម្រិត​ទាប​ជាង​ឆ្ងាយ​យ៉ាង​ខ្លាំង​ពី​បរិមាណ​ដែល​បាន​បញ្ជាក់​លើ​ស្លាក​ផលិតផល ពោល​គឺ​កម្រិត​ជាតិ​ដែក​មាន​ចំនួន២០ដង​តិច​ជាង​ចំនួនជា​តិ​ដែក​ដែល​បាន​បញ្ជាក់​លើ​ស្លាក​ផលិតផល។

តាមរយៈ​លិខិតផ្លូវការ​នេះ លោ​ក យឹម ឆៃ​លី លើកឡើង​ថា ក្រុមការងារ​អាហា​រូ​បត្ថម្ភ​បានតាមដាន​យ៉ាង​យកចិត្ត​ទុកដាក់បន្ទាប់ពី​រក​ឃើញថា ​ទឹកដោះគោ​នេះ​មានកម្រិត​ជាតិ​ដែក​ទាប​ដែល​បង្ក​ហា​និ​ភ័យ​ចំពោះ​សុខភាព​ទារក​និង​កុមារ។

លោក​បន្ត​ថា លោក​គាំទ្រ​ដល់​ចំណាត់ការ​ដ៏​តឹងរ៉ឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ដើម្បី​ឱ្យ​ក្រុមហ៊ុន Nutrilatt MasterLM Co ,LTD ដែល​ជា​ក្រុមហ៊ុន​នាំចូល​ម្សៅ​ទឹក​ដោះ​គោ​ នុ​តទ្រី​លែ​ត គោរពច្បាប់​កម្ពុជា​និង​ស្ដ​ង់​ដារ​អន្តរជាតិ។

លោក​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា៖ «ខ្ញុំ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​លើ​បញ្ហា​នេះ ដែល​ប៉ះពាល់​ដល់​សុខភាពនិង​ការអភិវឌ្ឍ​សតិបញ្ញា​ស្មារតី មនោ​សញ្ចេតនា និង​កាយសម្បទា​របស់​ទារក​និង​កុមារ។ ខ្ញុំ​គាំទ្រ​ចំណាត់ការ​ផ្លូវច្បាប់​នានារបស់ក្រ​សួង​ពាណិជ្ជកម្ម ផ្នែក​ពាក់ព័ន្ធ និង​សំណូមពរ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យ​បាន​រឹងមាំ​បន្ថែម​ទៀត​ចំពោះ​ក្រុមហ៊ុន​ល្មើស​ខាងលើ [Nutrilatt MasterLM Co ,LTD]។»

អគ្គនាយក អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ លោក ផាន់ អូន ថ្លែងប្រាប់​វី​អូ​ឌី​ថា ក្រុមការងារ​ក្រសួង​ពាណិជ្ជកម្ម​ នឹង​ជួប​ប្រជុំជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃទី១ ខែសីហា ដើម្បី​មាន​ចំណាត់ការ​បន្ត​ចំពោះ​ករណីនេះ។

លោក ផាន់ អូន ថ្លែង​ថា៖ «ខ្ញុំ​បាន​បញ្ជូន​របាយការណ៍​ទៅដល់​ថ្នាក់​ក្រសួង​ហើយ។ ការងារ​បន្ត​គឺ​ក្រសួង​អ្នក​ចាត់វិធានការ ចំណែកខ្ញុំ​នឹង​រាយការណ៍​បន្ថែម​ចំពោះ​ករណី​ទាំងអស់​នេះ​ជូន​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់»

ម្ដាយ​កុមារ​រងគ្រោះ​និង​ជា​អតីត​អតិថិជន​របស់​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​ត អ្នកស្រី ​គង់ ច័ន្ទ​ម៉ា​លីស ថ្លែងប្រាប់​វី​អូ​ឌី​ថា អ្នកស្រី​សប្បាយចិត្ត​ចំពោះ​ការ​ស្នើ​របស់​លោក យឹម ឆៃ​លី និង​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា បើក​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំលើ​គុណភាព​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​តនេះ​តែម្ដង។

អ្នកស្រី គង់ ច័ន្ទ​ម៉ា​លីស៖ «ខ្ញុំ​គិតថា សូម​ឱ្យ​បើក​ការស៊ើបអង្កេត​គ្រប់ទឹក​ដោះ​គោ​ហ្នឹង​ទាំងអស់​តែម្ដង ដើម្បី​កុំ​ឱ្យមាន​សោកនាដកម្ម កុមារ​ឈឺ​ដោយ​សា​រម្សៅទឹកដោះគោ​នេះ​តទៅទៀត»

ទោះជាយ៉ាងណា​ក្ដី​ ក្រុមហ៊ុន​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​ត កាលពី​ថ្ងៃទី២៨ ខែសីហា បាន​ចេញ​លិខិតផ្លូវការ​មួយប្រកាស​ឱ្យ​អ្នកលក់​ដុំ​លក់រាយ​នៅ​បន្ត​លក់​ទឹកដោះគោ​របស់​ខ្លួន​នៅលើ​ទីផ្សារនិង​ថែមទាំង​អំពាវនាវ​ឱ្យ​​អ្នកប្រើ​ប្រាស់​កុំ​ព្រួយបារម្ភ​ទៀតផង។

សំណុំរឿង​កំណើន​កុមារ​ឈឺ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ បាន​កើតឡើង​តាំងពី​ខែមេសា​មក​ម៉្លេះ។ អត្ថបទ​ស៊ើបអង្កេត​របស់​វី​អូ​ឌី​ដែល ​ចេញផ្សាយ​កាលពី​ថ្ងៃទី២០ ខែឧសភា រក​ឃើញថា ជាង៩០​%ក្នុងចំណោម​កុមារ៣៤នាក់​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​នេះ បាន​បៅ​ទឹកដោះគោ​ម៉ាក នុ​តទ្រី​លែ​ត១ (Nutrilatt 1)។ 

ផ្អែក​តាម​ លទ្ធផល​ពិសោធន៍ ​ពី​មន្ទីរពិសោធន៍​សឹង្ហ​បុរី​រក​ឃើញថា ផលិត​ផលនុ​តទ្រី​លែ​តមិនបាន​បំពេញ​តម្រូវការ​អប្បបរមា​លើ​កម្រិត​ជាតិ​ដែក​ដែល​មានកំណត់​ក្នុង​ស្ដ​ង់​ដារ Codex​ [សុវត្ថិភាព​អាហារ​សម្រាប់​មនុស្ស​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង​] នោះ​ទេ។ ជាក់ស្ដែង ផលិតផល​នេះ​ស្ទើរតែ​គ្មាន​ជាតិ​ដែក​សោះ ពោល​គឺ​កម្រិត​ជាតិ​ដែក​មានត្រឹមតែ <០,២៥មី​លី​ក្រាម​/១០០ក្រាម​ប៉ុណ្ណោះ។ ស្ដ​ង់​ដារ​អន្តរជាតិ គឺ​តម្រូវការ​ជាតិ​ដែក​យ៉ាងតិច​ណាស់ ២,២៨៦មី​លី​ក្រាម​/១០០ក្រាម សម្រាប់​ទារក​អាយុ០ខែ​ដល់៦ខែ (ទឹកដោះគោម្សៅ​លេខ១​) និង ៤,៧២មី​លី​ក្រាម​/១០០ក្រាម សម្រាប់​កុមារ​អាយុ​ពី៦ខែ​ដល់១២ខែ (ទឹកដោះគោម្សៅ​លេខ២​)៕

មន្ទីរ​ពិសោធន៍​​រក​​ឃើញ​ថា​​ទឹកដោះ​ Nutrilatt1 ​មាន​​ជាតិ​​ដែក​​កម្រិត​ទាប​​

សំណុំរឿង​កំណើន​កុមារ​ឈឺ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​ បាន​កើតឡើង​តាំងពី​ខែមេសា​មក​ម៉្លេះ។ អត្ថបទ​ស៊ើបអង្កេត​របស់​វី​អូ​ឌី​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២០ ខែឧសភា រក​ឃើញថា ជាង៩០​%ក្នុងចំណោម​កុមារ៣៤នាក់​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​នេះ បាន​បៅ​ទឹកដោះគោ​ម៉ា​ក នុ​តទ្រី​លែ​តស៍១ (Nutrilatt 1)។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។


What Next?

Recent Articles