អតីត​មេ​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រដ្ឋ

ដោយ ទីន ហ្សាការីយ៉ា
2020-09-01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។

លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC


អតីត​មេ​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នូវ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជាថ្មី​ម្ដង​ទៀត បន្ទាប់ពី​លោក​​​មាន​អា​កា​រៈ​ថប់ដង្ហើម​​ខ្លាំង។
​ប្រធាន​ពន្ធ​នាគា​រ​ខេត្ត​កណ្ដាល​លោក ចាត ស៊ីនាង ប្រាប់​អាស៊ី​សេរី​ថា ដំបូង​ឡើយ​មន្ត្រី​ពន្ធ​នាគារ​បាន​បញ្ជូន​លោក កាំង ហ្កេកអ៊ាវ ទៅ​សង្គ្រោះ​បន្ទាន់​នូវ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជម្នះ​ក្រុង​តា​ខ្មៅ កាល​ពី​ថ្ងៃ​ទី៣១ ខែ​សីហា ប៉ុន្តែ​ដោយសារ​ស្ថានភាព​ទណ្ឌិត​រូប​នេះ នៅ​តែ​ធ្ងន់ធ្ងរ​ទើប​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ​រុស្ស៊ី​ទាំង​យប់ នៅ​ថ្ងៃ​ដដែល។

លោក ចាត ស៊ីនាង បញ្ជាក់​ថា លោក កាំង ហ្កេកអ៊ាវ មាន​អាការៈ​ថប់​ដង្ហើម​ខ្លាំង ខណៈ​លោក​កំពុង​មាន​វ័យ​ចាស់​ជរា​ស្រាប់។ ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​រូប​នេះ នៅ​មិន​ទាន់​ ​អាច​វាយ​តម្លៃ​បាន​ថា លោក កាំង ហ្កេកអ៊ាវ ត្រូវ​ការ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ​ប៉ុណ្ណា​នោះ​ទេ៖ «រាល់​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ​នេះ គឺ​គាត់​មាន​បន្ទប់​របស់​គាត់​មួយ​ឲ្យ​គាត់​ស្នាក់​នៅ​ម្នាក់​ឯង ហើយ​ដែល​យើង​អត់​ឲ្យ​នរណា​ទៅ​ប៉ះ​ពាល់​គាត់​ទេ។ ដូច្នេះ​គាត់​ងើប​ទៅ​បត់​ជើង និង​ងើប​ទៅ​ងូត​ទឹក​អី​ដោយ​ខ្លួន​ឯង​ជា​ធម្មតា ប៉ុន្តែ​គ្រាន់​តែ​អាការៈ​គាត់ គឺ​ហត់​តែ​ប៉ុណ្ណឹង​ទេ។ ឮ​ថា បេះដូង​មិន​ដឹង សួត​មិន​ដឹង​ទេ។ ពេល​ហត់​ម្តងៗ ដូច​លើក​មុន​អី​នឹង គឺ​យើង​ឃើញ​ថា មិន​សង្ឃឹម​ទេ តែ​ដល់​ហើយ​មក​វិញ​រាប់​ខែ​អ៊ីចឹង​ទៅ។ ដូច្នេះ​យើង​មិន​ហ៊ាន​ថា​ដែរ»។

លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ឆ្នាំ​នេះ​មាន​អាយុ ៧៨ឆ្នាំ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ឆ្នាំ១៩៩៩ ដោយ​តុលាការ​កម្ពុជា។ ក្រោយ​មក​ទើប​លោក​ត្រូវ​បាន​គេ​យក​មក​ឃុំ​ខ្លួន​នៅ​សាលាក្ដី​ខ្មែរ​ក្រហម និង​ត្រូវ​បាន​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០១២ ដោយសារ​តែ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​របស់​លោក​ជា​ប្រធាន​គុក​ទួល​ស្លែង ឬ​មន្ទីរ​ស-២១ ចន្លោះ​ពី​ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ខែ​មករា ឆ្នាំ១៩៧៩។ គុក​ទួល​ស្លែង ឬ​មន្ទីរ​ស-២១ នៅ​ក្នុង​រយៈ​ពេល​នោះ មាន​អ្នក​ទោស​ជាង ១ម៉ឺន ២ពាន់​នាក់ ត្រូវ​បាន​គេ​យក​ទៅ​ឃុំឃាំង​ធ្វើ​ទារុណកម្ម សួរ​ចម្លើយ រួច​ហើយ​ភាគ​ច្រើន​បំផុត​យក​ទៅ​សម្លាប់​ចោល​នៅ​តំបន់​ជើង​ឯក​ជាយក្រុង​ភ្នំពេញ។

រហូត​មក​ដល់​ពេល​នេះ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាប់​ពន្ធនាគារ​រយៈ​ពេល ២១ឆ្នាំ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles