តុលាការ​ខេត្ត​កំពត ផ្ដន្ទាទោស​​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​ឡើងវិញ​ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2020-09-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នគរបាល​ចាប់​ក្រៀក​អ្នកស្រី ប៉ែន មុំ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​កណ្ដោល ស្រុក​ទឹក​ឈូ ខេត្ត​កំពត ចេញ​ពី​បន្ទប់​សវនាការ​សាលាដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០។

នគរបាល​ចាប់​ក្រៀក​អ្នកស្រី ប៉ែន មុំ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​កណ្ដោល ស្រុក​ទឹក​ឈូ ខេត្ត​កំពត ចេញ​ពី​បន្ទប់​សវនាការ​សាលាដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០។

 រូប៖ ADHOC


សម្ភាសន៍​អ្នកស្រី មូរ សុខហួរ ជុំវិញ​ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ


អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ព្រួយ​បារម្ភ​ពី​រលក​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ ជាថ្មី ឡើង​វិញ ក្រោយ​ពេល តុលាការ​ខេត្ត​កំពត សម្រេច​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង អ្នកស្រី ប៉ែន មុំ ឲ្យ​ជាប់​ពន្ធនាគារ​​​ឡើង​វិញ ចំនួន​៥​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ​ ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​របស់​ លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។ ស្រប​ពេល អាជ្ញាធរ​កំពុង​បង្កើន​ការ​ចាប់​ចង​នោះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ ខ្មែរ​គួរ​តាំង​ចិត្ត ដាក់​កាយ និង​វាចា បង្កើន​ការ​ធ្វើ​អំពើ​ល្អ ជាមួយគ្នា ក្នុង​ការ​កសាង​កុសល​ ​តាម​វត្ត​អារាម​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ ដោយ​ចៀសវាង ឬ​កាត់​បន្ថយ​ការ​ចង​ពៀរ​គ្នា ដែល​ជា​អំពើ​បាប។

ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក​ចៅ​ក្រម ម៉ែន វណ្ណៈ អម​ដោយ​ចៅក្រម​ប្រឹក្សា​២​នាក់​ទៀត បាន​ប្រកាស​សាល​ក្រម​ផ្ដន្ទាទោស អ្នកស្រី ប៉ែន មុំ ឡើងវិញ និង​បាន​បង្គាប់​ឲ្យ​នគរបាល​យុត្តិធម៌ ចាប់​វាយ​ខ្នោះ​ដៃ​ អ្នក​ស្រី ក្រពាត់​ទៅ​ក្រោយ​ខ្នង ក្នុង​កំឡុង​ពេល​ប្រកាស​សាលក្រម​នោះ។ ស្រប​​ពេល​ជាមួយ​គ្នា លោក​ព្រះ​​រាជ​អាជ្ញា​រង ខា ដែនណា បាន​ចេញ​មក ​បង្គាប់​ឲ្យ​នគរបាល​បញ្ឆេះ​ឡាន​ជា​ស្រេច ដើម្បី​រង់ចាំ​ដឹក​អ្នក​ស្រី ប៉ែន មុំ ចេញ​ភ្លាមៗ បន្ទាប់​ពី​​ការ​​ប្រកាស​សាល​ក្រម។

នគរបាល​ បាន​បណ្ដើរ​អ្នកស្រី ប៉ែន មុំ ចេញ​ពី​បន្ទប់​ប្រកាស​សាលក្រម​យ៉ាង​លឿន​ ដោយ​ដាក់​​ខ្នោះ​ដៃ​ក្រពាត់​ទៅ​ខាង​​ក្រោយ ប៉ុន្តែ​​អ្នកស្រី ប៉ែន មុំ បាន​ព្យាយាម​ស្រែក​ខ្លាំងៗ​ បាន​២​ដង​ថា តុលាការ​ខេត្ត​កំពត សម្រេច​ក្ដី អយុត្តិធម៌។ នគរបាល ​បាន​ចាប់​អ្នកស្រី ប៉ែន មុំ បញ្ជូន​ក្នុង​ឡាន​​ទំនើប​មួយ​គ្រឿង ដែល​បញ្ឆេះ​រង់ចាំ និង​មាន​ឡាន​ស៊ីរ៉ែន​ មួយ​គ្រឿង អម​ដោយ​នគរបាល​ប្រឆាំង​ភេរវកម្ម បើក​តាម​ពី​ក្រោយ។

នគរបាល​ចាប់​ក្រៀក​អ្នកស្រី ប៉ែន មុំ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​កណ្ដោល ស្រុក​ទឹក​ឈូ ខេត្ត​កំពត ចេញ​ពី​បន្ទប់​សវនាការ​សាលាដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ADHOC

នគរបាល​ចាប់​ក្រៀក​អ្នកស្រី ប៉ែន មុំ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​កណ្ដោល ស្រុក​ទឹក​ឈូ ខេត្ត​កំពត ចេញ​ពី​បន្ទប់​សវនាការ​សាលាដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ADHOC


អ្នក​ឃ្លាំមើល​សវនាការ ​ឲ្យ​ដឹង​ទៀត​​ថា មុន​ពេល​ប្រកាស​សាលក្រម​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កញ្ញា ដដែល អ្នកស្រី​ប៉ែន មុំ បាន​ព្យាយាម​ប្រកែក ដោយ​មិន​ញញើត​ ជាមួយ​ចៅក្រម ថា អ្នកស្រី ​​គ្មាន​កំហុស​ឡើយ​។ ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរេត បាន​ទេ​ នៅ​ថ្ងៃ​ទី​០៩ កញ្ញា ដោយសារ លោក​មិន​ទទួល​ទូរស័ព្ទ។

តុលាការ​ខេត្ត​កំពត បាន​បើក​សវនាការ​ អ្នកស្រី ប៉ែន មុំ កាល​ពី​ថ្ងៃ​ទី​២៥ សីហា។ ​​ក្នុង​សវនាការ​នោះ អ្នកស្រី ប៉ែន មុំ និង​​មេធាវី ​​បាន​បដិសេធ​បទ​ចោទ​ថា គ្មាន​គំនិត គ្មាន​​ឆន្ទៈ និង​មិន​បាន​ធ្វើ​សកម្មភាព​​វិទ្ធង្សនា ឬ​រួម​គំនិត​ក្បត់​ជាតិ ម្ដង​ណា​ឡើយ។ ​លោក​​មេធាវី ជួង ជូងី បាន​អះអាង ​ប្រាប់​ចៅក្រម ក្នុង​ពេល​សវនាការ​​ ថា អ្នកស្រី ប៉ែន មុំ​ គ្មាន​លទ្ធភាព​​ ធ្វើ​សកម្មភាព​ប្រឆាំង​​រដ្ឋាភិបាល​ឡើយ ដូច្នេះ ទាមទារ​​ឲ្យ​ចៅក្រម​ ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​កូន​ក្ដី។

ក្នុង​ពេល​ប្រកាស​សាល​ក្រម​ ថ្ងៃ​ទី៩ កញ្ញា ​លោក​មេធាវី ជូង ជូងី មិន​បាន​ចូលរួម​ស្ដាប់​ដោយ​ផ្ទាល់​​ទេ ដោយ​លោក​កំពុង​ នៅ​ភ្នំពេញ។ លោក​មេធាវី ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​មាន​យោបល់​អ្វី​ទេ​លើ​ការ​សម្រេច​ក្ដី​នេះ​ និង​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់ ទៅ​ជួប​កូនក្ដី ក្នុង​ពន្ធនាគារ​ខេត្ត​កំពត​ នៅ​ពេល​ណា​ទេ។

អ្នកស្រី ប៉ែន មុំ គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​កណ្ដោល ស្រុក​ទឹក​ឈូ។ តុលាការ​ខេត្ត​កំពត​ធ្លាប់​​បង្គាប់​ឲ្យ​ឃុំ​ខ្លួន ​អ្នកស្រី ម្ដង​ហើយ​​ កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០១៩ និង​ដោះ​លែង​​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​វិញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ តាម​​​បញ្ជា​​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​នាំ​ពាក្យ​សមាគម​​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា ​សំណុំ​រឿង​ក្ដី​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់​ ជា​រឿង​នយោបាយ​ តាំង​តែ​ពី​ការ​ចាប់​ខ្លួន​ដំបូង​មក​ម្ល៉េះ ហើយ​វិធាន​ការ​​​​ទាំង​អស់ ប្រឆាំង​លើ​សកម្មជន​ទាំង​នោះ គឺ​ធ្វើ​ឡើង​ក្នុង​ន័យ​រឹតត្បិត និង​បំបាក់​ស្មារតី កុំ​ឲ្យ​សកម្ម​ជន​បក្ស​ប្រឆាំង​បាន​ចូលរួម​សកម្មភាព​នយោបាយ និង​​ជា​ការ​បិទ​សេរីភាព​បញ្ចេញ​មតិ តាម​បណ្ដាញ​​សង្គម (facebook) របស់​ពលរដ្ឋ។

លោក​ព្រួយ​បារម្ភ​ ថា ​រលក​​នៃ​ការ​ចាប់​ខ្លួន​ឡើងវិញ ទាំង​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​នានា អាច​បណ្ដាល​ឲ្យ​សកម្មជន​ផ្សេង​ទៀត ​ប្រឈម​វិធានការ​ដូច​គ្នា​នេះ​ដែរ​។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ចាប់​ចង​ទាំង​អស់ ហើយ​រួម​គ្នា​ រិះ​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ស្ដារ​មុខមាត់​កម្ពុជា លើ​ឆាក​អន្តរជាតិ៖ «យើង​ចង់​​បាន ឲ្យ​រដ្ឋាភិបាល​​ឬ​ក៏​ថ្នាក់ដឹកនាំ​នៃ​នយោបាយ​ទាំង​អស់​ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ ទាំង​ភាគី​អន្តរជាតិ​អ្វី ធ្វើ​យ៉ាង​ណា មាន​ការ​​ជួយ​សម្រួល​នូវ​ស្ថានភាព​នយោបាយ​ប្រទេស​យើង​ហ្នឹង​ ឲ្យ​មាន​ភាព​ធូរស្រាល​ឡើងវិញ ដើម្បី​ឲ្យ​ពួកគេ​បាន​ក្រៅ​ឃុំ​ ឬ​ក៏​ដោះលែង​ឲ្យ​មាន​ការ​ជួបជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន ហើយ​បាន​ចូលរួម​​ក្នុង​សកម្មភាព​តាម​ឆន្ទៈ គោល​បំណង​របស់​គេ»

ជាមួយ​គ្នា​នេះ លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ (face book) ជំរុញ​ឲ្យ ​ខ្មែរ​គួរ​តាំង​ចិត្ត ដាក់​កាយ និង​វាចា បង្កើន​ការ​ធ្វើ​អំពើ​ល្អ​ជាមួយ​គ្នា ក្នុង​ការ​កសាង​កុសល​តាម​វត្ត​អារាម​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ ដោយ​ចៀសវាង ឬ​កាត់​បន្ថយ​ការ​ចង​ពៀរ​គ្នា ដែល​ជា​អំពើ​បាប។ លោក កឹម សុខា​ ជឿជាក់ ថា​ បើ​ខ្មែរ​យើង​ងាក​មក​ធ្វើ​អំពើ​ល្អ អំពើ​ជា​កុសល ជាមួយ​គ្នា​ នៅ​ទី​កន្លែង​ផ្សេងៗ នៅ​ពេល​ខាង​មុខ​ជា​បន្ត​បន្ទាប់​ទៀត នោះ​ ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង នឹង​ទទួល​បាន​នូវ​សេចក្ដី​សុខ សន្តិភាព​ពិត និង​ភាព​រុងរឿង​សម្រាប់​ទាំងអស់​គ្នា។

ក្នុង​​សំណុំ​រឿង​​ចូលរួម​គំនិត​ក្បត់ជាតិ ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី កាល​​ឆ្នាំ២០១៩ របប​ក្រុង​ភ្នំពេញ ​​បាន​ចាប់​​​សកម្មជន​បក្ស​ប្រឆាំង​ ជិត ១០០នាក់ និង​​​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​រត់​គេច​ខ្លួន។ ក្នុង​ចំណោម​នោះ ​តំណាង​អយ្យការ​ បាន​ដោះ​លែង​​សកម្មជន ៧៦នាក់ ​ឲ្យ​នៅ​ក្រៅ​បណ្ដោះ​អាសន្ន តែ​មិន​​ទម្លាក់​បទ​ចោទ​ឡើយ​។ ភាគ​ច្រើន​នៃ​អ្នក​​ទាំង​នោះ ខ្លះ​បាន​កាត់​ក្ដី​រួច​ហើយ ដោយ​រក្សា​ឲ្យ​មាន​ទោស​ដដែល​​​ តែ​ព្យួរ​ទោស​ គិត​ត្រឹម​ថ្ងៃ​ដោះលែង​បណ្ដោះ​អាសន្ន​រៀងៗ ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "តុលាការ​ខេត្ត​កំពត ផ្ដន្ទាទោស​​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​ឡើងវិញ​ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ"

  1. Anonymous says:

    OH ..no she can not be a KBOTH CHEA lady my question is how?? according to her age she may has born during POL POT and may not know how to write KHMER language that good either how can she sell this country or she can co singe to sell it. I tell you what?? if you looking for the person who is KBOTH CHEATH go to check in PHNOM PHEN see some one whit a big stomach and have a lot of money . I think this lady has nothing yes do not eat that ant when the water gone that ant may eat you . I’m not support this policy there will be chow never ending

Leave a Reply

Submit Comment