អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​អំពើ​រំលោភ​បំពាន​ឥត​ស្រាកស្រាន្ត​​លើ​ពលរដ្ឋ

ដោយ មាន ឫទ្ធិ
2020-09-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សេចក្តីថ្លែងការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ផ្សាយ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។

សេចក្តីថ្លែងការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ផ្សាយ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។

 Amnesty International


អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​អំពើ​រំលោភ​បំពាន​ឥត​ស្រាកស្រាន្ត​មក​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​យុវជន និង​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ចូលរួម​សម្ដែង​មតិ​របស់​ពួកគេ​ដោយ​សន្តិវិធី​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ការអំពាវនាវ​នេះ កើតមាន​ឡើង​ក្រោយ​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើន​យុទ្ធនាការ​ចាប់​ខ្លួន​ក្រុម​យុវជន និង​ពលរដ្ឋ​យ៉ាងហោចណាស់​ ១៦នាក់ ក្នុង​រយៈពេល​ជាង ១ខែ ចុងក្រោយ​នេះ។

នាយិកា​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ទទួល​បន្ទុក​ផ្នែក​យុទ្ធនាការ​ប្រចាំ​តំបន់ អ្នកស្រី មីង យូហា (Ming Yu Ha) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​នេះ ផ្សាយ​នៅ​ថ្ងៃទី១០ កញ្ញា ថា នៅ​កម្ពុជា ជាជាង​លើកទឹកចិត្ត​មនុស្ស​ជំនាន់​ក្រោយ​ជា​យុវជន​ឲ្យ​អាច​ចូលរួម​បាន​ពេញលេញ​នៅ​ក្នុងការ​កំណត់​ជោគវាសនា​អនាគត​របស់​ប្រទេសជាតិ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែរ​ជា​តាំង​ចិត្ត​កម្ចាត់​ចោល​ទាំងស្រុង​នូវ​រាល់​សំឡេង​រិះគន់​ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​លោក​ក្នុង​ចំណោម​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​នៃ​ពលរដ្ឋ​កម្ពុជា រាប់​ចាប់តាំង​ពី​ព្រះសង្ឃ រហូតដល់​អ្នកសិល្បៈ​ផង។ អ្នកស្រី​លើកឡើង​ថា សកម្មភាព​ចាប់ខ្លួន​មនុស្ស​ទាំងអស់​នេះ គឺ​ជា​ទង្វើ​ដ៏​«គម្រក់»ហើយ​ជា​ការវាយប្រហារ​ទាំងស្រុង​មក​លើ​ក្រុម​យុវជន​នៅ​កម្ពុជា។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ ចាត់ទុក​មនុស្ស​ចំនួន ១០នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​មួយ​រយៈពេល​ចុងក្រោយ​នេះ​ថា គឺជា «អ្នកទោស​មនសិការ» ដែល​មាន​ន័យ​ថា ពួកគេ​ត្រូវ​បាន​ឃុំខ្លួន​ដោយសារតែ​ពួកគេ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ដោយ​សន្តិវិធី​ដូច​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ មនុស្ស​ទាំង១០​នាក់​ដែល​ត្រូវ​អង្គការ​អន្តរជាតិ​មួយ​នេះ ចាត់​ទុក​ថា ជា​«អ្នកទោស​មនសិការ» រួមមាន៖ ​ក្រុមយុវជន​អង្គការ​មាតាធម្មជាតិ យុវជន ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួង កែវរស្មី អ្នកនិពន្ធ​បទ​ចម្រៀង​រ៉ែប យុវជន គា សុគន្ធ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ក្រុមយុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី ព្រះសង្ឃ កើត សារ៉ាយ អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មមុន្នី ព្រមទាំង​​សកម្មជន​យុវជន​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក ថា ឡាវី និង​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា។

Youths

រូបភាពយុវជន និង​ព្រះសង្ឃ ដែលត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួនជាបន្តបន្ទាប់។ រូបភាពពីហ្វេសប៊ុក


អង្គការ​លើកលែង​ទោស​អន្តរជាតិ គូសបញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធរ​កម្ពុជា បាន​បើក​ការបង្រ្កាប​ជា​ប្រព័ន្ធ​មក​លើ​សិទ្ធិ​នៃ​ការប្រមូល​ផ្តុំ​ដោយ​សន្តិវិធី តាមរយៈ​ការហាមប្រាម​មិន​ឲ្យ​មាន​ការប្រមូល​ផ្តុំ​ជា​សាធារណៈ ការវាយ​ប្រហារ និង​ចាប់ដាក់​គុក​រាល់​ក្រុម​អ្នកតវ៉ា​ដោយ​សន្តិវិធី។ អង្គការ​នេះ បន្តថា បើ​ទោះបីជា​មាន​ការបង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​បែប​នេះ​ក៏ដោយ ក៏​ការតវ៉ា​នានា​ដឹកនាំ​ដោយ​ក្រុមយុវជន​បាន​កើតមាន​ឡើង​ជា​ប្រចាំ​នៅ​ទូទាំង​ក្រុងភ្នំពេញ ចាប់​តាំង​ពី​មាន​ការចាប់ខ្លួន​លោក រ៉ុង ឈុន និង​ការណ៍​ដែល​អាជ្ញាធរ​បាន​ឆ្លើយតប​ដោយ​ប្រើ​កម្លាំង​ជ្រុល​ហួសហេតុ និង​សកម្មភាព​បំភិតបំភ័យ​នានា។

នាយិកា​អង្គការ​លើកលែង​ទោស​អន្តរជាតិ​រូបនេះ​ថា ក្រុម​យុវជន​កម្ពុជា​ទាំងនេះ កំពុង​ផ្ញើ​សារ​យ៉ាង​ជាក់ច្បាស់​ថា ពួកគេ​នឹង​មិន​នៅ​សម្ងំ​ស្ងៀម​ឡើយ ពួកគេ​នឹង​មិន​ភ័យខ្លាច ហើយ​ថា ពួកគេ​​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​សង្គម​គ្រប់គ្រាន់​ហើយ។ អ្នកស្រី​ថ្លែង​បន្ត​ថា ក្រុម​សកម្មជន​ជា​យុវជន​ដ៏​ក្លាហាន​ទាំងនេះ កំពុង​តែ​ងើប​ឈរ​ឡើង​ដើម្បី​ឧត្ដមគតិ​នៃ​យុត្តិធម៌ សមភាព និង​សិទ្ធិមនុស្ស ដែល​សកម្មភាព​ទាំងអស់​នេះ​របស់​ពួកគេ ត្រូវ​តែ​ទទួល​បាន​នូវ​ការការពារ និង​ការលើកទឹកចិត្ត។

ជាថ្មី​ម្តងទៀត អង្គការ​លើកលែង​ទោស​អន្តរជាតិ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​នេះ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​ដែល​អង្គការ​នេះ​ថា ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។

មិនមែន​មាន​តែ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ​ទេ ដែល​បាន​ចេញ​មុខ​អំពាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ប្រញាប់​ដោះលែង​ក្រុម​យុវជន និង​ពលរដ្ឋ​ទាំងនេះ​ជា​បន្ទាន់​នោះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) និង​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) សុទ្ធតែ​ធ្លាប់​បាន​បង្ហាញ​ពី​កង្វល់​ជុំវិញ​ការកើន​ឡើង​ករណី​ចាប់​ខ្លួន​មនុស្ស​ដ៏​ឥត​ស្រាកស្រាន្ត​នេះដែរ។ មន្ត្រី​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំងពីរ​រូប​នេះ ​បាន​ក្រើន​រំឭក​អាជ្ញាធរ​កម្ពុជា​អំពី​កាតព្វកិច្ច​ដែល​កម្ពុជា​ត្រូវ​តែ​ធានា​ឲ្យ​បាន​នូវ​ការគោរព និង​ការ​ការពារ​សិទ្ធិមនុស្ស ព្រមទាំង​បង្កើត​ឲ្យ​បាន​នូវ​បរិយាកាស​ដែល​ពលរដ្ឋ​គ្រប់រូប​អាច​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​បាន។

ក៏​ប៉ុន្តែ កង្វល់ និង​ការអំពាវនាវ​របស់​ពួកគេ​ចុងក្រោយ​នេះ ត្រូវ​តំណាង​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បែរជា​ឆ្លើយ​តប​ដោយ​ជំរុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រម​សីលធម៌ និង​អាណត្តិ​របស់​ពួកគេ​ទៅវិញ។ តំណាង​កម្ពុជា​ដដែល​ថា កម្ពុជា​គោរព និង​ផ្តល់​តម្លៃ​ចំពោះ​សេរីភាព​នៃ​ការបញ្ចេញ​មតិ ការបង្កើត​សមាគម និង​ការប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ដែល​ស្រប​តាម​ច្បាប់ ក៏ប៉ុន្តែ​ ថា​ការអនុវត្ត​សិទ្ធិ​របស់​អ្នក​ទាំងនោះ​ជា​រឿង​ខុសច្បាប់ ដោយ​ដកស្រង់​មាត្រា៣១ នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​គូស​បញ្ជាក់​ថា ការប្រើប្រាស់​សិទ្ធិ និង​សេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ណាម្នាក់ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​និង​សេរីភាព​របស់​អ្នក​ដទៃ​ឡើយ។ តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ​ចោទ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ថា​មាន​ចេតនា​ផ្តល់​កម្លាំងចិត្ត​ឲ្យ​ក្រុម​ខ្លះ​ដែល​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការកេង​ចំណេញ​ពី​ស្ថានភាព​បែប​នេះ សម្រាប់​របៀបវារៈ​លាក់​កំបាំង​របស់​ពួកគេ។

មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​ជា​រឿយៗ​មន្ត្រី​គ្រប់ជាន់ថ្នាក់​នៃ​រដ្ឋាភិបាល តែង​លើក​យក​អំណះអំណាង​នៃ​ពាក្យ​ថា គោរពច្បាប់ និង​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​មក​និយាយ​កប់ៗមាត់។ ក៏ប៉ុន្តែ ពាក្យ​ថា កម្ពុជា​ជា​រដ្ឋ​គោរព​ច្បាប់ និង​មាន​ស្ថាប័ន​តុលាការ​ឯករាជ្យ​នេះ មិន​ត្រូវ​បាន​មតិជាតិ និង​អន្តរជាតិ​ ជឿជាក់ ឬ​ទទួលស្គាល់​ឡើយ។ ជាក់ស្តែង ក្នុង​ឆ្នាំ២០២០នេះ កម្ពុជា​ជាប់​លេខ​បាត​តារាង​ក្នុង​ចំណោម​១២៨​ប្រទេស ថាជា​ប្រទេស​ពូកែ​ខាង​រំលោភច្បាប់​ជាងគេ ចេញ​ផ្សាយ​ដោយ​​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment