អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​មិន​មែន​បម្រើ​ប្រយោជន៍​ជាតិ​ទេ តែ​ដើម្បី​ការពារ​អំណាច​ត្រកូល ហ៊ុន

ដោយ សុជីវី
2020-09-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កង​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​រម្លឹក​ខួប ១១ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​នេះ ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០។

កង​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​រម្លឹក​ខួប ១១ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​នេះ ថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក Hun Manet


អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ការ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​មិនមែន​បម្រើ​ប្រយោជន៍​ជាតិ​ទេ តែ​ដើម្បី​ការពារ​អំណាច​ត្រកូល ហ៊ុន។ ការ​រិះគន់​នេះ ធ្វើ​ឡើង ក្នុង​ពិធី​រម្លឹក​ខួប ១១ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន ថ្ងៃ​ទី៩ ខែកញ្ញា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសើរ​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ និង​មន្ត្រី​អង្គរក្ស​ផ្សេង​ទៀត​ថា ពួក​គេ មនសិការ​ដ៏​ស្រួចស្រាល់​បំពេញ​កាតព្វកិច្ច​មោះមុត​មិន​រួញរា​ពុះពារ​ជម្នះ​ឧបសគ្គ​ការពារ​សន្តិសុខ សុវត្ថិភាព ដល់​រូប​លោក និង​ភរិយា ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក។

ពិធី​រំលឹក​ខួប ១១ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​ប្រធាន​បញ្ជាការដ្ឋាន​អង្គរក្ស​ពាក់​ផ្កាយ​បួន គឺលោក ហ៊ីង ប៊ុនហៀង មិន​មែន​ជា​អ្នក​ដឹក​នាំ​កម្មវិធី ឬ​គណៈអធិបតី​ក្នុង​ពិធី​នេះ​ទេ តែ​បែរ​លេច​ចេញ​លោក ហ៊ុន ម៉ាណែត ដែល​ពាក់​ផ្កាយ​បី និង​ជា​អនុ​បញ្ជាការដ្ឋាន​អង្គរក្ស​អង្គុយ​ធ្វើ​អ្នក​ដឹក​នាំ​កម្មវិធី ឬ​គណៈអធិបតី​ក្នុង​ពិធី​ទៅ​វិញ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ​យល់ថា វត្តមាន​លោក ហ៊ុន ម៉ាណែត ដែល​ធ្វើ​គណៈអធិបតី​ក្នុង​ពិធី​នេះ​ជា​សញ្ញា​បង្ហាញ​ថា លោក ហ៊ុន សែន ចង់​រុញ​ឱ្យ​លោក ហ៊ីង ប៊ុនហៀង ចូល​និវត្តន៍ និង​ប្រគល់​ការងារ​គ្រប់គ្រង​បញ្ជាការដ្ឋាន​អង្គរក្ស​ឱ្យ​លោក ហ៊ុន សែន ម៉ាណែត ដ្បិត​លោក​ថា លោក ហ៊ុន សែន ពេល​នេះ​មិន​ទុក​ចិត្ត​អ្នក​ណា​ក្រៅ​ពី​កូន ឬ​សាច់ញាតិ​របស់​លោក​ឡើយ៖ «បាទ​គេ​អាច​ឱ្យ​ចូល​និវត្តន៍​ដូច​អ្នក​ដទៃ​ទៀត ដើម្បី​យក​តំណែង​ទៅ​ឱ្យ​កូន​របស់​គាត់​លោក ហ៊ុន ម៉ាណែត ព្រោះ​គេ​មិន​អាច​ទុក​ចិត្ត​អ្នក​ផ្សេង​ក្រៅ​ពី​កូន​ខ្លួន​ឯង​សម្រាប់​ជន​ផ្ដាច់ការ»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន រិះគន់​ថា ក្រុម​អង្គរក្ស​លោក​ហ៊ុន សែន គឺ​ជា​ក្រុម​មនុស្ស​ដៃ​ឆៅ ដោយ​អ្នក​ខ្លះ​វាយ​តំណាង​រាស្ត្រ អ្នក​ប្លន់​ដី​ពលរដ្ឋ ប៉ុន្តែ​តុលាការ​មិន​បាន​ដាក់​ទោស​ទណ្ឌ​អ្នក​ទាំង​នោះ​ឱ្យ​សម​ទង្វើ​ពួក​គេ​នោះ​ទេ។

ចំណែក អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ លើក​ឡើង​ថា បើ​លោក ហ៊ុន សែន ចង់​ពង្រឹង​វិស័យ​ការពារ​ជាតិ គឺ​លោក ហ៊ុន សែន ត្រូវ​ពង្រឹង​កម្លាំង​ទាំង​មូល​របស់​ក្រសួង​ការ ពារ​ជាតិ​រួម​កង​ទ័ព​ជើង​ទឹក ជើងគោក និង​ជើង​អាកាស​ជា​ដើម មិន​មែន​ពង្រឹង​តែ​កង​អង្គរក្ស​របស់​លោក​តែ​មួយ​នោះ​ទេ៖ បញ្ជាការដ្ឋាន​ហ្នឹង គឺ​ធ្វើ​សកម្មភាព​ទៅ​តាម​ផែនការ​ប្លន់​អំណាច​អចិន្ត្រៃយ៍​របស់​លោក ហ៊ុន សែន គេ​បង្ក្រាប​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​តវ៉ា»

ឆ្លើយតប​នឹង​អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា បញ្ជាការដ្ឋាន​អង្គរក្ស​បង្កើត​មក​ដើម្បី​ការពារ​សុវត្ថិភាព​ព្រះមហាក្សត្រ និង​ថ្នាក់​ដឹក​នាំ​របស់​ជាតិ មិនមែន​ដើម្បី​ការពារ​លោក ហ៊ុន សែន និង​គ្រួសារ​នោះ​ទេ៖ «ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​តែង​ចោទ​ប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​អ៊ីចឹង ហើយ​សួរ​ថា ស្រុក​ណា​អត់​មាន​កង​អង្គរក្ស ដើម្បី​ការពារ​សុខ​សុវត្ថិភាព​របស់​ថ្នាក់​ដឹក​នាំ»

ទោះ​យ៉ាង​ណា​នៅ​ពេល​មាន​ការ​ចោទ​សួរ​ថា កន្លង​មក​កង​អង្គរក្ស​លោក ហ៊ុន សែន ធ្វើ​ការ​បង្ក្រាប​លើ​ក្រុម​ពលរដ្ឋ ឬ​មន្ត្រី​បក្ស​ប្រឆាំង​នោះ លោក សុខ ឥសាន លើក​ឡើង​ថា ការ​បង្ក្រាប​ទាំង​នោះ ព្រោះ​អ្នក​ទាំង​នោះ​ប្រព្រឹត្ត​ល្មើស​ច្បាប់។

កាល​ពី​ឆ្នាំ២០១៥ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​ក្រុម​អង្គរក្ស​លោក ហ៊ុន សែន បី​នាក់​ទាញ​ទម្លាក់​ពី​លើ​រថយន្ត ហើយ​វាយ​ធ្វើ​បាប​ឱ្យ​រង​របួស​ធ្ងន់។ ក្រោយ​វាយ​ឲ្យ​តំណាង​បក្ស​ប្រឆាំង​រង​របួស​ធ្ងន់​មក មន្ត្រី​អង្គរក្ស​ទាំង​ត្រូវ​នោះ ត្រូវ​បាន​ដំឡើង​តំណែង​ទៀត​ផង។

កាល​ពី​ឆ្នាំ២០១៨ សហរដ្ឋ​អាមេរិក​បាន​ដាក់ លោក ហ៊ីង ប៊ុនហៀង ក្នុង​បញ្ជី​ខ្មៅ​ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ។ សហរដ្ឋ​អាមេរិក​រក​ឃើញ​ថា លោក ហ៊ីង ប៊ុនហៀង រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួម​ទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ២០១៣ នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​នៅ​មុខ​រដ្ឋសភា​នៅ​ឆ្នាំ២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​បក្ស​ប្រឆាំង ដូច​ជា ការ​បោក​គ្រាប់​បែក​លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ១៩៩៧ ដែល​ធ្វើ​ឲ្យ​ស្លាប់​និង​របួស​មនុស្ស​ជា​ច្រើន​នាក់​រួម​ទាំង​របួស​ជន​ជាតិ​អាមេរិក​មួយ​រូប​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​មិន​មែន​បម្រើ​ប្រយោជន៍​ជាតិ​ទេ តែ​ដើម្បី​ការពារ​អំណាច​ត្រកូល ហ៊ុន"

  1. Anonymous says:

    let go dancing whit VIETCONG at the border instate in the capital

Leave a Reply

Submit Comment