បទ​​យក​ការណ៍​៖​ យុវជន​​ខ្មែរ​​ថាវរៈ​​ដឹង​​ថា​​អាជ្ញា​ធរ​​នឹង​​ចាប់​ខ្លួន ​ប៉ុន្តែ​​នៅ​តែ​​បន្ត​សកម្ម​ភាព​

បទយកការណ៍
លោក សំ ដារ៉ា and លោក សុខ ហាំងឃាង | ១១ កញ្ញា ២០២០ | ម៉ោង ០៩:៥៣
VOD

កញ្ញា សូម មេត្តា (អាវខ្មៅ) ធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

កញ្ញា សូម មេត្តា (អាវខ្មៅ ដៃកាន់ទង់ជាតិកម្ពុជា) ធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


នៅពេល​ដែល​កញ្ញា សូ មេត្តា បាន​ផ្ដើម​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ក្រុមសកម្ម​ជន​មួយ​ក្រុម​ដែល​មានឈ្មោះ​ថា ខ្មែរ​ថាវរៈ កញ្ញា​បាន​គិតទៅ​ដល់​ពាក្យ​មួយ​ឃ្លា​ពី​អ្នកវិភាគ​សង្គម​ម្នាក់​ដែល​បាត់បង់ជីវិត​ទៅ​ហើយនោះ​គឺលោក កែម ឡី ដែល​លោក​បាន​និយាយ​ថា​ ចំពោះ​បុគ្គល​ដែល​ដាក់ខ្លួន​ធ្វើការងារ​សង្គម​ក្នុង​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ទិដ្ឋាការ​មួយ​ក្នុងចំណោម៣ដែល​ក្នុង​នោះ​មាន​រត់ចោលស្រុក ជាប់គុក ឬស្លាប់។ 

កញ្ញា សូ មេត្តា ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងដំណើរការនិងសកម្មភាពរបស់ក្រុមខ្មែរថាវរៈ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅហាងកាហ្វេមួយកន្លែងក្នុងក្រុងភ្នំពេញ។ (សំ ដារ៉ា)

កញ្ញា​បាន​ប្រាប់​វី​អូ​ឌីកា​លពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅ​ឯហាង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា១៥គីឡូម៉ែត្រពី​ភ្នំពេញ​ថា៖ «មុននឹង​ចូល​ ខ្ញុំ​បាន​តាំង​ចិ​ត្ត​រួច​ហើយ ព្រោះ​ការងារ​អស់​ហ្នឹង ​យើង​ប្រឈម​ទាំងអស់ ព្រោះ​យើង​ប្រឈម​ បើ​មិន​ជាប់គុក ​ក៏​ស្លាប់​ ឬក៏​រត់ចោលស្រុក​ដែរ»។ 

ពាក្យសម្ដី​របស់​លោក កែម ឡី មានខ្លឹមសារនិង​ត្រូវ​តាម​ទិដ្ឋភាព​ជាក់ស្ដែង​មែន ដោយ​បច្ចុប្បន្ន​កញ្ញា​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ជាមួយ​សមាជិក៣នាក់​ទៀត​របស់​កញ្ញា​ដែល​ត្រូវ​បាន​គេ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ពួក​គេ​ចូលរួម​ជាមួយ​មនុស្ស​ចំនួន៥០ទៀត​ ដើម្បី​ធ្វើបាតុកម្ម​ដោះលែង​សកម្មជននិង​អ្នក​ប្រឆាំង​ផ្សេង​ៗដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង។ 

នៅ​ពីក្រោយ​ការ​តវ៉ា​ជា​ក្រុ​មតូចៗ​ដែល​នៅតែ​បន្ត​កើតមាន​ ដែល​ភាគច្រើន​ធ្វើឡើង​នៅ​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បណ្តាញ​ក្រុមសកម្ម​ជន​យុវជន​បាន​និង​កំពុង​កើនឡើង ហើយ​អាជ្ញាធរ​ក៏បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​រារាំង​ការ​តវ៉ា​របស់​ពួក​គេ។

ក្រុមពលរដ្ឋនិងសកម្មជនផ្សេងទៀត ធ្វើដំណើរទៅលានប្រជាធិបតេយ្យដើម្បីធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

វី​អូ​ឌី​សាកសួរ មេត្តា អំពី​ចលនា​ខ្មែរ​ថាវរៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៏​មុន។ នៅពេល​ដែល​អ្នកយកព័ត៌មាន​ព្យាយាម​ទាក់ទង​កញ្ញា​កាលពី​ថ្ងៃចន្ទ​ អំពី​ការ​ចាប់ខ្លួន​សកម្មជន​ដទៃទៀត ទូរសព្ទ​របស់​កញ្ញា​ត្រូវ​បាន​កាត់​ផ្តាច់​ភ្លាម​ៗ ក្រោយពី​ទទួលការ​ហៅ​ចូល​បានតែ​ប៉ុន្មាន​វិនាទី។

អ្នកនាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បាន​បញ្ជាក់​នៅ​ថ្ងៃអង្គារ​ថា ​កញ្ញា មេត្តា ត្រូវ​បាន​ចាប់ខ្លួន​នៅថ្ងៃ​ចន្ទ​ ​វេលា​ម៉ោង​ប្រហែល៦ល្ងាច។ មិត្ត​រួមការ​ងារ​របស់​កញ្ញា មេត្តា បាន​និយាយ​ថា​ កញ្ញា​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​បាន​ស្វែងរក​ការ​ជ្រកកោន​នៅ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដោយសារតែ​មន្ត្រីប៉ូលិសបាន​តាម​នាង។

អ្នកនាំពាក្យ​នគរបាល​ជាតិ ​លោក ឆាយ គឹម​ខឿន ក៏បាន​បញ្ជាក់​ថា មេត្តា ត្រូវ​បាន​គេ​ចាប់ខ្លួន ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពីទី​តាំង​នៃ​ការ​ចាប់ខ្លួន​ឡើយ។ 

លោក គឹម ខឿន បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា៖ «គេ​ចាប់​បាត់​ហើយ ​[…] បង​អត់​អាច​ឆ្លើយ​ជូន​បានទេ»។ 

មេត្តា បាន​ចាប់ផ្តើម​ធ្វើសកម្មភាព​ក្រោម​ឈ្មោះ​ក្លែងក្លាយ​ ដើម្បី​ការពារ​អត្តសញ្ញាណ​របស់​នាង​ប៉ុន្តែ​ថ្មី​ៗនេះ ​កញ្ញា​ក៏បាន​ប្រើ​ឈ្មោះ​ពិត​របស់​នាង​គឺ អេង ម៉ាឡៃ ដើម្បី​បង្ហោះ​ពី​ការរៀបចំ​ធ្វើបាតុកម្ម។

សមាជិក​ស្នូល​ពីរ​នាក់​របស់​ខ្មែរ​ថាវរៈ​គឺលោក ហ៊ុន វណ្ណៈ និង​អ្នកនាង ឈឿន ដារ៉ា​វី ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ញុះញង់​ចាប់តាំងពី​ថ្ងៃទី១៣ ខែសីហា នៅពេល​ដែល​ប៉ូលិសបាន​ឆ្មក់​ចូលផ្ទះ​ជួល​របស់​នាង​និង​មិត្ត​រួមការ​ងារ​របស់​នាង​នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។ សមាជិក​ខ្មែរ​ថាវរៈ​ម្នាក់ទៀត​ឈ្មោះ ថា ឡា​វី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុងការ​តវ៉ា​មួយ​កាលពី​ថ្ងៃចន្ទ​ ដោយសារតែ​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​សកម្មភាព​របស់​ក្រុម​នេះ​ថា «ខុសច្បាប់»

មេត្តា បាន​និយាយ​ថា ​វា​កំពុង​ក្លាយជា​រឿង​ពិ​បា​កទៅៗ​ហើយ​ក្នុង​ការរៀបចំ​ការ​តវ៉ា​ម្ដង​ៗ ប៉ុន្តែ​កញ្ញា​ក៏បាន​រៀបចំ​ផ្លូវចិត្ត​ក្នុង​ការ​ប្រយុទ្ធ​តបត​ជាមួយ​អាជ្ញាធរ​ផង​ដែរ។ 

កញ្ញា​និយាយ​ថា៖ «ដល់​ចឹង​ ពួក​ខ្ញុំ​បាន​ត្រៀម​ចិត្ត​ដាក់​កាយ​ដាក់​ចិ​ត្ត​អស់​ហើយ ហើយ​ពួក​ខ្ញុំ​អត់​ភ័យខ្លាច​ទេ​សូម្បីតែ​បន្តិច ហើយ​គេ​កាន់តែ​គំរាមកំហែង គេ​កាន់តែ​តាម​ធ្វើបាប​ ខ្ញុំ​កាន់តែ​មាន​អា​ទឹកចិត្ត យើង​កាន់តែ​ផុស​ឡើង​ៗ ចេះតែ​ចង់​ដើរទៅ​មុខ​ទៀត»។ 


មាតិកា


ចូលរួម​ទាំងអស់គ្នា​

កញ្ញា មេត្តា បាន​ពន្យល់​ថា ខ្មែរ​ថាវរៈ​ចាប់ផ្ដើម​ឡើងជា​មួយ​ក្រុមការងារ​ស្នូល​ដែល​មាន​សកម្មជន​ប្រមាណ​ជា៣០នាក់​កាលពី​ខែមករា ជាមួយនឹង​ក្រុ​មតូចៗ​ដែល​មាន​មនុស្ស៤ទៅ៥នាក់​ចូលរួម​បន្តិច​ម្ដង​ៗក្នុង​អំឡុង​ពេល៩ខែ​កន្លងទៅ។ កញ្ញា​ផ្ទាល់​ក៏បាន​ចូលរួម​តាមវិធី​នេះ​ដែរ ដោយកញ្ញា​ធ្លាប់​បាន​ធ្វើការ​ជា​មេ​ចុងភៅ​នៅក្នុង​ភោជនីយដ្ឋាន​ខេត្តក្រចេះ ហើយ​ក្រោយមក​ទៀត​នៅក្នុង​ភោជនីយដ្ឋាន​ចិន​មួយ​នៅ​ភ្នំពេញ ប៉ុន្តែ​កញ្ញា​តែងតែ​តាមដាន​បញ្ហា​សង្គម​ដែល​មាននៅ​ក្នុង​ព័ត៌មាន។

នៅពេល​ដែល​សកម្មជន​បរិស្ថាន លោក  អ៊ូច ឡេង ត្រូវ​បាន​ចាប់ខ្លួននិង​ឃុំខ្លួន​នៅ​ឯសាលា​ដំបូង​ខេត្តក្រចេះ​កាលពី​ខែមីនា​កន្លងទៅ កញ្ញា​បាន​ចូលរួម​ក្នុង​ការ​ធ្វើបាតុកម្ម​ចំនួន៣ថ្ងៃ​នៅមុខ​តុលាការ ដោយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សមាជិក​ខ្មែរ​ថាវរៈ។ កញ្ញា​បាន​ចាប់ផ្ដើម​សម្រាក​ច្រើនថ្ងៃ​ពី​ការងារ​នៅ​ភោជនីយដ្ឋាន​ចិន ​ដើម្បី​ចូលរួម​យុទ្ធនាការ​ ហើយ​បន្ទាប់មក​នាង​បាន​ប្តេជ្ញា​ចិត្ត​ធ្វើសកម្មភាព​ពេញលេញ​បន្ទាប់ពី​ម្ចាស់​ភោជនីយដ្ឋាន​របស់​នាង​បាន​បិទ​ហាង​ហើយ​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ ដោយសារ​កង្វះ​ភ្ញៀវ​ទេសចរ​អំឡុង​ពេល​កូ​វីដ១៩។

កញ្ញា​និយាយ​ថា៖ «តាមដាន​បុគ្គល​ដែល​ឆ្នើម​ៗដូច​ពួក​គា​ត់ចឹង​ទៅ ក៏​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អា​ចិត្ត​ហ្នឹង​ចង់​ចូលរួម​ជាមួយ​សង្គម​របស់​យើង​ដែរ ដោយសារ​យើង​មើលឃើញ​ពី​បរិបទ​សង្គម​របស់​យើង​ហ្នឹង​វា​មាន​បញ្ហា​ជាច្រើន​ដែល​បាន​កើ​តឡើង​ចឹង​ទៅ ណាមួយ​ខ្ញុំ​ជា​យុវជន​ហើយ​ខ្ញុំ​ចង់​ចួល​រួម​កែ​លម្អ​ឱ្យ​សង្គម​យើង​វា​មក​ល្អ​ដែរ»

កញ្ញា​បាន​ប្រាប់​ថា ​ក្រុម​របស់​កញ្ញា​មាន​សមាជិក​ប្រមាណ​ជា២០០នាក់​នៅ​ទូទាំង​ខេត្ត​នានា ដោយ​ពួក​គេ​រួមគ្នា​ចង់​ឃើញ​ប្រជាជន​កម្ពុជា​ ជាពិសេស​យុវជន​ចូលរួម​ក្នុង​បញ្ហា​នយោបាយ ស្រឡាញ់​ប្រទេសជាតិនិង​មាន​សាមគ្គីភាព​រវាង​គ្នានឹងគ្នា។

សមាជិក​ស្ថាបនិក​ពីរ​នាក់​គឺលោក វណ្ណៈ និងអ្នកនាង ដារ៉ា​វី បាន​ចាប់ផ្តើម​សកម្មភាព​របស់​ពួក​គេ​ជាយូរមកហើយ​ ដោយធ្វើ​ការ​ជាសកម្ម​ជន​លេចធ្លោ​នៅក្នុង​ក្រុម​បរិស្ថានមាតា​ធម្មជាតិ ដែល​ត្រូវ​បាន​ក្លាយជា​គោលដៅ​របស់​អាជ្ញាធរ​ក្នុង​ខែ​នេះ​ផង​ដែរ។ កញ្ញា មេត្តា បាន​និយាយ​ថា ​អ្នក​ទាំងពីរ​បាន​ចាកចេញ​ពី​ក្រុម​បរិស្ថាន​ ដើម្បី​ផ្តោត​លើ​បញ្ហា​ផ្សេង​ៗដែល​នៅ​ក្រៅ​វិសាលភាព​របស់​អង្គការ​មាតា​ធម្មជាតិ​ ដោយ​រួមមាន​ទាំង​ព្រំដែន​កម្ពុជា-វៀតណាម​ និង​សិទ្ធិ​ដីធ្លី​ជាដើម។

មុន​ពេល​តវ៉ា​ស្នើសុំ​ឱ្យ​ដោះលែង​ក្រុម​របស់​ខ្លួន ក្រុម​ខ្មែរ​ថាវរៈបាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​មានការ​ដោះលែង​ប្រធាន​សហជីព លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាមួយ​វៀតណាម។

មេត្តា បាន​ប្រាប់​ថា​ បញ្ហា​ព្រំដែន​កម្ពុជានិង​ការរារាំង​មិន​ឱ្យ​បញ្ចេញ​យោបល់​ក្នុង​ការ​និយាយ​ពី​រឿង​នេះ ​គឺជា​ផ្នែក​មួយ​នៃ​ការចាប់អារម្មណ៍​របស់​ក្រុម​នាង​តាំងពី​ដំបូង។

កញ្ញា​លើកឡើង​ថា៖ «មូលហេតុ​ដោយសារ​ពួក​ខ្ញុំ​ព្រួយបារម្ភ​ពី​រឿង​បាត់​ទឹកដី។ ពួក​ខ្ញុំ​ផ្ដោត​សំខាន់​គឺ​ទឹកដី​យើង មួយទៀត​គឺ​ពួក​ខ្ញុំ​ឃើញ​ពីសង្គម​យើង​សព្វថ្ងៃ​ អា​កម្រិត​នៃ​សិទ្ធិ​ប្រជាពលរដ្ឋ​ត្រូវការ​សម្ដែង​មតិ​ហ្នឹង ​វា​ទា​បទៅៗ […] ដល់​ចឹង​ពួក​ខ្ញុំ​ឃើញ​ពី​អា​ពីរបី​ចំណុច​ហ្នឹង ពួក​ខ្ញុំ​ក៏​សម្រេចចិត្ត​ថា ​យើង​ចងក្រង​ជា​ក្រុម យើង​បង្កើត​ជា​ក្រុម យើង​ធ្វើ​រឿង​ហ្នឹងទាំងអស់គ្នា»។ 

មុន​ពេល​ចាប់ខ្លួនលោក រ៉ុង ឈុន ក្រុម​នេះ​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ា​នៅមុខ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ខេត្តបាត់ដំបង​កាលពី​ខែឧសភា​ ករណី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​មិន​ទទួលយក​សំ​ណើសុំ​ការ​ពន្យា​រពេល​សង​ការប្រាក់​របស់​ប្រជាពលរដ្ឋ។

កាលពី​ខែមិថុនា​ ព្រះសង្ឃ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ បាន​ធ្វើបាតុកម្ម​ស្ងាត់ស្ងៀម​នៅ​ខេត្តបាត់ដំបង និង​បង្កើត​វីដេអូ​យុទ្ធនាការ​តស៊ូ​មតិ​ដល់​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​សង្គម។ ភ្លាម​ៗបន្ទាប់មក មន្រ្តី​សង្ឈខេត្តសៀមរាប បាន​ស៊ើបអង្កេត​និង​បញ្ជា​ឱ្យ​ចាប់​ផ្សឹក​សកម្មជន លួន សុ​វ៉ា​ត ដែល​ត្រូវ​បាន​ចោទ​ពី​បទ​​រំលោភបំពាន​នារី​ភេទ។

ក្រុម​ខ្មែរ​ថាវរៈ​បាន​ប្រឈមមុខនឹង​អាជ្ញាធរ​ជាថ្មី​ម្តង​ទៀត​ក្នុង​ថ្ងៃខួប៤ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​អ្នកវិភាគ​នយោបាយ លោក កែម ឡី។ ពួក​គេ​ត្រូវ​បាន​បញ្ឈប់​ទាំង​ការ​ធ្វើបាតុកម្ម​នៅ​ស្ថានីយប្រេងឥន្ធនៈ​ដែល​ជា​កន្លែង​លោក​ កែម ​ឡី​ ត្រូវ​បាន​បាញ់សម្លាប់ ​និង​ពី​ការ​ដើរហែក្បួន​ទៅកាន់​ស្រុកកំណើត​លោក កែម ឡី នៅ​ខេត្តតាកែវ។

ការ​តស៊ូ​នៅតែ​បន្ត​

បន្ទាប់ពី​ការ​ចាប់ខ្លួនអ្នកនាង ដារ៉ា​វី និង​លោក វណ្ណៈ មេត្តា​ បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ក្រុម​នេះ​កំពុង​អនុវត្ត​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ជាមួយនឹង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ពួក​គេ​ប៉ុន្តែ​ពួក​គេ​មិនបាន​ផ្លាស់​ប្តូរ​ផែនការ​ទេ ​បើ​ទោះបីជា​មានការ​ចាប់ខ្លួន​សមាជិក​ក៏ដោយ។

មេត្តា​ បាន​និយាយ​ថា ​ពួក​គេ​បាន​ធ្វើ​សំ​ណើ​ចំនួន​ពីរ​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើការ​តវ៉ា​រយៈពេល​ប្រាំបី​ថ្ងៃ​នៅ​ឯទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង តែសំណើ​ទាំង​ពីរ​​ត្រូវ​បាន​បដិសេធ។ អ្នកយកព័ត៌មាន VOD បានឃើញ​ មេត្តា ​នៅ​ឯកា​រត​វ៉ា​កាលពី​ថ្ងៃចន្ទ​ មុន​ពេល​មាន​សេចក្តី​រាយការណ៍​ពី​ការ​ចាប់ខ្លួន​របស់​នាង​នៅ​ល្ងាច​នោះ។

ក្រុមអាជ្ញាធរខណ្ឌបានចុះមកត្រួតពិនិត្យនិងរារាំងចំពោះក្រុមពលរដ្ឋដែលមានបំណងធ្វើដំណើរទៅលានប្រជាធិបតេយ្យដើម្បីធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោក សុខ រដ្ឋា​ សមាជិកសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ (KSILA​) បាន​ប្រាប់​ថា អង្គការ​របស់​លោក​បាន​ចាប់ផ្តើម​ធ្វើការ​ជាមួយ​ខ្មែរ​ថាវរៈ​ បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​ទៅ​ស្ថានីយ​ប្រេង​កាល់​តិច​ដែល​ជា​កន្លែង​លោក ​កែម ​ឡី​ ត្រូវ​បាន​សម្លាប់​ កាលពី​ខែកក្កដា។

KSILA ជា​ក្រុម​តស៊ូ​មតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៤ ដែល​ផ្តោត​លើ​បញ្ហា​ព្រំដែន បានឃើញ​ថា​ ក្រុម​ទាំងពីរ​មាន​ភាព​ស្រដៀងគ្នាលើ​ជំនឿ​ថា ​ភាព​អយុត្តិធម៌​កំពុង​កើតឡើង​សម្រាប់​កម្ពុជា​ទាក់ទង​នឹង​ការចរចា​តាម​ព្រំដែន។ ចាប់ពី​ពេលនោះ ពួក​គេ​បាន​ចាប់ផ្តើម​សហការ​គ្នា​លើ​ការ​តវ៉ា​នា​ពេល​អនាគត​ រួម​ទាំង​បាតុកម្ម​កាលពី​ថ្ងៃចន្ទ​ផង​ដែរ។

សមាជិក​ពីរ​នាក់​នៃ​ក្រុម​នេះគឺព្រះ​តេជគុណ កើត សារ៉ាយ និងលោក មាន ព្រហ្ម​មុនី​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ចុង​សប្តាហ៍។ យោង​តាម​អង្គការ​លី​កាដ​ូ​ អ្នក​ទាំងពីរ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ការិយាល័យ​អង្គការ​ខ្មែរ​ថាវរៈ។

មេត្តា បាន​អះអាង​ថា​ ទោះបី​ខ្មែរ​ថាវរៈបាន​រីកចម្រើន​យ៉ាងណា​ក្តី ក្រុម​នេះ​នៅតែ​ធ្វើការ​ជា​ក្រុម​រៀបចំ​ព្រឹត្តិ​ការណ៍ និង​ធ្វើ​គោលនយោបាយ​ជាមួយគ្នា។

កញ្ញា​បញ្ជាក់​ថា៖ «នៅ​ក្រុម​ខ្ញុំ​គឺ​អត់មាន​អ្នក​មេ​អ្នកណា​ជា​កូន​ទេ គឺ​មេ​ទាំងអស់​ គឺ​ពួក​ខ្ញុំ​បង្ហាត់បង្រៀន​ខ្លួនឯង​ឱ្យ​ជា​មេ​ទាំងអស់ អ៊ីចឹ​ងនៅ​ក្រុម​របស់ខ្ញុំ​អត់មាន​អ្នកជា​តំណាងឬក៏​ជា​មេ​អី​ទេ ពួក​ខ្ញុំ​សុទ្ធតែ​មេដឹកនាំ​ទាំងអស់គ្នា»។ 

មេត្តា បាន​លើកឡើង​ថា គោលនយោបាយ​ផ្ទៃក្នុង​មួយ​របស់​ក្រុម​នេះ ​គឺ​មិន​ត្រូវ​សារភាព​ទទួលកំហុស​ណាមួយ​ឡើយ ​ប្រសិនបើ​ពួក​គេ​មិនបាន​ប្រព្រឹត្តបទឧក្រិដ្ឋ ដែល​នេះ​ជា​ការ​លើកទឹកចិត្ត​មិន​ឱ្យ​សមាជិក​ណាមួយ​របស់​ពួក​គេ​ចុះហត្ថលេខា​លើ​ចម្លើយ​សារភាព​ពី​មន្រ្តី​ប៉ូល​ិសឱ្យ​បោះបង់ចោល​ការងារ​របស់​ពួក​គេ​នោះ​ទេ។

ការ​ប្តេជ្ញា​ចិត្ត​នោះ​ធ្វើ​ឱ្យ​សកម្មជន​របស់​ពួក​គេ​ប្រឈម​នឹង​ការ​ជាប់ពន្ធ​នា​គារ។ មេត្ តា​បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​បាន​ប្រាប់​អ្នកនាង ​ដារ៉ា​វី និង​លោក វណ្ណៈ ថា​នឹង​ដោះលែង​ពួក​គេ ប្រសិនបើ​ពួក​គេ​យល់ព្រម​ចុះហត្ថលេខា​បញ្ឈប់​សកម្មភាព​នយោបាយ ហើយ​ឈប់​ផ្តល់​ព័ត៌មាន​ដល់​អ្នកកាសែត។ តាម​កញ្ញា មេត្តា លោក ​វណ្ណៈ​បាន​បដិសេធ។ មេត្តា​ បាន​អះអាង​ថា ​ប្រសិនបើ​មានការ​ដាក់​សម្ពាធ​ សមាជិក​ខ្មែរ​ថាវរៈដទៃទៀត​ក៏​នឹង​បដិសេធ​មិន​ទទួលយក​ចម្លើយ​សារភាព​ណាមួយ​ដែរ។

នាងបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា៖ «ប្រសិនបើ​អាជ្ញាធរ​រារាំង​សកម្មភាព​ក្រុម​របស់​យើង យើង​នឹង​រក្សា​ការ​ទាមទារ​របស់​យើង​រហូតដល់​គ្នា​របស់​យើង​ទាំងពីរ​ត្រូវ​បាន​ដោះ លែង​ រួម​ទាំង​អ្នក​ផ្សេងទៀត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ»

មួយថ្ងៃ​ក្រោយ​ការ​ចាប់ខ្លួន សាលា​ដំ​បូង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ចោទប្រកាន់​កញ្ញា សូ មេត្តា និង​យុវជន​ខ្មែរ​ថាវរៈ​ម្នាក់ទៀត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃជា​មួយ​គ្នា​ ក្រោម​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ មេត្តា​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​៕

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេស


វិភាគ៖ កម្ពុជា​​គួរ​​អត់​ធ្មត់​​ករណី​​យុវជន​​តវ៉ា​​ដូច​​ធ្វើ​​កិច្ចការ​​ព្រំដែន​​ជាមួយ​​វៀតណាម​

នៅក្នុង​វីដេអូ​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី បាន​ប្រើពាក្យ​«ចំ​ណាច់​ការ​លើ​អ្នក​តវ៉ា​ជ្រុលនិយម​រឿង​ព្រំដែន» ហើយ​វី​ដេអូ​នោះ​ក៏បាន​លើកឡើង​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​កិច្ចការ​ព្រំដែន​ដោយ​ភាព​វៃឆ្លាត​និង​អត់ធ្មត់​ខ្ពស់​ជាមួយ​ប្រទេសជិតខាង។


អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​ ថា​កំពុង​​តាម​ដាន​​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​«យ៉ាង​​ដិត​ដល់​​នៅ​​កម្ពុជា»​

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត និយាយ​ថា អ្នកស្រី​កំពុង​តាមដាន​យ៉ាង​ដិតដល់​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខណៈ​អ្នក​តវ៉ា​ដោយសន្តិវិធី​មួយចំនួន​រួម​ទាំង​ព្រះសង្ឃ​ផង ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ជាបន្តបន្ទាប់​នា​ពេល​ថ្មី​ៗនេះ។


មនុស្ស​៤​នាក់​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ខណៈ​ពួក​​គេ​​គ្រោង​ប្រមូល​​ផ្តុំ​នៅ​ទី​លាន​​ប្រជា​ធិប​​តេយ្យ​​

យុវជន​​និងព្រះសង្ឃចំនួន​៤អង្គ-នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់​ឃាត់​ខ្លួនក្នុងរយៈពេល​ពីរថ្ងៃ​នេះ ស្រប​ពេល​ដែលពួកគេ​មាន​បំណង​​ទៅ​ប្រមូល​ផ្តុំនៅទីលាន​​ប្រជាធិបតេយ្យ ដើម្បី​សម្តែងមតិនិង​អំពាវនាវ​ឱ្យ​មានការដោះលែង​​អ្នកជាប់ឃុំពាក់ព័ន្ធនឹង​រឿងព្រំដែន។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment