សហភាព​អឺរ៉ុប​បង្ហាញ​ក្ដី ​«បារម្ភ​កម្រិត​ធ្ងន់ធ្ងរ»​ អំពី​ការ​បង្ក្រាប​ថ្មីៗ​បន្ថែម​ទៀត​នៅ​កម្ពុជា

សិទ្ធិ​មនុស្ស
11 កញ្ញា 2020
អូន ឆេងប៉រ
វីអូអេខ្មែរ

រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

លោកស្រី ​Nabila Massrali ​អ្នក​នាំពាក្យ​គណៈ​កម្មការ​អឺរ៉ុប​លើ​កិច្ចការ​បរទេស​និង​នយោបាយ​សន្ដិសុខ ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃសុក្រ​នេះ​ថា ​សហភាព​អឺរ៉ុប​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​លើ​បញ្ហា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្លួន។

ភ្នំពេញ — សហភាព​អឺរ៉ុប​បាន​ឱ្យ​ដឹង​ថា​ ខ្លួន​មាន ​«ក្តី​បារម្ភ​កម្រិត​ធ្ងន់ធ្ងរ» ​បន្ថែម​ទៀត​ចំពោះ​ការ​បង្ក្រាប​នយោបាយ​លើ​អ្នក​រិះគន់​និង​អ្នក​ជំទាស់​នៅ​កម្ពុជា​ នា​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។​

ប្លុក​អឺរ៉ុប​ដែល​មាន​២៧​ប្រទេស​នេះ ​ទើប​បាន​ចាត់​វិធានការ​ចូល​ជាធរមាន ​កាលពី​ថ្ងៃ​ទី១២​ ខែ​សីហា ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ ដោយ​ចាប់​ផ្ដើម​គិត​ពន្ធ​គយ​លើ​ទំនិញ​កម្ពុជា​២០%​ដែល​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប​ដើម្បី​ ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​នយោបាយ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​នាំ​ទៅ​ដល់​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​បក្ស​ជំទាស់​ធំ​បំផុត។​

ផ្ទុយ​ពី​ការ​អំពាវនាវ​អម​ជាមួយ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ ដែល​ស្នើ​ឱ្យ​មាន​ការ​សម្រួល​ស្ថាន​ការណ៍​ប្រជា​ធិបតេយ្យ ​និង​បើក​លំហ​សិទ្ធិ​សេរីភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ឡើង​វិញ​នោះ​ ​ អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​ការ​ចាប់​ចង​ចោទ​ប្រកាន់​លើ​បណ្ដា​សកម្មជន​ និង​អ្នក​រិះគន់​រដ្ឋាភិបាល ​ដែល​ថ្មីៗ​នេះ​បាន​ចេញ​តវ៉ា​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ រ៉ុង ឈុន​ មេ​ដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រឿង​រិះគន់​បញ្ហា​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។​

លោកស្រី​ Nabila Massrali ​អ្នក​នាំពាក្យ​គណៈ​កម្មការ​អឺរ៉ុប​លើ​កិច្ចការ​បរទេស​និង​នយោបាយ​សន្ដិសុខ ​បាន​ប្រាប់​VOA ​នៅ​ថ្ងៃសុក្រ​នេះ​ថា ​ សហភាព​អឺរ៉ុប​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​លើ​បញ្ហា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្លួន។

«សហភាព​អឺរ៉ុប​មាន​ក្ដី​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ចំពោះ​មុខ​ការ​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​នូវ​លំហ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស ​[កម្ពុជា]​ រួមមាន​របាយ​ការណ៍​ថ្មីៗ​ចុង​ក្រោយ​អំពី​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​បណ្ដា​សកម្មជន​ និង​បណ្ដា​មេ​ដឹកនាំ​សហជីព»។​

លោកស្រី​បាន​បន្ថែម​ក្នុង​សារ​អ៊ីម៉ែល​យ៉ាង​ដូច្នេះ​ទៀត​ថា៖​

«យើង​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យក​នូវ​សកម្ម​ភាព​ជា​ដុំ​កំភួន​នានា​ដើម្បី​បើក​ឡើង​វិញ​នូវ​លំហ​នយោបាយ​នៅ​ក្នុង​ប្រទេស​ ហើយ​នឹង​បក​ត្រឡប់​ក្រោយ​ប្រគល់​មក​វិញ​នូវ​លំហ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ និង​ធានា​ថា​ មាន​ការ​គោរព​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ជួប​ជុំ​ដោយ​សន្តិវិធី»។​

ជាមួយ​ការ​ចាប់​ខ្លួន​សកម្មជន​ជា​បន្ទាប់ ​ ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ ក៏​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម ​Twitter ​ថា​ ​ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​ និង​បុគ្គល​វ័យ​ក្មេង​មួយ​ចំនួន​ទៀត​ចំពោះ​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។​

ស្ថានទូត​នេះ​បាន​អត្ថាធិប្បាយ​ថា៖ ​«កិច្ច​ការពារ​បរិស្ថាន​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ​ដូច្នេះ​គឺ​វា​ដូច​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផង​ដែរ»។ ​

បន្ទាប់​ពី​មានការ​ចាប់ខ្លួន​លោក​ រ៉ុង ឈុន​ នា​ដំណាច់​ខែ​កក្កដា​មកមនុស្ស​២៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ដែល​ក្នុង​នោះ​មាន​១២​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​រង់​ចាំការ​ជំនុំ​ជម្រះ​ ក្រោម​បទ​ចោទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្ដិសុខ​សង្គម»។ ​នេះបើ​យោង​តាម​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ។​

អ្នកស្រី ​Ravina Shamdasani ​អ្នក​នាំពាក្យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ​Michelle Bachelet​ នា​ថ្ងៃ​សុក្រ​នេះ​ក៏​បាន​បរិហារ​ការ​បង្ក្រាប​នៅ​កម្ពុជា​ផង​ដែរ។​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ លោកស្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​តវ៉ា​ដែល​ជាប់ឃុំ​ទាំង​១២​នាក់​ ដោយ​«គ្មាន​លក្ខខណ្ឌ»។ ​

«ស្ថានភាព​នាពេល​បច្ចុប្បន្ន​នេះ​បង្ហាញ​ឲ្យ​យើង​កាន់​តែ​ឃើញ​នូវ​ការ​មិន​អត់​ឱន​របស់​រដ្ឋាភិបាល​ចំពោះ​គំនិត​ផ្ទុយ​ពី​ខ្លួន​និង​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​ជួបជុំ​ដោយ​សន្តិវិធី​ និង​ការ​ចងក្រង​សមាគម»។​

យ៉ាងណាក្ដី ​លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​លើក​ឡើង​ថា ​ រដ្ឋាភិបាល​បាន​ពន្យល់​ប្រាប់​សហភាព​អឺរ៉ុប​គ្រប់គ្រាន់​រួច​មក​ហើយ​អំពី​បញ្ហា​អាទិភាព ​និង​និយម​ន័យ​របស់​ខ្លួន​ក្នុង​ដំណើរ​កសាង​ប្រជា​ធិបតេយ្យ​របស់​ប្រទេស។​ លោក​បាន​ហៅ​ក្រុម​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​ចាប់​ ខ្លួន​ថា​ មាន​«គម្រោង​ផ្ដួល​រំលំ»​រដ្ឋាភិបាល។ ​លោក​ប្រាប់ ​VOA ​ថា៖​

«ដូច្នេះ​ការ​តតាំង​ដែល​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ មាន​ភ្នាក់ងារ​បរទេស​នៅ​ពីក្រោយ​ខ្នង ​ដែល​មាន​ទិស​ដៅ​បំផ្លាញ​សណ្ដាប់​ធ្នាប់​សង្គម​ ដែល​មាន​បំណង​ចង់​ទម្លាក់​រដ្ឋាភិបាល​ដែល​ស្រប​ច្បាប់​ យើង​មិន​អនុញ្ញាត​ឱ្យ​នោះ​ទេ ​ ហើយ​ការ​បង្ក្រាប​ឬ​ការ​ឃាត់​ខ្លួន​នេះ​ គ្រាន់​ជា​ទិសដៅ​នៃ​ការ​រក្សា​សណ្ដាប់​ធ្នាប់​ ស្ថិរភាព ​និង​សន្ដិភាព​តែ​ប៉ុណ្ណោះ​គឺ​យើង​មិនមាន​អីទៅ​រំលោភ​ដូច​ដែល​គេ​ថា​ទេ»។​

លោក ​ផៃ ស៊ីផាន ​មិន​បាន​បញ្ជាក់​ច្បាស់​នោះ​ទេ​ថា​ អ្នកណា​ជា​ «អ្នក​នៅ​ពី​ក្រោយ»​ ឬ​ថា​ «បរទេស»​ នោះ​ជា​សាសន៍​ណា​នោះ​ទេ។​

ចុង​ក្រោយ​បំផុត​ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ​សមត្ថ​កិច្ច​ទើប​បាន​ចាប់​ខ្លួន​លោក​មួង សុភ័ក្ត្រ ​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​និង​បាន​បញ្ជូន​មក​សួរនាំ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ។​

រូបឯកសារ៖ តំណាង​អ្នកតវ៉ា​លោក មួង​ សុភ័ក្ត្រ (នៅ​ខាង​ឆ្វេង​ដៃ)​ និង​តំណាង​អ្នកតវ៉ា​ម្នាក់​ទៀត​ គឺ​កញ្ញា​ សូ​ មេត្តា​ អង្គុយ​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី​/វីអូអេ)​ ​
រូបឯកសារ៖ តំណាង​អ្នកតវ៉ា​លោក មួង​ សុភ័ក្ត្រ (នៅ​ខាង​ឆ្វេង​ដៃ)​ និង​តំណាង​អ្នកតវ៉ា​ម្នាក់​ទៀត​ គឺ​កញ្ញា​ សូ​ មេត្តា​ អង្គុយ​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី​/វីអូអេ)​ ​

លោក​ មួង សុភ័ក្ត្រ ​ជា​អ្នក​នៅ​ជួរ​មុខ​ការ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​៧ ​ខែ​កញ្ញា ​ជា​បាតុកម្ម​ដែល​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួនឃុំ​ខ្លួន ​ និង​ចោទ​ប្រកាន់​កាលពី​អំឡុង​មួយ​ខែ​កន្លង​មក។​

លោក ​មួង សូនី​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​និង​ជាបង​ប្រុស​បង្កើត​របស់​លោក​ មួង សុភ័ក្ត្រ​បាន​អះអាង​ពី​ភាព​គ្មាន​ទោស​កំហុស​របស់​ប្អូន​ប្រុស​របស់​លោក​ថា​ មិន​មាន​អ្វី​ទៅ​ពាក់ព័ន្ធ​នឹង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។​

«តែ​បើ​យើង​និយាយ​ទៅ​លើ​ក្រុម​មួយ​រយ​រាត្រី​និង​សមាគម​ខ្ញុំ​គឺ​យើង​អត់មាន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ទេ។​ យើង​ធ្វើ​ការ​ទៅ​លើ​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​ច្បាប់​នៅ​ប្រទេស​កម្ពុជា ហើយ​កន្លង​មក​សកម្ម​ភាព​ពួក​យើង​ធ្វើ​នោះ ​ដោយសារ​តែ​យើង​អាណិត​អាសូរ​លើ​ប្រទេស​ជាតិ​របស់​យើង​ ហើយ​យើង​ឃើញ​ភាព​អយុត្តិធម៌​វា​ច្រើន​ ម្ល៉ោះ​ហើយ​គាត់​ចង់​សម្ដែង​មតិ​របស់​ពួក​គាត់»។​

លោក​ មួង​ សូនី​ បាន​បន្ថែម​ថា៖ ​«ប៉ុន្តែ​យើង​មិន​គួរ​ណា ​ អា​នយោបាយ​ លាភ​ពណ៌ ​ញុះញង់​ ចោទ​ប្រកាន់​វា​អាក្រក់​ណាស់​ក្នុង​សង្គម។ ​វា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​ជាតិ​ អ្នក​ស្រឡាញ់​ប្រទេស​ជាតិ ​បាក់​ទឹក​ចិត្ត​អស់​សង្ឃឹម​ បាទ។​ ​អាហ្នឹង​វា​គ្រោះថ្នាក់​ណាស់ ​ហើយ​យើង​ត្រូវ​កែ​ប្រែ​វា ។​ វា​គ្រោះ​ថ្នាក់​ណាស់ ​មិន​អាច​ឱ្យ​មាន​អា​ចរន្ត​សង្គម​បែក​បាក់​គ្នា​បាន​ទេ»។​

លោក មួង​ សូនី​ បាន​និយាយ​បន្ត​ថា៖​ «ថ្វីដ្បិត​មាន​បទ​ចោទ​ថា​បង្កភាព​វឹកវរ​ក្នុង​សង្គម​ ដូច​មិន​យល់​ដែរ ​បង្ក​ការ​វឹកវរ​បែប​ណា​ទៅ​បង?​ ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ ​គ្មាន​អ្វី​ទាំង​អស់​មាន​តែ​ទង់ជាតិ​ ទៅ​ធ្វើ​ការ​តវ៉ា​ ដាក់​ញត្តិ ​ មាន​អាវុធ​អ្វី​មក​ពីណា?​មនុស្ស​ស្លូត​ត្រង់​ អាជ្ញាធរ​វាយ​តែ​រហូត ​រួច​ឱ្យ​វឹកវរ​អី​គាត់»។​

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​អ្វី​ដែល​អឺរ៉ុប​អាច​នឹង​ប្រកាន់​យក​ជា​ជំហាន​បន្ទាប់​ ក្នុង​ការ​ឆ្លើយឆ្លង​លើ​ការ​បន្ត​ធ្លាក់​ចុះ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោកស្រី ​Nabila Massrali ​អ្នក​នាំពាក្យ​គណៈ​កម្មការ​អឺរ៉ុប​បាន​ឆ្លើយ​ថា៖​

«ស្ថាប័ន​មុខងារ​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​របស់​អឺរ៉ុប ​និង​គណៈ​កម្មការ​អឺរ៉ុប​រក្សា​សិទ្ធិ​ក្នុង​ការ​ដាក់​ស្នើ​[វិធាន​ការ]​ផ្សេង​ទៀត​នានា ​បើ​សិន​ជា​ចាំ​បាច់»។​

លោក​ វង្សី វិស្សុត ​រដុ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ខែ​កក្កដា​ថា​ ​រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​របស់​សហភាព​អឺរ៉ុប​ទាំង​ស្រុង។​ លោក​បន្ត​ថា​ ការ​កាត់​ការ​អនុគ្រោះ​ពន្ធ​២០​ភាគ​រយ​នេះ​ប៉ះពាល់​កម្មករ​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រមាណ​៨០​ម៉ឺន​នាក់។​ លោក​រដ្ឋ​លេខាធិការ​រូប​នោះ​បញ្ជាក់​ថា​ ​មិន​មែន​កម្ពុជា​មិន​បារម្ភ​ទេ ​ប៉ុន្តែ​មិន​មែន​បារម្ភ​ខ្លាំង​ពេក​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ប៉ុន្តែ​ទោះ​ជា​២០​ភាគ​រយ​ ៣០​ភាគរយ​ ៥០​ភាគរយ​១០០​ភាគ​រយ​ ឬ​ក៏​សូន្យ​ភាគ​រយ​យើង​បាន​ត្រៀម​ហើយ។ ​យើង​បាន​ត្រៀម​ហើយ»។​

យ៉ាងណា​ក៏​ដោយ​ លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទោះ​មាន​វិធានការ​ថ្មី​អ្វី​ពី​សហភាព​អឺរ៉ុប​ ​រដ្ឋាភិបាល​កម្ពុជា​ក៏​នៅ​រក្សា​សិទ្ធិ​ការពារ​ «អធិបតេយ្យ» ​នៃ​ការ​សម្រេច​ចិត្ត​ក្នុង​រង្វង់​ព្រំដែន​របស់​ខ្លួន៕​

What Next?

Recent Articles

One Response to "សហភាព​អឺរ៉ុប​បង្ហាញ​ក្ដី ​«បារម្ភ​កម្រិត​ធ្ងន់ធ្ងរ»​ អំពី​ការ​បង្ក្រាប​ថ្មីៗ​បន្ថែម​ទៀត​នៅ​កម្ពុជា"

  1. Anonymous says:

    action and pitcher can tell million word do you understand all NEAK CHESSTU??. Cambodia have no political prisoner only those politician guilty again whit my SADACH MAPKEAK SENA MOHA PENCHO HUN NAL call HUN SEN next name CHHOUP SAMLAP was in jail. my DOLLARKA was the best dollar making agency the highest was came from ANGKA LEIR whenever he say kill I will do it because I can make it change to nothing. I like my law that said in word NHOUS NHOUNG I love it so much that this word alone we can kill every one on SAMDACH way.

Leave a Reply

Submit Comment