អាជ្ញាធរ​​ចាប់​ខ្លួន​​យុវជន​​សមាគម​​សម្ព័ន្ធ​​និស្សិត​​បញ្ញ​វន្ត​​ខ្មែរ​​ម្នាក់​​តាម​​ដីកា​​តុលាការ​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក សុខ ហាំងឃាង | ១១ កញ្ញា ២០២០ |ម៉ោង ១១:៥៥
VOD

លោក មួង សុភ័ក្រ (អាវក្រហម) ចូលរួមធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោក មួង សុភ័ក្រ (អាវក្រហម) ចូលរួមធ្វើបាតុកម្មសន្តិវិធីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតពាក់ព័ន្ធបញ្ហាព្រំដែន នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​ម្នាក់ជាស​មា​ជិ​កស​មា​គម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បទញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។

អ្នកនាំពាក្យ​ស្នងការ​ន​គរ​បាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួនយុវជន​ម្នាក់ឈ្មោះ មួង សុ​ភ័ក្រ កាលពី​ម៉ោងជាង៣រសៀល​ម្សិលមិញ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​អនុវត្ត​ទៅតាម​ដីកា​របស់​តុលាការ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម»។ តែ​យ៉ាងណា លោក​ពុំ​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ចាប់ខ្លួន​យុវជន​រូប​នេះ​ទេ។

លោក​ថា៖ «នៅពេល​ដែល​យើង​ឃាត់ខ្លួន​តាម​ដីកា គឺ​យើង​តែងតែ​នាំ​បញ្ជូន​ទៅ​តុលាការ អ៊ីចឹង​ទាក់ទង​នីតិ​វិធី​បន្ត​ទៀត យើង​រង់ចាំ​នីតិ​វិ​ធី​របស់​តុលាការ ខ្ញុំ​សុំ​បញ្ជាក់​ប៉ុណ្ណឹង សូម​សួរ​ទៅ​ខាង​តុលាការ​បន្ត»

លោក ​មួង សុ​ភ័ក្រ ជា​យុវជន​ម្នាក់ក្នុងចំណោម​ពលរដ្ឋ​ជិត៥០នាក់ដែល​ទៅ​ប្រមូល​ផ្តុំគ្នា​តវ៉ា​ដោយ​អហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី៧ ខែកញ្ញា ដើម្បី​អំពាវនាវ​សុំ​ឱ្យ​មានការ​ដោះលែង​ប្រធាន​សហជីព លោក រ៉ុង ឈុន និង​អ្នកជាប់ឃុំ​ផ្សេងទៀត ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកាស​មិន​អនុញ្ញាត​ចំពោះ​គម្រោង​ប្រមូល​ផ្តុំ​នេះ។

អនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ លោក មាន ព្រហ្ម​មុ​ន្នី និង​ព្រះសង្ឃ​ជាសកម្ម​ជន​យុវជន ព្រះនាម កើត សារ៉ាយ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនកាលពី​ថ្ងៃទី៦ ខែកញ្ញា ពាក់ព័ន្ធ​នឹង​គម្រោង​ប្រមូល​ផ្តុំ​នេះ​ដែរ។ ពាក់ព័ន្ធ​នឹង​ករណីនេះ អង្គការ​-សមាគម​ជិត៤០ បានចេញ​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃពុធ ដោយ​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់ខ្លួននិង​ចោទប្រកាន់​ទៅ​យុវជន​វ័យក្មេង​ប្រមាណ១០នាក់ជាបន្តបន្ទាប់ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ពីសំណាក់​អាជ្ញាធរ​រដ្ឋ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះក៏​មានការ​ព្រួយបារម្ភអំពី​ការប្រើ​ប្រាស់​បទល្មើស​ញុះញង់​ដោយ​អាជ្ញាធរទៅលើ​ពួក​គេ ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិនិង​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងនោះ​បញ្ឈប់​ការ​បំភិតបំភ័យ និង​បង្ក្រាប​លើ​ក្រុម​យុវជន​ដែល​ជាស​កម្ម​ជន​សិ​ទិ្ធ​មនុស្សនិង​បរិស្ថាន​៕


មនុស្ស​៤​នាក់​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ខណៈ​ពួក​​គេ​​គ្រោង​ប្រមូល​​ផ្តុំ​នៅ​ទី​លាន​​ប្រជា​ធិប​​តេយ្យ​​

យុវជន​​និងព្រះសង្ឃចំនួន​៤អង្គ-នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់​ឃាត់​ខ្លួនក្នុងរយៈពេល​ពីរថ្ងៃ​នេះ ស្រប​ពេល​ដែលពួកគេ​មាន​បំណង​​ទៅ​ប្រមូល​ផ្តុំនៅទីលាន​​ប្រជាធិបតេយ្យ ដើម្បី​សម្តែងមតិនិង​អំពាវនាវ​ឱ្យ​មានការដោះលែង​​អ្នកជាប់ឃុំពាក់ព័ន្ធនឹង​រឿងព្រំដែន។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។


What Next?

Recent Articles

Leave a Reply

Submit Comment