កម្មករ​​ជិត​២​ពាន់​​នាក់​ត្អូញ​ត្អែរ​​ពី​​កង្វះ​ខាត​​ពេល​​បុណ្យ​​ភ្ជុំ ដោយ​សារ​​វិវាទ​​ការងារ​​មិន​ទាន់​​ដោះ​ស្រាយ

ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១៤ កញ្ញា ២០២០ |ម៉ោង ១៧:២៤
VOD

កម្មករ​-កម្មការិនី​រោងចក្រ សឺ​ពី​យ៉ា (S.E.P.I.A (CAMBODIA​) GARMENT CO​., LTD​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​បន្ត​ការ​តវ៉ា​នៅមុខ​រោងចក្រ​ទៀត ក្រោយ​សង្ស័យ​ថា ថៅកែ​រត់ចោល​ដោយ​មិន​បើកប្រាក់​ឈ្នួល​និង​ទូរ​ទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គេ នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ (សហព័ន្ធ​សហជីព​ឯករាជ្យ​/ អ៊ី​នទូ​ហ្វី - intufe​)

កម្មករ​-កម្មការិនី​រោងចក្រ សឺ​ពី​យ៉ា (S.E.P.I.A (CAMBODIA​) GARMENT CO​., LTD​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​បន្ត​ការ​តវ៉ា​នៅមុខ​រោងចក្រ​ទៀត ក្រោយ​សង្ស័យ​ថា ថៅកែ​រត់ចោល​ដោយ​មិន​បើកប្រាក់​ឈ្នួល​និង​ទូរ​ទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គេ នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ (សហព័ន្ធ​សហជីព​ឯករាជ្យ​/ អ៊ី​នទូ​ហ្វី – intufe​)


កម្មករ​-កម្មការិនី​ជិត២ពាន់​នាក់ បម្រើការ​ងារ​នៅ​រោងចក្រ​ចំនួន៣ក្នុង​រាជធានី​ភ្នំពេញនិង​ខេត្តតាកែវ ត្អូញត្អែរ​ថា​ មិន​មាន​ប្រាក់​សម្រាប់​ការ​ចំណាយ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ដោយសារតែ​វិវាទ​ការងារ​ក្នុង​រោងចក្រ​របស់​ពួក​គេនៅ​មិនទាន់​មាន​ដំណោះស្រាយ។

ការ​ត្អូញត្អែរ​របស់​កម្មករ​ទាំងនោះបាន​ធ្វើឡើង​ស្រប​ពេល​ដែល​ពួក​គេបាន​នាំគ្នា​បន្ត​ការ​តវ៉ា​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​សង្ស័យ​ថា ថៅកែ​រត់ចោល​ដោយ​មិនបាន​បើកប្រាក់​ឈ្នួលនិង​ទូរ​ទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គេ។

អ្នកស្រី ណុប សុខា កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​ ហុង​សេន ​ថេ​កស្តាយ ខេម​បូ​ឌា ខូ​អិល​ធី​ឌី (HONG SEN TEXTILE Cambodia CO​., LTD​) ស្ថិតនៅ​ក្រុង​ដូនកែវ ខេត្តតាកែវ ប្រាប់​វី​អូ​ឌី​ថា កម្មករ-​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​នេះ​ជាង៨៨០នាក់ បាន​នាំគ្នា​តវ៉ាតាំងពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០មក ក្រោយ​ដឹង​ថា ថៅកែ​រត់ចោល។

អ្នកស្រី​បន្ត​ថា នៅចុងខែ​សីហា ថៅកែ​បាន​ព្យួរការងារ​កម្មករ៧ថ្ងៃ ហើយ​អំ​ឡុងព្យួ​រការងារ​នោះ ថៅកែ​បាន​ប្រមូល​យក​អីវ៉ាន់​មួយចំនួននិង​រត់ចោល​កម្មករ ដោយ​មិនបាន​បើកប្រាក់​ឈ្នួល​ខែសីហា និង​ទូរ​ទាត់​ប្រាក់​ថែម​ម៉ោង ប្រាក់​អតីតភាព​ការងារ និង​ប្រាក់ដំណាច់​ឆ្នាំ​ជូន​កម្មករ​ឡើយ។

អ្នកស្រី​បន្ថែម​ថា៖ «គេដាក់​ប៉ូល​ិស ដាក់​ប៉េ​អឹ​មយា​មរ​ហូត​ហ្នឹង គេ​ហាម​ផ្តាច់​មិន​ឱ្យ​មាន​លើក​បដា​កូដកម្ម មិន​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​តាម​ដងផ្លូវ ត្រូវតែ​រក្សា​សណ្តាប់​ធ្នាប់ ហ្នឹង​ខាង​មន្ទីរ​ការងារ​គេ​និយាយ​អ៊ីចឹង។ គាត់​នៅតែ​និយាយ​ថា ដោះស្រាយ​តែ​នីតិវិធីហើយ​សន្តិវិធី ប៉ុន្តែ​គាត់​ឱ្យ​កម្មករ​ចាំ​រហូតពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ដឹង​តែ​ចាំ​រហូត»។

កម្មការិនី​រូប​នេះបន្ត​ថា ថៅកែ​ជា​ជនជាតិ​ចិន​នោះបាន​ជំពាក់ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ម្នាក់​ចន្លោះ​ពី២០០ទៅ២៥០ដុល្លារ ហើយ​រហូតមកដល់​ថ្ងៃ​ចន្ទ​នេះ នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ប្រឈម​នឹង​កង្វះ​ថវិកា​សម្រាប់​ចំណាយ​ក្នុង​អំឡុង​បុណ្យភ្ជុំបិណ្ឌ​នេះ។

ប្រធាន​រដ្ឋបាល​រោងចក្រ​ ហុងសេន​ ថេ​កស្តាយ លោក តាំង ហេង អះអាង​ថា ថៅកែ​ពិត​បាន​រត់ចោល​រោងចក្រ​មែន ខណៈ​រូបលោក​ក៏​ជា​ជនរងគ្រោះ​ម្នាក់​ដែរ ដោយសារ​ថៅកែ​រត់ចោល​ដោយ​មិនបាន​ដោះស្រាយ​សំណង​ជាង៦ពាន់​ដុល្លារ។

លោក​បន្ថែម​ថា៖ «រហូតដល់​ម៉ោង​នេះ​ហើយ អត់​ទាន់​ឃើញ​គាត់ ​[ថៅកែ​] ឆ្លើយតបនិង​មក​ដោះស្រាយ​ទេ។ យើង​បាន​ទាក់ទង​ទៅ​គាត់​អត់​ចូល។ ធម្មតា​ត្រូវ​ទាក់ទង​ចូល​តាម​ទូរសព្ទ ក្រៅពី​ទូរសព្ទ​ ខ្ញុំ​ទាក់ទង​តាម​ឆាត​ទៀត​ ឥលូវ​គាត់ block [បិទ​] ខ្ញុំ​ចោល​ទៀត។ អ៊ីចឹង​យើង​ចាត់ទុកថា​ ភាគរយ​ខ្ពស់​ដែល​គាត់​រត់ចោល»។

ជាមួយគ្នា​នេះ​ដែរ កម្មករ​ចំនួន២៤៩នាក់ បម្រើការ​ងារ​នៅ​រោងចក្រ​ សឺ​ពី​យ៉ា​ (SEPIA​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​បន្ត​ការ​តវ៉ា​នៅមុខ​រោងចក្រ​ទៀតនៅ​ថ្ងៃនេះ ក្រោយ​សង្ស័យ​ថា ថៅកែ​រត់ចោល​ដោយ​មិន​បើកប្រាក់​ឈ្នួលនិង​ទូរ​ទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​ពួក​គេ។

ប្រធាន​ផ្នែក​តុ​កាត់​នៅ​រោងចក្រ SEPIA អ្នកស្រី ហែម សិរីសោភា ប្រាប់​វី​អូ​ឌី​ថា ភាគី​រោងចក្រ​នៅ​មិនទាន់​បាន​បើកប្រាក់​ឈ្នួល​ខែសីហា ប្រាក់ដំណាច់​ឆ្នាំ និង​ប្រាក់៥ភាគរយ ជូន​កម្មករ​នៅឡើយ​ទេ ខណៈ​ថៅកែនិង​ថ្នាក់​គ្រប់គ្រង​បាន​បាត់ខ្លួន​ពី​រោងចក្រ។

អ្នកស្រី​បន្ថែម​ថា៖ «ផល​លំបាក​ហ្នឹងគឺ​អត់មាន​លុយ​បង់​សង​ធនាគារ អត់​លុយ​បង់​បន្ទប់​ជួល អត់​លុយ​សម្រាប់​ធ្វើដំណើរ​ទៅ​ស្រុក ​[ពេល​ភ្ជុំបិណ្ឌ​] និយាយរួម​ទៅគឺ​កម្មករ​នៅ​ដេក​យាម​មុខ​រោងចក្រ​ទាំងយប់​ទាំង​ថ្ងៃ​ហាលភ្លៀង មើលទៅ​លក្ខណៈ​ថា​វេទនាណាស់ ហើយ​អត់មាន​លុយ​ហូប​អី​ទៀត។ សាក​ស្រមៃមើល យើង​អត់​បាន​បើកលុយ​ ដេក​យាម​ទាំងយប់​ទាំង​ថ្ងៃ​ ហាលភ្លៀង​ទៀត តើ​គ្នា​វេទនា​ប៉ុណ្ណា»។

នាយក​គ្រប់គ្រង​រោងចក្រ​ សឺ​ពី​យ៉ា លោក យ៉ុង វាសនា និង​ប្រធាន​រដ្ឋ​បាលរោងចក្រ​ លោក គង់ សម្បត្តិ មិន​អាច​សុំ​ការឆ្លើយតប​បានទេ ដោយ​ទូរសព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែកកម្មករ-​កម្មការិនី​ជាង៥០០នាក់ បម្រើការ​ងារ​នៅ​រោងចក្រ ធី​មប៊ី​មេធ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​ជ័យ ក៏បាន​ផ្ទុះ​ការ​តវ៉ាកាលពី​ថ្ងៃម្សិលមិញ​ដែរ ក្រោយ​ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ជូន​ពួក​គេ ស្រប​ពេលដល់ថ្ងៃ​ឈប់សម្រាក​បុណ្យភ្ជុំបិណ្ឌ​ជិត​មកដល់។

កម្មការិនី​ផ្នែក​ដេរ អ្នកស្រី ចាន់ សុ​គន្ធី ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ថៅកែ​រោងចក្រ​នេះមិនទាន់​បើកប្រាក់​ឈ្នួល​សម្រាប់​ខែសីហា​ឱ្យ​កម្មករ​នៅឡើយ​ទេ ដោយ​សុំ​ពន្យា​រពេល​បើក​ជូន​ពួក​គេ ក្រោយ​ត្រឡប់​ពី​បុណ្យភ្ជុំបិណ្ឌ​វិញ។

កម្មការិនី​រូប​នេះបន្ត​ថា ក្រុម​កម្មករ​បាន​ផ្អាក​ការ​តវ៉ា​នៅ​ថ្ងៃ​ចន្ទនេះនិង​សម្រេចចិត្ត​ទៅលេង​ស្រុក​អំឡុង​បុណ្យ​ភ្ជុំ​ទាំង​ពុំ​ទទួល​បាន​ប្រាក់ឈ្នួល។

អ្នកស្រី​បន្ថែម​ថា៖ «សូម​ឱ្យ​សម្តេច​ [ហ៊ុន សែន​] ជួយ​អន្តរាគមន៍ ធ្វើ​យ៉ាងម៉េច​ឱ្យ​ថៅកែ​រោងចក្រ​ហ្នឹង បើក​ឱ្យ​កម្មករ​ពួក​យើងខ្ញុំ​ឱ្យ​អស់ ពីព្រោះ​ភ្ជុំ​បិ​ណ្ឌ​ហ្នឹង សូម្បីតែ​មួយ​រយ​ក៏​គ្មាន​លុយ​សម្រាប់​ធ្វើបុណ្យ​ដែរ ពេល​មក​ផ្ទះ​នេះ ​ឱ្យ​អ្នកផ្ទះ​ផ្ញើ​លុយ​សម្រាប់​ជិះឡាន​មក​ទេ សូម្បីតែ​លុយ​ទិញ​បាយ​ហូប​តាមផ្លូវ​ក៏​អត់មាន​ដែរ»។

វីអូ​ឌី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ភាគី​រោងចក្រ ធី​មប៊ី​មេ​ធ និង​អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បានទេ ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ទាំងនេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ស្នើ​រដ្ឋាភិបាល​ត្រូវ​មានវិធានការ​ចំពោះ​ថៅកែ​រោងចក្រ​ទាំងឡាយ​ណា​ដែល​គេចវេះ​មិន​ទទួលខុសត្រូវ​ចំពោះ​កម្មករ។

លោក​បាន​ថ្លែង​ថា៖ «បើ​រដ្ឋាភិបាល​នៅតែ​បណ្តោយ​អ៊ីចឹង​ទៀត វា​ជា​បញ្ហា​ធំ​ទៅៗ​សម្រាប់​កម្មករ​របស់​យើង។ ខ្ញុំ​ស្នើ​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យមើល​ក្រុមហ៊ុននិង​សហគ្រាស​ទាំងអស់ដែល​មិនបាន​បើកលុយ​ឱ្យ​កម្មករ​ទាន់ពេល​ទេ ត្រូវ​មាន​វិធានការ​ដាក់​ពិន័យឬក៏​ទណ្ឌកម្ម​ឱ្យ​បាន​ច្បាស់លាស់ បើមិនដូច្នោះទេ កម្មករ​នៅតែ​រងកម្ម​លំបាក​វេទនា ហើយ​ថៅកែ​ខិលខូច​មួយចំនួននៅ​គេចវេះ​ពី​ការទទួលខុសត្រូវ»។

គួរ​បញ្ជាក់​ថា ពិធីបុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី០៣ ដល់​ថ្ងៃទី១៨ ខែកញ្ញា​នេះ ក្នុង​នោះ ក្រសួងការងារ កាលពី​ថ្ងៃទី៣ ខែកញ្ញា បាន​ជូនដំណឹង​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំងអស់ ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​បាន​ឈប់សម្រាក​ដោយមាន​ប្រាក់ឈ្នួល​ចំនួន៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី១៨ ខែសីហា ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "កម្មករ​​ជិត​២​ពាន់​​នាក់​ត្អូញ​ត្អែរ​​ពី​​កង្វះ​ខាត​​ពេល​​បុណ្យ​​ភ្ជុំ ដោយ​សារ​​វិវាទ​​ការងារ​​មិន​ទាន់​​ដោះ​ស្រាយ"

  1. Anonymous says:

    this is what I call KAMPOUCHEA

  2. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment