ការបង្ក្រាប​លើ​អ្នក​តវ៉ា​បន្ថែម​ទៀត វាស់វែង​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា

សិទ្ធិ​មនុស្ស
14 កញ្ញា 2020
អូន ឆេងប៉រ
វីអូអេខ្មែរ

រូបឯកសារ៖ លោក មួង​ សុភ័ក្ត្រ តំណាង​អ្នកតវ៉ា​មួយរូប​ ពាក់អាវយឺត​ពណ៌​ក្រហម​ ប្រឈម​នឹង​ប្រជាការពារ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​​ក្នុងខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​​Photo: VOA Khmerចែករំលែក


ភ្នំពេញ — ការ​ចាប់​ខ្លួន​សកម្មជន​ជា​បន្ត​បន្ទាប់​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ ក្នុងនោះ​ចុង​ក្រោយ​នេះ ​មាន​ការ​ចាប់​ខ្លួន​លោក ​មួង សុភ័ក្ត្រ ​កាល​ពី​សប្តាហ៍​មុន។​

នាវេលា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ​លោក​ មួង សូនី​ មាន​ការ​សង្ស័យ​ ដោយ​សារ​ប្អូន​ប្រុស​បង្កើត​របស់​លោក ​គឺ​លោក​ មួង សុភ័ក្ត្រ ​បាន​បាត់​ដំណឹង​សូន្យ​ឈឹង​ទូរស័ព្ទ​ក៏​ទាក់​ទង​មិន​បាន​ សារ​ឆ្លើយ​ឆ្លង​ ក៏​គ្មាន​ការ​ឆ្លើយ​តប។ ​បន្តិច​ក្រោយ​មក ​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ​បាន​ប្រាប់​ថា​ លោក​ សុភ័ក្ត្រ ​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន។​

លោក ​មួង សុភ័ក្ត្រ ​ដែល​ជា​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វ័ន្ត​ខ្មែរ​ ត្រូវ​បាន​គេ​ឃើញ​ពាក់​អាវ​ក្រហម​ ឈរ​នៅ​ខាង​មុខ​គេ ​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន​ ដើរ​ក្បួន​ធ្វើ​បាតុកម្ម​ពី​ទីលាន​ប្រជា​ធិបតេយ្យ​មក​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ដើម្បី​ដាក់​ញត្តិ​ស្នើ​ឱ្យ​មាន​អន្តរាគមន៍​ដោះលែង​សកម្ម​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។​

ការ​ចាប់​ខ្លួន​លោក ​មួង សុភ័ក្ត្រ​ បាន​បន្ថែម​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ដំណាច់​ខែ​កក្កដា​មក​ដល់​ចំនួន​២៤​នាក់។ នេះ​បើ​យោង​តាម ​ការិយាល័យ​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ។ ​ក្នុង​នោះ​មាន​១២​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់» ​និង​តម្រូវ​ឱ្យ​ជាប់ឃុំ ​រង់ចាំ​ការ​ជំនុំ​ជម្រះ​ទោស។

ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នេះ​ កើត​មាន​ឡើង​នៅ​ស្រប​ពេល​គ្នា ​នឹង​ការ​ចាត់​ចូល​ជាធរមាន​នៃ​វិធាន​ការ​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​ ដោយ​ដក​ហូត​២០%​នៃ​ការ​អនុគ្រោះ​ពន្ធ​ទំនិញ​នាំ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ក្រោម​ក្របខណ្ឌ​ «គ្រប់​មុខ​ទំនិញ​ លើក​លែង​តែ​អាវុធ ​ឬ ​EBA»។ ការ​ចាត់​វិធានការ​នេះ​ក៏​ដោយ​សារ​តែ​សហភាព​អឺរ៉ុប​បាន​វាយ​តម្លៃ​អំពី​ការ​«រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​លើ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ទាំង​ស្រុង​១២៥​កៅអី​នៅ​រដ្ឋសភា​ ក្រោយ​អវត្តមាន​បក្ស​ជំទាស់​ធំបំ​ផុត​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧។​

អ្នក​តាម​ដាន​មើល​ឃើញ​ថា ​វិធានការ​មិន​ស្រក​ស្រុត​ក្នុង​ការ​បង្ក្រាប​ចាប់​ចង​បាតុករ​ និង​អ្នក​ជំទាស់​នេះ ​អាច​ជា​ការ​វាស់​វែង​អំពី​ឥទ្ធិពល​នយោបាយ ​និង​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប​ នៅ​ប្រទេស​កម្ពុជា​ទាំង​មូល ​និង​នៅ​លើ​ដំណើរ​ការ​អនាគត​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា។​

រូបឯកសារ៖ អ្នកតវ៉ា​លើក​បង្ហាញ​រូប​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​និយាយ​រិះគន់​ពីបញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អ្នកតវ៉ា​លើក​បង្ហាញ​រូប​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​និយាយ​រិះគន់​ពីបញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ (ហ៊ុល រស្មី/វីអូអេ)

អ្វីៗ​ចាប់​ផ្ដើម​ពីការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន ​មេ​ដឹកនាំ​សហជីព​ល្បី​ឈ្មោះ​មួយ​រូប ​នៅ​ដំណាច់​ខែ​កក្កដា ​ទាក់ទង​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​ប្រធាន​រឿង​បោះ​បង្គោល​កំណត់​ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា-វៀតណាម។​

អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​តស៊ូ​មតិ​ដែល​ចេញ​មុខ​ចេញ​មាត់​អំពាវនាវ​ជា​ច្រើន​លើក​ច្រើនសារ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ របស់​កម្ពុជា។​

ថ្មីៗ​នេះ ​ខណៈ​ដែល​ឧស្សាហ​កម្ម​កាត់ដេរ​ ដែល​ទទួល​ប្រយោជន៍​ច្រើន​ជាង​គេ​ពី ​EBA ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​នឹង​នរ​មកពី​វិបត្តិ​រោគ​រាត​ត្បាត​កូវីដ១៩​ផង​ និង​នៅ​ចំ​ពី​មុខភាព​មិន​ច្បាស់​លាស់​នៃ​ EBA ​របស់​កម្ពុជា​ផង ​នោះ​ ​ លោក រ៉ុង ឈុន​ ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​តែង​លេច​មុខ​នៅ​ពេល​មាន​ការ​តវ៉ា​ទាមទារ​របស់​កម្មករ​តាម​រោងចក្រ​ដែល​បិទ។​

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករ​ថា​អាច​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​អត្រា​៥,៥% ​សម្រាប់​ឆ្នាំ​២០២០​នេះ ​ហើយ​វិស័យ​កាត់ដេរ​ក៏​រង​ផល​ប៉ះ​ពាល់ ដោយ​មាន​រោងចក្រ​សហគ្រាស​បិទ​ទ្វារ​ប៉ះពាល់​កម្មករ​រាប់​សែន​នាក់។ ​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​គេ​ពិបាក​ក្នុង​ការ​ញែក​បែង​ចែក​ថា​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​កូវីដ១៩​ ប៉ុនណា​ និង​ពី​ការ​ដក​ EBA​ ប៉ុន​ណា។​

អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ ដែល​ជា​សហការី​ជិត​ស្និទ្ធ​នឹង​លោក​ រ៉ុង ឈុន​បាន​ឲ្យ​ដឹង​ថា ​ការចាប់​ខ្លួន​រួប​លោក​ បាន​នាំឱ្យ​កម្មករ​ដែល​រងគ្រោះ​ពី​ការ​បិទទ្វារ​រោងចក្រ​បាត់បង់​លំនឹង​ខ្វះ​អ្នក​នាំ​មុខ​តវ៉ា​ទាមទារ​អត្ថ​ប្រយោជន៍។​

«តាម​ពិត​ទៅ​ អ្វី​ដែល​ចាប់​លោក ​រ៉ុង ឈុន​ យើង​ឃើញ​ហើយ ​លោក ​រ៉ុង ឈុន​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ម្នាក់ ​ដែល​ជួយ​ឈរ​កណ្ដាល​ភ្លៀង ​ក្ដៅ ​រងារ ​ញាក់​ញ័រ​ជាមួយ​កម្មករ​ ហូប​បាយ​កញ្ចប់​ជាមួយ​កម្មករ»។​

អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ ក៏​បាន​បន្ថែម​ដែរ​ថា​ ការ​ចាប់​លោក ​រ៉ុង ឈុន​ ដែល​អ្នកស្រី​បរិយាយ​ថា​ ជា​តួអង្គ​សាធារណៈ​ដែល​មាន ​«គីឡូធ្ងន់»​ បាន​នាំ​ឱ្យ​ខ្សោយ​កម្លាំង​តវ៉ា​របស់​កម្មករ ​កម្មការិនី​រោងចក្រ​កាត់ដែរ ​និង​បង្កើន​ការ​ភ័យ​ខ្លាច។​

«ចា៎ ​នេះ​ជា​ការ​បន្ថយ ​ប៉ុន្តែ​ក៏​បន្ថែម​កម្ដៅ​ដល់​កម្មករ​ ដល់​ប្រជា​ពលរដ្ឋ​ ដល់​គ្រូ​បង្រៀន​ដែរ​ចា៎»។​

ការ​បង្ក្រាប​ចាប់​ចង​នេះ​ បាន​នាំ​ឱ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​ អ.ស.ប.​ នៅ​ទីក្រុង​ហ្សឺណែវ​ ដែល​បាន​បរិយាយ​ថា ការ​អត់ធ្មត់​ និង​ការ​អត់ឱន​របស់​រដ្ឋាភិបាល​ភ្នំពេញ​ មាន​កាន់​តែ​ស្ដួច​ស្ដើង​ឡើង​សម្រាប់​ «អ្នក​ដែល​មាន​មតិផ្ទុយ»។ ​

ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អម្បាល​ម៉ាន ​ស្ថាប័ន​ដដែល​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជា​ដោះ​លែង​ដោយ​គ្មាន​លក្ខខណ្ឌ។ ​ តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​បាន​ណែនាំ​ឱ្យ​ការិយាល័យ​អ.ស.ប.​មួយ​នេះ ​សិក្សា​លើ​អង្គ​ហេតុ​ម្នាក់ៗ​ឱ្យ​បាន​ច្បាស់។​

ការិយាល័យ​ឧត្ដមស្នង​ការ​សិទ្ធិ​មនុស្ស​ អ.ស.ប.​ ក៏​បាន​សម្គាល់​ផង​ដែរ​ថា ​បណ្ដា​អង្គការ​សមាគម​ដែល​ត្រូវ​បាន​ចាត់​ជា​គោល​ដៅ​នៃ​ការ​អនុវត្ត​ច្បាប់​សុទ្ធ​សឹង​តែ​ជា​អង្គការ​សិទ្ធិ​មនុស្ស​ អ្នក​ការពារ​បរិស្ថាន ​និង​អ្នក​តស៊ូ​មតិ។​

រូបឯកសារ៖ លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​
រូបឯកសារ៖ លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

សមាស​ភាព​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មាន​មក​ពី​បី​ស្ថាប័ន​ចម្បងៗ ​រួម​មាន​ ក្រុមខ្មែរ​ថាវរៈ ​ ក្រុម​មាតា​ធម្មជាតិ ​និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​សប្ដាហ៍​មុន​ ​ក្រសួង​មហាផ្ទៃ ​បាន​យោង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ និង​បាន​ចាត់​ថា​ ក្រុម​ខ្មែរ​ថាវរៈ ​និង​ក្រុម​មាតា​ធម្មជាតិ​ជា​ក្រុម​«ខុសច្បាប់»​ ដែល​ត្រូវ​«ចាត់ការ» ​តាម​ផ្លូវ​ច្បាប់ ​និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ពាក់ព័ន្ធ​នឹង​ក្រុម​យុវជន​ទាំងពីរ​ខាង​លើ។​

ក្រៅ​ពី​ការ​បង្ក្រាប​ចាប់ចង​ ក៏​មាន​របាយ​ការណ៍​អំពី​ការ​ចុះ​ពិនិត្យ​របស់​នគរបាល​ ទៅ​លើ​បណ្ដា​អង្គការ​សមាគម​ដែលធ្វើការ​លើ​រឿង​រសើបៗ​នានា​ផង​ដែរ។​

លោក ​អ៊ុល វ៉ាន់ ​ប្រធាន​បណ្ដាញ​យុវជនកម្ពុជា ​(CYN) ​បាន​លើក​ឡើង​ថា ស្ថាប័ន​របស់​លោក​ដែល​ធ្វើការ​លើ​ការ​តស៊ូ​មតិ​របស់​យុវជន​លើ​កិច្ចការ​សង្គម ​នយោបាយ ​និង​បរិស្ថាន ​បាន​ទទួល​លិខិត​មិន​ធ្លាប់​មាន​ពី​មុន​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យថា​ សមត្ថកិច្ច​នគរ​បាល ​នឹង​ចុះ​ទៅ​សាកសួរ​ស្រង់​ស្ថិតិ ​ជីវប្រវត្តិ ​បុគ្គលិក​ ថ្នាក់​ដឹកនាំ​អង្គ​ការ​នេះ។​

«អ៊ីចឹង ​សម្រាប់​ខ្ញុំ​ ​ខ្ញុំមើល​ឃើញ​ថា​ លិខិត​នេះ ​ហាក់បី​ដូច​ជា​ព្យាយាម​ ការ​តាមដាន ​ហើយ​ក៏​ដូចជា​ជ្រៀត​ជ្រែក​មក​លើ​កិច្ចការ​សមាគម ​ក៏ដូច​ជា​សហព័ន្ធ​របស់​យើង​ដែល​ធ្វើការ​រឿង​សិទ្ធិ​រឿង​តស៊ូ​មតិ ​និង​រឿង​បរិស្ថាន​អី​ជាដើម​នេះ»។​

បើ​យោង​តាម​លោក ​អ៊ុល វ៉ាន់​ លំហ​សម្រាប់​ធ្វើ​កិច្ច​ការងារ​សង្គម​ស៊ីវិល​ដែល​នៅ​ចំ​កណ្ដាល​នៃ​ការ​បង្ក្រាប​នេះ​ប្រឈម​«និន្នាការ​គួរ​ឱ្យ​ព្រួយ​បារម្ភ» ​ស្ថិត​ក្រោម​ការ​ «រឹតត្បិត​កាន់​តែ​ខ្លាំង​ឡើង»។​

ព្រម​ពេល​ជាមួយ​នឹង​ការ​ចាប់​ចង​ និង​ការ​តាមដាន​ដែល​កើត​មាន​គ្រា​ដែល​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ដោយ​ផ្នែក​នេះ​ ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ក៏​ត្រូវ​បាន​កាសែត ​The Khmer Times ​ស្រង់​សម្ដី​ដែល​និយាយ​អំពី​ករណី​ដក​EBA​ដោយ​ផ្នែក​នេះ​ និង​វាសនា​នៃ​សវនាការ​សំណុំ​រឿង​ក្ដី​លោក​ កឹម សុខា ​មេបក្ស​ជំទាស់​ផង​ដែរ។

បើ​យោង​តាម​កាសែត ​Khmer Times​ លោក​ ហ៊ុន សែន​ បាន​ប្រាប់​អង្គ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​ ទី​៤​ ខែ​កញ្ញា​ថា ​សំណុំ​រឿង​ដែល​អូសបន្លាយ​របស់​លោក​ កឹម សុខា​អាច​នឹង​ត្រូវ​ផ្អាក​ ឬ ​ពន្យារ​រហូត​ដល់​ឆ្នាំ​២០២៤​ ហើយ​ថា​ ​លោក ​កឹម សុខា​ កំពុង​ខ្លាចក្រែង​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ​ដោយសារ​តែ EU​ បាន​កាត់ ​EBA ​អស់​២០%។

លោកស្រី ​Cindy Cao ​អ្នក​ស្រាវជ្រាវ​កិច្ចការ​ទំនាក់​ទំនង​កម្ពុជា​អឺរ៉ុប​នៅ​វិទ្យាស្ថាន​អឺរ៉ុប​ ដើម្បី​ការ​សិក្សា​កិច្ចការ​អាស៊ី​នៅ​ទីក្រុង​ប្រុចសែល​លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​ បាន​សម្ដែង ​«ការ​រឹង​តឹង​យ៉ាង​ជាប់​លាប់» ​ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​សហភាព​អឺរ៉ុប​លើ​សំណុំ​រឿង​សិទ្ធិ​មនុស្ស។ ​

លោកស្រី​បាន​លើក​ឡើង​ថា៖ ​«គេ​អាច​និយាយ​បាន​ថា​ រដ្ឋាភិបាល​បន្ត​គាប​សង្កត់ ​និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ ​ដោយមិន​ញញើត​ញញើម​នឹង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​នោះ​ឡើយ»។​

នៅ​ក្នុង​សារ​អ៊ីម៉ែល​មួយ​ដែល​ផ្ញើ​មក​ VOA ​ សហភាព​អឺរ៉ុប​បាន​ឱ្យ​ដឹង​ថា​ចាប់​តាំង​ពីដក ​EBA​ អស់​២០%​មក ​មិន​ទាន់​ឃើញ​មាន ​«ទឡ្ហីករណ៍​ណាមួយ​បង្ហាញ​ពី​ការ​ប្រសើរ»​ អំពី​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​នៅ​ឡើយ។​

លោកស្រី ​Nabila Massrali ​អ្នក​នាំពាក្យ​លើ​កិច្ចការ​បរទេស​របស់ ​EU ​បាន​ប្រាប់​ VOA​ថា ​អឺរ៉ុប​នៅតែ​បន្ត​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ បើក​សេរីភាព​លំហ​ធ្វើ​នយោបាយ ​សម្ដែង​មតិ​ និង​សង្គម​ស៊ីវិល។​

«សហភាព​អឺរ៉ុប​មាន​ក្ដី​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ចំពោះ​មុខ​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​នូវ​លំហ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​[កម្ពុជា]»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ ផៃ ស៊ីផាន​ បាន​លើក​ឡើង​ថា ​ការ​សម្រេច​ចាត់​វិធាន​ការ​របស់​រដ្ឋាភិបាល​មិន​មាន​អ្វី​ទាក់​ទង​នឹង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ឡើយ។​

«កម្ពុជា​ឱ្យ​អាទិភាព​ទៅ​លើ​សន្ដិភាព​ និង​មិន​ឱ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម​ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​ក្រ​ មិន​ដូច​សហភាព​អឺរ៉ុប​ទេ​ ដូចជា​ការ​ចាប់​ខ្លួន​ ការ​បង្ក្រាប​ គឺ​ធ្វើ​យ៉ាង​ដូច​ម្ដេច ​ឱ្យ​មាន​បរិយាកាស​សម្រាប់​ការ​រស់​នៅ​ក្នុង​ភាព​ក្សេម​ក្សាន្ត»។​

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​ ខ្លួន​បាន​ត្រៀម​កញ្ចប់​ទឹកប្រាក់​១១៧៦​លាន​ដុល្លារ​សម្រាប់​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​កាត់​ EBA​ ផង ​និង​ពី​វិបត្តិ​កូវីដ១៩​ផង។

លោក ​វង្សី វិស្សុទ្ធ ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ បាន​ឱ្យ​ដឹង​កាល​ពី​ខែ​កក្កដា​ថា​ ការ​កាត់ ​EBA​ អស់​២០%​ អាច​នឹង​ប៉ះ​ពាល់​ការងារ​កម្មករ​ជាង​បី​ម៉ឺន​នាក់ ​ហើយ​ថា ​រដ្ឋាភិបាល ​មិនមែន​មិន​បារម្ភ​ទេ​ តែ​ក៏​មិន​បារម្ភ​ពេក​នោះ​ដែរ។

«ទោះ​ជា​២០​ភាគ​រយ​៣០​ភាគរយ​ ៥០​ភាគរយ​១០០​ភាគ​រយ​ ឬ​ក៏​សូន្យ​ភាគ​រយ​យើង​បាន​ត្រៀម​ហើយៗ»។​

ម៉្លោះ​ហើយ​ ការ​កាត់ ​EBA ​អស់​២០% ​នៅ​ចំ​កណ្ដាល​នៃ​វិបត្តិ​កូវីដ១៩​នេះ ​ពិបាក​ក្នុង​ការ​មើល​ឃើញ​នូវ​លទ្ធផល​នយោបាយ ​និង​សេដ្ឋកិច្ច​ជាក់​ស្ដែង​នឹង​ភ្នែក​ទទេ​ណាស់​ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រឹង​មាត់​ជាមួយ​សហភាព​អឺរ៉ុប​និង​រឹង​ដៃ​ជាមួយ​អ្នក​ជំទាស់។​

អ៊ីចឹង​ហើយ​ថា​ តើ​អ្វី​ជា​ជំហាន​បន្ទាប់​របស់​សហភាព​អឺរ៉ុប?​ ឬ​អាច​នឹង​មាន​ការ​ពិចារណា​អ្វី​បន្ត​ទៀត?​ អ្នកស្រី​ Nabila ​Massrali ​បាន​លើក​ឡើង​ថា៖​ ​

«ស្ថាប័ន​មុខងារ​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​របស់​អឺរ៉ុប ​និង​គណៈ​កម្មការ​អឺរ៉ុប​រក្សា​សិទ្ធិ​ក្នុង​ការ​ដាក់​ស្នើ​[វិធាន​ការ]​ផ្សេង​ទៀត​នានា ​បើ​សិន​ជា​ចាំ​បាច់»។​

លោកស្រី ​Cindy Cao ​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អឺរ៉ុប​ដើម្បី​ការ​សិក្សា​កិច្ចការ​អាស៊ី ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​សុខ​ចិត្តបង់​តម្លៃ​សេដ្ឋកិច្ច​បណ្ដាល​ពី​ការ​បាត់បង់ ​EBA​ ជា​ជាង​ធ្វើ​សម្បទាន​នយោបាយ​ណា​មួយ។​

«ការ​សិក្សា​ជាច្រើន​បាន​គូស​បង្ហាញ​ថា រដ្ឋ​ដែល​កាន់​ចរិត​អភិបាលកិច្ច​តាម​បែប​អាជ្ញា​និយម​ នឹង​សុខ​ចិត្ត​ជ្រើស​យក​ជម្រើស​ដែល​ត្រូវបង់​តម្លៃ​សេដ្ឋកិច្ច​ជាជាង​យក​ជម្រើស​នយោបាយ​ដែល​បង្ក​គ្រោះភ័យ​ដល់​ការ​រស់​រាន​របស់​របប»។​

ក្នុង​ចំណោម​ការ​ទាមទារ​របស់​ EU ​ក៏​មាន​ផង​ដែរ​ការ​បើក​ទូលាយ​លំហ ​សម្រាប់​បក្ស​ជំទាស់​ពិត​ប្រាកដ ​និង​សង្គម​ស៊ីវិល។

រូបឯកសារ៖ លោកនាយឧត្តម​សេនីយ៍ គន់ គីម (ឆ្វេង) ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងឧកញ៉ា ទ្រី ភាព (ស្តាំ)។ (អូន ឆេងប៉រ/VOA និង Courtesy photo: Globalwitness.org)
រូបឯកសារ៖ លោកនាយឧត្តម​សេនីយ៍ គន់ គីម (ឆ្វេង) ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងឧកញ៉ា ទ្រី ភាព (ស្តាំ)។ (អូន ឆេងប៉រ/VOA និង Courtesy photo: Globalwitness.org)

EU ​ខ្លួន​ឯង​ក៏​កំពុង​ពិនិត្យ​តាក់តែង​ច្បាប់​សម្រាប់​តំបន់​ទាំង​មូល​ ក្នុង​ការ​បើក​លទ្ធភាព​ឱ្យ​ប្លុក​ដែល​មាន​២៧​ប្រទេស​នេះ ​អាច​ដាក់​ទណ្ឌកម្ម​តម្រង់​គោលដៅ​ដោយ​ផ្ទាល់​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ស្រដៀង​គ្នា​នឹង​ច្បាប់​Global Magnitsky ​ដែល​អាមេរិក​កំពុង​អនុវត្ត ​និង​ជាក់​ស្ដែង​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​ពីរ​រូប​របស់​កម្ពុជា ​គឺ​លោក​ ហ៊ីង ប៊ុនហៀង ​និង​លោក ​គន់ គីម​ ដែល​សុទ្ធ​សឹង​ជា​បណ្ដា​ឧត្ដម​សេនីយ៍​ជំនិត​របស់​លោក​ ហ៊ុន សែន។​

លោកស្រី ​Cindy Cao ​បាន​លើក​ឡើង​ថា បើមើល​លើ​ផ្លូវ​សីលធម៌​ការ​ដាក់​ទណ្ឌកម្ម​តម្រង់​គោលដៅ​ដោយ​ផ្ទាល់​លើ​បុគ្គល ​(Targeted Sanction)​ ជា​ជម្រើស​ប្រសើរ​ជាង​ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ហើយ​ពលរដ្ឋ​ទូទៅ​រង​ផល​ប៉ះពាល់​តិច​ជាង ​ហើយ​ទំនង​ជា​មាន​ប្រសិទ្ធភាព​ជាង​ផង។​

លោក​ ផៃ ស៊ីផាន ​លើក​ឡើង​ថា​ទោះ​សហភាព​អឺរ៉ុប​ធ្វើ​អ្វី​ក៏ដោយ​ ​ក៏​រដ្ឋាភិបាល​កម្ពុជា​មិន​ចុះញ៉ម​នោះ​ដែរ។​

«អាស្រ័យ​ហេតុ​ដូច្នេះ​ នេះ​ជា​ជម្រើស​របស់​កម្ពុជា​ ដែល​យើង​តែង​តែ​និយាយ ​ យើង​អត់​លុត​ជង្គង់​ជាមួយ​នឹង​ការ​ជួយ​ណា​មួយ​ដែល​បំផ្លាញ​នូវ​ឯករាជ្យ​ បំផ្លាញ​នូវ​អធិប​តេយ្យភាព​របស់​កម្ពុជា​ទេ។ ​នេះ​ជា​ជំហរ​របស់​កម្ពុជា»។​

លោក​ ផៃ ស៊ីផាន​ បាន​លើក​ឡើង​ថា​ ការ​បង្ក្រាប​នឹង​នៅតែ​បន្ត​បើសិន​ជា​នៅ​តែ​មាន​ការ​ប៉ុនប៉ង ​«ផ្ដួល​រំលំ​រដ្ឋាភិបាល»​ ដោយ​មាន​ «អង្គការ​ចាត់តាំង​ច្បាស់លាស់» ​និង​មាន​ «ភ្នាក់ងារ​បរទេស»​ នៅ​ពីក្រោយ​ខ្នង។​

លោក ​មួង សូនី​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ដ​ខ្មែរ ​បាន​លើក​ឡើង​ឆ្លើយតប​ថា៖​

«ថ្វី​ដ្បិត​មាន​បទ​ចោទ​ថាបង្កភាព​វឹកវរ​ក្នុង​សង្គម​ ដូច​មិន​យល់​ដែរ ។​បង្ក​ការ​វឹកវរ​បែប​ណា​ទៅ​បង?​ ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ ​គ្មាន​អ្វី​ទាំង​អស់​មាន​តែ​ទង់ជាតិ​ ទៅ​ធ្វើ​ការ​តវ៉ា​ ដាក់​ញត្តិ ​ មាន​អាវុធ​អ្វី​មក​ពីណា?​មនុស្ស​ស្លូត​ត្រង់​ អាជ្ញាធរ​វាយ​តែ​រហូត ​រួច​ឱ្យ​វឹកវរ​អី​គាត់»។​

គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ លោក ​មួង សូនី ​ឱ្យ​ដឹង​ថា ​ លោក​និង​ម្ដាយ​ នៅ​តែ​ព្យាយាម​ស្វះស្វែង​រក​ដំណឹង​អំពី​សុខ​ទុក្ខ​ប្អូន​ប្រុស​របស់​លោក​ដែល​កំពុង​ត្រូវ​បាន​ដាក់​នៅ​ដោយ​ឡែក​ក្នុង​ពន្ធនាគារ​ព្រៃ​ស៕

What Next?

Recent Articles

3 Responses to "ការបង្ក្រាប​លើ​អ្នក​តវ៉ា​បន្ថែម​ទៀត វាស់វែង​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា"

  1. Anonymous says:

    according to the new from friends in democratic nation in EU they said >> all the news that they got from Cambodia was not getting from any unreliable source most of time EU itself in Cambodia was seeing and understanding by the real situation. in this part they already know how bad about the leadership in Cambodia . for my understanding all EU doing is for world humanitarian help to the poor nation like Cambodia. all those Democracy country they did not like HUN SEN leadership but they have to work whit them for the sage of poor Cambodian . I do not know how long can they be that kind of patient , if they don’t that mean they will isolation the bad leader for the change that they can not believe HUN SEN will. I knew and I also seeing HUN SEN was un respecting to EU he though they bagging him for peace . I knew he was completely wrong they still be friend whit his leadership for the sage of all Cambodian only. EU knew every thing about HUN SEN regime what he been don to his own people what he been done to world community . one thing they are so sad was ?? the guy whit no education criminal mind did a lot of harm to it people and the world . HUN SEN swing to CHINA was a bad sing for all Cambodian . I knew HUN SEN is right on the red line one more step it will be explode like a time bomb . EU and the US if one of them goes the other will follow suit them the policy of change will put in Cambodia. WELL we are Cambodian already knew that CHINA come this time was not come to help this nation at all . the reason why we said that ?? the tall building hotel restaurant CASINO is not going to improving Cambodian economic at all instate it will be the mafia place to laundry their money . sorry HUN SEN they can not help you to build like CHINA did instate they going to put Cambodia into black list that mean it not going to work.

  2. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  3. Anonymous says:

    every one in HUN SEN regime are lawyer no regular people . they are so good at manipulated any meaning to suit their communist era . but when it come to reality the knowledge and education can only count . thank you SANTEPHEAP please let Cambodian alive

Leave a Reply

Submit Comment