ជន​រង​គ្រោះ​ត្រៀម​ដាក់​ពាក្យ​ប្តឹង​សន្តិសុខ​ ករណី​បោក​ផ្ទប់​នឹង​ថ្នល់​មួយ​ទំហឹង​ក្នុង​ពេល​តវ៉ា

សិទ្ធិ​មនុស្ស
14 កញ្ញា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថតដោយលីកាដូ)
រូបឯកសារ៖ អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថតដោយលីកាដូ)

អ្នកស្រី​ សេង ចាន់ថន​ មាន​ប្រសាសន៍​ថា ​នៅ​ពេល​នេះ ​អ្នកស្រី​បាន​ធូរ​ស្រាល​ពី​របួស។​ អ្នកស្រី​ដែល​ចេញ​មុខ​តវ៉ា​ជាង​១០​លើក​រួច​មក​ហើយ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ស្វាមី​នោះ​​ នៅ​តែ​រក្សា​ជំហរ​ប្តឹង​លោក ​ឆោម ប្រសិដ្ឋ ​ព្រោះ​អ្នកស្រី​ចាត់​ទុក​ថា ​នោះ​ជា​ទង្វើ​គំរាម​កំហែង​បិទ​មាត់​មិន​ឲ្យ​ពល​រដ្ឋ​តវ៉ា។​

ភ្នំពេញ — អ្នកស្រី​ សេង​ ចាន់​ថន ​ភរិយា​លោក ​ស៊ុន ធន់​ អតីត​មន្ត្រី​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ​ បាន​សម្រេច​នឹង​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ប្រជា​ការពារ​ខណ្ឌ​ ៧​ មករា ​មួយ​រូប​ ចំពោះ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​យ៉ាង​កម្រោល​ទៅ​លើ​អ្នកស្រី។​

អ្នក​ស្រី​កំពុង​រៀបចំ​ឯកសារ ​និង​ភស្តុតាង​ដើម្បី​គាំទ្រ​ពាក្យ​បណ្តឹង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​អ្នក​ស្រី ​សេង ចាន់ថន។​

កាលពី​ថ្ងៃ​សុក្រ ​ទី៤ ​ខែ​កញ្ញា ​ក្នុង​ពេល​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​ស្វាមី​ និង​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង​ជាង​ ១០ នាក់ ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ​ អ្នកស្រី​ សេង ចាន់ថន ​អាយុ​ ៤៨ ​ឆ្នាំ ត្រូវ​សន្តិសុខ​ម្នាក់​ចាប់​បោក​ផ្ទប់​មួយ​ទំហឹង​ទៅ​នឹង​ថ្នល់​បណ្តាល​ឲ្យ​រង​របួស​ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់។ វីដេអូ​និង​រូបភាព​នៃ​ការ​ចាប់​ទាញ​បោក​ទាំង​កម្រោល​នោះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​ហេតុការណ៍​ហិង្សា​នេះ​ បាន​កើត​ឡើង​នៅ​ពេល​ក្រុម​អ្នក​តវ៉ា​ប្រមាណ​២០​នាក់ ​បាន​ព្យាយាម​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​កម្លាំង​សន្តិសុខ​ខណ្ឌ​៧​មករា​រាប់​សិប​នាក់។​

លោក ​សំ សុគង់ ​មេធាវី​ការពារ​ក្តីឲ្យ​អ្នកស្រី​សេង ចាន់​ថន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​កូន​ក្តី​លោក​បញ្ជាក់​ថា នឹង​ដាក់​ពាក្យ​បណ្តឹង​នៅ​សប្តាហ៍​ក្រោយ​បន្ទាប់​ពី​ការ​រៀប​ចំ​ពាក្យ​បណ្តឹង​ឲ្យ​បាន​រួចរាល់​នៅ​សប្តាហ៍​នេះ​ ដែល​ជា​រយៈ​ពេល​មន្ត្រី​តុលាការ​នឹង​ត្រូវ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។​

«ខាន​ស្អែក​អី​ត្រូវ​បាន​ឈប់​សម្រាក​នៅ​រដូវ​បុណ្យ​ជាតិ​បុណ្យ​ភ្ជុំ​អ៊ីចឹង​ហើយ​ខាង​លោក​ស្រី​ហ្នឹង​ក៏​សម្រេច​ចិត្ត​ថា​ នឹង​រៀប​ចំ​បណ្តឹង​ហ្នឹង​ឲ្យ​ហើយ ​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ហ្នឹង​នៅ​ក្រោយ​ពេល​ភ្ជុំ​ហើយ»។​

លោក​មេធាវី​លើក​ឡើង​ថា ​បើ​តាម​ភស្តុតាង​រួម​មាន​វីដេអូ​ឃ្លីប​សាក្សី​និង​រូបថត​មួយ​ចំនួន​ទៀត​ដែល​ប្រមូល​បាន​មក​នោះ​ គឺ​កូន​ក្តី​លោក​អាច​មាន​លទ្ធ​ភាព​ប្តឹង​សន្តិសុខ​ការពារ​ខណ្ឌ​៧​មករា​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ ឈ្មោះ ​ឆោម ប្រសិដ្ឋ។​

«យើង​មាន​ភស្តុតាង​រឹងមាំ​ដោយសារ​យើង​មាន​សាក្សី​ហើយនឹង​ជា​វីដេអូ​ឃ្លីប​ ក៏​ដូច​ជា​រូបថត​ជា​សន្លឹក​ហ្នឹង​ជាក់ស្តែង​…​ទីពីរ​យើង​ឃើញ​សេចក្តី​ប្រកាស​របស់​សេចក្តី​ថ្លែង​ការណ៍​របស់​សាលា​ខណ្ឌ​ ក៏​ឃើញ​គាត់​លើក​ឡើង​អំពី​ការ​ហៅ​ថា​រុញច្រាន​គ្នា​ដែរ។​ អ៊ីចឹង​បាន​ថា ​វា​មាន​ចំណុច​ដែល​យើង​គិត​ថា​ វា​ជា​ភស្តុតាង​មួយ​ជាក់​លាក់​ហើយ​នឹង​តាម​ផ្លូវ​ច្បាប់​នោះ។​ វា​ត្រូវ​តែ​ចូល​នៅ​ក្នុង​បទ​ចោទ​នេះ​ គឺ​បទ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​មាន​កម្រិត​ទោស​ចាប់​ពី​២​ឆ្នាំ ​ទៅ​ដល់​៣​ឆ្នាំ»។​

កាលពី​ថ្ងៃ​ទី​៤​ខែ​កញ្ញា​ គឺ​ភ្លាមៗ​ក្រោយ​ហេតុ​ការណ៍​ដែល​លោក​ ឆោម ប្រសិដ្ឋ ​ត្រូវ​គេ​ឃើញ​ថា ​បាន​ចាប់​ទាញ​បោក​អ្នកស្រី​ សេង ​ចាន់ថន ​ពេញ​មួយ​ទំហឹង​ឲ្យ​ដួល​បោក​ខ្លួន​ទៅ​លើ​ថ្នល់​នោះ​ សាលា​ខណ្ឌ​៧​មករា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ចោទ​ប្រកាន់​ថា​ ការ​តវ៉ា​របស់​អ្នកស្រី ​សេង ចាន់ថន​ និង​អ្នក​តវ៉ា​ឯ​ទៀត​«មាន​ការ​គោះឆ្នាំង​បង្ក​សំឡេង​រំខាន​ខ្លាំងៗ»​ហើយ​ជា​ការ​តវ៉ា​ខុស​ច្បាប់​និង​ជា​ការ​ដាក់​គំនាប​លើ​ស្ថាប័ន​តុលាការ។​

សាលា​ខណ្ឌ​អះអាង​ថា ​នេះ​ជា​«ការរុញ​ច្រាន​គ្នា»​ដែល​បាន​កើត​ឡើង​នៅ​ពេល​ក្រុម​ប្រជា​ការពារ​ខណ្ឌ​ខិតខំ​ទប់​ស្កាត់​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ មាន​គ្នា​ប្រហាក់​ប្រហែល​១៥​នាក់​ដើរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

សាលា​ខណ្ឌ​បាន​រៀប​រាប់​ថា៖​ «ក្នុង​ការ​រុញ​ច្រាន​នេះ​ ប្រជា​ការពារ​ខណ្ឌ​ឈ្មោះ​ ឆោម​ប្រសិដ្ឋ​ ខំ​ប្រឹង​ទប់​មិន​ឲ្យ​អ្នក​តវ៉ា​ទៅ​មុខ​ហើយ​ក៏​បាន​ជ្រុល​ដៃ​រុញ​ទៅ​លើ​ស្រ្តី​ម្នាក់​ឈ្មោះ ​សេង ចាន់ថន ​បង្ក​ឲ្យ​ដួល​លើ​ថ្នល់​ ហើយ​គាត់​បាន​ទៅ​មន្ទីរ​ពេទ្យ។​ ក្រោយ​ពិនិត្យ​រួច​ឃើញ​ថា​ មាន​អាការៈ​ធូរ​ស្រាល ​គ្រូពេទ្យ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ»។​

សាលា​ខណ្ឌ​បន្ថែម​ថា​ រដ្ឋបាល​ខណ្ឌ​បាន​អប់រំ​ប្រជា​ការពារ​លោក​ ឆោម​ ប្រសិដ្ឋ ​ព្រម​ទាំង​អនុវត្ត​«ការ​ដាក់​ពិន័យ​ទៅ​តាម​ច្បាប់»​ និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ដែល​មាន​ជា​ធរមាន​ផង​ដែរ។​

ស្វាមី​អ្នកស្រី​ សេង ចាន់ថន​ គឺ​លោក​ស៊ុន ធន់ ​ដែល​ជា​គ្រូ​បង្រៀន​ថ្នាក់​អនុវិទ្យាល័យ​នៅ​ខេត្ត​កំពង់ធំ​ម្នាក់​ផង​នោះ​ ស្ថិត​ក្នុង​ចំណោម​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​១៥​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​សារ​ការ​អត្ថា​ធិប្បាយ​និង​ចែក​រំលែក​ព័ត៌មាន​នានា​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ និង​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​និង​ករណី​គម្រោង​របស់​លោក ​សម ​រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​

អ្នកស្រី​ សេង ចាន់ថន​ មាន​ប្រសាសន៍​ថា ​នៅ​ពេល​នេះ ​អ្នកស្រី​បាន​ធូរ​ស្រាល​ពី​របួស។​ អ្នកស្រី​ដែល​ចេញ​មុខ​តវ៉ា​ជាង​១០​លើក​រួច​មក​ហើយ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ស្វាមី​នោះ នៅ​តែ​រក្សា​ជំហរ​ប្តឹង​លោក ​ឆោម ប្រសិដ្ឋ ​ព្រោះ​អ្នកស្រី​ចាត់​ទុក​ថា ​នោះ​ជា​ទង្វើ​គំរាម​កំហែង​បិទ​មាត់​មិន​ឲ្យ​ពល​រដ្ឋ​តវ៉ា។​

«ការ​ធ្វើ​របស់​គេ​នេះ​ គឺ​ជា​រឿង​មួយ​គំរាម​កំហែង​ដល់​ពួក​ខ្ញុំ​ដើម្បី​កុំ​ឲ្យ​ថ្ងៃ​ក្រោយ​ទៅ​តវ៉ា​ទៀត ​ហើយ​មិន​ត្រឹម​តែ​ពួក​ខ្ញុំ​ទេ ​គឺ​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ស្រុក​ខ្មែរ​ កុំ​ឲ្យ​ហ៊ាន​ងើប ​ហ៊ាន​តវ៉ា​ប្រឆាំង​នូវ​អំពើ​អយុត្តិធម៌​របស់​ពួក​គេ​ អ៊ីចឹង​នេះ​ជា​ទង្វើ​មួយ​អយុត្តិធម៌​ ហើយ​គេ​មាន​ចេតនា​បំបាក់​ស្មារតី​ ជា​ពិសេស​ គឺ​អ្នក​ណា​ក៏ដោយ ​ឲ្យ​តែ​ងើប​តវ៉ា​ គឺ​គេ​ធ្វើ​អ៊ីចឹង​ហ្មង​ដើម្បី​កុំ​ឲ្យ​តវ៉ា​បាន​ទៀត»។​

លោក ​លីម សុភា ​អភិបាល​ខណ្ឌ​៧​មករា​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​លោក​អះ​អាង​ថា ​ជាប់​ប្រជុំ។​ លោក​និយាយ​ថា៖​ «ជាប់​ប្រជុំ​បន្តិច​បង​បាទ​ កំពុង​ប្រជុំ​បង​បាទ​ បាទ»។​

វីអូអេ​ មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ឆោម ប្រសិដ្ឋ ​ប្រជា​ការពារ​ខណ្ឌ​៧មករា​បាន​ទេ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​យល់​ថា ​ការ​ដែល​សន្តិសុខ​រុញ​ច្រាន​អ្នកស្រី​ សេង ចាន់ថន​ យ៉ាង​កម្រោល​ឲ្យ​ដួល​ផ្ទប់​ទៅ​នឹង​ថ្នល់​នោះ​ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ ​ប៉ុន្តែ​ជា​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា។​

«បើ​យើង​មើល​ទៅ​តាម​រូបភាព​អាហ្នឹង ​គឺ​វា​ហួស​ពី​ការ​អនុវត្ត​ច្បាប់។​ វា​ទៅ​ជា​ការ​ប្រព្រឹត្ត​នៃ​អំពើ​ហិង្សា​ទៅ​ហើយ»។​

លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ឃើញ​ថា​ ប្រជា​ការពារ​លោក​ឆោម ប្រសិដ្ឋ ​មិន​បាន​ធ្វើ​សកម្ម​ភាព​ស្តែង​ឲ្យ​ឃើញ​អំពើ​ទុច្ចរិត​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ទៅ​ឈរមុខ​តុលាការ​ក្រុង​ភ្នំពេញ​ទេ។​

«ចេតនា​របស់​គាត់​ហ្នឹង​ គឺ​ដើម្បី​ទប់ស្កាត់​អ្នក​ដែល​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ដើម្បី​ការពារ​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ អ៊ីចឹង​អា​ចេតនា​នេះ ​មិនមែន​ជា​ចេតនា​ទុច្ចរិត​ដែល​បង្កើត​ទៅ​ជា​បទ​ល្មើស​ទេ»។​

លោក​បន្ថែម​ថា ​ប្រសិន​បើ​លោក​ ឆោម ប្រសិដ្ឋ​ អនុវត្ត​វិធាន​ការ​ទប់ស្កាត់​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ លោក​អាច​ត្រូវ​ប្រឈម​មុខ​ការ​ដាក់​ពិន័យ​ខាង​រដ្ឋបាល។​

គួរ​បញ្ជាក់​ថា​ អ្នកស្រី​ សេង ចាន់ថន ​និង​ក្រុម​គ្រួសារ​របស់​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ ​តែង​តែង​ចេញ​មុខ​រៀង​រាល់​ថ្ងៃ​សុក្រ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ក្រុម​គ្រួសារ​របស់​ពួកគេ​ចំនួន​១៥​នាក់។​ បើ​តាម​អង្គការ​លីកាដូ​ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​ ឆ្នាំ​២០២០ ​គ្រួសារ​របស់​អតីត​សមាជិក​គណ​បក្ស​ជំទាស់ ​ត្រូវ​បាន​អូស​ទាញ​ទាត់​ធាក់​ និង​វាយដំ ​អំឡុង​ពេល​ដែល​ពួក​គាត់​តវ៉ា​ដើម្បី​អំពាវនាវ​ឲ្យ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួក​គាត់។ ​អង្គការ​នេះ​ឲ្យ​ដឹង​ទៀត​ថា​ គិត​មក​ទល់​ពេល​នេះ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៣​នាក់​ហើយ ​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ៕



What Next?

Recent Articles

One Response to "ជន​រង​គ្រោះ​ត្រៀម​ដាក់​ពាក្យ​ប្តឹង​សន្តិសុខ​ ករណី​បោក​ផ្ទប់​នឹង​ថ្នល់​មួយ​ទំហឹង​ក្នុង​ពេល​តវ៉ា"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment