ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​គាបសង្កត់​កាន់​តែ​ខ្លាំង​ឡើង​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

សិទ្ធិ​មនុស្ស
14 កញ្ញា 2020
Lisa Schlein
វីអូអេខ្មែរ

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។
រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស — ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​កំពុង​តែ​ថ្កោលទោស​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា ជាវិធាន​ការ​គាបសង្កត់​កាន់​តែ​ខ្លាំង​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ​ដែល​រារាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​សេរីភាព​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​របស់​ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស។

ចាប់​តាំង​ពី​ចុង​ខែ​កក្កដា​មក ​ទីភ្នាក់ងារ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​កត់ត្រា​អំពី​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ​២៥ ​នាក់​ ដោយ​រួម​មាន​ទាំង​លោក ​រ៉ុង ឈុន ​ដែល​ជា​ប្រធាន​សហជីព​ដ៏​សំខាន់​មួយ​រូប​ផង​ដែរ។

​ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ១៣ នាក់ ​ត្រូវ​បាន​ដោះលែង​វិញ​បន្ទាប់​ពី​ត្រូវ​បាន​រាយការណ៍​ថា ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោយ​បង្ខំ​មួយ ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ពួកគេ។ ​ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​នៅ​ជាប់​ឃុំឃាំង​ទាំង ​១២ នាក់​ ពួកគេ​ភាគច្រើន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស។

អ្នកស្រី​ Ravina Shamdasani​ អ្នក​នាំពាក្យ​ទីភ្នាក់ងារ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ និយាយ​ថា ​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​បាន​ទទួល​ទូរស័ព្ទ​គំរាមកំហែង ​ដោយ​រួម​មាន​ទាំង​ការ​គំរាម​សម្លាប់​ផង​ដែរ។ ​អ្នកស្រី​និយាយ​ថា ​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​កំពុង​តែ​លាក់​ខ្លួន​ដោយ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន។

អ្នកស្រី Shamdasani បាន​ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖

«យើង​ក៏​បាន​ឃើញ​មាន​ការ​ប្រើប្រាស់​កម្លាំង​ជ្រុល​ហួសហេតុ​ និង​មិន​ចាំបាច់​ពី​សំណាក់​កងកម្លាំង​សន្ដិសុខ​ ទៅ​លើ​ក្រុម​បាតុករ​ជា​ស្ត្រី​នៅ​ក្នុង​ហេតុការណ៍​យ៉ាង​ហោច​ណាស់​ចំនួន ៥ លើកផ្សេងៗគ្នា​នៅ​សប្ដាហ៍​ថ្មីៗ​នេះ..។ ​យើង​ក៏​បាន​ចងក្រង​ឯកសារ​អំពី​ការ​គំរាម​កំហែង​ទៅ​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​ចូលរួម​បាតុកម្ម​តាម​សន្ដិវិធី​ ដោយ​រួម​មាន​ទាំង​ក្រុម​បាតុករ​ដែល​ស្នើ​ឲ្យ​ចាត់​វិធានការ​នានា​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ ដោយសារ​ជំងឺ​កូវីដ១៩​ ទៅ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាជន ​ក៏​ដូចជា​សកម្មជន​បរិស្ថាន ​និង​អ្នក​ដែល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ផង​ដែរ»

អ្នកស្រី Shamdasani និយាយ​ថា ស្ថានភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បង្ហាញ​ពី​ការ​មិន​អត់​ឱន​របស់​រដ្ឋាភិបាល​កាន់​តែខ្លាំង​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង។ ​អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​ថា ​ការិយាល័យ​របស់​អ្នកស្រី​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ប៉ុន្មាន​ដង​រួច​មក​ហើយ ​ប៉ុន្តែ​គ្មាន​លទ្ធផល។ ​អ្នកស្រី Shamdasani និយាយ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​នានា ​ពាក់ព័ន្ធ​នឹង​ករណី​ចុង​ក្រោយ​ទាំងនេះទេ។

អ្នកស្រី​បាន​បន្ថែម​ថា ក្នុង​ពេល​ថ្មីៗ​នេះ​មាន​ការ​រឹតបន្ដឹង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស។​

អ្នកស្រី Shamdasani បាន​និយាយ​ក្នុង​សម្ដី​ដើម​ថា៖ «ការ​ពិត​ទៅ មាន​លិខិត​មួយ​ច្បាប់​ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ ដែល​បាន​បញ្ជាក់​ជា​សាធារណៈ​ថា​សកម្មភាព​ទាំង​អស់​នេះ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​សំខាន់ៗ​ គឺ​ជា​សកម្មភាព​…​ខ្ញុំ​សូម​ស្រង់​ខ្លឹមសារ​ក្នុង​ន័យ​ដើម​ដូច្នេះ​ថា «ដើម្បី​បង្ក​រឿង​និង​ញុះញង់ ​ដែល​ប៉ះពាល់​ដល់​ស្ថិរភាព​សន្ដិសុខ ​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​សង្គម ​តាមរយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​និង​បណ្ដាញ​ផ្សព្វផ្សាយ​ដទៃទៀត»។​

អ្នកស្រី Shamdasani មាន​ប្រសាសន៍​ថា ការិយាល័យ​របស់​អ្នកស្រី​កំពុង​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ​នូវ​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន និង​អំពាវនាវ​ឲ្យ​កងកម្លាំង​សន្ដិសុខ​ឈប់​ប្រើប្រាស់​កម្លាំង​ហួសហេតុ​ទៅ​លើ​អ្នក​ដែល​ចូលរួម​តវ៉ា​ដោយ​សន្ដិវិធី​ត​ទៅ​ទៀត៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

What Next?

Recent Articles

One Response to "ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ការ​គាបសង្កត់​កាន់​តែ​ខ្លាំង​ឡើង​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment