បញ្ញវន្ត​សង្ឃ​ថា ការ​ផ្សឹក​ព្រះភិក្ខុ កើត សារ៉ាយ ទាំង​បង្ខំ ជា​ការ​បំពាន​ពុទ្ធបញ្ញត្តិ និង​សិទ្ធិ​សេរីភាព​ពលរដ្ឋ

ដោយ វ៉ែន សុមេធ
2020-09-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះភិក្ខុ កើត សារ៉ាយ ជា​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ។

ព្រះភិក្ខុ កើត សារ៉ាយ ជា​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ។

 រូប៖ ហ្វេសប៊ុក


បញ្ញវន្ត​សង្ឃ​នៅ​ក្រៅ​ប្រទេស និង​មន្ត្រី​សិទ្ធិមនុស្ស​ប្រតិកម្ម​ថា ការ​ចាប់​ផ្សឹក​ព្រះភិក្ខុ កើត សារ៉ាយ ជា​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ គឺ​ជា​ការ​បំពាន​ពុទ្ធ​វិន័យ និង​បំបិទ​សេរីភាព​អ្នក​ប្រតិបត្តិ​សាសនា ដើម្បី​ផ្គាប់​ចិត្ត​របប​ក្រុង​ភ្នំពេញ។ ក៏​ប៉ុន្តែ​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​អះអាង​ថា ការ​ផ្សឹក​ព្រះ​សង្ឃ​កើត សារ៉ាយ ដោយ​សារ​ព្រះអង្គ​​មាន​កំហុស​ជម្នះ​ដឹកនាំ​ព្រះ​សង្ឃ និង​ញាតិ​ញោម ធ្វើ​បាតុកម្ម ខុស​ពី​សង្ឃ​ប្រកាស​ដែល​ហាម​អ្នក​បួស​ទាំងអស់​មិន​ឱ្យ​ធ្វើ​បាតុកម្ម។

ព្រះសង្ឃ​គង់​នៅ​ប្រទេស​បារាំង ព្រះ​តេជ​ព្រះ​គុណ យស ហ៊ុត មាន​ព្រះ​ថេរៈ​ដីកា​ថា ការ​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ កើត សារ៉ាយ ធ្វើ​ឡើង​ដោយ​បំពាន​ពុទ្ធ​វិន័យ។ ព្រះ​អង្គ​ពន្យល់​ថា ព្រះ​សង្ឃ​ក៏​អាច​ធ្វើ​ការ​តវ៉ា ឬ​ធម្មយាត្រា​បាន​ដែរ ហើយ​ការ​ធ្វើ​ធម្មយាត្រា​នេះ គឺ​ត្រឹមត្រូវ​តាម​ពុទ្ធ​វិន័យ។

ព្រះ​អង្គ បន្ត​ថា តាម​វិន័យ​ធម៌ ទង្វើ​របស់​ព្រះ​សង្ឃ កើត សារ៉ាយ មិន​ខុស​ទេ តែ​គណៈ​សង្ឃ​ជាន់​ខ្ពស់​ប្រើ​ហេតុផល​​រឹងរូស ឬ​ហេតុផល​អ្វី​ក៏​ដោយ ដើម្បី​ចាប់​បក​ស្បង់​ចីវរ​ព្រះ​អង្គ​ចេញ​នោះ គឺ​ធ្វើ​ឡើង​ដោយ​ប្រើ​អំណាច​បំពាន។ ព្រះ​អង្គ យស ហ៊ុត សង្កេត​ឃើញ​ថា គណៈ​សង្ឃ​បាន​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ​កើត សារ៉ាយ ដោយ​តក់​ក្រហល់​តាម​បញ្ជា​របស់​រដ្ឋាភិបាល៖ «បន្តិច​ទៅ​ចាប់​ផ្សឹក បន្តិច​ទៅ​ក៏​ចោទ​ប្រកាន់​ទៅ។ យើង​ជា​អ្នក​សម្រេច សុទ្ធ​តែ​ជា​មន្ត្រី​សង្ឃ អ្វី​អ៊ីចឹង​ទៅ ថេរសភា​អ្វី​អ៊ីចឹង​ទៅ ចំរើន​ពរ។ យើង​គួរ​តែ​ពន្យល់​ឲ្យ​បាន​ជ្រៅជ្រះ​តាម​​ធម្ម​វិន័យ​ពិត​ប្រាកដ​ទៅ។ ឲ្យ​ប្រជាពលរដ្ឋ យល់ ព្រះ​សង្ឃ​យល់​ពិត​ប្រាកដ​ទៅ រឿង​ទាំង​អស់​ហ្នឹង អាច​និយាយ​គ្នា​បាន។ ចំរើន​ពរ។»

មន្ត្រី​សង្ឃ​បាន​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ​កើត សារ៉ាយ កាល​ពី ថ្ងៃ​ទី៧ កញ្ញា រួច​ហើយ​នគរបាល​បាន​នាំ​​ព្រះ​អង្គ​​​​ភ្លាមៗ បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ពាក់​ព័ន្ធ​នឹង​​រឿង​គម្រោង​ដឹក​នាំ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​​​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទាមទារ​យុត្តិធម៌ ឲ្យ​អ្នក​ទោស​មនសិការ​​ដែល​រង​ការ​ចាប់​ខ្លួន ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​២​ខែ​ចុងក្រោយ​នេះ។

បច្ចុប្បន្ន​ព្រះអង្គ (អន្ទិត) កើត សារ៉ាយ កំពុង​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ព្រះ​អង្គ​ បាន​​ពឹង​ពាក់​​ក្រុម​​មេធាវី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ដើម្បី​ការ​ពារ​ក្ដី។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា ឲ្យ​ដឹង​ថា ការ​ចាប់​ព្រះ​កាយ ព្រះ​អង្គ​កើត សារ៉ាយ ជា​ការ​​បំពាន​សិទ្ធិ​ពលរដ្ឋ ព្រោះ​ព្រះ​សង្ឃ ក៏​មាន​សិទ្ធិ​សេរីភាព បញ្ចេញ​មតិ និង​​​ចូលរួម​សកម្មភាព​ស្រប​ច្បាប់​ទាំង​ឡាយ ដូច​ពលរដ្ឋ​ទូទៅ​ដែរ។

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ បន្ត​ថា ក្រុម​មេធាវី បាន​ចូល​ជួប​ព្រះ​អង្គ​កើត សារ៉ាយ ក្នុង​ពន្ធនាគារ​ព្រៃ​ស រួច​ហើយ ហើយ​ព្រះ​អង្គ​កើត សារ៉ាយ រក្សា​ជំហរ​ថា ការ​ចាប់​ផ្សឹក និង​ឃុំឃាំង​ព្រះអង្គ ជា​ការ​ធ្វើ​ឡើង​ទាំង​បំពាន ដោយ​ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្តិ​​ខុស​ច្បាប់​ឡើយ៖ «ហើយ​អ្នក​ដែល​នៅ​ក្នុង​ពុទ្ធ​សាសនា​​ហ្នឹង ក៏​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ដែរ បើ​ទោះ​ថា គ្រាន់​តែ​ចូលរួម​ការ​​បញ្ចេញ​មតិ​ទៅ​តាម​ឆន្ទៈ​ដែល​បំណង​ក្នុង​ន័យ​ជា​​ពលរដ្ឋ​ប្រទេស​មួយ ក៏​ធ្វើ​អត់​បាន​អា​ហ្នឹង ជា​ការ​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការ​បញ្ចេញ​មតិ ឬ​ក៏​សេរីភាព​ហ្នឹង កាន់​តែ​ធ្លាក់​ចុះ​អ៊ីចឹង​ទៅ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក​គណៈ​មហានិកាយ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះតេជ​ព្រះគុណ ឃឹម សន មាន​ថេរៈ​ដីកា​ថា គណៈ​សង្ឃ​បាន​សម្រេច​ផ្សឹក​ព្រះភិក្ខុ កើត សារ៉ាយ ត្រឹមត្រូវ​តាម​សង្ឃ​ប្រកាស​ដោយ​សារ​ព្រះ​ភិក្ខុ​អង្គ​នេះ ប្រព្រឹត្ត​ខុស​វិន័យ​ត្រង់​​ប្រការ​ហាម​អ្នក​បួស​​​ចូលរួម​ធ្វើ​បាតុកម្ម។​ព្រះ​អង្គ ឃឹម សន អះអាង​ថា ខាង​គណៈ​សង្ឃ បាន​ព្យាយាម​សម្រប​សម្រួល​ឲ្យ​ព្រះ​អង្គ កើត​ សារ៉ាយ និមន្ត​ទៅ​វត្ត​នៅ​ខេត្ត​បាត់ដំបង​វិញ​ដែរ តែព្រះ​អង្គ ចចេស​មិន​ស្ដាប់​គណៈ​សង្ឃ៖ «សាកសួរ​ទៅ​ថា បើ​សិន​ណា​ជា​ព្រះអង្គ​និមន្ត​មក​ចូល​រួម​ធ្វើ​បាតុកម្ម គឺ​សូម​​និមន្ត​ព្រះ​អង្គ​​ទៅ​វត្ត​វិញ ព្រោះ​គណៈ​សង្ឃ​បាន​ចេញ​សង្ឃ​ប្រកាស អនុសំវច្ចរៈ​ទាំង ២គណៈ​ហ្នឹង ហាមប្រាម​មិន​ឲ្យ​អ្នក​បួស​យើង ភិក្ខុ សាមណេរ​ចូលរួម​​ក្នុង​សកម្មភាព​បាតុកម្ម​ទេ​ពរហ្នឹង​ហើយ​អ៊ីចឹង​បើ​សិន​ណា​ជា​ព្រះ​អង្គ ស្ដាប់​គណៈ​សង្ឃ គណៈ​សង្ឃ​នឹង​​បញ្ជូន​ព្រះ​អង្គ​ទៅ​កាន់​វត្ត​ដើម​វិញ។ ប៉ុន្តែ​លោក​ថា នេះ​ជា​គោលការណ៍​របស់​លោក លោក​ត្រូវ​តែ​ធ្វើ​ពរទោះ​បី​ព្រះ​អង្គ​ហាម​ប្រាម​ខ្ញុំ​ករុណា​មួយ​ពេល​ក៏​ករុណា​នៅ​តែ​វិល​មក​ធ្វើ​វិញ​ទេ ពរអ៊ីចឹង​គណៈ​សង្ឃ​ក៏​សម្រេច​ថា មិន​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​នៅ​បួស​ទៀត​ទេ។ ព្រះ​អង្គ​ត្រូវ​តែ​លាចាក​សិក្ខា​បទ​ចេញ​ពរ»

ព្រះ​អង្គ ឃឹម សន អះអាង​ថា ការ​ផ្សឹក​ព្រះ​ភិក្ខុ កើត សារ៉ាយ មិន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ឡើយ ព្រោះ​​ពេល​ដំបូង​មន្ត្រី​សង្ឃ បាន​លឺ​ដំណឹង​ថា ព្រះ​ភិក្ខុ​កើត សារ៉ាយ ចេញ​ពី​ខេត្ត​បាត់ដំបង មក​ស្នាក់​នៅ​ផ្ទះ​ញាតិញោម នៅ​ភ្នំពេញ ក្នុង​អំឡុង​ចូល​វស្សា។

ពុទ្ធបញ្ញត្តិ​ចែង​ក្នុង​គម្ពីរ​ព្រះ​វិន័យ​ថា ការ​ចាប់​ផ្សឹក​ព្រះសង្ឃ អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​ព្រះ​សង្ឃ​បាន​ប្រព្រឹត្តិ​ខុស​វិន័យ (អាបត្តិបារាជិក) ៤ចំណុច គឺ​ព្រះសង្ឃ​សេព​មេថុនធម្ម ឬ​ការ​រួម​ភេទ​ការ​សម្លាប់​មនុស្ស​ការ​លួច​ទ្រព្យ​គេ (ចំនួន ៥មាសក​ឡើង) និង​ការ​អួត​អាង​ខ្លាំង​ពូកែ​គ្មាន​អ្នក​ណា​ចេះ​ដល់ (សីល មន្តអាគម​អភិនីហារ)។ ប្រសិន​បើ​ការ​ចាប់​បក​ស្បង់​ចីវរ​ធ្វើ​ឡើង​មិន​ត្រូវ​តាម​កំហុស​ទាំង ៤ចំណុច​នេះ​ទេ គឺ​ជា​ការ​ផ្សឹក​ដោយ​បំពាន​ហើយ​បុគ្គល​នោះ នៅ​តែ​ស្ថិត​ក្នុង​ឧត្ដម​ភេទ ជា​ព្រះសង្ឃ ក្នុង​សំណាក់​ពុទ្ធ​សាសនា​ដដែល។

ទោះ​ជា​ក្នុង​ពុទ្ធបញ្ញត្តិ ចែង​បែប​នេះ​ក្ដី ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​ព្រះ​តេជ​ព្រះ​គុណ ឃឹម សន មាន​ថេរៈ​ដីកា​ថា ប្រសិន​បើ​ព្រះ​សង្ឃ​ណា​មាន​កំហុស​ពាក់ព័ន្ធ​ទោស​ព្រហ្មទណ្ឌ​មន្ត្រី​សង្ឃ​ក៏​អាច​ចាប់​ផ្សឹក​ឲ្យ​លា​ចាក​សិក្ខាបទ​បាន​ភ្លាមៗ ដែរ។

បន្ថែម​ពី​លើ​នេះ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​មេទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី៩ កញ្ញា​ថា អាជ្ញាធរ​មិន​លើក​លែង​ឱ្យ​ព្រះសង្ឃ​អង្គ​ណា ដែល​លោក​ចោទ​ថា មាន​បំណង​បំផ្លាញ​សុខ​សន្តិភាព​នោះ​ឡើយ៖ «មាន​នរណា​ហាម​ឃាត់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​វត្ត ហាម​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ហាម​សិទ្ធ​សេរីភាព​របស់​ព្រះ​សង្ឃ គ្រប់​ព្រះ​អង្គ​គ្រប់​ព្រះ​អង្គ​នៅ​ក្នុង​ការ​ប្រតិបត្តិ​សាសនា​ម្ដង​ទៀត។ លើក​លែង​តែ​អ្នក​ខ្លះ ពាក់​ស្បង់​ដើម្បី​ធ្វើ​នយោបាយ ពាក់​ស្បង់​ចីវរ​មក​អុជអាល​យក​សាសនា ដើម្បី​ទាញ​មនុស្ស​មក​ធ្វើ​ការងារ​បំផ្លាញ។ រឿង​អ្នក​ឯង​បញ្ចេញ​មតិ​រឿង​មួយ ប៉ុន្តែ​ចេតនា​អ្នក​ឯង ផែន​ការ​អ្នក​ឯង ក្នុង​ការ​បំផ្លាញ​សុខ​សន្តិភាព​ស្ថិរភាព នៅ​ប្រទេស​ណា ក៏​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ឯង​ដែរ»

ផ្ទុយ​ពី​ការ​អះអាង​ទាំង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែង​ថា គ្មាន​ច្បាប់​ណា​ដែល​អាច​យក​មក​ប្រើ​ជា​មូលដ្ឋាន ដើម្បី​ចាប់​ព្រះ​កាយ​ព្រះអង្គ កើត សារ៉ាយ និង​យុវជន​មួយ​ចំនួន​ទៀត ដែល​គ្រោង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទី​លាន​ប្រជាធិបតេយ្យ​នោះ​ឡើយ៖ «យើង​មាន​ច្បាប់​ឯ​ណា យើង​គិត​មើល កាល​ដែល​ទៅ​ចាប់​ព្រះ​កាយ ព្រះអង្គ​កើត សារ៉ាយ ហើយ​ក៏​ដូចជា សមាជិក​នៃ​បណ្ដាញ​និស្សិត​បញ្ញវន្ត​ផ្សេង​ទៀត អ្វី​នោះ​ណា។ គេ​ជូន​លិខិត​ធ្វើ​បាតុកម្ម ហើយ​គេ​មិន​ទាន់​ធ្វើ​ផង យើង​ទៅ​ចាប់​គេ​បាត់​ហើយ វា​អត់​មាន​ច្បាប់​ណា អនុញ្ញាត​ឲ្យ​ទេ»

ព្រះ​ភិក្ខុ​កើត សារ៉ាយ គឺជា​ព្រះសង្ឃ​​​មួយ​អង្គ​ដែល​ហ៊ាន​សម្ដែង​មតិ និង​ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម ក្នុង​ចំណោម​ព្រះសង្ឃ​ច្រើន​អង្គ​ផ្សេង​ទៀត ដែល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​របប​ក្រុង​ភ្នំពេញ​ដូច​គ្នា។ ចាប់​តាំង​ពី​របប​ក្រុង​ភ្នំពេញ ចាប់​ខ្លួន លោក រ៉ុង ឈុន មក អាជ្ញាធរ​បាន​បង្ក្រាប​​​ព្រះ​សង្ឃ​ជាង ១០អង្គ​ហើយ ដែល​ហ៊ាន​តវ៉ា​ក្នុង​នោះ ៨​អង្គ ត្រូវ​​ចាប់​បង្ខំ​ឱ្យ​​និមន្ត​ទៅ​ខេត្ត​បាត់ដំបង​វិញ ឯ​ព្រះ​សង្ឃ​មួយ​ចំនួន​​​ទៀត​ កំពុង​ភៀស​ព្រះ​កាយ។​

សម្រាប់​ព្រះភិក្ខុ​កើត សារ៉ាយ វិញ ព្រះ​អង្គ​បាន​ដឹង​រួច​ហើយ​ថា អាជ្ញាធរ​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយ​ចាប់​ព្រះ​កាយ​ព្រះ​អង្គ​យក​ទៅ​ឃុំ​ឃាំង​ប៉ុន្តែ​ព្រះ​អង្គ មិន​រួញ​រា​ឡើយ។ ព្រះ​អង្គ បាន​ថត​វីដេអូ​ឃ្លិប​​នៅ​មុន​ការ​ចាប់​ខ្លួន ផ្ដាំ​ផ្ញើ​​​ពលរដ្ឋ​ខ្មែរ ឲ្យ​ហ៊ាន​ធ្វើ​សកម្មភាព​ត្រឹមត្រូវ​តាម​សតិ​សម្បជញ្ញៈ​របស់​ខ្លួន ដើម្បី​ភាព​យុត្តិធម៌​ក្នុង​​សង្គម​​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បញ្ញវន្ត​សង្ឃ​ថា ការ​ផ្សឹក​ព្រះភិក្ខុ កើត សារ៉ាយ ទាំង​បង្ខំ ជា​ការ​បំពាន​ពុទ្ធបញ្ញត្តិ និង​សិទ្ធិ​សេរីភាព​ពលរដ្ឋ"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment