ព្រះសង្ឃ​ ៥៤អង្គ​នៅ​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩

ដោយ សុជីវី
2020-09-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រូពេទ្យ​កំពុង​យក​សំណាក​វិភាគ​ពី​ព្រះសង្ឃ ៥៤អង្គ​នៅ​វត្ត​ស្វាយ​អង្គំ ខេត្ត​បាត់ដំបង យក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩ ក្រោយ​ពី​គ្រុន​ក្ដៅ ក្អក ហៀរ​សំបោរ រយៈ​ពេល ៦ថ្ងៃ នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០២០។

គ្រូពេទ្យ​កំពុង​យក​សំណាក​វិភាគ​ពី​ព្រះសង្ឃ ៥៤អង្គ​នៅ​វត្ត​ស្វាយ​អង្គំ ខេត្ត​បាត់ដំបង យក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩ ក្រោយ​ពី​គ្រុន​ក្ដៅ ក្អក ហៀរ​សំបោរ រយៈ​ពេល ៦ថ្ងៃ នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក


ក្រសួងសុខាភិបាល​ ធ្វើតេស្ត​រក​ជំងឺ​កូវីដ-១៩ ​លើ​ព្រះសង្ឃ​ចំនួន​ ៥៤អង្គ​ ដែល​គង់​នៅ​វត្ត​ស្វាយ​ដង្គំ​ ស្រុក​ឯកភ្នំ ​ខេត្ត​បាត់ដំបង បន្ទាប់​ពី​ព្រះសង្ឃ​ដែល​មាន​ព្រះជន្ម​ចន្លោះ​ពី ១១ ដល់ ១៩​ព្រះវស្សា​ទាំង​នេះ មាន​រោគ​សញ្ញា​សង្ស័យ​មួយ​ចំនួន ដូច​ជា​គ្រុន​ក្ដៅ ក្អក ហៀរ​សំបោរ រយៈ​ពេល ៦ថ្ងៃ​មក​ហើយ។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក វឿង ប៊ុនរ៉េត មាន​ប្រសាសន៍​ថា​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ​គឺ​ក្រុម​ការងារ​ជំនាញ​ បាន​យក​សំណាក​របស់​ព្រះសង្ឃ​សរុប ៥៤អង្គ​ទៅ​ពិនិត្យ​រក ជំងឺ​កូវីដ-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ​ក្នុង​ក្រុង​ភ្នំពេញ ​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ម៉ោង ៥រសៀល​ថ្ងៃ​ទី១៤ ខែកញ្ញា។ លោក​បន្ត​ថា ​តាម​ការ​សន្និដ្ឋាន​ជា​បឋម គឺ​ព្រះសង្ឃ​ទាំង​នេះ មាន​ជំងឺ​ផ្ដាសាយ​ធំ ហើយ​ឆ្លង​ពី​មួយ​អង្គ​ទៅ​មួយ​ បន្ទាប់ពី​មាន​ព្រះសង្ឃ​មួយ​ចំនួន ​ទើប​និមន្ត​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ​ដើម្បី​គង់​ស្នាក់​នៅ​រៀន​សូត្រ​ក្នុង​វត្ត​ស្វាយ​ដង្គំ។ ទោះ​ជា​យ៉ាង លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ក្នុង​សម័យកាល​រីក​រាល​ដាល​ជំងឺ​កូវីដ​នេះ​ មិន​អាច​ទុក​ចិត្ត​បាន​ឡើយ ​ដូច្នេះ​ក្រុម​ការ​ងារ​ជំនាញ​ ត្រូវ​តែ​ធ្វើតេស្ត​ឲ្យ​អស់​ចិត្ត ​និង​កុំឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ជ្រួល​ច្របល់។

រីឯ​ក្រសួងសុខាភិបាល​ ប្រកាស​ថា ​គ្មាន​ករណី​អ្នក​ឆ្លង​កូវីដ-១៩ថ្មី​នោះ​ទេ គិត​ត្រឹម​ម៉ោង​ ៧ព្រឹក​ថ្ងៃ​ទី១៤ ខែកញ្ញា​ ប៉ុន្តែ​សួង​នៅ​តែ​​អំពាវនាវ​ដល់​ពលរដ្ឋ ឱ្យ​បន្ត​ប្រុង​ប្រយ័ត្ន និង​រក្សា​អនាម័យ​ខ្ពស់ ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​រាតត្បាត​ដ៏​សាហាវ​មួយ​នេះ។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី១៤ ខែកញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ២៧៥នាក់ ក្នុង​នោះ​ជាសះស្បើយ​ចំនួន ២៧៤នាក់ និង​កំពុង​សម្រាក​ព្យាបាល​ម្នាក់ ដោយ​មិន​ទាន់​មាន​ករណី​ស្លាប់​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles